ភ្នំពេញៈ ក្នុង​ពិធី​ប្រារព្ធ​អង្គមីទ្ទិង​អបអរសាទរ​ខួប​ ៧១ ​ឆ្នាំ ថ្ងៃកំណើត​គណបក្ស​ប្រជាជន​កម្ពុជា​នា​ព្រឹក​ថ្ងៃទី​ ២៨ មិថុនា លោកនាយក​រដ្ឋមន្ត្រី​ ហ៊ុន សែន បាន​អំពាវនាវ​ឱ្យ​ប្រជាពលរដ្ឋ​ត្រូវ​យកចិត្ត​ទុកដាក់​បន្ត​ការពារ​ខ្លួន​ពី​មេរោគ​កូវីដ​ ១៩ ជាពិសេស​ត្រូវ​ទៅ​ចាក់​វ៉ាក់សាំង​ដូស​ទី​៣ ដូស​ទី​៤ និង​បន្តទៅ​ដូស​ទី​៥ ឱ្យបាន​គ្រប់ៗ​គ្នា ដើម្បី​បន្ដ​ឈ្នះ​លើ​ជំងឺ​នេះ​។

ជាមួយ​គ្នា​នេះ តាមរយៈ​សារ​ជា​សំឡេង​ពិសេស​កាលពី​ល្ងាច​ថ្ងៃទី ​២៧ មិថុនា លោកនាយក​រដ្ឋមន្ត្រី​បាន​បញ្ជា​ឱ្យ​អាជ្ញាធរ​រាជធានី​-​ខេត្ត​ទាំងអស់​រៀបចំ​ទីតាំង​ដែល​បង្ក​លក្ខណៈ​ងាយស្រួល និង​បង្កើត​ក្រុម​ចុះ​ចាក់​វ៉ាក់សាំង​តាម​ភូមិ និង​លំនៅឋាន​របស់​ប្រជាពលរដ្ឋ ដែល​មិនទាន់​បាន​ចាក់​វ៉ាក់សាំង និង​សម្រាប់​អ្នក​ដែល​គ្មាន​លទ្ធភាព​ធ្វើដំណើរ​មកកាន់​កន្លែង​ចាក់​វ៉ាក់សាំង​។

លោក​បាន​បន្ត​អំពាវនាវ​ទៅដល់​ប្រជាពលរដ្ឋ​ទាំងអស់​ត្រូវ​នាំគ្នា​ទៅ​ចាក់​វ៉ាក់សាំង​កូវីដ​ ១៩​ ដូស​ជំរុញ​ឱ្យបាន​គ្រប់ៗ​គ្នា ជាពិសេស​សម្រាប់​អ្នក​ដែល​មិនទាន់បាន​ចាក់​ដូស​ទី​ ៣ ​ប្រមាណ​ជាង ​៥ ​លាន​នាក់​ទៀត​។

លោក​មាន​ប្រសាសន៍​ថា៖ «​គ្រប់​រាជធានី​ខេត្ត​ត្រូវ​សិក្សា​ថា អ្នក​ដែល​មិនទាន់​ចាក់​វ៉ាក់សាំង​កូវីដ​ ១៩ ​ដូស​ទី​ ៣ ​ស្ថិតក្នុង​ប្រភេទ​ណា ជា​កម្មករ ជា​កសិករ ជា​តំបន់​ណាមួយ​ពិតប្រាកដ ដើម្បី​យើង​ងាយ​ពង្រាយ​គ្រូពេទ្យ និង​ពង្រាយ​វ៉ាក់សាំង​ទៅកាន់​ទីតាំង​នោះ​ផងដែរ​»​។ លោកនាយក​រដ្ឋមន្ត្រី​ក៏បាន​ស្នើឱ្យ​គណៈកម្មការ​ចំពោះ​កិច្ច​ពិនិត្យ សិក្សា​ថា តើ​អ្នក​ដែល​មិនទាន់​ទទួល​បាន​នូវ​ការចាក់​វ៉ាក់សាំង​ដូស​ទី​ ៣ ស្ថិតនៅក្នុង​តំបន់​ណា​ច្រើន​ជាងគេ ដើម្បី​អាច​ដឹងបាន និង​ងាយស្រួល​រៀបចំ​ផែនការ​សម្រាប់​ពង្រាយ​ក្រុមគ្រូពេទ្យ​ និង​ពង្រាយ​ការចាក់​វ៉ាក់សាំង​ដូស​ទី​ ៣ ​នេះ​។

ការទទូច​ឱ្យមាន​ការជំរុញ​នូវ​ការចាក់​វ៉ាក់សាំង​ដូស​ទី​ ៣​ នេះ ដោយសារ​លោក​បារម្ភ​ចំពោះ​អត្រា​នៃ​ប្រជាពលរដ្ឋ​ដែល​បាន​ចាក់​វ៉ាក់សាំង​នេះ​នៅមាន​ចំនួន​តិច​នៅឡើយ ដែល​វា​អាច​ជា​ការចន្លោះ​ប្រហោង​ធ្វើឱ្យ​វីរុស​កូវីដ​ ១៩ ​នេះ​មានឱកាស​វាយលុក​លើ​អ្នក​ដែល​មិនទាន់បាន​ចាក់​វ៉ាក់សាំង​នេះ​។

លោក​ ហ៊ុន សែន មាន​ប្រសាសន៍​ថា៖ «​ភាពស៊ាំ​សហគមន៍​ដែល​បានមកពី​ការចាក់​វ៉ាក់សាំង​បាន​បង្កើត​នូវ​ស្ថានភាព​ល្អប្រសើរ​មិនឱ្យ​មាន​មនុស្ស​ស្លាប់ និង​មិនមាន​មនុស្ស​ឆ្លង​បន្តទៀត ប៉ុន្តែ​ភាពស៊ាំ​សហគមន៍​នេះ​មិនទាន់​គ្រប់គ្រាន់​នៅឡើយ​ទេ ដោយសារ​មកដល់​ពេលនេះ​ចំនួន​ប្រជាពលរដ្ឋ​របស់​យើង​ដែល​បាន​ចាក់​ដូស​ទី​ ៣ ទើបតែ​បាន​ជាង​ ៩​ លាន​នាក់​ប៉ុណ្ណោះ​»​។

លោក​ ហ៊ុន សែន ​ថា​៖ «​អ្វី​ដែលជា​ក្តីបារម្ភ​របស់ខ្ញុំ ដែល​ខ្ញុំ​សុំ​ធ្វើការ​អំពាវនាវ​ដល់​បង​ប្អូន​ជន​រួមជាតិ គឺ​ការចាក់​ដូស​ទី​ ៣ ដែល​ប្រជាពលរដ្ឋ​របស់​យើង​មិនទាន់​ទទួលបាន​គ្រប់​នៅឡើយ ដែល​វា​ជា​ចន្លោះ​ប្រហោង​សម្រាប់​ការវាយលុក​នៃ​មេរោគ​កូវីដ ​១៩​សម្រាប់​អ្នក​មិនទាន់បាន​ចាក់​ដូស​ទី​ ៣ ដែល​វា​ជា​ដូស​ធានា​នូវ​ភាពស៊ាំ​សហគមន៍ និង​ភាពស៊ាំ​របស់​បុគ្គល​ម្នាក់ៗ​»​។

លោកស្រី ឱ វណ្ណឌីន ប្រធាន​គណៈកម្មការ​ចំពោះ​កិច្ចចាក់​វ៉ាក់សាំង​កូវីដ​ ១៩ ​ក្នុង​ក្របខ័ណ្ឌ​ទូទាំង​ប្រទេស (​គ.វ.ក-១៩) នៅ​ថ្ងៃទី​ ២៨​ មិថុនា បាន​សម្រេច​ប្រគល់​ភារកិច្ច​ឱ្យ​អភិបាល​រាជធានី​ខេត្ត​ទទួល​ខុសត្រូវ​បន្ត​យកចិត្ត​ទុកដាក់​ខ្ពស់ និង​ចាត់ចែង​ជំរុញ​ការចាក់​វ៉ាក់សាំង​នៅតាម​ស្រុក​/​ក្រុង​/​ខណ្ឌ ឃុំ​/​សង្កាត់ និង​ភូមិ ក្នុង​ដែន​សមត្ថកិច្ច​របស់ខ្លួន​។

លោកស្រី​បញ្ជាក់ថា​៖ «​ត្រូវ​ធ្វើការ​កៀរគរ​ប្រជាពលរដ្ឋ​តាម​ភូមិ ឃុំ​នីមួយៗ និង​ចាត់ចែង​ពង្រាយ​ក្រុមគ្រូពេទ្យ​ចុះ​ចាក់​វ៉ាក់សាំង​នៅតាម​ភូមិ ឃុំ ជូន​ប្រជាពលរដ្ឋ​ឱ្យបាន​គ្រប់ៗ​គ្នា​។ ជាមួយ​គ្នានេះដែរ លោកស្រី ឱ វណ្ណឌីន ក៏បាន​ណែនាំ​ឱ្យ​រដ្ឋបាល​រាជធានី ខេត្ត ត្រូវ​បន្ត​ពិនិត្យ តាមដាន ជំរុញ ផ្ទៀងផ្ទាត់ និង​ធ្វើ​បច្ចុប្បន្នភាព​ស្ថិតិប្រជាជន​ដែល​បាន​ចាក់ និង​មិនបាន​ចាក់​វ៉ាក់សាំង​ដូស​ទី ៣ (​ជា​ប្រភេទ​ណា កម្មករ កសិករ ឬ​ក្រុម​ណា​) នៅក្នុង​ដែន​សមត្ថ​-​កិច្ច​របស់ខ្លួន ឱ្យបាន​ជាក់លាក់​ផងដែរ​។ លោកស្រី​ថា​៖ «​ការធ្វើ​បច្ចុប្បន្នភាព​នេះ​ត្រូវ​ផ្ញើមក គ.វ.ក-១៩ ​យ៉ាងយូរ​ត្រឹម​ថ្ងៃទី​ ១៥ ខែកក្កដា​ហើយ​រដ្ឋបាល​រាជធានី​ខេត្ត ត្រូវ​រៀបចំ​ចាត់ចែង​ធ្វើ​ផែនការ​ចាក់​វ៉ាក់សាំង​កូវីដ​ ១៩ ដោយ​ផ្អែកលើ​ចំនួន​ដែល​បានធ្វើ​បច្ចុប្បន្នភាព​ជាក់ស្តែង​រួច ដើម្បី​ជំរុញ​ការផ្តល់​សេវា​ចាក់​វ៉ាក់សាំង​ទាំង​ថ្ងៃ​សៅរ៍ ថ្ងៃអាទិត្យ និង​ថ្ងៃបុណ្យ​នានា​ផងដែរ​»​។

រដ្ឋបាល​រាជធានី​ខេត្ត ក៏ត្រូវ​ដាក់​បន្ថែម​នូវ​ការចាក់​វ៉ាក់សាំង​នៅតាម​គោលដៅ​សំខាន់ៗ ដូចជា​រោងចក្រ-​សហគ្រាស សាលារៀន និង​ក្រុម​សេដ្ឋកិច្ច​ក្រៅ​ប្រព័ន្ធ (​ផ្សារ កម្មករសំណង់ អ្នកបម្រើ​តាម​ភោជនីយដ្ឋាន សណ្ឋាគារ កន្លែង​កម្សាន្ត​សប្បាយ កន្លែង​ស្នាក់នៅ និង​កន្លែង​ធ្វើការ ដោយ​ជំរុញ​ឱ្យ​មាន​កិច្ចសហការ​ពី​ម្ចាស់​ទីតាំង​ទាំងនេះ​ផងដែរ​។

លោកនាយក​រដ្ឋមន្ត្រី​បាន​ថ្លែង ក្នុង​ពិធី​ប្រារព្ធ​អង្គមិទ្ទិញ​នៅ​ថ្ងៃទី​ ២៨​ មិថុនា​ថា​៖ «​ដើម្បី​បន្ត​យកឈ្នះ​លើ​ការ​រាតត្បាត​នៃ​ជំងឺ​កូវីដ​ ១៩ សូម​បងប្អូន​ជនរួមជាតិ​យកចិត្ត​ទុកដាក់​បន្ត​ការពារ​ខ្លួន​តាម​វិធានការ​សុវត្ថិភាព​ដែល​​រាជរដ្ឋាភិបាល និង​ក្រសួង​សុខាភិបាល​បានដាក់​ចេញ ជាពិសេស​សូម​អញ្ជើញ​ទៅ​ចាក់​វ៉ាក់សាំង​ដូស​ទី ​៣ ដូស​ទី ​៤ និង​បន្តទៅ​ដូស​ទី​ ៥ ឱ្យបាន​គ្រប់ៗ​គ្នា​»​។

តាម​របាយការណ៍​របស់​ក្រសួង​សុខាភិបាល គិត​ត្រឹម​ថ្ងៃទី​ ២៧ ខែមិថុនា ឆ្នាំ​ ២០២២ អត្រា​ចាក់​វ៉ាក់សាំង​កូវីដ​ ១៩ ​នៅ​ទូទាំង​ប្រទេស​បាន​ចំនួន​ជាង​ ១៥​ លាន​នាក់​ ឬ​ ៩៤,២៦%​។ ដោយឡែក សម្រាប់​អ្នក​បាន​ចាក់​ដូស​ទី​ ៣ មាន​ចំនួន​ជាង ៩,៤​ លាន​នាក់​, ដូស​ទី​ ៤ ចំនួន​ជាង ២,៨​ លាន​នាក់ និង​ដូស​ទី​ ៥ ចំនួន​ជាង ២៧ ​ម៉ឺន​នាក់​៕