ភ្នំពេញៈ ​លោក​ឧបនាយករដ្ឋមន្ត្រី ស ខេង រដ្ឋមន្ត្រី​ក្រសួង​មហាផ្ទៃ​ជំរុញ​ឱ្យ​ប្រធាន​ស្ថាប័ន​ទាំង​ថ្នាក់ជាតិ និង​ក្រោម​ជាតិ​យកចិត្ត​ទុកដាក់​ចាត់​វិធានការ​ប្រឆាំង​បទល្មើស​សម្អាត​ប្រាក់ ហិរញ្ញប្បទាន​ភេរវកម្ម និង​ហិរញ្ញប្បទាន​ដល់​ការរីក​សាយភាយ​អាវុធ​មហាប្រល័យ ដើម្បី​រួមចំណែក​ដល់​ការលើកស្ទួយ​មុខមាត់​របស់​កម្ពុជា និង​ដើម្បី​ដក​កម្ពុជា​ចេញពី​បញ្ជី​ប្រផេះ​ឱ្យបាន​។

ជាមួយ​គ្នានេះ លោក កើត រិទ្ធ រដ្ឋមន្ត្រី​ក្រសួង​យុត្តិធម៌​បាន​ថ្លែង​រាយការណ៍​ពី​លទ្ធផល​ការងារ​កន្លងមក​ទាក់ទង​នឹង​ការស៊ើបអង្កេត​បទល្មើស​សម្អាត​ប្រាក់​ដែល​លោក​ថា បាន​កើន​ប្រមាណ​ ១ ៩០០ ភាគរយ ពី​ចំនួន ២២ ​ករណី ក្នុង​របាយការណ៍​ជុំ​ទី ៨ ដល់​ចំនួន ​៤៤២ ករណី​ក្នុង​របាយការណ៍​ជុំ​ទី ៩​។

ការជំរុញ​របស់​លោក ស ខេង និង​ការ​ថ្លែង​របស់​លោក​ កើត រិទ្ធ នេះ​បាន​ធ្វើឡើង​នៅក្នុង​កិច្ចប្រជុំ​ផ្សព្វផ្សាយ​អំពី​លទ្ធផល​ការងារ​ និង​ទិសដៅ​ការងារ​ពាក់ព័ន្ធ​ការប្រឆាំង​ការសម្អាត​ប្រាក់ ហិរញ្ញប្បទាន​ភេរវកម្ម និង​ហិរញ្ញប្បទាន​ដល់​ការរីក​សាយភាយ​អាវុធ​មហាប្រល័យ​ធ្វើឡើង​នៅ​សណ្ឋាគារ​សុខា​ភ្នំពេញ​នៅ​ថ្ងៃទី​ ២៩ ខែមិថុនា​។

លោក ស ខេង បាន​លើកឡើង​ថា កន្លងមក​កម្ពុជា​សម្រេច​បាន​លទ្ធផល​ធំៗ​ចំនួន​ ២ គឺ ទី​ ១ ការបង្កើត​បាន​នូវ​យន្តការ​ការងារ​ប្រឆាំង​ការសម្អាត​ប្រាក់ នៅតាម​ក្រសួង​ស្ថាប័ន​អនុវត្ត​ច្បាប់ ពិសេស​ក្រសួង​ស្ថាប័ន​ដែល​ធ្វើ​ការងារ​ពាក់ព័ន្ធ​នឹង​បទល្មើស ដែល​មាន​ហានិភ័យ​ខ្ពស់​លើ​ការសម្អាត​ប្រាក់ និង​ទី​ ២ ​ការបង្កើត​បាន​នូវ​ប្រព័ន្ធ​ការងារ និង​របៀប​ការងារ​មួយ​ច្បាស់លាស់ សម្រាប់​ការប្រឆាំង​ការសម្អាត​ប្រាក់​នៅតាម​ក្រសួង​ស្ថាប័ន​នានា​ ដើម្បី​ធានា​បាន​​នូវ​ប្រសិទ្ធភាព និង​និរន្តរភាព​ការងារ​ក្នុង​ការ​ប្រឆាំង​ការសម្អាត​ប្រាក់​នៅ​កម្ពុជា​។

លោក​បន្តថា ផ្អែកលើ​លទ្ធផល​នេះ ការអនុវត្ត​យន្តការ​នៅ​តាម​បណ្តា​ក្រសួង​ស្ថាប័ន​នីមួយៗ ចាំបាច់​ត្រូវការ​ការចូលរួម​យ៉ាង​សកម្ម ជាពិសេស​ពី​ប្រធាន​ស្ថាប័ន​ទាំង​ថ្នាក់ជាតិ និង​ថ្នាក់ក្រោម​ជាតិ ព្រោះ​ជា​បទពិសោធ​កន្លងមក​គ្រប់​ការងារ​ទាំងអស់​កាល​ណា​ប្រធាន​ស្ថាប័ន​មិន​ផ្តល់​អាទិភាព ការងារ​ទាំងនោះ​មិនសូវ​មាន​ផល​នោះទេ​។ លោក​បញ្ជាក់​ថា​៖ «​កាលណា​ប្រធាន​ស្ថាប័ន​ព្រងើយ​កន្តើយ មើលស្រាល មិន​យកចិត្ត​ទុកដាក់ ចាត់ទុក​ថា អានេះ​ជា​ការងារ​របស់​គណៈកម្មការ​នេះ គណៈកម្មការ​នោះ យើង​មិន​ចាំបាច់ អាហ្នឹង​គឺ​មិន​បាន​ទេ ព្រោះ​យើង​ធ្វើការ​ជា​ក្រុម ជា​សមូហភាព​ក្នុង​រដ្ឋាភិបាល​មាន​ការពាក់ព័ន្ធ​គ្នា​»​។

លោក ស ខេង បាន​លើកឡើង​ថា ក្នុង​របាយការណ៍​ជុំ​ទី​ ៩ ដែល​កម្ពុជា​ដាក់​ទៅ​ក្រុម​ការងារ​ហិរញ្ញវត្ថុ FATF បាន​លទ្ធផល​ល្អប្រសើរ​ហើយ នៅ​សេសសល់​ចំនួន​គឺ IO8 និង IO7 មិនទាន់​ល្អ​ពេញលេញ​នៅឡើយ​។ ក្នុងនោះ IO7 គឺ​ទាក់ទង​នឹង​ការបង្ក្រាប​បទល្មើស ចំណែក IO8 ទាក់ទង​នឹង​ការ​បង្កក​ទ្រព្យសម្បត្តិ ដែល​ធ្វើឱ្យ​មហាសន្និបាត​របស់ FATF បានសម្រេច​ឱ្យ​កម្ពុជា​បន្ត​ស្ថិត​ក្នុង​បញ្ជី​ប្រផេះ​ដោយ តម្រូវឱ្យ​កម្ពុជា បន្ត​របាយការណ៍ និង​សម្រេច​ឱ្យបាន​នូវ​លទ្ធផល​ជាក់ស្តែង​នៅក្នុង​របាយការណ៍​ជុំ​ទី​ ១០ នៅ​ដំណាច់​ខែ​កក្កដា​ខាងមុខ​។

លោក​បញ្ជាក់ទៀត​ថា បើសិនជា​បញ្ជី​ប្រផេះ​មិនត្រូវ​បាន​ដក​ចេញពី​ប្រទេស​កម្ពុជា​ទេ ប្រតិបត្តិការ​ធនាគារ​ជាតិ​នៅ​កម្ពុជា​នឹង​មាន​បញ្ហា​។ ហេតុនេះ​ទាមទារ​ត្រូវ​រួមគ្នា​ប្តេជ្ញា​ដក​កម្ពុជា​ចេញពី​បញ្ជី​ប្រផេះ ដែល​គ្រប់គ្នា​មាន​ភារកិច្ច​ក្នុង​ការ​ចូលរួម និង​មិនត្រូវ​ពឹង​តែ​លើ​គណៈកម្មការ ឬ​សមត្ថកិច្ច​ដែល​មាន​ការពាក់ព័ន្ធ​ផ្ទាល់​នោះទេ ពោលគឺ​គ្រប់​ក្រសួង​ស្ថាប័ន​ទាំងអស់​សុទ្ធតែ​មាន​ការពាក់ព័ន្ធ​។

លោក​បាន​លើកឡើង​ថា ដើម្បីឱ្យ​ចំណុច​សេសសល់​ដូចជា IO8 និង IO7 បាន​ល្អ​ប្រសើរ​ត្រូវធ្វើ​ការបង្ក្រាប​បទល្មើស​ឱ្យដល់​ឫសគល់ ដោយ​លោក​បាន​លើក​ជា​ឧទាហរណ៍ ការបង្ក្រាប​ករណី​គ្រឿងញៀន​ធំ​មួយ​គឺ​ត្រូវតែ​ស្រាវជ្រាវ​ឱ្យដល់​ឫសគល់ មិនមែន​បញ្ចប់​ត្រឹមតែ​ការចាប់​ជនសង្ស័យ​យកមក​ផ្តន្ទាទោស ដូច​ករណី​មួយ​ចំនួន​ដែល​ធ្លាប់​បានធ្វើ​នោះទេ​។

លោក ស ខេង ​បញ្ជាក់ថា​៖ «​ត្រូវធ្វើ​ការស្រាវជ្រាវ​ឱ្យដល់​ឫសគល់​ថា​តើ​ប្រភព​ធនធាន​ឯណា​យក​មក​ជួញដូរ​គ្រឿងញៀន​? តើ​មាន​ធនធាន​ទ្រព្យសម្បត្តិ​រាប់ទាំង​ថវិកា ដីធ្លី ផ្ទះសំបែង​មធ្យោបាយ​ផ្សេងៗ​ទៀត តើ​ជន​ប្រព្រឹត្ត​បទល្មើស​នោះ​យក​មកពីណា​? ហើយ​មាន​ប៉ុន្មាន​រួចហើយ​តុលាការ​នឹង​ធ្វើការ​វិនិច្ឆ័យ ​ដើម្បី​បង្កក រឹបអូស នោះ​ហើយ​ជា​ការងារ​ដែល​យើង​ត្រូវធ្វើ​បន្ត​» ។

លោក​បន្ថែមថា មិនមែន​មាន​តែ​ករណី​គ្រឿងញៀន​នោះទេ​ ប៉ុន្តែ​នៅមាន​បទល្មើស​ព្រៃឈើ បទល្មើស​នេសាទ បទល្មើស​ប្រឆាំង​អំពើ​ពុករលួយ និង​បទល្មើស​ផ្សេងៗ​ទៀត ជារួម​គឺ​បទល្មើស​ទាំងឡាយ​ណា ដែល​គេ​អាច​ប្រមូល​លុយ​យកទៅ​ធ្វើអំពើ​ភេរវកម្ម ធ្វើ​អាវុធ​មហាប្រល័យ គឺ​ទាមទារ​ឱ្យ​គ្រប់​ស្ថាប័ន​ត្រូវខិតខំ​ ដើម្បី​ប្រឆាំង​ទប់ស្កាត់​ឱ្យបាន​។

លោក ជា ចាន់តូ ទេសាភិបាល​ធនាគារជាតិ​នៃ​កម្ពុជា​បាន​ថ្លែងថា បន្ទាប់ពី​កម្ពុជា​ត្រូវបាន​ដាក់បញ្ចូល​ក្នុង​បញ្ជី​ប្រផេះ លើក​ទី​ ២ នៅ​ថ្ងៃទី​ ២១ ខែកុម្ភៈ ឆ្នាំ​ ២០០៩ កម្ពុជា​ត្រូវបាន​ក្រុមការងារ​ហិរញ្ញវត្ថុ FATF ដាក់ចេញ​ផែនការ​សកម្មភាព​ចំនួន​ ១៤ ក្នុង​លទ្ធផល​ជាក់ស្តែង​ដែល​ពាក្យ​បច្ចេកទេស​ពោលថា IO ឱ្យបាន​ពេញលេញ​ត្រឹម​ខែមករា ឆ្នាំ​ ២០២១​។ ចាប់ពី​ពេល​នោះ​មក កម្ពុជា​បាន​ខិតខំ​អនុវត្ត​តាម​ផែនការ​សកម្មភាព​ទាំង​ ១៤ ​នោះ និង​រាយការណ៍​ពី​វឌ្ឍនភាព​នៅ​រៀងរាល់ ​៤ ​ខែម្តង ជា​បន្តបន្ទាប់​។ ដល់​ជុំ​ទី ​៩ កម្ពុជា​សម្រេចបាន​លទ្ធផល​ជាទី​មោទនៈ​លើសពី​ការរំពឹង​ទុក ពោល​គឺ​កម្ពុជា​សម្រេច​បាន​ផែនការ​សកម្មភាព​ចំនួន ១៣ គិត​ត្រឹម​ជុំ​ទី​ ៩​។

លោក​បន្តថា ចំពោះ​ទិសដៅ​ការងារ​ជុំ​ទី​ ១០ និង​ដើម្បី​ចេញពី​បញ្ជី​ប្រផេះ​បាន ប្រទេស​កម្ពុជា​ត្រូវ​អនុវត្ត​ឱ្យបាន​ពេញលេញ​នូវ​ផែនការ​សកម្មភាព​ទាំង​ ១៤​។ សកម្មភាព​មួយ​ដែល​សល់​ចុងក្រោយ​គឺពាក់ព័ន្ធ IO8 ស្តីពី​ការបង្កក និង​ការ​រឹបអូស​ផល​នៃ​បទល្មើស ឧបករណ៍​មធ្យោបាយ​ប្រព្រឹត្ត​បទល្មើស និង​ទ្រព្យសម្បត្តិ​មានតម្លៃ​ស្មើ​។

លោក​បញ្ជាក់ថា​៖ «​ដូច្នេះ​ការចូលរួម​ពី​អាជ្ញាធរ​ពាក់ព័ន្ធ​ទាំងអស់​មាន​សារៈសំខាន់​ណាស់ ដើម្បី​អនុវត្ត​ផែនការ​សកម្មភាព​ឱ្យបាន​ពេញលេញ​ក្នុង​ជុំ​ទី​ ១០​ នេះ សំដៅ​ឈាន​ទៅ​ដក​កម្ពុជា​ចេញពី​បញ្ជី​ប្រផេះ និង​ធានា​ស្ថិរភាព​នៃ​ប្រព័ន្ធ​ធនាគារ និង​ហិរញ្ញវត្ថុ​កម្ពុជា​ឱ្យមាន​ប្រសិទ្ធភាព​ខ្ពស់​ក្នុង​ការទ្រទ្រង់​កំណើន​សេដ្ឋកិច្ច​ជាតិ​»​។

បន្ថែម​ពីនេះ លោក កើត រិទ្ធ រដ្ឋមន្ត្រី​ក្រសួង​យុត្តិធម៌ ថ្លែង​ថា ការចោទប្រកាន់​ពីបទ​ល្មើស​សម្អាត​ប្រាក់​បាន​កើនឡើង​ប្រមាណ​ ១ ៨០០ ភាគរយ ពី​ចំនួន ២ ​ករណី​ក្នុង​របាយការណ៍​ជុំ​ទី​ ៨ ដល់​ចំនួន ៣៩ ករណី​ក្នុង​របាយការណ៍​ជុំ​ទី​ ៩​។ ការ​ផ្តន្ទាទោស​ចំពោះ​បទល្មើស​សម្អាត​ប្រាក់​បាន​កើនឡើង​ប្រមាណ ២០០ ភាគរយ ពី​ចំនួន ៦ ​ករណី​ក្នុង​របាយការណ៍​ជុំ​ទី ៨ ដល់​ចំនួន ១៨ ករណី​ក្នុង​របាយការណ៍​ជុំ​ទី​ ៩ ដោយ​ការសម្រេច​ផ្តន្ទាទោស​នេះ​មាន​សម្រាប់​គ្រប់​ប្រភេទ​បទល្មើស​ហានិភ័យ​ទាំង​ ៦ [ បទល្មើស​គ្រឿងញៀន បទល្មើស​ជួញដូរ​មនុស្ស​បទល្មើស​ឆបោក​ និង​រំលោភ​លើ​សេចក្តី​ទុកចិត្ត បទល្មើស​ព្រៃឈើ និង​សត្វព្រៃ បទល្មើស​ពុករលួយ និង​បទល្មើស​គយ ពន្ធដារ​]​។

ចំណែក ការបង្កក​ទ្រព្យ​ពាក់ព័ន្ធ​ការសម្អាត​ប្រាក់​បាន​កើនឡើង​ដល់ ៣៧ ករណី ស្មើនឹង​ទឹកប្រាក់​សរុប ២៤ ​លាន​ដុល្លារ​អាមេរិក​ធៀប​នឹង​របាយការណ៍​ជុំ​ទី ​៨ ដែល​មានតែ​ ៤​ ករណី ស្មើនឹង​ទឹកប្រាក់​សរុប ១៣​ ម៉ឺន​ដុល្លារ​អាមេរិក​តែប៉ុណ្ណោះ​។

លោក​ កើត រិទ្ធ បញ្ជាក់ថា ការរឹបអូស​ទ្រព្យ​បាន​កើនឡើង​ដល់ ​១១​ លាន​ដុល្លារ អាមេរិក ធៀប​នឹង​របាយការណ៍​ជុំ​ទី​ ៨ ដែល​មានតែ​ប្រមាណ ​២,៥ លាន ដុល្លារ​អាមេរិក​។ ទន្ទឹមនេះ​ការបង្កក​ និង​រឹបអូស​ទ្រព្យ​ទាំងនេះ​បាន​ធ្វើ​ឡើង​ដោយ​សាលាដំបូង​រាជធានី ខេត្ត​ចំនួន​ ៧​។

សេចក្តី​ប្រកាស​ព័ត៌មាន​របស់​ក្រសួង​យុត្តិធម៌​ចេញ​ថ្ងៃទី​ ២៩ ខែមិថុនា​បានឱ្យ​ដឹងថា នៅ​ថ្ងៃទី​ ២៨ ខែមិថុនា ក្រុមការងារ​ប្រឆាំង​ការសម្អាត​ប្រាក់ និង​ហិរញ្ញប្បទាន​ភេរវកម្ម និង​ហិរញ្ញប្បទាន​ដល់​ការរីក​សាយភាយ​អាវុធ មហាប្រល័យ​នៃ​ក្រសួង​យុត្តិធម៌​បាន​រៀបចំ​នូវ​កិច្ចប្រជុំ​ណែនាំ ស្តីអំពី "​ការជំរុញ​នីតិវិធី​នៃ​សំណុំ​រឿង​ពាក់ព័ន្ធ​នឹង​បទល្មើស​សម្អាត​ប្រាក់​”​ ក្រោម​វត្តមាន​លោក កើត រិទ្ធ រដ្ឋមន្ត្រី​ក្រសួង​យុត្តិធម៌​។

កិច្ចប្រជុំ​ណែនាំ​នេះ​ត្រូវ​បាន​រៀបចំ​ឡើង​ក្នុង​គោលបំណង​ផ្សព្វផ្សាយ​នូវ​លិខិត​លេខ ០៧-៦៨ កយ.ប/២២ ចុះ​ថ្ងៃទី ​២៧ ខែមិថុនា ឆ្នាំ​ ២០២២ របស់​ក្រសួង​យុត្តិធម៌ ដើម្បី​ណែនាំ​ដល់​សាលាជម្រះក្តី និង​អយ្យការ​អម​សាលាជម្រះក្តី​គ្រប់​ជាន់ថ្នាក់​ឱ្យ​យកចិត្ត​ទុកដាក់​ក្នុង​ការបង្កើន​ប្រសិទ្ធភាព និង​ពន្លឿន​ចំណាត់ការ​នីតិវិធី​ចំពោះ​សំណុំរឿង​ពាក់ព័ន្ធ​នឹង​ការប្រឆាំង​ការសម្អាត​ប្រាក់​ដែល​កំពុង​ស្ថិតក្រោម​សមត្ថកិច្ច​របស់ខ្លួន​ឱ្យ​បាន​ឆាប់រហ័ស ដោយ​អនុវត្ត​ឱ្យ​បាន​ត្រឹមត្រូវ​ស្រប​តាម​ច្បាប់ និង​នីតិវិធី​ជា​ធរមាន សំដៅ​ចូលរួម​ជួយ​ឱ្យ​កម្ពុជា​អាច​ត្រូវបាន​ដកចេញ​ពី​បញ្ជី​ប្រផេះ​របស់​ក្រុម​ការងារ​ហិរញ្ញវត្ថុ (FATF)៕