
ជនជាប់ចោទ ហែម សាឡេះ ពេលនាំខ្លួនមកតុលាការកំពូលពីថ្ងៃ ២៩ មិថុនា ។ រូបថត គឹម សារុំ
ភ្នំពេញៈតុលាការកំពូលនៅថ្ងៃទី ២៩ មិថុនា បានប្រកាសសាលដីកាអតីតសមាជិកក្រុមប្រឹក្សា សង្កាត់កោះរ៉ុង ក្រុងព្រះសីហនុ ឱ្យជាប់ពន្ធនាគារ៧ឆ្នាំនិងប្រាក់ពិន័យប្រាក់ ១០ លានរៀលដដែលតាមសាលដីការបស់សាលាឧទ្ធរណ៍ភ្នំពេញ បន្ទាប់ពីជំនុំជម្រះកាលពីថ្ងៃទី ១៥ មិថុនា ឆ្នាំ ២០២២ ពាក់ព័ន្ធករណីចុះហត្ថលេខារឿងដីធ្លីទំហំប្រមាណ ៥២៥ ហិកតាប្រគល់ឱ្យពលរដ្ឋនៅភូមិព្រៃស្វាយ សង្កាត់កោះរ៉ុង ក្រុង-ខេត្ត ព្រះសីហនុ។
លោកចៅក្រម គង់ ស្រ៊ីម បានអានសាលដីកានៅចំពោះមុខជនជាប់ចោទក្នុងបន្ទប់សវនាការនៃតុលាការកំពូលនៅថ្ងៃទី ២៩ មិថុនា ថា សំណុំរឿងនេះមានជនជាប់ចោទទាំងអស់ចំនួន៦នាក់ ហើយជនជាប់ចោទទាំងនោះ ក៏ត្រូវបានលោកអគ្គព្រះរាជអាជ្ញាសាលាឧទ្ធរណ៍ភ្នំពេញប្តឹងសារទុក្ខជំទាស់នឹងសាលដីការបស់ចៅក្រមជំនុំជម្រះនៃសាលាឧទ្ធរណ៍ភ្នំពេញ ហើយជនជាប់ចោទម្នាក់ក៏បានប្តឹងសារទុក្ខមកតុលាការកំពូលដែរ។
បើតាមលោកចៅក្រម គង់ ស្រ៊ីម ការប្ដឹងនេះដោយសារតែគាត់មិនសុខចិត្តនឹងទណ្ឌកម្មជាប់ពន្ធនាគារ ៧ ឆ្នាំ និងប្រាក់ពិន័យ ១០ លានរៀល។ ប៉ុន្តែក្រោយមក លោកអគ្គព្រះរាជអាជ្ញាសាលាឧទ្ធរណ៍ភ្នំពេញបានដកពាក្យបណ្តឹងលើជនជាប់ចោទ ៥ នាក់វិញ ដោយប្តឹងតែឈ្មោះ ហែម សាឡេះ តែម្នាក់ប៉ុណ្ណោះមកតុលាការកំពូល ខណៈជនជាប់ចោទ៥នាក់ទៀត សម្រេចមិនប្តឹងសារទុក្ខមកតុលាការកំពូល។
លោកចៅក្រមបន្តថា កាលពីថ្ងៃទី ១៥ មិថុនា ដែលជាថ្ងៃជំនុំជម្រះជនជាប់ចោទ ហែម សាឡេះ បានប្រាប់តុលាការថា គាត់គ្រាន់តែជាមន្ត្រីជាប់កិច្ចសន្យាធ្វើជាសមាជិកក្រុមប្រឹក្សាសង្កាត់កោះរ៉ុងតែប៉ុណ្ណោះ។ រីឯមេធាវីរបស់ជនជាប់ចោទក៏បានលើកឡើងនៅក្នុងសេចក្តីសន្និដ្ឋានដែរថា កូនក្តីរបស់ខ្លួនគ្រាន់តែជាមន្ត្រីជាប់កិច្ចសន្យាមិនមែនជាអ្នករាជការមានតួនាទីអ្វីឡើយ។ប៉ុន្តែទោះជាយ៉ាងណាច្បាប់មិនបានកំណត់អំពីមុខងារឬបែងចែកតួនាទីអ្វីឡើង។
លោកបានបញ្ជាក់ថា ក្រោយពីបានស្តាប់សេចក្តីសន្និដ្ឋានរបស់មេធាវីការពារសិទ្ធិឱ្យជនជាប់ចោទ និងក្រោយពីបានស្តាប់ចម្លើយរបស់ជនជាប់ចោទរួចមក ក្រុមប្រឹក្សាជំនុំជម្រះយល់ឃើញថា៖ «សាលដីការបស់សភាព្រហ្មទណ្ឌសាលាឧទ្ធរណ៍ភ្នំពេញដែលបានសម្រេចមកនេះមានលក្ខណៈត្រឹមត្រូវតាមច្បាប់ហើយ។ហេតុដូច្នេះតុលាការកំពូលសម្រេចតម្កល់សាលដីការបស់សាលាឧទ្ធរណ៍ភ្នំពេញទុកជាបានការដដែលនិងបន្តឃុំខ្លួនឈ្មោះ ហែម សាឡេះ ក្នុងពន្ធនាគារបន្តទៀត»។
តាមអង្គហេតុបង្ហាញថា ជនជាប់ចោទឈ្មោះ ហែម សាឡេះ ភេទ ប្រុស អាយុ ៥៨ ឆ្នាំ នៅអំឡុងឆ្នាំ ២០០១ ដល់ឆ្នាំ ២០១៨ គាត់បានធ្វើជាមេក្រុម នៅភូមិព្រៃស្វាយ សង្កាត់កោះរ៉ុង ក្រុង-ខេត្តព្រះសីហនុ។ បន្ទាប់មកនៅអំឡុងឆ្នាំ ២០១៦ ដល់ឆ្នាំ ២០១៩ ជនជាប់ចោទរួមទាំងមនុស្ស៥នាក់ទៀត បានឃុបឃិតគ្នារត់ការឯកសារដីធ្លីហើយក៏ត្រូវសមត្ថកិច្ចចាប់ខ្លួននៅក្នុងឆ្នាំ ២០១៩។
សំណុំរឿងនេះត្រូវបានសាលាដំបូងរាជធានីភ្នំពេញបើកសវនាការ និងប្រកាសសាលក្រមនៅថ្ងៃទី ២៩ ខែ មករា ឆ្នាំ ២០២០ ផ្តន្ទាទោសពួកគេដាក់ពន្ធនាគារ ៧ ឆ្នាំ និងពិន័យជាប្រាក់ ១០លានរៀលចូលថវិការដ្ឋ ចោទពីបទបំផ្លាញដោយចេតនា និងគៃបំបាត់ដោយទុច្ចរិត បទក្លែងឯកសារសាធារណៈ បទប្រើប្រាស់ឯកសារក្លែង និងបទរំលោភអំណាចតាមមាត្រា ៦០១ មាត្រា៦២៩ មាត្រា ៦៣០ នៃក្រមព្រហ្មទណ្ឌ និងមាត្រា ៣៥ នៃច្បាប់ស្តីពីការប្រឆាំងអំពើពុករលួយ។
ដោយមិនសុខចិត្តនឹងសាលក្រមរបស់សាលាដំបូងរាជធានីភ្នំពេញ ពួកគេបានប្តឹងមកសាលាឧទ្ធរណ៍ភ្នំពេញហើយត្រូវបានសាលាឧទ្ធរណ៍ភ្នំពេញបើកសវនាការ និងប្រកាសសាលដីកានៅថ្ងៃទី ៣ ខែ មិថុនា ឆ្នាំ ២០២១ សម្រេចតម្កល់សាលក្រមរបស់សាលាដំបូងរាជធានីភ្នំពេញនៅដដែល តែត្រូវឈ្មោះ ហែម សាឡេះ ប្ដឹងសារទុក្ខមកតុលាការកំពូលតែម្នាក់ឯង៕