ភ្នំពេញៈ ក្រសួង​ការងារ​បណ្តុះ​បណ្តាល​វិជ្ជាជី​វៈ និង​ក្រសួង​សេដ្ឋកិច្ច​ និង​ហិរញ្ញវត្ថុ បាន​សម្រេច​ដាក់​ឱ្យ​អនុវត្ត​ របបសន្តិសុខ​សង្គម ​ផ្នែក​ប្រាក់សោធន​ ចាប់ពី​ថ្ងៃទី ០១ ខែ​កក្កដា ឆ្នាំ​ ២០២២​ តទៅ​សម្រាប់​បុគ្គល​ទាំងឡាយ​ណា ដែល​ស្ថិត​នៅ​ក្រោម​បទ​ប្បញ្ញត្តិ​នៃ​ច្បាប់​ស្តី​ពីការងារ​។

​​សេចក្តី​សម្រេច​ដាក់ឱ្យ​អនុវត្ត​នេះ ត្រូវ​បាន​ចុះ​ហត្ថលេខា​ដោយ​លោក អុិត សំហេង រដ្ឋមន្រ្តី​ក្រសួង​ការងារ​និង​បណ្តុះ​បណ្តាល​វិជ្ជា​ជីវៈ និ​ង​លោក​អូន ព័ន្ធ​មុនី​រ័ត្ន រដ្ឋ​មន្រ្តី​ក្រសួង​សេដ្ឋកិច្ច​ និង​ហិរញ្ញវត្ថុ នាថ្ងៃទី ​២៨ ខែ ​មិថុនា​ ឆ្នាំ​ ២០២២។

ក្រសួង​ទាំងពីរ​បាន​បញ្ជាក់ថា៖ «​ការ​អនុវត្ត​របបសន្តិសុខសង្គម​ផ្នែកប្រាក់​សោធន​ សម្រាប់​បុគ្គល​ទាំងឡាយ​ដែល​ស្ថិត​ក្រោម​បទ​ប្បញ្ញត្តិ​នៃច្បាប់ស្តី​ពី​ការងារ ដូច​មាន​ចែង​ក្នុង​មាត្រា ៣៩ ចុះ​ថ្ងៃទី​ ៤ ខែ មីនា ឆ្នាំ​ ២០២១​ កន្លង​មក​»។

គួរ​រំឭក​ថា លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន បានចុះ​ហត្ថលេខា​លើ​អនុ​ក្រឹត្យ​ថ្មីដែលមាន​ ១០ ជំពូក និង​ ៤០ មាត្រា​​កាល​ពី​ដើម​ខែមីនា ក្នុង​ការ​​ផ្តល់ប្រាក់​សោធន​ សម្រាប់​បុគ្គល​ទាំងឡាយ ដែល​ស្ថិតក្រោម​បទប្បញ្ញត្តិ​នៃ​ច្បាប់​ស្តីពី​ការងារ​ ដោយ​នាំឱ្យ​បុគ្គលិក​ក្នុង​វិស័យ​ឯកជន​ អាច​ទទួលបាន​អត្ថ​ប្រយោជន៍​នេះ ដូចនឹង​បុគ្គលិក​ក្នុង​វិស័យ​រដ្ឋ​ដែរ​។​​

អនុ​ក្រឹត្យ​ដដែល​បាន​បញ្ជាក់ថា ​អនុ​ក្រឹត្យ​នេះ​ មាន​វិសាលភាព​ អនុវត្ត​ចំពោះ​បុគ្គល​ទាំងឡាយ​ណា ​ដែល​ស្ថិត​នៅ​ក្រោម​​បទប្បញ្ញត្តិ​នៃ​ច្បាប់​ស្តីពី​ការងារ ដោយ​រាប់បញ្ចូល​ទាំង​បុគ្គល​ដែល​ធ្វើការ​ចាប់ពី​២ ​កន្លែង​ឡើងទៅ​។

បេឡា​ជាតិ​សន្តិសុខ​សង្គម​ដែល​ហៅ​ថា ប ស ស គឺជា​ស្ថាប័ន​ប្រតិបត្តិករ​តែមួយគត់​ ដែលមាន​សមត្ថកិច្ច​ក្នុងការ​គ្រប់​គ្រង និង​ចាត់​ចែង​របប​សន្តិ​សុខ​សង្គម​ផ្នែក​ប្រាក់​សោធន ដូច​មាន​ចែង​ក្នុង​អនុក្រឹត្យ​នេះ​​។

បើយោងតាម​អនុក្រឹត្យនេះ សម្រាប់​រយៈពេល​ ៥ ​ឆ្នាំ​ដំបូង ភាគទាន​នេះ​ ត្រូវ​កំណត់​ក្នុង​អត្រា​ស្មើនឹង​ ៤ភាគ​រយ​ ​នៃ​ប្រាក់​ឈ្នួល​ជាប់​ភាគទាន​។ ​ក្នុងនោះ ២ភាគ​រយ​ ជា​បន្ទុក​និយោជក​ និង​ ២ភាគ​រយ​ ​ជា​បន្ទុក​កម្មករនិយោជិត​។ ​ការបង់​ភាគទាន​ផ្នែក​ប្រាក់​សោធន​ត្រូវ​ធ្វើជា​ប្រចាំខែ​។

អ្នកនាំ​ពាក្យ​ក្រសួង​ការងារ លោក ហេង សួរ ធ្លាប់​បាន​ប្រាប់​ភ្នំពេញ​ប៉ុស្តិ៍ នាពេល​កន្លង​មក​ថា អ្នក​ដែល​ស្ថិតក្នុង​វិសាល​ភាព​នៃ​ច្បាប់​ស្តីពី​ការងារ​ទាំង​អស់ នឹង​​ត្រូវ​ជាប់​កាតព្វកិច្ច​បង់​ភាគ​ទាន និង​ទទួល​បាន​អត្ថប្រយោជន៍​នេះ​។

ទាក់​ទង​នឹង​ការ​សម្រេច​ដាក់​ឱ្យ​អនុវត្ត​​របប​សន្តិសុខ​សង្គម​ផ្នែក​ប្រាក់សោធន​នេះ លោក ហ្វា សាលី ​ប្រធាន​សម្ព័ន្ធ​សហជីព​ជាតិ បាន​​​ថ្លែង​​ថា លោក​មិន​ទាន់​ទទួល​បាន​ព័ត៌មា​ន​ជាក់​លាក់​នៅ​ឡើយ​ទេ ថាតើ​ការ​អនុវ​ត្ត​នេះ​កម្មករ​នឹង​ទទួល​បាន​អត្ថ​ប្រយោជន៍​កម្រិត​ណា​នោះ​៕