ភ្នំពេញៈ​ សាលាដំបូង​រាជធានី​ភ្នំពេញ​ពេញ​នៅ​ថ្ងៃទី ៣០ ខែ មិថុនា ឆ្នាំ ២០២២ បាន​កោះហៅ លោក សុន ឆ័យ ឱ្យចូល​បំ​ភ្លឹ ជុំវិញ​បណ្តឹង​របស់ គណបក្ស​ប្រជាជន​កម្ពុជា ទាមទារ​សំណង​ជំងឺ​ចិត្ត ១ ​លាន​ដុល្លារ​អាមេរិក និង​បណ្តឹង​របស់គណៈកម្មការ​ជាតិ​រៀបចំ​ការបោះឆ្នោត ពីបទ​បរិហារកេរ្តិ៍​ជា​សាធារណៈ តាម​មាត្រា​ ៣០៥ ​នៃ​ក្រមព្រហ្មទណ្ឌ​ពាក់ព័ន្ធ​នឹង​ការ ចោទប្រកាន់ និង​បំភ្លៃ​ការពិត​ចំពោះ​ដំណើរការ​បោះឆ្នោត​ជ្រើសរើស ក្រុមប្រឹក្សាឃុំ​-​សង្កាត់ អាណត្តិ​ទី​៥។​

លោក ​ប្លង់ សុផល អ្នកនាំពាក្យ​អយ្យការ​អម​សាលាដំបូង​រាជធានី​ភ្នំពេញ និង​ជា​តំណាង​អយ្យការ កាន់​សំណុំ​រឿងនេះ ប្រាប់​ ភ្នំពេញ ​ប៉ុស្តិ៍ ​នៅ​ថ្ងៃទី ៣០ ខែមិថុនា​ថា លោក សុន ឆ័យ ដែលជា ជនសង្ស័យ​មិនបាន​ចូលខ្លួន​តាម​កាលកំណត់​ក្នុង​ដីកា​កោះហៅ​របស់​តំណាង​អយ្យការ​ឡើយ​។​

លោក​បន្តថា ទន្ទឹមនឹងនេះ មេធាវី​ការពារ​ឲ្យ​ជនសង្ស័យ​បានដាក់​ពាក្យ​សុំពន្យា​ការចូល​ខ្លួនបំភ្លឺ ដោយបាន​លើក​ពី​មូល​ហេតុថា កូនក្តី​ខ្លួន​កំពុងមាន​ភារកិច្ច​នៅក្រៅ​ប្រទេស​រហូតដល់​ក្រោយ​ថ្ងៃទី ៣ ខែ កក្កដា ឆ្នាំ​ ២០២២ ទើ​បកូនក្តី​ខ្លួន​ត្រឡប់មក​កម្ពុជា​វិញ។

លោក ជូ ជូ​ងី មេធាវី ឱ្យ​លោក សុន ឆ័យ អនុប្រធាន​គណបក្ស​ភ្លើងទៀន ប្រាប់ ​ភ្នំពេញ ​ប៉ុស្តិ៍ នៅ​ថ្ងៃទី ៣០ ខែមិថុនាថា លោក សុន ឆ័យ មិនបាន​គេចវេស​ចូល​បំភ្លឺ​នៅ​ក្នង​សាលាដំបូង​រាជធានី​ភ្នំពេញ ដែល​បាន​កោះហៅ​នៅ​ថ្ងៃទី ៣០ ខែ មិថុនា ឆ្នាំ ២០២២ នោះទេ ព្រោះ​លោកមិនទាន់​ត្រឡប់​មកពី​ប្រទេស​អូស្ត្រាលី។​

លោកបន្តថា លោក សុន ឆ័យ បានឱ្យ​លោក​ក្នុងនាម​ជា​មេធាវីដាក់ពាក្យ​ស្នើសុំ​ពន្យា​ពេលទៅ​ប៉ុន្មាន​ថ្ងៃ​ខាងមុខ​ទៀត ព្រោះលោកនឹង​ត្រឡប់​មកកាន់​ប្រទេស​កម្ពុជា​វិញ​នៅ​ថ្ងៃទី ៣ ខែឋ​កក្កដា ឆ្នាំ ២០២២។

គណបក្ស​ប្រជាជន​កម្ពុជា​ កាលពី​ថ្ងៃទី ១៤ ខែមិថុនា បានដាក់​ពាក្យ​ប្តឹង​លោក សុន ឆ័យ ដែល​បាន​ចោទប្រកាន់ និង​បំភ្លៃ​ការពិត​ចំពោះ​ដំណើរការ​បោះឆ្នោត​ជ្រើសរើស ក្រុមប្រឹក្សាឃុំ​-​សង្កាត់ អាណត្តិ​ទី​៥ ដោយ ស្នើ​តុលាការ​ឲ្យ​ផ្តន្ទាទោស​លោក សុន ឆ័យ ទៅតាម​ច្បាប់ និង​ទាមទារ​សំណង​ជំងឺ​ចិត្ត ៤ ​ពាន់​លាន​រៀល ឬ​ស្មើនឹង ១​ លាន​ដុល្លារ​អាមេរិក​។

គ​.​ជ​.​ប កាលពី​ថ្ងៃទី​ ១៧ ខែ មិថុនា ឆ្នាំ ​២០២២​ នេះ បានដាក់​ពាក្យបណ្តឹង ទាមទារ​ឲ្យ​តុលាការ ដាក់ទោស​លោក សុន ឆ័យ ពីបទ​បរិហារកេរ្តិ៍​ជា​សាធារណៈ តាម​មាត្រា​ ៣០៥ ​នៃ​ក្រមព្រហ្មទណ្ឌ​។ បន្ថែម​ពីនេះ គ​.​ជ​.​ប សំណូមពរ​ដល់​តុលាការ​ត្រូវ​ឲ្យ​លោក សុន ឆ័យ សុំទោស​ គ​.​ជ​.​ប ជា​លាយលក្ខណ៍អក្សរ និង​ជា​សាធារណៈ​៕

វីដេអូ៖