ភ្នំពេញៈ ក្រុមប្រឹក្សា​ជំនុំជម្រះ​នៃ​សាលាដំបូង​រាជធានី​ភ្នំពេញ​បាន​សម្រេច​មិន​ធ្វើការ​ចាប់​ឃុំ​លោក​ កឹម សុខា នៅ​ពន្ធនាគារ​ទៅតាម​ការស្នើសុំ​របស់​តំណាង​អយ្យការ​នោះ​ឡើយ ប៉ុន្តែ​ក្រុមប្រឹក្សា​ជំនុំជម្រះ​បាន​ធ្វើការ​ព្រមាន​ប្រធាន​អតីត​គណបក្ស​សង្គ្រោះ​ជាតិ​រូបនេះ កុំឱ្យ​ធ្វើការ​ជួបជុំ​ជាមួយ​ប្រជាពលរដ្ឋ ឬ​អ្នកគាំទ្រ​ជា​បន្តទៀត​ ពីព្រោះ​តុលាការ​ចាត់ទុក​ការជួប​ជាមួយ​ប្រជាពលរដ្ឋ និង​អ្នកគាំទ្រ​របស់​លោក កឹម សុខា ថា ជា​សកម្មភាព​នយោបាយ​។

ការសម្រេច​នេះ​បាន​ធ្វើឡើង​នៅក្នុង​សវនាការ​លើក​ទី​ ៤៦ នៅ​ព្រឹក​ថ្ងៃទី ​២៩ ខែមិថុនា​។

លោក ផែង ហេង សហមេធាវី លោក កឹម សុខា ប្រាប់​ក្រុម​អ្នក​សារព័ត៌មាន​នៅ​ខាងមុខ​សាលាដំបូង​រាជធានី​ភ្នំពេញ ក្រោយ​បញ្ចប់​សវនាការ​នៅ​ថ្ងៃទី​ ២៩​ មិថុនា ថា ក្រុមប្រឹក្សា​ជំនុំជម្រះ ក្រោយពី​ជំនុំ​គ្នា​អស់​រយៈពេល​ប្រមាណ​ ២០​ នាទី​បាន​សម្រេច បដិសេធ​សំណើ​របស់​តំណាង​អយ្យការ ដែល​បាន​ស្នើសុំ​ឱ្យ​ក្រុមប្រឹក្សា​សម្រេច​ចាប់ខ្លួន​លោក កឹម សុខា បញ្ជូន​ទៅ​ឃុំខ្លួន​នៅ​ពន្ធនាគារ​វិញ ដោយ​យល់​ថា សកម្មភាព រូបថត និង​ខ្សែអាត់​សំឡេង​របស់​លោក កឹម សុខា ដែល​បាន​ជួប​ជាមួយ​ប្រជាពលរដ្ឋ​ និង​អ្នកគាំទ្រ​អតីត​គណបក្ស​សង្គ្រោះ​ជាតិ​ជា​បន្តបន្ទាប់​នាពេល​កន្លងមក ជា​សកម្មភាព​នយោបាយ ដែល​បំពាន​ដីកា​សម្រេច​របស់​តុលាការ​។

លោក ផែង ហេង បញ្ជាក់​ថា សហមេធាវី​របស់​លោក​ កឹម សុខា បាន​ធ្វើ​សេចក្តី​សន្និដ្ឋានថា ទាំងនោះ​មិនមែន​ជា​រឿង​បំពាន​ដីកា​សម្រេច​របស់​តុលាការ​ ឬក៏​សាលដីកា​របស់​តុលាការ​កំពូល​នោះទេ​។ សកម្មភាព​លោក​ កឹម សុខា គ្រាន់តែ​ទៅធ្វើ​បុណ្យទាន ថ្វាយ​បង្គំ​ព្រះសង្ឃ ជួប​ប្រជាពលរដ្ឋ ឬក៏​ជួប​អតីត​សកម្មជន​គណបក្ស​ពី​ ៤ ទៅ​ ១០ ឬ​ ២០ នាក់ ជា​ការនឹករឭក និង​ពេលខ្លះ​ទៅ​ហូបបាយ​នៅផ្ទះ​របស់​ប្រជាពលរដ្ឋ​ជា​រឿង​ធម្មតា​ប៉ុណ្ណោះ​។

លោក​បន្តថា ជាមួយ​គ្នា​នេះ លោក កឹម សុខា ប្រាប់ថា លោក​ក៏​គ្មាន​សិទ្ធិ​ធ្វើ​នយោបាយ​ទេ​ និង​ប្រាប់​ទៅ​ប្រជាពលរដ្ឋ និង​អ្នកគាំទ្រ​របស់​លោក​ថា អ្វីដែល​លោក​ចុះ​មកនេះ​គ្រាន់តែ​ធ្វើ​សកម្មភាព​បុណ្យទាន និង​សង្គមកិច្ច​ប៉ុណ្ណោះ​។ ដូច្នេះ​បាន​ចុងក្រោយ តុលាការ​មិន​សម្រេច​តាម​ការស្នើសុំ​ឃុំខ្លួន​របស់​តំណាង​អយ្យការ​នោះទេ ហើយ​ទទួល​យក​សំណើ​របស់​សហមេធាវី​របស់​លោក​ កឹម សុខា​។ លោក​បញ្ជាក់​ថា​៖ «​ជាមួយ​គ្នានេះ តុលាការ​បាន​ចេញ​សេចក្តី​សម្រេច​ក្នុង​នេះដែរ ត្រឹម​កម្រិត​ព្រមាន​ដោយ​ឱ្យ​ក្រឡា​បញ្ជី​ចុះ​ក្នុង​សៀវភៅ​កំណត់ហេតុ​នៃ​សវនាការ​មិន​ឱ្យ​ឯកឧត្តម កឹម សុខា ​ធ្វើ​សកម្មភាព​ដទៃទៀត​ដែល​នាំឱ្យ​បំពាន​ទៅលើ​ដីកា​សម្រេច​របស់​តុលាការ​។ តុលាការ​យល់ថា សកម្មភាព​មួយ​ចំនួន​របស់​ឯកឧត្តម កឹម សុខា អាច​ជា​រូបភាព​សកម្មភាព​នយោបាយ​»​។

បើតាម​លោក​ ផែង ហេង ទោះជា​សេចក្តី​សម្រេច​របស់​តុលាការ​នេះ​ក្រុម​សហមេធាវី​របស់​លោក មិន​ពេញចិត្ត​ក្តី ប៉ុន្តែ​ត្រូវតែ​គោរព​ហើយ​ការដាក់​កម្រិត​ត្រឹម​ព្រមាន​នេះ​ក៏​ជា​ការ​សាកល្បង​មួយ​ដែរ​។

លោក​ យី សុខសាន្ត ​មន្ត្រី​សមាគម​ការពារ​សិទ្ធិមនុស្ស​អាដហុក​ប្រាប់​ក្រុម​អ្នកសារព័ត៌មាន​នៅ​ថ្ងៃទី​ ២៩ ខែមិថុនា ថា តាម​ការកត់សម្គាល់​របស់​លោក​ក្នុង​នាម​អង្គការ​សង្គម​ស៊ីវិល ដែល​បាន​ចូលរួម​ឃ្លាំមើល​សវនាការ​លោក កឹម សុខា នេះ​បាន​ចាត់ទុក​ថា នេះ​គឺជា​លើក​ទី ​១ ដែល​តុលាការ​បាន​សម្រេច​ព្រមាន​លោក កឹម សុខា ពាក់ព័ន្ធ​ទៅនឹង​ការមិន​អនុវត្ត​តាម​បម្រាម​របស់​តុលាការ​។

លោក​ថ្លែងថា​៖ «​ចៅក្រម​ជំនុំជម្រះ​សម្រេច​ថា សកម្មភាព​លោក កឹម សុខា ទាំងអស់​គឺជា​សកម្មភាព​នយោបាយ​ ក៏ប៉ុន្តែ​ការសម្រេច​នេះ​ហាក់​ប្រថុចញ៉ុច​ពេក គ្មាន​ទុកពេល​ឱ្យ​សហមេធាវី​សិក្សា​ទៅលើ​សំណុំរឿង​បម្រាម​នេះ​ទេ​»​។

លោក​ ប្លង់ សុផល ​អ្នកនាំពាក្យ​អយ្យការ​អម​សាលាដំបូង​រាជធានី​ភ្នំពេញ​ប្រាប់​ភ្នំពេញ​ប៉ុស្តិ៍​នៅ​ថ្ងៃទី​ ២៩ ខែមិថុនា ក្រោយ​បញ្ចប់​សវនាការ​ថា តុលាការ​បាន​សម្រេច​ព្រមាន​លោក កឹម សុខា ជំនួស​ដោយ​ការចាប់​ខ្លួន​បញ្ជូន​ទៅ​ឃុំ​នៅក្នុង​ពន្ធនាគារ​ត្រូវបាន​ធ្វើឡើង​ក្នុង​បន្ទប់​សវនាការ​ និង​បាន​ចុះ​កំណត់ហេតុ​ដោយ​មិន​អនុញ្ញាត​ឱ្យធ្វើ​សកម្មភាព​ជួប​អ្នកគាំទ្រ​បន្តទៀត​នោះទេ​។

លោក​ថ្លែងថា​៖ «​តុលាការ​មិន​អនុញ្ញាត​ឱ្យធ្វើ​សកម្មភាព​បែបនេះ​ (​ជួប​អ្នកគាំទ្រ​) ​តទៅ​ទៀត​ទេ ប្រសិន​បើ​នៅតែ​បន្ត​នឹង​អនុវត្ត​តាម​ផ្លូវ​ច្បាប់​»៕

វីដេអូ៖