ភ្នំពេញៈ​ បច្ចុប្បន្ន​មាន​មធ្យោ​បាយ​ច្រើន​ក្នុង​ការ​ធ្វើ​ដំណើរ​ទៅ​តាម​បណ្តា​ខេត្ត​ផ្សេងៗ​ក្នុង​ប្រទេស​កម្ពុជាដោយអ្នក​ខ្លះ​ជ្រើសរើស​ការ​ជិះ​ម៉ូតូ ខ្លះ​ជិះ​រថ​យន្ត​​ខ្លួនឯ​ង ខណៈ​អ្នកខ្លះទៀតចូលចិត្ត​ប្រើ​សេវា​ដឹក​ជញ្ជូន​ដូច​ជា ​រថយន្ត​ក្រុង​និង​រថ​យន្ត ​VIP ផ្សេងៗ ​ដែល​ធ្វើ​ដំណើរ​ដោយ​មិន​បាច់​បើក​បរ​ដោយ​ខ្លួន​ឯង​។

យ៉ាង​ណាក៏​ដោយ ​នៅ​មាន​សេវា​ដឹក​ជញ្ជូន​មួយ​ទៀត ​ដែល​គេ​មិនចាំ​បាច់​បើក​បរ​ដោយ​ខ្លួន​ឯង ​មាន​សុវត្ថិ​ភាព និង​សន្សំ​សំចៃ​ច្រើន​នោះ​គឺ​ការ​ធ្វើដំ​ណើរ​ដោយ​ជិះ​រថ​ភ្លើង​ដែល​គេ​ស​ង្កេត​ឃើញ​ថាមាន​សម្ទុះ​ខ្លាំង​គ្រាន់​បើ​ ក្រោយ​បើក​ដំណើរ​ការ​ឡើង​វិញ​តាំង​អំឡុង​ខែ​មេសា​ មុន​ពេល​ចូលឆ្នាំ​ថ្មី​ប្រពៃណី​ជាតិ។ក្នុង​ថ្ងៃ​ធម្មតា​យ៉ាង​ហោច​ណាស់​មាន​ប្រជា​ពលរដ្ឋ​ជិះ​រថភ្លើង​ពី ៨០ ទៅ​ ១០០​នាក់ ​ក្នុង​ ១ ថ្ងៃ ដោយ​ឡែក​ក្នុង​ថ្ងៃ​ឈប់​សម្រាក​ចុង​សប្តាហ៍​និង​ថ្ងៃ​បុណ្យ ​អាច​មាន​អ្នកធ្វើ​ដំណើរ​ចន្លោះ​ពី ​៩០០ ​ទៅ​ ១ ០០០​ នាក់​ ក្នុង​ ១ ថ្ងៃ។

កញ្ញា ​សក់ វណ្ណ​នី អ្នក​គ្រប់​គ្រង​ខ្សែ​អ្នក​ដំណើរ​នៃ​ស្ថានីយ​រថភ្លើង​រ៉ូយ៉ាល់​រៀល​វ៉េ​ខេ​ម​បូ​ឌា​បាន​ឲ្យ​ដឹង​ថា ​ពេល​រីក​រាល​ដាល​ជំងឺ​កូ​វីដ​១៩​សេវា​ដឹក​អ្នក​ដំណើរ​ដោយ​រថ​ភ្លើង​បាន​ផ្អាក​ដំណើ​រការ​ពី​ខែ​មីនា​ ឆ្នាំ ​២០២១ ​រហូត​ដល់​ខែមីនា ​ឆ្នាំ ​២០២២ ​និង​បើក​ឲ្យ​ដំណើរការ​ឡើង​វិញ​ក្នុង​អំឡុង​ខែ​មេសា​ ឆ្នាំ ​២០​២២​។

កញ្ញា​ថា​ ចាប់​តាំង​ពី​បើក​ដំណើ​រការ​ឡើង​វិញ​រហូត​ដល់​បច្ចុប្បន្ន​ ស​ម្ទុះ​អ្នក​ដំណើរ​កើន​ឡើង​អាច​ចន្លោះ​ពី ៣០​ ទៅ​ ៤០​ ភាគ​រយ ហើយ​ទូរ​ថភ្លើង​ដឹក​អ្នក​ដំណើរ​មាន​ចន្លោះ​ពី ១៩ ទៅ ​២០​ ទូ ដែល​ចំនួន​នេះ​អាច​ផ្ទុក​អ្នក​ដំណើរ​បាន​ពី​ ១ ១០០​ នាក់​ទៅ ​១ ២០០​ នាក់។

អ្នក​គ្រប់​គ្រង​ខ្សែ​អ្នក​ដំណើរ​នៃ​ស្ថា​នីយ​រថភ្លើង​រ៉ូយ៉ាល់​រៀល​វ៉េ​ខេ​ម​បូ​ឌារូបនេះ​បាន​ឲ្យដឹង​ទៀត​ថា​ការ​លក់​សំបុត្រ​សម្រាប់​ការធ្វើដំណើរ​ដោយ​រថភ្លើង​ ក្នុងនោះ​​ពី​ភ្នំពេញ​ទៅ​កាន់​ខេត្ត​តាកែវ​តម្លៃ ​២៤ ​០០០​ រៀល ភ្នំពេញ​ទៅ​ខេត្ត​កែប ​៣២ ០០០ ​រៀល​ ភ្នំពេញ​ទៅ​ខេត្ត​កំពត ​៣៦ ​០០០ ​រៀល ភ្នំពេញ​ទៅ​ខេត្ត​ព្រះសី​ហនុ​ ៤០ ០០០ ​រៀល ភ្នំពេញ​ទៅខេត្ត​ពោធិ៍សា​ត់ ​២៨ ០០០​ រៀល ភ្នំ​ពេញ​ ទៅ​ខេត្ត​បាត់​ដំបង ៣​២ ០០០ ​រៀល ភ្នំពេញ​ ទៅ​សិរី​សោ​ភណ្ឌ​ ៣៦ ០០០ រៀល​ និង​ភ្នំពេញ​ទៅប៉ោយ​ប៉ែត​ ៤០​ ០០០ ​រៀល​។

អង្គុយ​ក្បែរ​ប​ង្អូ​ច​ក្នុង​រថ​ភ្លើង​ងាក​ទៅ​ឆ្វេង​បន្តិច​មើល​ទិដ្ឋ​ភាព​ស្ថាន​នី​យ​រដ្ឋ​ភ្លើង​មុន​ចេញ​ដំណើរ​ទៅ​ក្រុង​បាត់​ដំបង លោក ​ជិន​ មឿន មាន​សម្បុរ​ខ្មៅ​ អាយុ​ជិត​ ៧០ ​ឆ្នាំ បាន​ឲ្យ​ដឹង​ថា​ កាលពី​សម័យ​ដើម​ លោក​បាន​ជិះ​រថភ្លើង​ញឹក​ញាប់​ដែល​គេ​ហៅ​ថា​ អូ​តូ​រ៉ៃ ​បន្ទាប់​មក​នៅ​អំឡុង​ឆ្នាំ​ ១៩៨០​ បាន​ជិះ​ ២-៣​ ដង​ទៀត​ រួច​ខក​ខាន​រហូត​ដល់​ឆ្នាំ​ ២០២២​ នេះ ​គឺជា​លើក​ដំបូង​ដែល​លោក​បាន​ជិះ​រថភ្លើង​ម្តងទៀត។​ការ​សាក​ល្បង​ជិះ​នេះ​ដោយ​សារ​ចង់ដឹ​ង​អំពី​សេវា​រថភ្លើង​បច្ចុប្បន្ន​ល្អ​ប្រសើរ​យ៉ាង​ណាខ្លះ​ ខណៈ​មូល​ហេតុ​ដទៃ​ទៀត​គឺលោក​មាន​ការ​ព្រួយ​បារម្ភ​ក្នុង​ការ​ធ្វើដំ​ណើរ​ដោយ​រថយន្ត​ឈ្នួល ​ហើយ​មួយ​វិញ​ទៀត​ពិបាក​ក្នុងការ​បើក​បរ​ដោយ​ខ្លួន​ឯង​ ថែម​ទាំង​ប្រេង​ឥន្ធ​នៈ​ឡើង​ថ្លៃ​ផង​ដែរ​។

បុរស​ពាក់​អាវ​ស រាង​ស្គម​ខ្ពស់​ម្នាក់នេះ ​បាន​ឲ្យ​ដឹង​ទៀត​ថា តាមរយៈ​ការ​ឆ្លង​កាត់​ការ​ទិញ​សំបុត្រ​ឃើញ​ថា តម្លៃ​សំបុត្រ​សមរម្យ​អាច​ទទួល​យក​បាន ​ចំណែក​ការ​ទទួល​ភ្ញៀវ​គឺមាន​ភាព​រួស​រាយ​រាក់​ទាក់​សម្ដី​ទន់ភ្លន់​ល្អ​ ព្រមទាំង​ដោយ​មាន​ស្នាម​ញញឹម​គួរ​ជាទី​រីករាយ ​ប៉ុន្តែ​ក្នុង​អំឡុង​ពេល​នៃ​ការ​ធ្វើ​ដំណើរ​យ៉ាង​ណា​ទៀត​នោះ​មិន​ទាន់​អាច​បញ្ជាក់​បាន​ទេ​ ដោយ​សារ​មិន​ទាន់​បាន​ជិះ​ដល់​គោល​ដៅ។

លោក​ថ្លែង​ថា៖ «មិន​អី​ទេ​តម្លៃ​ប៉ុណ្ណឹង​ហើយ​យើង​វ័យ​ចំណាស់​អ៊ីចឹង​ជិះ​កន្លែង​ទូលាយ​បាន​មើល​ទេស​ភាព​ភ្នំ ​ទេស​ភាព​ព្រៃ ​វាល​ស្រែ វាល​ស្រូវ​អី អ៊ីចឹង​ទៅ​វា​ធ្វើ​ឲ្យ​ចិត្ត​រីក​រាយ​ស្រស់​ថ្លា​ម្យ៉ាង​ដែរ មនុស្ស​ចាស់​វា​ផ្សេង​ពី​ក្មេង​ណាស់»​ ។

លោក ​ស៊ិន​ ដារ៉ាវុធ​ អាយុ​ ៦០ ឆ្នាំ​ ជា​អ្នក​ខេត្ត​បាត់​ដំបង​ម្នាក់​ទៀត បាន​ឲ្យ​ដឹង​ថា ការ​ជិះ​រថភ្លើង​មាន​សុវត្ថិ​ភាព ១​០០% ល្អ​​ជាង​ជិះ​រថយន្ត​តាម​ថ្នល់​ជាតិ​ដែល​អាច​ប្រឈម​គ្រោះ​ថ្នាក់​ចរា​ចរណ៍ហើយ​ពេល​ធម្មតា​កន្លែង​អង្គុយ​ទូ​លាយ​ល្អ ​ចំណែក​ល្បឿន​សមរម្យ​អាច​ទទួល​យក​បាន​និង​គ្មាន​អ្វី​គួរ​បារម្ភ​នោះ​ទេ ​ព្រោះ​ផ្លូវ​ ១ ខ្សែ​បើកបរ​តែ​ឯង​។

ចំណែក​លោក​ ប៉​ល់ កណ្តុម ​ធ្វើ​ដំណើរ​តាម​រថភ្លើង​ទៅ​ស្រុក​បាណន់​ ខេត្ត​បាត់ដំបង​បាន​ឲ្យ​ដឹង​ថា ការជ្រើស​រើស​ជិះ​រថភ្លើង​នេះ​ដោយ​សារ​ល្បីតៗ​ពី​បង​ប្អូន​ធ្លាប់​ជិះ​ថា រ​ថភ្លើង​មាន​សុទ្ធ​តែ​ម៉ាស៊ីន​ត្រជាក់ ហើយ​មួយ​វិញ​ទៀត ការធ្វើដំ​ណើរ​តាម​រថយន្ត​ផ្លូវ​មិន​ទាន់​ធ្វើ​ហើយ​រួច​រាល់​។

ដោយ​ឡែក​អ្នក​ស្រី ​ខៀវ ផាន់​ណាវី អ្នក​ខេត្ត​ពោធិ៍​សាត់​បាន​ឲ្យ​ដឹងថា​អ្នកស្រី​ចូលចិត្ត​ធ្វើដំណើរ​តាម​រថភ្លើង​ដោយ​សារតែសុវត្ថិ​ភាព ហើយ​ពេល​វេលា​ទៀង​ទាត់ ពី​ភ្នំពេញ​ទៅ​ពោធិ៍​សាត់ ត្រឹមតែ​​ម៉ោង ​១០ ក​ន្លះ​ គឺ​ដល់​គោលដៅ​។ជា​មួយគ្នា​នោះ​ស​ង្កេត​ឃើញថា បន្ទ​ប់ទឹក​ប្រើ​ប្រាស់​មាន​អនា​ម័យ​ស្អាត​ល្អ។​ អ្នក​ស្រី​បន្ត​ថា ភាព​ងាយ​ស្រួល​មួយ​ទៀត​គឺក្នុង​ទូរថភ្លើង​មាន​កន្លែង​លក់​អា​ហារ​ដោយ​មិន​ចាំ​បាច់​ចេញ​ទៅ​ទិញ​នៅ​ខាង​ក្រៅ​ឡើយ​។

អង្គុយ​ជជែក​គ្នា​យ៉ាង​សប្បាយ​រីក​រាយ​ជាមួយ​បុរស​ចំណាស់​ម្នាក់​ក្នុង​ទូរ​ថភ្លើង​មុន​ចេញ​ដំណើរ​ ស្ត្រី​មាន​សម្បុរស​ សក់​រួញ​អង្គាដី​អាយុ​ប្រហែល​ជាង ​៥០ ​ឆ្នាំ​ ធ្វើដំណើរ​ទៅ​ខេត្ត​កែបគឺ​អ្នក​ស្រី ម៉ម​ សេដ្ឋា​ក ប្រាប់​ ភ្នំពេញ ​ប៉ុស្តិ៍​ថា អ្នកស្រី​ក៏​ធ្លាប់​ជិះ​រថ​ភ្លើង​តាំង​ពី​នៅ​តូច​ដែល​តាម​ការ​កំណត់​ចំណាំ​គឺ​រថ​ភ្លើង​សម័យ​មុន​ចាស់ៗ​ណាស់ ​ប៉ុន្តែ​សម័យ​ថ្មី​នេះ​រថភ្លើង​មើលទៅ​នៅ​ថ្មី​ជាង។ អ្នក​ស្រី​ប្រាប់​ទៀត​ថា ​ការ​ជិះ​រថភ្លើង​ទៀត​សោត គឺ​សន្សំ​សំចៃ​ និង​សុវត្ថិ​ភាព​ជាង​ជិះ​រថយន្ត​ក្រុង​ធំ​។

អ្នក​ស្រី​ថ្លែង​ថា៖ «ខ្ញុំ​មក​មើល​ហ្នឹង​សម្រាប់​ថ្ងៃ​ក្រោយ​កូន​ខ្ញុំគេ​មកលេង​អីខ្ញុំ​មើល​ស្ទាប​ស្ទង់​ស្ថាន​ការណ៍ ​ដើម្បី​ថ្ងៃ​ក្រោយ​កូន​ចៅ​ខ្ញុំ​មក​លេង ជិះ​រថ​ភ្លើង ហើយ​ជិះ​រថភ្លើង​ល្អ​ជាង​ជិះឡាន​ក្រុង​ធំៗ ព្រោះ​យើង​មាន​ក្មេង​ច្រើន ​អ៊ីចឹង​ជិះ​រថភ្លើង​ស្រួល​ជាង»។

ចំណែក​បុរស​ពាក់​វ៉ែនតា​កញ្ចក់​ស​ថ្លា​ ពាក់​ម៉ាស់​ពណ៌​ស មាន​មុខ​មូល ​សក់ស្លូត​សិត​ចំហៀង ​ដែល​អង្គុយ​ស្តាប់​ចម្រៀង​ក្បែរ​មាត់​ប​ង្អូ​ច​ក្នុង​រថភ្លើង​វ័យ​ជិត​ ៣០ ​ឆ្នាំ លោក ​ណាក់ រេ​ន បាន​ឲ្យ​ដឹង​ថា លោក​ចូល​ចិត្ត​ធ្វើ​ដំណើរ​ទៅ​លេង​តាម​បណ្តា​ខេត្ត​ទេស​ចរណ៍​ផ្សេងៗ​នៅ​ក្នុង​ប្រទេស​ហើយ​ជា​ធម្មតា​គឺ​ជិះ​រថយន្ត​ក្រុង ប៉ុន្តែ​ផ្ទុយ​ពី​រាល់​ដង​ការ​ធ្វើដំណើរ​លើក​នេះ​ក្នុង​ទិសដៅ​ទៅ​លេង​កម្សាន្ត​នៅ​ខេត្ត​កំពត​លោក​មក​សាក​ល្បង​ជិះ​រថភ្លើង​វិញ​ម្តង។ ការ​សាក​ល្បង​ជិះ​លើក​ដំបូង​នេះ​លោក ​ណាក់់ រេន ​ប្រាប់ថា ​មាន​ការ​ព្រួយ​បារម្ភ​ខ្លះ​ដែរ​ ដោយ​សារ​តែ​មិន​ធ្លាប់​ជិះ​ពិសេស​គឺ​ខ្លាច​រថ​ភ្លើង​ខូច​តាម​ផ្លូវ​តែ​ម្តង​។

លោក​ថ្លែង​ថា៖ «រថភ្លើង​យើង​វា​អត់​ទាន់​ល្អ​ឬមួយ​ក៏មាន​បច្ចេក​ទេស​ទំនើប​ដូច​ប្រទេស​គេ​រីកចម្រើន​អ៊ីចឹង​ទៅខ្ញុំ​ភ័យ​បារម្ភ​ថា បើ​ខូច​ទៅ​កាល​ណា​ទើប​យើង​បាន​បន្ត​ដំណើរ​ទៅ​ដល់​ទីតាំង​របស់​យើង តែ​ខ្ញុំ​សង្ឃឹមថា​ មិន​អី​ទៅ​ចុះព្រោះ​បញ្ហា​ហ្នឹង​យូរៗ​ទើប​មាន​ម្តង»​ ។

ឆ្លើយ​តប​ចំពោះ​ការ​ព្រួយ​បារម្ភ​នេះ កញ្ញា សក់ វណ្ណ​នី អ្នក​គ្រប់​គ្រង​ខ្សែ​អ្នក​ដំណើរ​នៃ Royal Railway បាន​បញ្ជាក់​ថា ពិត​ណាស់​រថ​ភ្លើង​ក៏ដូច​ជា​រថយន្ត​ផ្សេងៗទៀត​ដែរ​គឺអាច​មាន​ខូច​នៅ​ចន្លោះ​ណា​មួយ​ ប៉ុន្តែ​ករណីនេះ​មិន​កើត​ឡើង​ញឹក​ញាប់​នោះ​ទេ​។

ដោយ​ឡែក​ប្រសិន​បើ​រថភ្លើង​មាន​បញ្ហា​ខូច​តាម​ផ្លូវគឺ​ក្រុមហ៊ុន​មាន​អ្នក​ជំនាញ​ជួស​ជុល​ដោយ​សុំ​រយៈ​ពេល​ភ្ញៀវ​ក្នុង​ចន្លោះ​សមរម្យ​ណា​មួយ។​មួយ​វិញ​ទៀត ប្រសិន​បើ​មើល​ទៅ​ឃើញ​ថា​ជួស​ជុល​មិន​បាន ហើយ​គ្មាន​ក្បាល​ម៉ាស៊ីន​ណា​មក​ជំនួស​បាន​ នឹង​មាន​ការ​ជួល​រថ​យន្ត​ ដើម្បី​ដឹក​អ្នក​ដំណើរ​ទៅ​តាម​គោល​ដៅ​ដែល​ពួក​គាត់​ចង់​ទៅ ​។

កញ្ញា​ថ្លែង​ថា៖«ការ​ខូច​វា​តែង​តែ​មាន ​ទោះជា​ឡាន​ក៏មាន​ការ​ខូច​តាម​ផ្លូវ​ដែរ មិន​មែន​តែ​រថភ្លើង​ទេ ប៉ុន្តែស​ម្រាប់​រថភ្លើង​យើង​គឺ ប្រសិន​បើ​ក្នុង​ករណី​វា​ខូច​តាម​ផ្លូវ​យើង​មានការ​មើលថែ ហើយ​បើ​ត្រូវ​ការ​រយៈ​ពេល​យូរ​ជួស​ជុល​ យើង​នឹង​មាន ​២ ​វិធី ទី១​ បើ​មាន​ក្បាល​ម៉ាស៊ីន​ណា​នៅ​ជិត​យើង​នឹង​យក​វា​មក​អូ​ទូ​ហ្នឹង​ទៅ មួយ​ទៀត​ចំណុច​ចុងក្រោយ​យើង​នឹង​ជួ​យល​ឡាន​ដឹក​ភ្ញៀវ​ទៅ​គោល​ដៅ​ដែល​គាត់​ត្រូវ​ទៅ»​ ។

ក្នុង​ពិធី​សម្ពោធ​ដាក់ឱ្យ​ប្រើ​ប្រាស់​ផ្លូវ​ចំនួន ៣៨ ​ខ្សែ​ ព្រមទាំង​ហេដ្ឋា​រចនា​សម្ព័ន្ធ​រូបវន្ត​មួយ​ចំនួន​ទៀត​ក្នុង​ក្រុង​សៀម​រាប​ កាល​ពី​ថ្ងៃទី ៤ ​ខែ​ មេសា ឆ្នាំ​ ២០២២ លោក​នាយក​រដ្ឋ​មន្ត្រី ហ៊ុន សែន បាន​ជំរុញ​ឲ្យក្រសួង​សាធា​រណ​ការ និង​ដឹក​ជញ្ជូន ពិចា​រណា​ស្វែង​រក​ក្រុម​ហ៊ុន​ដៃគូ​អភិឌ្ឍន៍​ធ្វើ​ទំនើប​កម្ម​ផ្លូវ​រថភ្លើង​ល្បឿន​លឿន​នៅលើ​ផ្លូវ​រថ​ភ្លើង​ចាស់​ដើម្បី​បង្កើន​ល្បឿន​ការដឹក​ជញ្ជូន​ ខណៈ​បច្ចុប្បន្ន​ការ​ដឹក​ជញ្ជូន​តាម​ផ្លូវ​ដែក​នេះ​មាន​ភាព​យឺត​យ៉ាវ​មិន​អាច​ឆ្លើយ​តប​នឹង​ការ​វិវឌ្ឍ​សេដ្ឋ​កិច្ច​សង្គម​បាន​។

លោក​នាយក​រដ្ឋមន្ត្រី​បញ្ជាក់​ថា ការ​ធ្វើ​ដំណើរ​តាម​ប្រព័ន្ធ​ហេដ្ឋា​រចនា​សម្ព័ន្ធ​ផ្លូវដែក​ទាំង​ ២​ ទិស គឺ​ពី​ភ្នំពេញ-​ប៉ោយ​ប៉ែត និង​ភ្នំពេញ-ព្រះ​សីហនុ​ បាន​ត្រឹម​ ២០-៣០ ​គីឡូ​ម៉ែត្រ​ក្នុង ១​ ម៉ោង​ ដែល​មិន​អាច​ឆ្លើយ​តប​នឹង​សភាព​ការណ៍​ការ​ដឹក​ជញ្ជូន​ក្នុង​ប្រទេស​និង​ការ​តភ្ជាប់​ទៅ​កាន់​ប្រទេស​ជិត​ខាង​របស់​កម្ពុជា​ឡើយ​។

លោក វ៉ា​ស៊ីម​ សូរិយា​ អ្នក​នាំ​ពាក្យ​ក្រសួង​សា​ធា​រណ​ការ​និង​ដឹក​ជញ្ជូន​បាន​ឲ្យ​ដឹង​ថា ​ពាក់​ព័ន្ធ​នឹង​ការធ្វើ​ទំនើប​កម្ម​ប្រព័ន្ធ​ហេដ្ឋា​រចនា​សម្ព័ន្ធ​ផ្លូវ​ដែក​នេះ​មិន​ទាន់​មាន​ព័ត៌​មាន​លម្អិត​ថ្មី​ទេ ប៉ុន្តែ​តាម​ប្រសាសន៍​របស់​លោក​ទេស​រដ្ឋ​មន្ត្រី​ស៊ុន ​ចាន់ថុល រដ្ឋមន្ត្រី​ក្រសួង​សាធា​រណ​ការ​ និង​ដឹក​ជញ្ជូន​គឺ​បាន​ឲ្យ​ក្រុមហ៊ុន​មួយ​កំពុង​សិក្សា​ពី​លទ្ធភាព​ថា ​ត្រូវធ្វើ​ទំនើប​កម្ម​ខ្សែ​ផ្លូវ​ចាស់ ឬមួយ​សាង​សង់់​ខ្សែ​ផ្លូវ​ថ្មី។

សូម​ជម្រាប​ជូន​ថា ​ផ្លូវ​ដែក​កម្ពុជា​មាន​២​ខ្សែគឺផ្លូវដែក​ភាគ​ខាង​ជើង​មាន​ប្រវែង​៣៨៦​គីឡូម៉ែត្រពី​ភ្នំពេញទៅ​ប៉ោយ​ប៉ែត (ព្រំដែន​កម្ពុជា-ថៃ) ត្រូវ​បាន​កសាង​ឡើង​ចាប់ពី​ឆ្នាំ ​១៩២៩​ ដល់​ឆ្នាំ​១៩៤​២ និង​ផ្លូវ​ដែក​ភាគ​ខាង​ត្បូង ​(ភ្នំពេញ-​ខេត្ត​ព្រះសីហនុ)​ បាន​កសាង​ឡើង​ចន្លោះ​ឆ្នាំ​ ១៩៦០ ​ដល់​ឆ្នាំ​ ១៩៦៩ ​ដែល​មាន​ប្រវែង​ ២៦៤​ គីឡូ​ម៉ែត្រ។ ផ្លូវដែក​ទាំង ​២​ ខ្សែ​ បាន​ទទួល​រង​ការ​ខ្ទេចខ្ទាំ​ស្ទើរ​ទាំង​ស្រុង​ក្នុង​របប​កម្ពុជា​ប្រជាធិប​តេយ្យ​ និង​បាន​ជួស​ជុល​ឡើង​វិញ​ក្រោម​ការ​សហ​ការ​រវាង​ក្រសួង​សាធា​រណការ ​និង​ក្រុមហ៊ុន​រ៉ូយ៉ាល់​រៀល​វ៉េកម្ពុជា៕