ភ្នំពេញៈ ស្ថាន​បេសកកម្ម​អចិន្រៃ្តយ៍​កម្ពុជា​ប្រចាំ​ទីក្រុង​ហ្សឺណែវ ប្រទេស​ស្វ៊ីស ច្រាន​ចោល​ការ​លើកឡើង​របស់​អ្នក​រាយការណ៍​ពិសេស​អង្គការ​សហប្រជាជាតិ​ទទួលបន្ទុក​ផ្នែក​សិទ្ធិមនុស្ស​ចំនួន​ ៣ ​រូប​ដែលថា​ការជំនុំជម្រះ​ក្ដី​នៅ​កម្ពុជា​នៅពេល​ថ្មីៗ​នេះ ធ្វើឡើង​ដោយ​ហេតុផល​នយោបាយ​។

ការច្រាន​ចោល​នេះ​ធ្វើឡើង​ បន្ទាប់ពី​អ្នកជំនាញ​សិទ្ធិ​មនុស្ស​របស់​អង្គការ​សហប្រជាជាតិ​ទាំង​ ៣ ​រូបនេះ​បានចេញ​សេចក្តី​ថ្លែងការណ៍​រួម​កាលពី​ថ្ងៃទី​ ២៩ ​ខែមិថុនា ដោយ​អំពាវនាវ​ឱ្យ​មាន​ការពិនិត្យ​ឡើងវិញ​ជាបន្ទាន់​នូវ​ដំណើរការ​ផ្លូវច្បាប់​ដែល​បាន​ធ្វើឡើង​ប្រឆាំងនឹង​អ្នក​នយោបាយ​ប្រឆាំង​នៅ​កម្ពុជា បន្ទាប់ពី​ជនជាប់ចោទ​យ៉ាងតិច​ចំនួន​ ៤៣ ​នាក់​ត្រូវបាន​កាត់ទោស​ពី​បទ​ញុះញង់ និង​រួមគំនិត​ក្បត់​ហើយ​ត្រូវបាន​កាត់ទោស​ឱ្យ​ជាប់​ពន្ធនាគារ​រហូត​ ៨ ​ឆ្នាំ​។

ស្ថាន​បេសកកម្ម​អចិន្រៃ្តយ៍​កម្ពុជា​បញ្ជាក់​ក្នុង​សេចក្តី​ថ្លែងការណ៍​នា​ថ្ងៃទី​ ២៩ ខែមិថុនា​​ថា​៖ «​ការ​លើកឡើង​ថា សវនាការ​ធ្វើ​ឡើង​ដោយ​ហេតុផល​នយោបាយ គឺជា​ការ​ចោទប្រកាន់​បែប​បុរេនិច្ឆ័យ និង​មិន​ផ្អែកលើ​ការពិត​។ មាន​ឧទាហរណ៍​យ៉ាងច្រើន​បង្ហាញ​ថា បុគ្គល​ដែល​គាំទ្រ​គណបក្ស​កាន់​អំណាច​​ក៏​ត្រូវបាន​តុលាការ​តែមួយ​នេះ​​កាត់​សេចក្ដី​ឱ្យទទួល​ខុសត្រូវ​ចំពោះមុខ​ច្បាប់​ដែរ​»​។

សេចក្តី​ថ្លែងការណ៍​បញ្ជាក់​​ថា ប្រការ​នេះ​បញ្ជាក់ «​យ៉ាងច្បាស់​» ពី​ការពិត​ដែលថា ការចូលរួម​ជាមួយ​គណបក្ស​នយោបាយ​មួយ ពុំមែន​ជា​ការ​ផ្តល់​សិទ្ធិ​ឱ្យ​បុគ្គល​ណា​ម្នាក់ បំពាន​ច្បាប់​ដោយ​និទណ្ឌភាព​ឡើយ​។ ការចាត់ទុក​ការអនុវត្ត​ច្បាប់​ថា ជាការ​គាបសង្កត់​នយោបាយ គឺជា​ការប្រមាថ​ចំពោះ​នីតិរដ្ឋ និង​​ការអនុវត្ត​ស្មើភាព​គ្នា​ចំពោះ​ពលរដ្ឋ​ទាំងអស់​ដែល​ត្រូវបាន​ធានា​ដោយ​រដ្ឋធម្មនុញ្ញ​។

សេចក្តី​ថ្លែងការណ៍​បន្ត​ថា​ «​ជា​ការ​គួរឱ្យ​សោកស្ដាយ​យ៉ាងខ្លាំង​​ដែល​អ្នកជំនាញ​សិទ្ធិមនុស្ស​ខាង​​លើ ពុំបាន​វាយតម្លៃ​ព័ត៌មាន​ដែល​បាន​ទទួល​ឱ្យបាន​ហ្មត់ចត់ និង​មិន​ធ្វើ​នយោបាយូបនីយកម្ម​។ ​ការពិត​នោះ​គឺថា​ការ​កាត់ក្ដី​នៅពេល​ថ្មីៗ​នេះ​មាន​ជាប់​ពាក់ព័ន្ធ​នឹង​ផែនការ​វិលត្រឡប់​ចូល​កម្ពុជា​វិញ​នៅ​ឆ្នាំ​ ២០១៩ ឬ​ព្រឹត្តិការណ៍​ ៩/១១ ​របស់​ទណ្ឌិត​ សម រង្ស៊ី និង​បក្ខពួក ដែល​បាន​ញុះញង់​ឱ្យមាន​ការបះបោរ និង រៃអង្គាស​ប្រមូល​ថវិកា​ ដើម្បី​ចិញ្ចឹម​​កម្លាំង​ខុសច្បាប់​ក្នុង​គោលដៅ​ផ្ដួលរំលំ​រាជរដ្ឋាភិបាល​ស្រប​ច្បាប់ និង​ចាប់ខ្លួន​នាយករដ្ឋមន្ត្រី​​ដែល​កំពុង​កាន់​តំណែង​»​។

ស្ថាន​បេសកកម្ម​អចិន្រៃ្តយ៍​កម្ពុជា​បាន​ចាត់ទុក​សកម្មភាព​ទាំងនេះ​គឺជា​ការខុស​ច្បាប់ ដែល​ធ្វើឡើង​ក្រោមលេស​នៃ​ផែនការ​​វិលត្រឡប់​ចូល​ប្រទេស ប៉ុន្តែ​តាម​ការពិត​វា​គឺជា​ការប៉ុនប៉ង​ធ្វើ​​រដ្ឋប្រហារ​ដែល​ត្រូវ​ផ្តន្ទាទោស​តាម​បញ្ញត្តិ​មាត្រា​ ៤៥៣ មាត្រា​ ៤៩៤ និង​មាត្រា​ ៤៩៥​នៃ​ក្រម​ព្រហ្មទណ្ឌ​របស់​កម្ពុជា​ដែល​ត្រូវ​​បាន​ជួយ​រៀបចំ​តាក់តែង​ឡើង​​ដោយ​អ្នកជំនាញ​បច្ចេកទេស​ពី​ប្រទេស​លោក​ខាងលិច​។

ស្ថាន​បេសកកម្ម​អចិន្រៃ្តយ៍​កម្ពុជា​បញ្ជាក់ថា ការ​អត្ថាធិប្បាយ​របស់​អ្នករាយការណ៍​ពិសេស​ទាំង​ ៣ ​រូប គឺធ្វើឡើង​ដោយ​ជ្រើសរើស​តែ​ ១ ​ជ្រុង លម្អៀង និង​ហាក់​ភ្លេច​ថា អតីត​សហការី​របស់​អ្នករាយការណ៍​ពិសេស​ទាំង​ ៣​ រូប គឺ​លោកស្រី រ៉ូណា ស្ម៊ីត​ (Rhona Smith) ​បាន​ថ្កោលទោស​លោក សម រង្ស៊ី អតីត​អនុប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ​ក្នុង​វេទិកា​ក្រុម​ប្រឹក្សា​សិទ្ធិមនុស្ស​កាលពី​ឆ្នាំ​ ២០១៩ ចំពោះ​ការប្រើ​ភាសា «​បំពាន​យ៉ាង​គឃ្លើន និង​ការញុះញង់​ផ្ដួលរំលំ​រដ្ឋាភិបាល ដែល​​ជ្រើសតាំង​ដោយ​ប្រជាជន តាមរយៈ​ការបោះឆ្នោត​»​។

ស្ថាន​បេសកកម្ម​អចិន្រៃ្តយ៍-​កម្ពុជា​បន្តថា​៖ «​បទល្មើស​ដូច​​គ្នា​នេះហើយ ដែល​ទណ្ឌិត សម រង្ស៊ី និង​បក្ខពួក​ត្រូវ​បាន​តុលាការ​រកឃើញ​ថា មាន​ពិរុទ្ធ​។ ប្រការនេះ​សបញ្ជាក់​ថា តុលាការ​កម្ពុជា​ធ្វើការ​ជំនុំ​ជម្រះក្ដី មិន​ផ្អែកលើ​ពាក្យ​ចចាមអារ៉ាម​ទេ ប៉ុន្តែ​សំអាង​លើ​ភ័ស្តុតាង​រឹងមាំ​ជាក់ស្ដែង និង​ស្របតាម​នីតិវិធី​ត្រឹមត្រូវ​»​។

ប្រភព​ដដែល​បន្ថែមថា ការលើក​ឡើង​ថា ជនជាប់ចោទ​មិន​​ត្រូវបាន​អនុញ្ញាត​ឱ្យ​ចូលរួម​ក្នុង​សវនាការ​ដោយផ្ទាល់ និង​ពុំ​ទទួលបាន​ឯកសារ​សំណុំរឿង​ទាំងស្រុង គឺជា​ការចោទប្រកាន់​ដែល​គ្មាន​ការពិត​។ ​អ្វីដែល​ប្រាកដ​គឺ​ជនជាប់ចោទ​ខ្លះ​បានគេច​ខ្លួន​មិន​ចូលរួម​នីតិវិធី​តុលាការ​។ ​ចុងចោទ​មាន​ឱកាស​ពេញលេញ ទទួលបាន​នូវ​ការ​ជំនុំជម្រះ រួមទាំង​សិទ្ធិ​មាន​មេធាវី ដើម្បី​បង្ហាញ​ទឡ្ហីករណ៍ និង​ដាក់​​ភ័ស្តុតាង​ដោះ​បន្ទុក ដែលជា​ផ្នែក​មួយ​នៃ​សិទ្ធិ​ទទួល​បាន​ការជំនុំជម្រះ​ត្រឹមត្រូវ ស្របតាម​រដ្ឋធម្មនុញ្ញ​របស់​កម្ពុជា​។

សេចក្តី​ថ្លែងការណ៍​ដដែល​លើក​​ឡើង​ថា​៖ «​ការ​ថ្លែង​អះអាង​ថា ការឃុំខ្លួន​បណ្តោះអាសន្ន​មាន​ការ​អូសបន្លាយ​រយៈពេល​វែង បង្ហាញ​ឱ្យ​ឃើញ​កាន់តែ​ច្បាស់​ថា អ្នកជំនាញ​ទាំងនោះ​ហាក់​មានការ​យល់ដឹង​តិចតួច​ ឬ​ពុំមាន​ឆន្ទៈ​ចង់​យល់​អំពី​នីតិវិធី​តុលាការ​របស់​កម្ពុជា​តែម្តង​»៕