ភ្នំពេញៈ ការ​ចរចាប្រាក់ឈ្នួលអប្បបរមាសម្រាប់​ឆ្នាំ ​២០២៣ ​ផ្នែក​វាយ​នភណ្ឌ កាត់​ដេរ ផលិតស្បែក​ជើង និងផលិត​ផលិត​ផល​​ធ្វើ​ដំណើរ​និង​កាបូប នឹង​ចាប់​ផ្តើម​ធ្វើពី​​ខែកក្កដា​តទៅ ដោយ​​ភាគី​សហជីព​និង​កម្មករ​រំពឹង​ថា​ ប្រាក់​ឈ្នួល​​សម្រាប់​ឆ្នាំ​ក្រោយ នឹង​ទទួល​បាន​ចំនួន​ច្រើន​ជាង​ឆ្នាំ​ ២០២២ នេះ​ ខណៈ​ទំនិញ​និង​ការ​ចំណាយ​ផ្សេងៗ​កំពុង​ហក់​ឡើង​ថ្លៃ​ខ្ពស់​។

ក្រសួង​ការងារ​និង​បណ្តុះ​បណ្តាល​វិជ្ជាជីវៈ បាន​ជូន​ដំណឹង​កំណត់​ពី​កាល​បរិច្ឆេទ​នៃ​ដំណើរការ​ចាប់​ផ្តើម​ការ​ចរចា​ប្រាក់ឈ្នួល​អប្បបរ​មា សម្រាប់​ឆ្នាំ ​២០២៣​ ដោយ​​ត្រូវ​ចាប់​ផ្តើមនៅ​ក្នុង​ខែកក្កដា ​ដែលជា​ការចា​ប់ផ្តើម​ពិ​ភាក្សា ជា​លក្ខណៈ​ផ្ទៃ​ក្នុង របស់​ភាគី​នីមួយៗ។​

នៅក្នុង​ខែ​សីហា ​ជា​ការ​ចាប់ផ្តើម​ពិភា​ក្សា ជា​លក្ខណៈ​ទ្វេភាគី និង​ត្រីភាគី ហើយ​ខែ​កញ្ញា ​នឹង​ធ្វើ​ការបើក​កិច្ច​ប្រជុំ​ក្រុម​ប្រឹក្សា​ជាតិ​ប្រាក់​ឈ្នួល​អប្ប​បរមា ដើម្បី​សម្រេច​ប្រាក់​ឈ្នួល​អប្បបរ​មាផ្នែក​វាយ​នភណ្ឌ កាត់​ដេរ ផលិត​ស្បែក​ជើង និង​ផលិត​ផលិត​ផល​ធ្វើដំណើរ​និង​កាបូប សម្រាប់​ឆ្នាំ ​២០២៣។

ក្រសួង​បាន​បញ្ជាក់​ថា៖ «នៅ​ថ្ងៃទី​ ១ ខែ ​មករា ឆ្នាំ​ ២០២៣ ក្រសួង​ការងារ នឹង​ដាក់​ជាកាល​បរិច្ឆេទ​ចូល​ជា​ធរមាន​ប្រាក់​ឈ្នួល​អប្បបរ​មាស​ម្រាប់​កម្មករ និយោ​ជិត ផ្នែក​វាយ​នភណ្ឌ កាត់​ដេរ ផលិត​ស្បែ​កជើង និង​ផលិត​ផលិត​ផ​លធ្វើ​ដំណើរ​និង​កាបូប​»។

លោក អាត់ ធន់ ​ប្រធាន​សហ​ភាព​ការងារ​កម្ពុជា បាន​ប្រាប់ ភ្នំ​ពេញ​ ប៉ុស្តិ៍ថា សហជីព​របស់​លោក​នឹង​ធ្វើការ​ប្រជុំ​ផ្សព្វផ្សាយ​ពីលទ្ធផល​​នៃ​ការ​សិក្សា​ស្រាវជ្រាវ​ពីតម្រូវ​ការ​រស់នៅ​របស់កម្មករ​នៅ​ថ្ងៃទី ​៣០ ខែមិថុនា រួច​នឹង​ធ្វើ​ការ​បូក​ជាមួយ​នឹង​លក្ខណៈវិនិ​ច្ឆ័យ​ចំនួន​ ៧ ចំណុច​បន្ថែម​ទៀត ដើម្បី​សរុប​ធ្វើ​សំណើលើ​ការ​ចរចា​ប្រាក់​ឈ្នួល​នេះ។ សហ​ភាព​ការងារ​កម្ពុជា ក៏នឹង​ធ្វើ​ការប្រជុំ​ជាមួយ​នឹង​ដៃគូ អង្គការ​ សហជីព​នៅ​ថ្ងៃបន្ត​បន្ទាប់​ក្នុង​ខែកក្កដា​ផង​ដែរ។

លោក អាត់ ធន់ ​ថ្លែង​ថា​ ឆ្នាំនេះ​​ការ​ចរចាប្រាក់​ឈ្នួល នឹង​មាន​ឱកាស​ច្រើន​ជាង​ឆ្នាំមុនៗដោយ​សារតែ​កូវីដមិន​មាន​បញ្ហា​ធ្ងន់ធ្ងរ ការ​នាំចេញ​សម្ភារ-អីវ៉ាន់​ឆ្នាំនេះ​មាន​ច្រើន​ជាង​ឆ្នាំ​ ២០១៩ ទៅ​ទៀត ដោយ​មិន​និយាយ​ពី​ឆ្នាំ​ ២០២០​ និង ​២០២១ ​ដែល​មាន​តិច​បំផុត។

លោក​បាន​បញ្ជាក់​ទៀត​ថា៖ «ជារួម ចំណុច​សំខាន់​ៗ​ដែល​​​ខ្ញុំគិត​ថា ប្រាក់​ឈ្នួល​អប្បរមារ​បស់​កម្មករ​សម្រាប់ឆ្នាំ​ ២០២៣ ទទួល​បាន​ច្រើន​ គឺទី១ វិស័យ​នេះ​មាន​សក្តានុ​ពល ទី២​ជាឆ្នាំ​នៃការ​បោះឆ្នោត​ជាតិ​ ចូល​មកដល់ដែល​អា​ចធ្វើ​ឱ្យ​អ្នកនយោបាយ ​មានការ​គិត​គូរដល់​កម្មករ ហើយ​ចំណុច​ទី៣ គឺ​ការចំណាយ​របស់​កម្មករ​ពេលនេះ​ខ្ពស់ ដោយ​សារ​ទំនិញ​លើ​ទីផ្សារ​កើន​ឡើង​ខ្ពស់»។

លោក អាត់ ធន់ បាន​បញ្ជាក់​ថា បើ​យោង​តាម​ការ​ស្រាវជ្រាវ​ជាបឋម ​​ការ​ចំណាយ​របស់​កម្មករ​ជា​មធ្យម​ចន្លោះពី​ ២៥០ ​ដុល្លារ​ ទៅ​ ៣០០​ ដុល្លារ​ ក្នុង​ ១ ខែ។ ដូច​នេះ ​តួលេខ​ដែល​សហជីព​អាច​នឹង​ស្នើ​សម្រាប់​ធ្វើការ​ដំឡើង​ជូន​កម្មករ​ផ្នែក​វាយ​នភណ្ឌ កាត់​ដេរ ផលិត​ស្បែ​ក​ជើង និង​ផលិត​ផលិ​តផល​ធ្វើដំណើរ​និង​កាបូប សម្រាប់​ឆ្នាំ​ ២០២៣ គឺ​អាច​ក្នុង​រង្វង់​​ ២០​ ដុល្លារ​។

ចំណែក​លោក ហ្វា សាលី ​ប្រធាន​សម្ព័ន្ធ​សហជីព​ជាតិ​ ក៏បាន​លើក​ឡើង​ដែរ​ថា ក្រុម​សហជីព​មិន​ទាន់​កំណត់​ពេល​វេលា​ច្បាស់​លាស់​ណា​មួយ​ ដើម្បី​ធ្វើការ​ជួប​ជុំ​ពិភាក្សា​នៅឡើយ​ទេ ប៉ុន្តែ​លោក​សង្ឃឹម​ថា ​ភាគី​សហ​ជីព​នឹង​មាន​ការ​ជួបគ្នា​ក្នុង​ពេល​ឆាប់ៗ​នេះ យ៉ាង​ហោច​ណាស់​ពិភាក្សា​គ្នាឱ្យ​បាន​២ដ​ង​ដែរ​ក្នុង​ការ​ចាប់​ផ្តើម​ដំបូង​នេះ។

លោក​បាន​ថ្លែង​ថា៖ «សម្រាប់​ការរំ​ពឹង​របស់​យើង គឺ​យើង​មាន​សុទិដ្ឋិ​និយម​ថា ប្រាក់​ឈ្នួល​ឆ្នាំ​ ២០២៣​ នឹង​មាន​ការ​​ដំឡើង​ខ្ពស់​ដោយសារ​អតិផរ​ណា​និង​កំណើន​សេដ្ឋកិច្ច​របស់​យើង​ ក៏នឹង​កើន​ខ្ពស់។ អ៊ីចឹង​ ខ្ញុំយល់​ថា ​វានឹង​ល្អប្រសើរ​ សម្រាប់​កម្មករ​ផង​ដែរ​ ក្នុង​ការ​ទទួល​បាន​ប្រាក់​ឈ្នួល​ខ្ពស់​ជាង​ឆ្នាំ​ ២០២២»។

សម្រាប់​លោក ហ្វា សាលី មាន​ការ​រំពឹង​ថា ប្រាក់​ឈ្នួល​អប្បរមា​របស់​កម្មករ​ផ្នែក​វាយ​នភណ្ឌ កាត់​ដេរ ផលិត​ស្បែ​ក​ជើង និង​ផលិត​ផលិ​តផល​ធ្វើដំណើរ​និង​កា​បូប នៅ​ឆ្នាំ​ ២០២៣ នឹង​ដំឡើង​មិន​តិច​ជាង​១០​ដុល្លារ​ឬ​លើស​នេះ។

យោង​តាម​ក្រសួង​ការងារ​ គ្រប់​ភាគី​ទាំង​អស់​តម្រូវ​ឱ្យ​ប្រើប្រាស់​ទិន្នន័យ​ផ្លូវការ​ស្រប​ច្បា​ប់ និង​ការស្រាវ​ជ្រាវ​បែប​វិទ្យា​សាស្ត្រ ដោយ​យោង​លើ​លក្ខណៈ​វិនិច្ឆ័យ​បែប​សង្គម និង​លក្ខណៈ​វិនិច្ឆ័យ បែប​សេដ្ឋ​កិច្ច។

លក្ខណៈ​វិនិច្ឆ័យ​បែប​សង្គម រួម​មាន​ ស្ថាន​ភាព​គ្រួសារ អាត្រា​អតិផ​រណា និងការ​ចំណាយ​ក្នុង​ការ​រស់​នៅ។ ​ចំណែក​លក្ខណៈ​វិនិ​ច្ឆ័យ បែប​សេដ្ឋ​កិច្ច មានផលិត​ភាព ភាព​ប្រកួត​ប្រជែង​របស់​ប្រទេស​ ស្ថានភាព​ទីផ្សារ​ការងារ​ និង​កម្រិ​តចំណេញ​របស់​វិស័យ​ឯក​ជន​ ដូច​មា​នកំណត់​ក្នុង​​មាត្រា ​៥ នៃ​ច្បាប់​ស្តីពី​ប្រាក់​ឈ្នួល​អប្បប​រមា ដើម្បី​ធ្វើជា​មូល​ដ្ឋាន​ក្នុង​ការ​ពិភាក្សា សម្រប​សម្រួល​ផ្ទៃ​ក្នុង និង​ទទួល​បាន​គោល​ជំហរ​រួម​មួយ​។

​លោក សំ ចិន្តា កម្មករ​រោង​ចក្រ​យូលី ក្នុង​ខេត្ត​ស្វាយ​រៀងបាន​ប្រាប់​ថា បច្ចុប្បន្ន​ប្រាក់​ឈ្នួល​កម្មករ​នៅមាន​កម្រិត​ទាប​ ដែល​ធ្វើ​ឱ្យ​កម្មករ​នៅមាន​ការ​ពិបាក​ ក្នុង​ជីវភាព​ប្រចាំ​ថ្ងៃ ខណៈ​ដែល​តម្លៃ​ទំនិញ​លើ​ទីផ្សារ​កាន់​តែ​កើន​ឡើង​ខ្ពស់​។

លោកថា សម្រាប់​ប្រាក់​ឈ្នួល​ឆ្នាំ​ ២០២៣ របស់​កម្មករ នឹង​មានការ​កើន​ឡើង​ជាង​ឆ្នាំ​ ២០២២ ដោយ​លោក​សង្ឃឹម​ថា​ ទាំង​រាជ​រដ្ឋាភិបាល ក្រសួង​ការងារ និយោជក សហជីព រួមនឹង​អង្គការ​ពាក់​ព័ន្ធនឹង​យល់​ពីបញ្ហា​របស់​កម្មករ​។

លោក សំ ចិន្តា បាន​ប្រាប់​ថា៖ «ខ្ញុំចង់​បាន​ឱ្យ​មានការ​ដំឡើង ​២០​ ដុល្លារ​បន្ថែម​ទៀត ទើប​អាច​ជួយ​យើង​ឱ្យ​ការ​រស់នៅ​ស្រួល​ជាង​នេះ និង​អាច​ទប់​ទល់​តម្លៃ​ទំនិញ​និង​ថ្លៃ​បន្ទប់​ជួល​បាន​»។

ចំណែក អ្នក​ស្រី​ ប៊ូ សុគន្ធាវី កម្មការិ​នីនៅ​រោង​ចក្រ​ស៊ីន​យីង​វៃ នៅ​ក្នុង​ស្រុក​ពញាឮ ខេត្ត​កណ្តាល ក៏មានការ​រំពឹង​ថា ប្រាក់​ឈ្នួល​នឹង​អាច​កើន​ឡើង​ខ្ពស់​ជាង​ឆ្នាំ​ ២០២២​ ផង​ដែរ​។

អ្នកស្រី​ថា៖ «ខ្ញុំ​ចង់​បាន​ច្រើន តែ​មិន​ទាន់​ហ៊ាន​ថា​ប៉ុន្មានទេ ​​ចាំមើល​ការចរចា​ និងការសម្រេច​របស់​​ភាគី​កម្មករ​ដែល​ជា​ក្រុម​សហជីព​ធ្វើការ​លើរឿង​នេះ​ ដោយសារ​ពួកគាត់​តែង​តែ​ទាម​ទារ​នូវ​ចំនួន​ច្រើន​សម្រាប់​ពួក​យើង​ជាកម្មករ​»។​

​គួរ​រំឭក​ផង​ដែរ​ថា ប្រាក់​ឈ្នួល​ផ្នែក​វាយ​នភណ្ឌ កាត់​ដេរ ផលិត​ស្បែកជើង និង​ផលិត​ផលិត​ផល​ធ្វើ​ដំណើរ និង​កាបូប ក្នុង​ឆ្នាំ ​២០២២ ត្រូវ​បាន​ដំឡើង​​ចំនួន​ ២ ​ដុល្លារ និង​មានការ​ជួយបន្ថែម​ពីរាជ​រដ្ឋាភិបាល​ចំនួន​ ២ ដុល្លារ​​ទៀត​ ដែល​ធ្វើ​ឱ្យប្រាក់​ឈ្នួល​គោល​ទាប​បំផុត​របស់​កម្មករ​និយោ​ជិត ឡើង​ដល់ ១៩៤​ ដុល្លារ ​ក្នុង​ ១ ខែ៕​