
មឈូសដាក់សាកសពប្ដីប្រពន្ធស្លាប់ដោយសារឃាតកម្មនិងអត្ដឃាតកាលពីថ្ងៃទី ២៨ មិថុនា។ រូបថត ប៉ូលិស
តាកែវៈ បុរសញៀនស្រាម្នាក់បានសម្លាប់ប្រពន្ធរួចដុតសាកសពចោល ហើយបន្ទាប់មកបានអារកសម្លាប់ខ្លួនឯងជាក្រោយ។ ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោងជាង ១០ ព្រឹក ថ្ងៃទី ២៨ ខែ មិថុនា ឆ្នាំ ២០២២ នៅភូមិ ក្របីព្រៃ ឃុំសំរោង ស្រុកត្រាំកក់ ខេត្តតាកែវ។
លោក ឌុក ធីយ៉ា អធិការនគរបាលស្រុកត្រាំកក់ប្រាប់ ភ្នំពេញ ប៉ុស្តិ៍ នៅថ្ងៃទី ២៩ មិថុនាថា បុរសជាជនសង្ស័យឈ្មោះ ញឺង ណុប អាយុ ៣២ ឆ្នាំ ឯស្ត្រីរងគ្រោះជាប្រពន្ធឈ្មោះ យ៉ែម ម៉ៃ អាយុ ២៤ ឆ្នាំ។ ពួកគេមានកូនស្រី ២ នាក់ ដែលកូនបងមានអាយុ ៤ ឆ្នាំ និងកូនប្អូនអាយុប្រហែល ១ ខួប។ បុរសសង្ស័យប្តីជាមនុស្សញៀនស្រាស្រវឹងខួប រីឯស្ត្រីរងគ្រោះធ្វើជាកម្មកររោងចក្រកាត់ដេរ។
លោកថ្លែងថា៖ «ដោយសារតែជនសង្ស័យសម្លាប់ខ្លួនដែរនោះ យើងក៏មិនដឹងច្បាស់ថា ការសម្លាប់ស្ត្រីរងគ្រោះជារឿងប្រចណ្ឌ ឬយ៉ាងណាទេ។ ប៉ុន្តែជនសង្ស័យឱ្យតែព្រលឹមឡើងមិនទាន់ទេគឺផឹកស្រាសអស់ ១ លីត្របាត់ហើយ គាត់អាចជាមនុស្សញៀនស្រាខ្លាំង ហើយអាចវង្វេងស្មារតី»។
លោកបានរៀបរាប់តាមសម្តីសាច់ញាតិស្ត្រីរងគ្រោះថា ជារៀងរាល់ថ្ងៃ ជនសង្ស័យតែងតែផឹកស្រាស ស្រវឹងហើយរករឿងប្រពន្ធ និងបង្កហិង្សាវាយដំលើប្រពន្ធជាញឹកញាប់។ លុះដល់ព្រឹកថ្ងៃទី ២៨ មិថុនា ឆ្នាំ ២០២២ ជនរងគ្រោះបានទិញស្រាស ១ លីត្រ យកមកអង្គុយផឹកម្នាក់ឯងនៅផ្ទះរបស់ខ្លួន។ បន្ទាប់មកបានបង្កជម្លោះជាមួយប្រពន្ធហើយបិទទ្វារមិនឱ្យប្រពន្ធបានចេញទៅធ្វើការរោងចក្រទេ ហើយក្រោយមក ម្តាយរបស់ស្ត្រីរងគ្រោះបានមកសួរស្ត្រីរងគ្រោះថា ហេតុអ្វីមិនទៅធ្វើការ ពេលនោះស្ត្រីរងគ្រោះឆ្លើយថា ប្តីបិទទ្វារមិនឱ្យនាងទៅធ្វើការទេ ហើយស្ត្រីរងគ្រោះបានប្រាប់ម្តាយនាងឱ្យយកកូននាងទាំង ២ នាក់ទៅជាមួយផង ព្រោះគ្មានអ្នកមើល។
លោកអធិការបន្តថា ក្រោយពីម្តាយស្ត្រីរងគ្រោះចេញផុត ស្រាប់តែជនសង្ស័យឈ្លោះជាមួយប្រពន្ធ ហើយមួយសម្ទុះក្រោយមក ម្តាយរបស់ស្ត្រីរងគ្រោះដើរមកម្តងទៀតក៏ឃើញឈាមហូរស្រក់ពីលើផ្ទះមកដី ហើយគាត់ក៏រត់ទៅប្តឹងនគរបាលប៉ុស្តិ៍ ឃុំ សំរោង ឱ្យមកជួយមើល។ ភ្លាមៗនោះនគរបាលប៉ុស្តិ៍ឃុំសំរោង បានរាយការណ៍ប្រាប់លោក ហើយលោកបានបញ្ជាដឹកនាំកម្លាំងចុះទៅអន្តរាគមន៍ដល់ផ្ទះកើតហេតុតែម្ដង។
លោកបន្តទៀតថា ពេលសមត្ថកិច្ចទៅដល់ផ្ទះកើតហេតុ ក៏បានស្រែកឱ្យជនសង្ស័យបើកទ្វារ តែជនសង្ស័យមិនត្រឹមតែមិនបើកទ្វារទេ ថែមទាំងប្រមូលមុងភួយគរលើសាកសពស្ត្រីរងគ្រោះ ហើយដុតតែម្តង។ ពេលនោះសមត្ថកិច្ចរបស់លោកបានយករថយន្តពន្លត់អគ្គិភ័យទៅបាញ់ពន្លត់ ព្រោះខ្លាចឆេះផ្ទះ។ប៉ុន្តែស្របពេលនោះជនសង្ស័យបានយកពូថៅដែលកាប់សម្លាប់ស្ត្រីរងគ្រោះមកអារកខ្លួនឯង រហូតស្លាប់តាមក្រោយប្រពន្ធរបស់ខ្លួន។
លោកបានបន្ថែមថា ក្រោយកើតហេតុសមត្ថកិច្ចរបស់លោកបានចាត់ចែងប្រគល់សាកសពទៅឱ្យក្រុមសាច់ញាតិទាំងសងខាងដើម្បីយកទៅធ្វើបុណ្យរៀងៗខ្លួន។ រីឯអាជ្ញាធរឃុំ-ស្រុក បានជួយជាអង្ករ និងប្រាក់មួយចំនួនដល់សាច់ញាតិសពទាំង ២ នាក់ ព្រោះថា ទាំង២នាក់ប្តីប្រពន្ធនេះ ជាគ្រួសារក្រីក្រ៕