
គ្រូពេទ្យកំពុងពិនិត្យព្យាបាលជំងឺកុមារ ដែលកំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យកុមារអង្គរនៅថ្ងៃទី២៩មិថុនា។ រូបថត មន្ទីរពេទ្យកុមារអង្គរ
សៀមរាបៈ មន្ទីរពេទ្យកុមារអង្គរ ប្រកាសចាប់ផ្តើមទទួល «ភាគទានពីអ្នកជំងឺ» ក្នុងចំនួនតិចតួចពីអ្នកជំងឺ គឺសេវាពិនិត្យពិគ្រោះជំងឺថ្លៃ ២ ម៉ឺនរៀល ក្នុងការមកពិនិត្យម្តង និងសេវាសម្រាកពេទ្យថ្លៃ ២ ម៉ឺនរៀល ក្នុង ១ យប់ ចាប់ពីថ្ងៃទី ៧ ខែកក្កដាតទៅ ខណៈដែលមន្ទីរពេទ្យ ជួបការលំបាកក្នុងការស្វែងរកជំនួយដើម្បីដំណើរការមន្ទីរពេទ្យ។
សេចក្តីប្រកាសព័ត៌មានរបស់មន្ទីរពេទ្យកុមារអង្គរ ដែល ភ្នំពេញ ប៉ុស្តិ៍ ទទួលបាននៅថ្ងៃទី ២៩ ខែមិថុនា បានឱ្យដឹងថា ការចាប់ផ្តើមអនុវត្តទទួល «ភាគទានអ្នកជំងឺ» នេះគឺដើម្បីនិរន្តរភាព ក្នុងការផ្តល់សេវាថែទាំសុខភាពប្រកបដោយគុណភាពខ្ពស់និងក្តីមេត្តាករុណាដល់កុមារកម្ពុជា ហើយការបង់ភាគទាននេះ នឹងមិនធ្វើឱ្យមានការកែប្រែលើសេវាសុខភាពដែលអ្នកជំងឺទទួលឡើយ។
សេចក្តីប្រកាសលើកឡើងថា មន្ទីរពេទ្យបានបម្រើសេវាពិនិត្យ ព្យាបាល និងថែទាំសុខភាព ដល់កុមារកម្ពុជាប្រកបដោយគុណភាព ក្តីមេត្តាករុណា និងឥតគិតកម្រៃអស់រយៈពេលជាង ២០ ឆ្នាំកន្លងមកហើយ និងមានផ្តល់សេវាសុខភាពជាច្រើន ដែលរួមបញ្ចូលទាំងសេវាពិនិត្យពិគ្រោះជំងឺទូទៅ និងការពិនិត្យព្យាបាលដោយឯកទេស ដូចជាជំងឺមហារីក ជំងឺទារកទើបកើត និងជំងឺរ៉ាំរ៉ៃមួយចំនួនទៀត។ ជាងនេះទៅទៀត មន្ទីរពេទ្យកុមារអង្គរ ក៏មានកម្មវិធីបណ្តុះបណ្តាលវេជ្ជសាស្ត្រដល់អ្នកជំនាញផ្នែកសុខាភិបាល និងកម្មវិធីអប់រំសុខភាពដល់ប្រជាពលរដ្ឋនៅតាមសហគមន៍ ផងដែរ។
ប្រភពដដែលបញ្ជាក់ថា៖ «មន្ទីរពេទ្យកុមារអង្គរនឹងចាប់ផ្តើមអនុវត្តការបង់ភាគទានអ្នកជំងឺ លើថ្លៃសេវាសុខភាពនៅក្នុងមន្ទីរពេទ្យ ចាប់ពីថ្ងៃទី ០៧ ខែ កក្កដា ឆ្នាំ ២០២២ នេះតទៅ។ សម្រាប់សេវាពិគ្រោះជំងឺក្រៅ ថ្លៃភាគទាន គឺមានចំនួន ២ ម៉ឺនរៀល ឬ ៥ ដុល្លារក្នុងការមកពិនិត្យម្តង និងសេវាសម្រាកពេទ្យ ភាគទានក៏មានចំនួន ២ ម៉ឺនរៀល ឬ ៥ ដុល្លារ ក្នុង ១ យប់» ។
លោកវេជ្ជបណ្ឌិត ងួន ច័ន្ទភក្ត្រា ប្រធានមន្ទីរពេទ្យកុមារអង្គរបានឱ្យដឹងថា អស់រយៈពេលជាច្រើនឆ្នាំមកហើយ ដែលមន្ទីរពេទ្យកុមារអង្គរពឹងផ្អែកទៅលើជំនួយសប្បុរសធម៌ទាំងក្នុង និងក្រៅប្រទេស។ ខណៈពេលដែលជំនួយក្រៅប្រទេសមានការធ្លាក់ចុះ បុគ្គលិកនៅក្នុងប្រទេសបានចាប់ផ្តើមស្វែងរកជំនួយសប្បុរសធម៌បន្ថែមនៅក្នុងប្រទេស ក៏ប៉ុន្តែមន្ទីរពេទ្យនៅតែមានឧបសគ្គមួយចំនួនក្នុងការស្វែងរកជំនួយសរុប ដើម្បីដំណើរការមន្ទីរពេទ្យពី១ឆ្នាំទៅ១ឆ្នាំ។
ភាគទានអ្នកជំងឺ គឺជាវិធីសាស្ត្រមួយ ក្នុងការលើកទឹកចិត្តឱ្យប្រជាជនខ្មែរគ្រប់រូបចេះជួយគ្នាទៅវិញទៅមក ដោយអ្នកដែលមានលទ្ធភាពជួយដល់អ្នកដែលមិនមានលទ្ធភាព។ តាមរយៈការរួមគ្នារបស់យើងទាំងអស់គ្នា យើងអាចជួយឱ្យមន្ទីរពេទ្យកុមារអង្គរបន្តបើកទ្វារ ព្យាបាលអ្នកជំងឺក្នុងរយៈពេលយូរអង្វែង និងបន្តជួយសង្គ្រោះ និងធ្វើឱ្យប្រសើរឡើងនូវប្រព័ន្ធថែទាំសុខភាពសម្រាប់កុមារកម្ពុជា។
លោកថ្លែងថា៖ «មន្ទីរពេទ្យនឹងនៅតែបន្ដផ្ដល់សេវាសុខភាពប្រកបដោយគុណភាពខ្ពស់ និងក្តីមេត្តាករុណាដដែល តាមរយៈការថែទាំប្រកបដោយការយកចិត្តទុកដាក់ដូចគ្នាចំពោះកុមារទាំងអស់ ដែលត្រូវការសេវាពីមន្ទីរពេទ្យយើង ដោយមិនគិតពីស្ថានភាពជីវភាពគ្រួសារឡើយ»។
លោកបញ្ជាក់ថា មន្ទីរពេទ្យកុមារអង្គរនៅតែបន្តពិនិត្យថែទាំអ្នកជំងឺដោយឥតគិតថ្លៃ ចំពោះអ្នកជំងឺដែលមានបណ្ណក្រីក្រ ឬបណ្ណមូលនិធិសមធម៌សុខភាព និងអ្នកជំងឺដែលមានការបញ្ជាក់ពីភាពក្រីក្រ ដោយក្រុមបុគ្គលិកសង្គមកិច្ចរបស់មន្ទីរពេទ្យកុមារអង្គរ។
ទោះបីជាអ្នកជំងឺដែលមានលទ្ធភាព ឬមិនមានលទ្ធភាពបង់ភាគទាន ក៏មន្ទីរពេទ្យកុមារអង្គរ នៅតែបន្តធ្វើការផ្តល់សេវាពិនិត្យ ព្យាបាល និងថែទាំសុខភាពដល់កុមារ ប្រកបដោយគុណភាព និងក្តីមេត្តាករុណាដូចៗគ្នា។ មន្ទីរពេទ្យកុមារអង្គរនៅតែត្រូវការការបរិច្ចាគ គាំទ្រពីសប្បុរសជន ដើម្បីបន្ធូរបន្ថយការចំណាយទាំងស្រុងនៃថ្លៃសេវាពិនិត្យថែទាំសុខភាព ដោយចំណាយមួយភាគធំគឺជាការចូលរួមចំណែកពីសប្បុរសជននានាតាមរយៈការបរិច្ចាគដដែល។
លោកថ្លែងថា៖ «យើងសង្ឃឹមជឿជាក់ថា អាណាព្យាបាលអ្នកជំងឺទាំងអស់ ដែលមានលទ្ធភាពបង់ភាគទាននឹងចូលរួមចំណែកជាមួយពួកយើង ដើម្បីគាំទ្រដល់ការអភិវឌ្ឍបន្តទៀត នូវសេវាថែទាំសុខភាពប្រកបដោយឯកទេស គុណភាពខ្ពស់ និងក្តីមេត្តាករុណា ដល់កុមារកម្ពុជាគ្រប់រូប»។
លោក ឈឹម សូវង្ស អនុប្រធានការិយាល័យ ហិរញ្ញវត្ថុ នៃមន្ទីរពេទ្យកុមារអង្គរបានឱ្យដឹងថា មន្ទីរពេទ្យកុមារអង្គរផ្សព្វផ្សាយអំពីការផ្លាស់ប្តូរនេះ ដល់សាធារណៈជន ដើម្បីជាព័ត៌មានដល់អាណាព្យាបាល និងអ្នកថែទាំកុមារទាំងអស់ ឱ្យបានជ្រាបថា សេវាពិនិត្យ ព្យាបាល និង ថែទាំសុខភាពនៃមន្ទីរពេទ្យកុមារអង្គរ នៅតែបន្តផ្តល់ជូនដល់កុមារគ្រប់រូប ទោះបីពួកគេមាន ឬគ្មានលទ្ធភាពក្នុងការបង់ភាគទានក៏ដោយ៕