ភ្នំពេញៈ ផ្អែក​តាម​ការវាយ​តម្លៃ​របស់​អង្គការ​សហប្រជាជាតិ​ (UN)​ នា​ចុង​ឆ្នាំ ២០២១ ​កម្ពុជា​ជាប់​ចំណាត់​ថ្នាក់​លេខ ២៨ ​ក្នុង​ចំណោម ​១២២ ប្រទេស ​ដែល​បញ្ជូនកងកម្លាំង​រក្សា​សន្តិភាព​ទៅ​បំពេញ​បេសកកម្ម ​​ក្រោម​​ឆត្រ ​​UN ​ឬ ​អសប​ រីឯ​ការចូល​រួម​របស់​នារី​ ជាប់​ចំណាត់​ថ្នាក់​លេខ ​១៣ ​ក្នុង​ចំណោម​ប្រទេស​ទាំង​ ១២២​ នេះ។ នេះ​បើ​តាម​មន្ត្រី​នាំពាក្យ​ក្រសួង​ការពារ​ជាតិ។

លោក​ ឈុំ សុជាត ​អ្នក​នាំពាក្យ​ក្រសួង​ការពារ​ជាតិ ​ថ្លែង​នា​ថ្ងៃទី ២៩ ​មិថុនា ​បន្ទាប់ពី​បញ្ចប់​កិច្ចប្រជុំ​បូក​សរុប​លទ្ធផល​ការងារ​ប្រចាំ​ឆមាស​ទី១ ​និង​លើក​ទិសដៅ​អនុវត្ត​បន្ត​ឆមាស​ទី២ ​ឆ្នាំ ២០២២ ថា ​ការបំពេញ​បេសកកម្ម​រក្សា​សន្តិភាព​ ក្រោម​ឆត្រ​អសប ​កង​យោធពល​ខេមរភូមិន្ទ ​បានបន្ត​រក្សា​នូវ​ស្នាដៃ​មុខជំនាញ​នីមួយៗ ​ដែល​មាន​ការទទួល​ស្គាល់​ពី​មន្ត្រី​ អសប ​នានា​ ក្នុង​តំបន់​បេសកកម្ម។

លោក​ថ្លែងថា​៖ «បើ​ផ្អែក​តាម​ការវាយតម្លៃ​របស់ ​អង្គការ​សហប្រជាជាតិ ​នា​ចុង​ឆ្នាំ ២០២១ ​កម្ពុជា​ទទួលបាន​លំដាប់​លេខ​ ២៨/១២២​ នៃ​ប្រទេស​បរិច្ចាគ​កង​កម្លាំង។ ឯ​ការចូលរួម​របស់​នារី ​ទទួលបាន​លំដាប់​លេខ​ ១៣/១២២ ​នៃ​ប្រទេស​បរិច្ចាគ​កង​កម្លាំង។ ចំណែក​នៅ​ក្នុង​សហគមន៍​អាស៊ាន ​កម្ពុជា​ទទួលបាន​លំដាប់​លេខ៣​ ឯ​ការចូលរួម​របស់​នារី​បន្ត​ទទួលបាន​លំដាប់​លេខ២»។

លោក​ ឈុំ សុជាត ​បន្តថា ​លោក​នាយក​រដ្ឋមន្ត្រី​ហ៊ុន សែន ​និង​ក្រសួង​ការពារជាតិ ​ប្តេជ្ញា​បន្ត​បញ្ជូន​កម្លាំង​កងយោធ​ពល​ខេមរ​ភូមិន្ទ ​ទៅ​ចូលរួម​បំពេញ​បេសកកម្ម​រក្សា​សន្តិភាព ​ក្រោម​ឆត្រ​អង្គការ​សហប្រជាជាតិ ​និង​ជំរុញ​យោធិន​នារី ​ចូលរួម​ឱ្យ​បាន​ពី​ ១៥ ភាគរយ ​ទៅ​ ២០ ភាគយ។

ជាមួយ​គ្នានេះ ​កាណាដា ​សន្យា​នឹង​បន្ត​គាំទ្រ​ដល់​ការងារ​ហ្វឹកហ្វឺន​បណ្តុះបណ្តាល​ធនធាន​មនុស្ស ​ផ្នែក​រក្សា​សន្តិភាព​ ក្រោម​ឆត្រ​នៃ​អង្គការ​សហប្រជាជាតិ ​បន្ទាប់ពី​មាន​សំណើ​សុំ​ពី​កម្ពុជា។ នេះ​បើ​តាម​មជ្ឈមណ្ឌល​ជាតិ​រក្សា​សន្តិភាព។

នា​ថ្ងៃទី ២៩ ​ខែមិថុនា ​លោក ​សែម សុវណ្ណនី ​អគ្គនាយក​មជ្ឈមណ្ឌល​ជាតិ​រក្សា​សន្តិភាព​ បានទទួល​ជួប​ពិភាក្សា​ការងារ​ជាមួយ​លោកស្រី ​Vicky Singmin ​ភារធារី ​នៃ​បេសកកម្ម​កាណាដា ​ប្រចាំ​អាស៊ាន ​និង​លោក ​Jan Scazighino​ ភារធារី​ស្ថានទូត​កាណាដា ​ប្រចាំ​កម្ពុជា​ស្តីពី​កិច្ចសហ​ប្រតិបត្តិការ​រក្សា​សន្តិភាព​របស់​អង្គការ​សហប្រជាជាតិ​នៅ​មជ្ឈមណ្ឌល​ជាតិ​រក្សា​សន្តិភាព។

ក្នុង​ជំនួប​នោះ ​លោក ​សែម សុវណ្ណនី ​បានស្នើសុំ​ឱ្យ​រដ្ឋាភិបាល​កាណាដា ​បន្ត​ជួយ​គាំទ្រ​ដល់​មជ្ឈមណ្ឌល​ជាតិ​រក្សា​សន្តិភាព​ និង​បណ្តុះបណ្តាល​ធនធាន​មនុស្ស​ដល់​មជ្ឈមណ្ឌល​ជាតិរក្សា​សន្តិភាព​។

មជ្ឈមណ្ឌល​ជាតិ​រក្សា​សន្តិភាព​បញ្ជាក់​ក្នុង​សេចក្តី​ប្រកាស​ព័ត៌មាន​នា​ថ្ងៃទី ២៩ ​មិថុនាថា ​លោកស្រី​ Vicky Singmin ​បាន​កោត​សរសើរ​ និង​វាយតម្លៃ​ខ្ពស់ ​ចំពោះ​កងទ័ព​មួក​ខៀវ​កម្ពុជា ​ដែល​ទទួលបាន​លទ្ធផល​ល្អប្រសើរ​ផ្នែក​ប្រតិបត្តិការ ​រក្សា​សន្តិភាព​បោស​សម្អាត​មីន​នៅ​កម្ពុជា ​និង​ការចូលរួម​ប្រតិបត្តិការ ​រក្សា​សន្តិភាព ​របស់​អង្គការ​សហប្រជាជាតិ​ លើ​បណ្តា​ប្រទេស​មួយចំនួន​ ដែល​មាន​ជម្លោះ​ដោយសារ​សង្គ្រាម។

សេចក្តី​ប្រកាស​ព័ត៌មាន​បន្តថា​៖«លោក​ជំទាវ ​[Vicky Singmin]​ នឹង​បន្ត​គាំទ្រ​ដល់​ការងារ​ហ្វឹកហ្វឺន​បណ្តុះបណ្តាល​ធនធាន​មនុស្ស​ផ្នែក​រក្សា​សន្តិភាព ​ព្រមទាំង​ពាំនាំ​នូវ​សំណើ ​និង​លទ្ធផល​នៃ​ជំនួប​ពិភាក្សា​ការងារ​នេះ​ ជម្រាប​ដល់​រដ្ឋាភិបាល​កាណា​ដា​ផង​ដែរ»៕