ភ្នំពេញៈ ​ក្រសួង​ប្រៃសណីយ៍ និង​ទូរគមនាគមន៍​រកឃើញ​ថា ករណី​រំលោភបំពាន​ផ្លូវភេទ​ចំពោះ​កុមារ​លើ​បណ្តាញ​អ៊ីនធឺណិត​នៅ​កម្ពុជា​ក្នុង​ឆ្នាំ​ ២០២១ មាន​ចំនួន​ប្រមាណ​ ៤០​ ម៉ឺន​ករណី​គឺ​កើន​លើស​ទ្វេដង​បើ​ធៀប​នឹង​ឆ្នាំ​ ២០២០ ហើយ​បាន​អំពាវនាវ​គ្រប់​​តួអង្គ​ទាំង​រដ្ឋ និង​វិស័យ​ឯកជន​ចូលរួម​ទប់ស្កាត់​ទាំងអស់​គ្នា​។

របាយការណ៍​ពី​ករណីនេះ ត្រូវ​បាន​ដាក់​បង្ហាញ​នៅក្នុង​សិក្ខាសាលា​ចាប់ផ្តើម​គម្រោង​ស្តីពី​ “​ការជំរុញ​ការចូលរួម​របស់​ក្រុមហ៊ុន​បច្ចេកវិទ្យា​ក្នុង​កិច្ចការពារ​កុមារ​​លើ​ប្រព័ន្ធ​អនឡាញ​” ​នៅ​ពី​ថ្ងៃទី​ ២៨ ខែមិថុនា ដោយមាន​ការចូលរួម​ពី​តំណាង​ក្រសួង​ស្ថាប័ន​ពាក់ព័ន្ធ ក្រុមហ៊ុន​បច្ចេកវិទ្យា​តំណាង​អង្គការ​យូនីសេហ្វ និង​អង្គការ​ក្រៅ​រដ្ឋាភិបាល​ប្រមាណ​ ១៥០ ​រូប​។

អគ្គនាយក​បច្ចេកវិទ្យា​គមនាគមន៍ និង​ព័ត៌មាន​ក្រសួង​ប្រៃសណីយ៍​ និង​ទូរគមនាគមន៍ លោក នាង ម៉ៅ បាន​ថ្លែងថា បន្ទាប់ពី​អង្គសិក្ខាសាលា​នេះ ក្រុមការងារ​នឹង​បន្ត​ធ្វើការ​ជាមួយ​ក្រុមហ៊ុន​បច្ចេកវិទ្យា​បន្ថែមទៀត ដើម្បី​សិក្សា​ស្វែងយល់​អំពី​លទ្ធភាព​ក្នុង​ការបញ្ជ្រាប និង​ដាក់បញ្ចូល​គោលនយោបាយ​កិច្ចការពារ​កុមារ​តាម​ប្រព័ន្ធ​អនឡាញ​ទៅ​​ក្នុង​ដំណើរការ​ប្រតិបត្តិ​របស់​ក្រុមហ៊ុន​បច្ចេកវិទ្យា និង​អ្នកបង្កើត​មាតិកា​ព័ត៌មាន​។

លោក​បន្តថា ការអនុវត្ត​គម្រោង​នេះ​ជា​អន្តរាគមន៍​បន្ទាន់​មួយ ​ដើម្បី​ឆ្លើយតប​ទៅនឹង​គ្រោះថ្នាក់​ដែល​កំពុង​កើនឡើង​យ៉ាងគំហុក​លើ​បណ្ដាញ​អ៊ីនធឺណិត​ចំពោះ​កុមារ និង​ជាការ​ត្រៀមខ្លួន​របស់​កម្ពុជា​ក្នុង​ការកសាង​សេដ្ឋកិច្ច និង​សង្គម​ឌីជីថល​។ ​ការរំលោភបំពាន​កុមារ​តាម​អនឡាញ​នៅ​កម្ពុជា​កើនឡើង​យ៉ាងច្រើន​ក្នុងពេល​មាន​ការរីករាលដាល​នៃ​ជំងឺ​កូវីដ​ ១៩ ដែល​កុមារ​បាន​ផ្លាស់ប្ដូរ​ជាច្រើន​ក្នុង​របៀបរបប​រស់នៅ និង​ការសិក្សា​របស់​ពួកគេ​។

លោក​ថា​៖ «​ករណី​នៃ​ការរាយការណ៍​ពី​ការរំលោភ​បំពាន​ផ្លូវភេទ​ចំពោះ​កុមារ​លើ​បណ្តាញ​អ៊ីនធឺណិត ដែល​កើតមាន​នៅមាន​ក្នុងប្រទេស​កម្ពុជា ចំនួន​ប្រមាណ​ ៤០ ​ម៉ឺន​ករណី គឺ​កើន​លើស ឆ្នាំ​ ២០២០ ជាង​ទ្វេដង​»​។

លោក​បានឱ្យ​ដឹងថា ថ្មីៗ​នេះ​មាន​សកម្មភាព​ជួញដូរ​រូបភាព​អាសអាភាស​បាន​កើតឡើង​ជា​បន្តបន្ទាប់​តាម​បណ្ដាញ​សង្គម​នៅ​កម្ពុជា​។ ខណៈ​កំណើន​ចរាចរណ៍​​លើ​ករណី​រំលោភបំពាន និង​ការផ្សព្វផ្សាយ​រូបភាព​អាសអាភាស​​របស់​កុមារ​លើ​អ៊ីនធឺណិត​ផង​នោះ ក្រុមហ៊ុន​បច្ចេកវិទ្យា​ខ្នាត​ធំៗ​ជាច្រើន​លើ​សកលលោក​បាននិង​កំពុង​ទប់ស្កាត់​ដោយ​ប្រើ​ប្រព័ន្ធ​បច្ចេកវិទ្យា​របស់​ខ្លួន ដូចជា ការប្រើប្រាស់​ប្រព័ន្ធ​បញ្ញា​និម្មិត​ ដើម្បី​ពិនិត្យ​លើ​រូបភាព និង​កំណត់​អត្តសញ្ញាណ​ជនរងគ្រោះ ជនល្មើស និង​ទីតាំង​ជាដើម​។

លោក​ថា​៖ «​ត្រង់ចំណុច​នេះ​​ការចូលរួម​របស់​វិស័យ​ឯកជន​ ជាពិសេស​ក្រុមហ៊ុន​បច្ចេកវិទ្យា និង​អាណាព្យាបាល មាន​សារៈសំខាន់​ណាស់​ក្នុង​ការទប់ស្កាត់​ការរីក​រាលដាល​នៃ​ករណី​រំលោភបំពាន​ផ្លូវភេទ​លើ​កុមារ និង​ការចូលរួម​ការពារ​ជនរងគ្រោះ​»​។

លោក ​Benjamin Wildfire តំណាង​អង្គការ​យូនីសេហ្វ​ប្រចាំ​កម្ពុជា​បាន​ថ្លែងថា អង្គការ​យូនីសេហ្វ​បាន​សិក្សា​លើ​ការរំលោភបំពាន​កុមារ​តាម​ប្រព័ន្ធ​​អន​ឡាញ​នៅ​ប្រទេស​ចំនួន​ ៤ ​ក្នុង​​តំបន់​អាស៊ាន​ក្នុងនោះ​មាន​កម្ពុជា​ផងដែរ កាលពី​ឆ្នាំ​ ២០១៩​។

លោក​បន្តថា ភាគច្រើន​នៃ​កុមារ​បាន​ប្រើ​បណ្តាញ​សង្គម​ សម្រាប់​ប្រាស្រ័យ​ទាក់ទង​សម្រាប់​​ការកម្សាន្ត និង​ការសិក្សា​ជាដើម ហើយ​កុមារ​ទាំង​ ២ ​ភេទ​ដែល​ប្រើ​អ៊ីនធឺណិត​នោះ​ត្រូវបាន​ជន​មិន​ស្គាល់មុខ​ផ្ញើ​រូប​អាសអាភាស វីដេអូ និង​មធ្យោបាយ​ផ្សេងៗ​ទាក់ទង​ការរំលោភ​បំពាន​ផ្លូវភេទ​។ ​ជាងនេះទៀត ហានិភ័យ​នេះ​បាន​កើនឡើង​ក្នុងពេល​មាន​​កូវីដ​ ១៩ ដោយសារ​កុមារ​ប្រើពេល​លើ​អនឡាញ​សម្រាប់​រៀនសូត្រ​។

លោក​ថា​៖ «​យ៉ាងណា​ក៏ដោយ គ្រប់ភាគី​ពាក់ព័ន្ធ​ទាំងអស់​មិន​ថា វិស័យ​ឯកជន រដ្ឋ អង្គការ​ក្រៅ​រដ្ឋាភិបាល​ត្រូវតែ​បន្ត​សហការ​ធ្វើការ​ជាមួយ​គ្នា​ ដើម្បីឱ្យ​កុមារ​ទទួលបាន​អត្ថប្រយោជន៍​ពី​ការប្រើប្រាស់​អ៊ីនធឺណិត​ប្រកប​ដោយ​សុវត្ថិភាព ជាពិសេស​រដ្ឋាភិបាល​ត្រូវតែមាន​វិធានការ​ឆ្លើយតប​ឱ្យទាន់​ពេលវេលា​»​។

លោក ជុន វ៉ាត រដ្ឋលេខាធិការ​ក្រសួង​ប្រៃសណីយ៍ និង​ទូរគមនាគមន៍​បាន​លើកឡើងថា ការគិតគូរ​ការពារ​កុមារ​លើ​ប្រព័ន្ធ​​អនឡាញ​មាន​សារៈសំខាន់​សម្រាប់​សង្គម​កម្ពុជា​បច្ចុប្បន្ន​ ​និង​អនាគត ហើយ​ស្ថិតក្នុង​បរិបទ​ជំងឺ​កូវីដ​ ១៩ និង​ការបិទ​សាលា កុមារ​កម្ពុជា​ជាង ​៣​ លាន​នាក់​មាន​តម្រូវ​ការប្រើ​ប្រព័ន្ធ​អនឡាញ​សម្រាប់​ការរៀនសូត្រ កម្សាន្ត ការប្រាស្រ័យ​ទាក់ទង​គ្នា​។

លោក​ថា​៖ «​ស្រប​ពេល​ជាមួយ​គ្នា​នេះ​ហានិភ័យ​នៃ​ប្រព័ន្ធ​អនឡាញ និង​ការគំរាមកំហែង និង​ការរំលោភបំពាន​ផ្លូវភេទ​ចំពោះ​កុមារ​មាន​ចំនួន​កើនឡើង​គួរឱ្យ​បារម្ភ​ដែល​ទាមទារ​ឱ្យមាន​កិច្ចអន្តរាគមន៍​ជាបន្ទាន់ និង​ការគិតគូរ​យុទ្ធសាស្ត្រ​ សម្រាប់​រយៈពេល​វែង​បន្ថែមទៀត​»​។

ក្រុមហ៊ុន​បច្ចេកវិទ្យា និង​អ្នក​មាន​ឥទ្ធិពល​លើ​បណ្តាញ​សង្គម​ដែល​បាន​ចូលរួម​ក្នុង​សិក្ខាសាលា​នេះ​បាន​ថ្លែងថា ពួកគេ​នឹង​ប្រើ​វេទិកា​នេះ​ ដើម្បី​ចែករំលែក​បន្ត​លើ​ប្រព័ន្ធ​អនឡាញ និង​បង្កើត​មាតិកា​ផ្សេងៗ​ ដើម្បី​បញ្ច្រាប​ការយល់ដឹង​បន្ថែម​ដល់​សាធារណជន​ឱ្យ​ចូលរួម​ទប់ស្កាត់​។

អគ្គលេខាធិការរង​នៃ​អគ្គលេខាធិការដ្ឋាន​ក្រុមប្រឹក្សា​ជាតិ​ ដើម្បី​កុមារ លោកស្រី សម្បត្តិ សុគន្ធា ​បាន​ថ្លែងថា លោកស្រី​ពិតជា​មាន​មោទនភាព ដោយសារ​រឿង​កុមារ​នេះ​មាន​ផ្នែក​ពាក់ព័ន្ធ​ចូលរួម​ទប់ស្កាត់ ក្នុង​នោះ​រួម​ទាំងពី​វិស័យ​ឯកជន​ថែមទៀត​។

លោកស្រី​បន្តថា​៖ «​មានន័យថា ការខិតខំ​ប្រឹងប្រែង​របស់​រដ្ឋាភិបាល​ ​ជាពិសេស​ក្រុម​ប្រឹក្សាជាតិ​ ដើម្បី​កុមារ​បាន​ធ្វើការ​ងារ​នេះ​ច្រើន​ទាក់ទង​ការរំលោភ​ផ្លូវភេទ​អនឡាញ​រហូត​យើង​មាន​ក្រុមការងារ​បច្ចេកទេស​អន្តរក្រសួង​ធ្វើការ​លើ​រឿងនេះ និង​ភាគី​ពាក់ព័ន្ធ​»៕