
លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន និងលោក ហេង សំរិន នៅក្នុងអង្គមីទ្ទិងអបអរសាទរខួប ៧១ ឆ្នាំ ថ្ងៃកំណើតបក្សប្រជាជនកម្ពុជាកាលពីម្សិលមិញ។ ហុង មិនា
ភ្នំពេញៈ លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា ប្តេជ្ញាបន្តដើរទៅមុខឥតងាករេលើមាគ៌ាប្រជាធិបតេយ្យសេរី ពហុបក្ស និង នីតិរដ្ឋដែលស្របទៅនឹងបរិបទនៃសង្គម-កម្ពុជា និងឆ្លើយតបទាំងស្រុងទៅនឹងបំណងប្រាថ្នាដ៏ពិសិដ្ឋរបស់ប្រជាជន ព្រមជាមួយនេះ គណបក្សប្រឆាំងរាល់សកម្មភាពទាំងឡាយ ទោះបីចេញពីប្រភពណាក្តី ដែលប៉ុនប៉ងនាំកម្ពុជាឱ្យឃ្លាតចេញពីមាគ៌ានេះ ឬគាបសង្កត់មកលើអធិបតេយ្យរបស់កម្ពុជា។
ការប្រកាសប្តេជ្ញារបស់លោក ហ៊ុន សែន ធ្វើឡើងក្នុងអង្គមីទ្ទិងរំឭកខួបទី ៧១ ថ្ងៃបង្កើតគណបក្សប្រជាជនកម្ពុជា (២៨.៦.១៩៥១-២៨.៦.២០២២) ដោយមានការចូលរួមពីសមាជិកសមាជិការបស់គណបក្សប្រជាជនកម្ពុជារាប់ពាន់នាក់នៅទីស្នាក់ការកណ្តាលរបស់ខ្លួន នៅរាជធានីភ្នំពេញ នាថ្ងៃទី ២៨ មិថុនា។
លោកនាយករដ្ឋមន្ត្រីថ្លែងថា គណបក្សប្រជាជនកម្ពុជាបន្តពង្រឹងកិច្ចសហការយ៉ាងស្មោះសរជាមួយបណ្តាគណបក្សនយោបាយ អង្គការសង្គមស៊ីវិលនានា និងមជ្ឈដ្ឋានផ្សេងៗទៀតក្នុងសង្គម ដែលមានភាពស្មោះត្រង់ និងសុឆន្ទៈពិតប្រាកដក្នុងគោលបំណងថែរក្សាបរិយាកាសនយោបាយល្អប្រសើរប្រកបដោយចីរភាព។ ជាពិសេស បរិយាកាសឆ្ពោះទៅរកការបោះឆ្នោតជាតិ នីតិកាលទី ៧ នាឆ្នាំ ២០២៣ និងបង្កើនជំនឿទុកចិត្តរបស់អ្នកវិនិយោគទុនទាំងក្នុង និងក្រៅប្រទេស ដើម្បីបន្តជំរុញការអភិវឌ្ឍសេដ្ឋកិច្ចសង្គម និងលើកកម្ពស់ជីវភាពរបស់ប្រជាជន។
លោក ហ៊ុន សែន បញ្ជាក់ថា គណបក្សប្រជាជនកម្ពុជា និងប្រជាជនកម្ពុជាទាំងមូល ការពារដាច់ខាតនូវសន្តិភាព ស្ថិរភាពនយោបាយ និងសន្តិសុខរបស់ជាតិ ដែលជាលក្ខខណ្ឌជាសារវន្ត ដើម្បីធានានូវជីវភាពដ៏សុខសាន្តរបស់ប្រជាជនប្រកបដោយសេរីភាព កិត្តិយស និងសេចក្ដីថ្លៃថ្នូរ និងការអភិវឌ្ឍសេដ្ឋកិច្ចសង្គម ប្រកបដោយចីរភាពមិនឱ្យអនុត្តរភាពប្រតិកិរិយាណា ទោះបីជាអាសិរពិសយ៉ាងណាក៏ដោយមកបំផ្លាញបានឡើយ។
លោកថ្លែងថា៖ «ជាមួយគ្នានេះ យើងបន្តចូលរួមយ៉ាងសកម្ម ដើម្បីបុព្វហេតុសន្តិភាព ស្ថិរភាព សន្តិសុខ និងការប្រយុទ្ធប្រឆាំងនឹងបញ្ហាប្រឈមនានារបស់តំបន់ និងពិភពលោក»។
លោក កើត ឆែ អនុប្រធានគណបក្សប្រជាជនកម្ពុជារាជធានីភ្នំពេញថ្លែងក្នុងពិធីនោះថា គណបក្សប្រជាជនកម្ពុជាឈានដល់ចំណុចថ្មីមួយទៀត ក្នុងប្រវត្តិសាស្ត្ររបស់ខ្លួន។ ព្រោះថា ក្នុងរយៈពេល ៧១ ឆ្នាំនៃការធ្វើសកម្មភាពតស៊ូ គណបក្សបានដឹកនាំប្រទេសអស់រយៈពេល ៤៣ ឆ្នាំ បន្ទាប់ពីបានសង្គ្រោះប្រទេសកម្ពុជាពីរបបប្រល័យពូជសាសន៍ប៉ុលពតកាលពីថ្ងៃទី ៧ ខែមករា ឆ្នាំ ១៩៧៩ ហើយក៏បានបន្តដឹកនាំប្រទេសជាតិពីគំនរផេះផង់បែកបាក់ ព្រាត់ប្រាស់ ឈាមលាយជាមួយទឹកភ្នែកទៅជាមានការរួបរួម សុខសន្តិភាព រុងរឿង និងមានមុខមាត់ដូចសព្វថ្ងៃ។

ថ្នាក់ដឹកនាំគណបក្សប្រជាជនកម្ពុជាក្នុងពិធីរំឭកខួបទី ៧១ នៃការបង្កើតបក្ស ពីថ្ងៃទី ២៨ មិថុនា។ហុង មិនា
លោកបន្តថា ទាំងពេលបច្ចុប្បន្ន និងទៅអនាគត គណបក្សប្រជាជនកម្ពុជានៅតែជាផែនគ្រឹះទ្រទ្រង់ឱ្យកម្ពុជារក្សាបាននូវសុខសន្តិភាព និងមានការអភិវឌ្ឍវែងឆ្ងាយ យូរអង្វែងទៅមុខទៀត ដោយហេតុថា គណបក្សមានគោលមាគ៌ានយោបាយត្រឹមត្រូវនៅគ្រប់ដំណាក់កាល។ គណបក្សប្រជាជននៅតែបន្តមានការគាំទ្រពីប្រជាពលរដ្ឋយ៉ាងច្រើនកុះករ ជាពិសេសនៅពេលបោះឆ្នោតសកលម្តងៗ ដោយគណបក្សមានរចនាសម្ព័ន្ធចាត់តាំងរឹងមាំពីលើដល់ក្រោម និងមានគុណធម៌ សមត្ថភាព និងមានអ្នកបន្តវេនគ្រប់គ្រាន់។
លោកថ្លែងថា៖ «យើងខ្ញុំនឹងអនុវត្តតាមដោយឥតលក្ខខណ្ឌនូវរាល់គោលការណ៍ គោលនយោបាយ សេចក្តីណែនាំ និងសេចក្តីសម្រេចនានារបស់ថ្នាក់ដឹកនាំ ដើម្បីឱ្យគណបក្សយើងសម្រេចបាន និងជំរុញឱ្យមានការបង្កើតសមិទ្ធផលថ្មីបន្ថែមទៀត សម្រាប់ជាតិ និងប្រជាជនកម្ពុជាយើង»។
លោក ថាច់ សេដ្ឋា អនុប្រធានគណបក្សភ្លើងទៀនចាត់ទុកការលើកឡើងរបស់លោក ហ៊ុន សែន ក្នុងពិធីរំឭកខួបលើកទី ៧១ ឆ្នាំរបស់គណបក្សកាន់អំណាចនេះជារឿងល្អ និងចាំបាច់បំផុត។
លោកថ្លែងថា៖ «ជាការមួយប្រសើរ អ្វីដែលមេដឹកនាំបក្សកាន់អំណាចបានលើកឡើង និងអនុវត្តដូចអ្វីដែលបានលើកឡើងនេះ។ ខ្ញុំយល់ថា ពន្លកប្រជាធិបតេយ្យនៅកម្ពុជានឹងអាចដុះលូតលាស់ល្អ ដែលធ្វើឱ្យស្រុកយើងដំណើរការជជែកគ្នាក្នុងនាមជាខ្មែរ និងប្រទេសជាតិដូចគ្នា»។
លោក យ៉ង់ គិមអេង នាយកប្រតិបត្តិនៃមជ្ឈមណ្ឌលប្រជាពលរដ្ឋ ដើម្បីអភិវឌ្ឍន៍ និងសន្តិភាព (PDP) ប្រាប់ភ្នំពេញប៉ុស្តិ៍នៅថ្ងៃទី ២៨ មិថុនាថា ការរៀបចំអបអរសាទរមិទ្ទិញ និងការរៀបចំរំឭកខួប ទី ៧១ របស់គណបក្សប្រជាជនកម្ពុជា គឺជារឿងមួយធម្មតា។ ព្រោះគណបក្សណាក៏ដូចជាគណបក្សណា និងស្ថាប័នណា ក៏ដូចជាស្ថាប័នណាដែរ តែងតែធ្វើពិធីរំឭកខួប និងលើកឡើងពីសមិទ្ធផលរបស់ខ្លួនដែលសម្រេចបាន។
លោកថ្លែងថា៖ «មិនមានអ្វីប្លែកនោះទេសម្រាប់ខ្ញុំក្នុងការរៀបចំមិទ្ទិញជួបជុំសមាជិករបស់ខ្លួន។ ជាធម្មតាតែងតែមានការលើកឡើងនូវសមិទ្ធផលដែលបានធ្វើកន្លងមកនេះ មានអ្វីខ្លះ និងដើម្បីបង្កើនជំនឿចិត្តទៅដល់សមាជិករបស់ខ្លួន និងធ្វើឱ្យសមាជិករបស់ខ្លួនដឹងបន្ថែមទៀតពីសមិទ្ធផលដែលសម្រេចបាន»។
ជាមួយគ្នានេះ លោក យ៉ង់ គិមអេង បញ្ជាក់ថា ការលើកឡើងរបស់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ពាក់ព័ន្ធនឹងការបន្តកិច្ចសហការជាមួយគណបក្សនយោបាយ អង្គការសង្គមស៊ីវិល និងបន្តដើរតាមមាគ៌ាប្រជាធិបតេយ្យសេរីពហុបក្ស និងនីតិរដ្ឋ ដែលស្របទៅនឹងបរិបទនៃសង្គមកម្ពុជា គឺជារឿងល្អ។
បើតាមលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ថ្ងៃទី ២៨ ខែមិថុនា ឆ្នាំ ២០២២ ដែលជាថ្ងៃគម្រប់ខួប ៧១ ឆ្នាំ នៃការបង្កើតគណបក្សប្រជាជនកម្ពុជា ដែលមានឈ្មោះដើមថា បក្សប្រជាជនបដិវត្តន៍ខ្មែរ មានប្រភពពីចលនាតស៊ូស្នេហាជាតិរបស់ប្រជាជនកម្ពុជាប្រឆាំងពួកអាណានិគមនិយម ដើម្បីឯករាជ្យជាតិ។ ចាប់ពីថ្ងៃបដិសន្ធិមក គណបក្សប្រជាជនកម្ពុជាបានរក្សាខ្ជាប់ឥតប្រែប្រួលនូវអត្តសញ្ញាណរបស់ខ្លួន ជាគណបក្សរបស់ប្រជាជន អាស្រ័យដោយប្រជាជន និងដើម្បីប្រជាជន។ ពុះពារឆ្លងកាត់រាល់ឧបសគ្គនៅគ្រប់ដំណាក់កាលសម្រេចបានសមិទ្ធផលជាប្រវត្តិសាស្ត្រយ៉ាងធំធេងដែលមានអត្ថន័យជ្រាលជ្រៅបំផុតចំពោះការស្ថិតស្ថេរគង់វង្ស និងចម្រើនរុងរឿងនៃមាតុភូមិកម្ពុជា។
ប្រការនេះហើយដែលធ្វើឱ្យប្រជាជនស្រឡាញ់ ជឿជាក់ និងបោះឆ្នោតគាំទ្រគណបក្សឱ្យដឹកនាំប្រទេសជារៀងរហូតមក ទាំងនៅថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិ។
លោក ហ៊ុន សែន បញ្ជាក់ថា រយៈពេល ៧១ ឆ្នាំមកនេះកម្ពុជាបានឆ្លងកាត់ដំណាក់កាលជាប្រវត្តិសាស្ត្រយ៉ាងច្រើនទាំងដំណាក់កាលប្រកបដោយមោទនភាពផង ទាំងដំណាក់កាលប្រកបដោយភាពបត់បែន លំបាកស្មុគស្មាញ និងគ្រោះថ្នាក់ជាទីបំផុតផង។ ប៉ុន្តែទោះបីស្ថិតក្នុងកាលៈទេសៈណាក្ដី ក៏គណបក្សប្រជាជនកម្ពុជានៅតែរក្សាខ្ជាប់នូវគោលបំណង និងឧត្តមគតិរបស់ខ្លួន ដើម្បីកសាង និងការពារប្រទេសកម្ពុជាមួយឯករាជ្យ សន្តិភាព សេរីភាព ប្រជាធិបតេយ្យ អព្យាក្រឹត និងវឌ្ឍនភាពសង្គម៕