ភ្នំពេញៈ​ ក្រសួង​យុត្តិធម៌​បាន​​រៀបចំ​ និង​កំពុង​អនុវត្ត​យុទ្ធសាស្ត្រ​ចំនួន ​២ ​ដែល​ជា​ទិស​ដៅ​នៃ​កំណែ​ទម្រង់​ច្បាប់​ និង​ប្រព័ន្ធ​តុលាការ​ ដែល​រាជរដ្ឋាភិបាល​កំពុង​ផ្ដោត​ការ​យក​ចិត្ត​ទុក​ដាក់​ ដើម្បី​ធានា​យុត្តិធម៌​តាម​ផ្លូវ​ច្បាប់​នៅ​កម្ពុជា។​ យោង​តាម​លោក ជិន​ ម៉ាលីន ​រដ្ឋលេខាធិការ​ និង​ជា​អ្នក​នាំពាក្យ​ក្រសួង​យុត្តិធម៌ ​ថ្លែង​ក្នុង​សន្និសីទ​សារព័ត៌មាន​ដែល​រៀបចំ​ដោយ​អង្គភាព​អ្នក​នាំពាក្យ​រាជរដ្ឋាភិបាល​ កាល​ពី​ថ្ងៃទី​ ២៩​ ខែ​មិថុនា​ នៅ​ទីស្ដី​ការ​គណៈរដ្ឋមន្ត្រី។

លោក​ថ្លែង​ថា​ រាជដ្ឋាភិបាល​ធ្វើ​កម្មវិធី​កំណែ​ទម្រង់​ច្បាប់​ប្រព័ន្ធ​យុត្តិធម៌​ គឺ​ធានា​តែ​យុត្តិធម៌​តាម​ផ្លូវ​ច្បាប់​ប៉ុណ្ណោះ ដែល​ជា​អ្វី​រាជ​រដ្ឋាភិបាល​ផ្តោត​ការ​យក​ចិត្ដ​ទុក​ដាក់​ធ្វើ​យ៉ាង​ម៉េច​ធានា​ឱ្យ​បាន​នូវ​យុត្តិធម៌​តាម​ផ្លូវ​ច្បាប់​ហើយ​ការ​ធានា​នេះ​មិន​មែន​ជា​រឿង​ដែល​អាច​ធ្វើ​ក្នុង​រយៈពេល ​១​ ថ្ងៃ​ ឬ​ ១ ​យប់​នោះ​ទេ​ គឺ​ត្រូវ​ធ្វើ​ជា​បន្ត​បន្ទាប់​ជាប់​ជា​រហូត​។ ប៉ុន្ដែ​​ លោក​អះអាង​ថា​ សម្រាប់​យុត្តិធម៌​ជា​ទូទៅ​មាន​ច្រើន​ដូច​ជា​យុត្តិធម៌​តាម​ផ្លូវ​អារម្មណ៍ ​និង​តាម​ផ្លូវ​មនោសញ្ចេតនា។

លោក​ថ្លែង​ថា​៖​ «​មក​ដល់​ពេល​នេះ​យើង​នៅ​តែ​ដាក់​ចេញ​កម្មវិធី​កំណែ​ទម្រង់​ច្បាប់​ និង​ប្រព័ន្ធ​យុត្តិធម៌​។​ បើ​សួរ​ថា ​កែ​ទម្រង់​នេះ​ដល់​ពេល​ណា​បាន​ចប់​ គឺ​យើង​កែ​រហូត​ ពេល​ណា​ដែល​មាន​បញ្ហា​ប្រព័ន្ធ​យុត្តិធម៌​ គឺ​យើង​នៅ​តែ​កែ​ បើ​សិន​ជា​មិន​មាន​បញ្ហា​ប្រហែល​ជា​មិន​ចាំបាច់​ក្នុង​ការ​កែ​ទម្រង់​នេះ​ទេ​។ ​យើង​ទទួល​ស្គាល់​ថា​ មាន​បញ្ហា​នៅ​ក្នុង​វិស័យ​យុត្តិធម៌​បាន​ជា​កម្មវិធី​កែ​ទម្រង់​ប្រព័ន្ធ​ច្បាប់​ប្រព័ន្ធ​យុត្តិធម៌​ យើង​ត្រូវ​តែ​ដាក់​ចេញ​ ហើយ​បន្ត​អនុវត្ដ​បន្ត​ជា​ដរាប​ដើម្បី​ធ្វើ​ឱ្យ​ស្ថានភាព​យុត្តិធម៌​វា​កាន់​តែ​ប្រសើរ»។

លោក​ ម៉ាលីន ​បាន​ឱ្យ​ដឹង​ថា ​កំណែ​ទម្រង់​ច្បាប់​នេះ ​គឺ​ផ្ដោត​ទៅ​លើការ​ត្រួត​ពិនិត្យ​ឡើង​វិញ​នូវ​ច្បាប់​ចាស់ៗ​ដែល​កំពុង​តែ​អនុវត្ដ​ថា​ តើ​ច្បាប់​នោះ​ឆ្លើយ​តប​ទៅ​តាម​សេចក្ដី​ត្រូវ​ការ​របស់​ប្រជាពលរដ្ឋ​ និង​តថភាព​សង្គម​ដែរ​ឬ​ទេ?​ ​ថា​តើ​ច្បាប់​នោះ​នៅ​អនុវត្ដ​បាន​ ឬ​មួយ​ចាំបាច់​ត្រូវ​ធ្វើ​វិសោធនកម្ម?​ ហើយ​ធ្វើ​វិសោធនកម្ម​ត្រូវ​ធ្វើ​ទៅ​លើ​ចំណុច​ណា​?​ រៀបចំ​ក្របខ័ណ្ឌ​ច្បាប់​ និង​គោល​នយោបាយ​ថ្មី ​ថា​តើ​ប្រព័ន្ធ​យុត្តិធម៌​របស់​កម្ពុជា​សព្វថ្ងៃ​នេះ​នៅ​ខ្វះ​ច្បាប់​អ្វី ​និង​ខ្វះ​​គោល​នយោបាយ​អ្វី? ​ដើម្បី​ធានា​បាន​យុត្តិធម៌​តាម​ផ្លូវ​ច្បាប់​ជូន​ដល់​ប្រជាពលរដ្ឋ?​ ​វាយ​តម្លៃ​ប្រសិទ្ធភាព​នៃ​ការ​អនុវត្ដ​ច្បាប់​។ ​តើ​ហេតុអ្វី​ច្បាប់​ដែល​រៀបចំ​ទៅ​ហើយ​ច្បាប់​ខ្លះ​អនុវត្ដ​បាន?​​ ហេតុអ្វី​ច្បាប់​ខ្លះ​អនុវត្ដ​បាន​តែ​មួយ​ប្រាវ​ហើយ​លែង​អនុវត្ត​បាន​តទៅ​ទៀត?​ ​តើ​វា​មាន​បញ្ហា​អ្វី?​​ មក​ពី​គុណភាព​ច្បាប់​នោះ​មិន​ល្អ ដោយសារ​ច្បាប់​នោះ​ប្រជាពលរដ្ឋ​អត់​ទទួល​យក​ ដោយសារ​ខ្វះ​ធនធាន​ ឬ​មធ្យោបាយ​ក្នុង​ការ​អនុវត្ដ​ទាំង​នេះ​ដែល​ក្រសួង​បាន​ដាក់​ចេញ​ហើយ​កំពុង​តែ​អនុវត្ដ។

លោក​បញ្ជាក់​ថា​ ការ​ត្រួត​ពិនិត្យ​មើល​លើ​ច្បាប់​ចាស់​ ដែល​កំពុង​អនុវត្ដ​ ដែល​ពេល​នេះ​កំពុង​តែ​ធ្វើការ​សិក្សា​ស្រាវជ្រាវ​ និង​ត្រួត​ពិនិត្យ​ទៅ​លើ​ក្រម​ដែល​ជា​សសរ​គ្រឹះ​នៃ​ប្រព័ន្ធ​យុត្តិធម៌​មាន​ក្រម​រដ្ឋប្បវេណី​ និង​ក្រម​នីតិវិធី​រដ្ឋប្បវេណី ​ក្រម​ព្រហ្មទណ្ឌ ​និង​ក្រម​នីតិវិធី​ព្រហ្មទណ្ឌ​ ដែល​ត្រូវ​ចំណាយ​ពេល​ជាង​ ១០ ​ឆ្នាំ​ហើយ​ ដោយ​ទទួល​បាន​ការ​គាំទ្រ​ពី​អ្នក​ជំនាញ​ការបរទេស។

លោក​ថា​ ជំនាញ​ការ​ជប៉ុន​បាន​ជួយ​គាំទ្រ ​ក្រម​រដ្ឋប្បវេណី ​និង​ក្រម​នីតិវិធី​រដ្ឋប្បវេណី​ ដែល​ភាគី​ជប៉ុន​បាន​យក​បទពិសោធ​ទិដ្ឋភាព​នៃ​ការ​អនុវត្ដ​នៅ​ប្រទេស​ជប៉ុន​ ទាំង​ប៉ុន្មាន​មក​ដាក់​នៅ​កម្ពុជា​។​ ចំណែក​ ក្រម​ព្រហ្មទណ្ឌ ​និង​ក្រម​នីតិវិធី​ព្រហ្មទណ្ឌ ​គឺ​ភាគី​បារាំង​ជា​អ្នក​ជួយ​គាំទ្រ​។ ​បារាំង​បាន​យក​បទពិសោធ​ និង​ការ​អនុវត្ដ​នីតិវិធី​នេះ​ទាំង​ប៉ុន្មាន​នៅ​ប្រទេស​បារាំង​នោះ​ មក​ដាក់​នៅ​កម្ពុជា។

លោក​ថ្លែង​ថា​៖ «​​យើង​កំពុង​តែ​ត្រួត​ពិនិត្យ​មើល​ឡើង​វិញ​ ពី​ព្រោះ​ថា​​ បទប្បញ្ញត្តិ​មួយ​ចំនួន​ល្អ​ ក៏​ប៉ុន្ដែ​វា​ត្រូវ​បរិបទ​សង្គម​គេ ប្រទេស​គេ​ល្អ ​ប៉ុន្ដែ​ការ​យក​មក​អនុវត្ដ​នៅ​ប្រទេស​យើង​ សង្គម​យើង ​វា​អនុវត្ដ​អត់​ទាន់​កើត​ ដោយសារ​បរិបទ​សង្គម​យើង​វា​អត់​ទាន់​ទទួល​យក​ ហើយ​ការ​ប្រើប្រាស់​ភាសា​មួយ​ចំនួន​ក៏​អត់​ត្រូវ​ទៅ​នឹង​សង្គម​របស់​យើង​ដែរ​ ស្ដាប់​ទៅ​គឺ​អត់​យល់​។ សូម្បី​មន្ដ្រី​អនុវត្ត​ច្បាប់​នោះ​ក៏​យល់​ផ្សេង​គ្នា​ដែរ​ ពាក់ព័ន្ធ​ការ​ប្រើ​ពាក្យពេចន៍​ ឃ្លាឃ្លោង ​និង​ផ្នត់​គំនិត​នៃ​ច្បាប់​ទាំង​អស់​នេះ​»។

លោក​បាន​ឱ្យ​ដឹង​ថា​ ក្រុម​ការងារ​បច្ចេកទេស​កំពុង​តែ​ធ្វើ​ការ​ត្រួត​ពិនិត្យ​មើល​ ដោយ​បង្កើត​នូវ​គណៈកម្មការ​ចម្រុះ​ដើម្បី​ធ្វើ​ការ​សិក្សា​ស្រាវជ្រាវ​ វាយ​តម្លៃ​ទៅ​លើ​ក្រម​ទាំង​នេះ​។

លោក​ថ្លែង​ថា​៖​ «​នេះ​ជា​ការងារ​ពាក់ព័ន្ធ​នឹង​ការ​ពិនិត្យ​ឡើង​វិញ​នូវ​បញ្ញត្តិ​គោល​សំខាន់ៗ​ពាក់ព័ន្ធ​ប្រព័ន្ធ​យុត្តិធម៌​នេះ​ ដើម្បី​ឆ្លើយ​តប​ទៅ​នឹង​សេចក្ដី​ត្រូវ​ការ​របស់​ប្រជាពលរដ្ឋ»។

លោក​ ម៉ាលីន​ បាន​ឱ្យ​ដឹង​ថា ​ក្រុម​ការងារ​បាន​ពិនិត្យ​មើល​ឃើញ​នៅ​ខ្វះ​ច្បាប់ ​និង​គោលនយោបាយ​ច្រើន​ក្នុង​ការ​ទ្រទ្រង់​ប្រព័ន្ធ​យុត្តិធម៌​របស់​កម្ពុជា​។​ ជាពិសេស​ក្នុង​ឆ្នាំ​នេះ​ក្រុម​ការងារ​កំពុង​តែ​រៀបចំ​សម្រេច​ឱ្យ​បាន​ពាក់ព័ន្ធ​ទៅ​នឹង​ច្បាប់​ និង​លក្ខន្តិកៈ​ពាក់ព័ន្ធ​នឹង​វិជ្ជាជីវៈ​នៅ​ក្នុង​​ប្រព័ន្ធ​តុលាការ​ដែល​មិន​ទាន់​មាន​ ក្នុង​នោះ​មាន​ ក្រឡា​បញ្ជី​ អាជ្ញា​សាលា​ និង​សារការី​​​ គឺ​ជា​តួអង្គ​សំខាន់​ប៉ុន្ដែ​មិន​ទាន់​មាន​ច្បាប់​គ្រប់គ្រង​ ដោយ​ក្រុម​ការងារ​បច្ចេកទេស​របស់​ក្រសួង​កំពុង​តែ​ធ្វើ​ការ​រៀបចំ​នូវ​សេចក្ដី​ព្រាង​ច្បាប់​ស្ដីពី​​វិជ្ជា​ជីវៈ​ទាំង​នេះ។

លោក​បញ្ជាក់​ថា​​៖ «​​យើង​រំពឹង​ថា ​នឹង​បញ្ចប់​នៅ​ចុង​ឆ្នាំ​ ២០២២​ នេះ​។ ​ក្រៅ​ពី​នេះ​ក្រសួង​ក៏​កំពុង​រៀបចំ​សេចក្ដី​ព្រាង​ច្បាប់​ និង​គោល​នយោបាយ​ពាក់ព័ន្ធ​នឹង​គោល​នយោបាយ​ផ្សេង​ទៀត​ដែរ​ ដូច​ជា ​សន្ធានការី​ ដែល​ជា​អ្នក​សម្របសម្រួល​វិវាទ​ក្រៅ​ប្រព័ន្ធ​តុលាការ​ ពិសេស​សម្រុះសម្រួល​វិវាទ​នៅ​ថ្នាក់​មូលដ្ឋាន​»។

លោក​ អំ​ សំអាត​ នាយក​ទទួល​បន្ទុក​កិច្ចការ​ទូទៅ​នៃ​អង្គការ​សិទ្ធិ​មនុស្ស​លីកាដូ​​បាន​ថ្លែង​ក្នុង​សន្និសីទ​នេះ​ដែរ​​ថា​៖ «​យើង​ឃើញ​ថា ​វា​ជា​វប្បធម៌​ដែល​ជាប់​មក​ជា​ឫសគល់​មក​ហើយ​ ដែល​គេ​តែងតែ​រិះគន់​។ ​នេះ​ខ្ញុំ​សូម​និយាយ​ដោយ​ត្រង់​តែ​ម្ដង​ថា​ ប្រព័ន្ធ​យុត្តិធម៌​យើង​នេះ​មិន​ទាន់​ស្ដារ​នូវ​ជំនឿ​ទុក​ចិត្ដ​អំពី​ប្រជាពលរដ្ឋ​ឱ្យ​បាន​ពេញ​លេញ​ទៅ​លើ​​ការ​អនុវត្ដ​ ដោយ​មើល​ឃើញ​ថា​ ក្នុង​ប្រព័ន្ធ​យុត្តិធម៌​នេះ​រឿង​មួយ​ចំនួន​ គឺ​ធ្វើ​បាន​ល្អ​ ប៉ុន្ដែ​រឿង​មួយ​ចំនួន​អនុ​វត្ដ​ទៅ​មិន​ទាន់​មាន​ប្រសិទ្ធភាព ​ហើយ​ប៉ះពាល់​ទៅ​ដល់​សិទ្ធិ​របស់​ពលរដ្ឋ​ ដែល​នាំ​ឱ្យ​មាន​ការ​រិះគន់​»៕