​ភ្នំពេញៈ​ ក្រសួង​យុត្ដិធម៌​កំពុង​រៀបចំ​បង្កើត តុលាការ​ការងារ និង​តុលាការ​ពាណិជ្ជកម្ម ដើម្បី​ពង្រឹង​ការផ្ដល់សេវា​ក្នុង​ប្រព័ន្ធតុលាការ​ឱ្យមាន​ប្រសិទ្ធភាព​ដល់​ប្រជាពលរដ្ឋ​។ នេះ​បើតាម​លោក ជិន ម៉ា​លីន រដ្ឋលេខាធិការ និង​ជា​អ្នកនាំពាក្យ​ក្រសួងយុត្តិធម៌​។​

លោក ជិន ម៉ា​លីន ថ្លែង​ក្នុង​សន្និសីទ​សារព័ត៌មាន ដែល​រៀបចំ​ដោយ​អង្គភាព​អ្នកនាំពាក្យ​រាជរដ្ឋាភិបាល កាលពី​ថ្ងៃទី​ ២៩ ខែមិថុនា នៅ​ទីស្ដីការគណៈរដ្ឋមន្ត្រីថា ការរៀបចំ​តុលាការ​ ២​ បន្ថែមទៀត​នេះ ជា​ទិសដៅ​នៃ​កំណែទម្រង់​ច្បាប់​និង​ប្រព័ន្ធយុត្តិធម៌​។​

លោក​ថ្លែងថា​៖«​ពាក់ព័ន្ធ​នឹង​ការផ្ដល់សេវា​យុត្ដិធម៌​ដល់​ប្រជាពលរដ្ឋ​នេះ គឺពាក់ព័ន្ធ​ទៅដល់​ការបង្កើត​នូវ​តុលាការ​ជំនាញ ពីព្រោះថា ការដែល​យើង​មិនមាន​តុលាការ​ជំនាញ សេវា​ហ្នឹង​ក៏​វា​មិនសូវ​ជាមាន​ប្រសិទ្ធភាព​ដែរ​»​។

លោក​បន្ត​៖«​ឥឡូវនេះ​យើង​កំពុង​រៀបចំ​នូវ​តុលាការ​ជំនាញ​ចំនួន ២ ថែមទៀត គឺ​តុលាការ​ការងារ និង​តុលាការ ពាណិជ្ជកម្ម​»​។

លោក ម៉ា​លីន បានឱ្យដឹងថា ក្រុមការងារ​របស់​ក្រសួង​យុត្ដិធម៌ កំពុង​រៀបចំ​នូវ​នីតិវិធី​បែបបទ ក្របខ័ណ្ឌ​ច្បាប់ និង​ក្របខ័ណ្ឌ​គតិ​យុ​ត្ដ​មួយចំនួន​ដើម្បី​អាចដាក់​ឱ្យ​ដំណើរការ​នៅ​តុលាការ​ពាណិជ្ជកម្ម​នេះ​នៅ​ឆ្នាំក្រោយ​។​

លោក​បញ្ជាក់ថា​៖ «​ក្រុមការងារ​កំពុង​រៀ​ប​ចំ​សេចក្ដីព្រាង​លិខិតបទដ្ឋាន​គតិយុត្ត​មួយចំនួន ដើម្បី​ដាក់ឱ្យ​ដំណើការ​តុលាការ​ពាណិជ្ជកម្ម​នេះ​នៅ​កម្ពុជា​។ នេះ​ជា​ផ្នែក​មួយ​នៃ​សេវា​យុត្ដិធម៌ និង​យុទ្ធសាស្ដ្រ​កែទម្រង់​ប្រព័ន្ធតុលាការ​នៅ​កម្ពុជា​»​។​

លោក អំ សំអាត នាយក​ទទួលបន្ទុក​កិច្ចការ​ទូទៅ​នៃ​អង្គការសិទ្ធិមនុស្ស​លីកាដូ ទទួលស្គាល់ថា រឿង​ខ្លះ​ប្រព័ន្ធយុត្តិធម៌​ធ្វើបាន​ល្អ ប៉ុន្ដែ​រឿង​មួយចំនួន​អនុវត្ដ​មិនទាន់មាន​ប្រសិទ្ធភាព ហើយ​អាចមាន​ប៉ះពាល់​ទៅដល់​សិទ្ធិ​របស់​ពលរដ្ឋ ដែល​ចំណុច​នេះ​នាំឱ្យមាន​ការរិះគន់​ក្នុង​ប្រព័ន្ធយុត្តិធម៌ និង​តុលាការ​កម្ពុជា​។​

លោក​សង្កេតឃើញ​កន្លង​មក​មានការ​បកស្រាយ​ខុស​ទាក់ទង​នឹង​ករណី​មួយចំនួន​នៃ​មាត្រា​ខ្លះ​នៃ​ច្បាប់ ក៏មាន​ការបកស្រាយ​ខុសគ្នា​រវាង​តុលាការ​កម្ពុជា​ផងដែរ​។

លោក​បញ្ជាក់ថា​៖ «​រឿង​ខ្លះ​ចៅក្រម​នោះ​បក​ទៅ​អត់​មានការ​ចោទប្រកាន់​ទេ ឬក៏​អាច​នឹងមាន​ការលើកលែង​។ រឿង​ដដែល​ទៅលើ​ចៅក្រម​ផ្សេង បែរជា​មានការ​ចោទប្រកាន់​ហើយ​ការឃុំខ្លួន​អ៊ីចឹងទៅ​។ រឿងនេះ​គឺ​ចង់​បានន័យថា​មាត្រា​ខ្លះ​គួរតែមាន​គោល (​អត្ថន័យ​) នៅក្នុង​ការបកស្រាយ ដើម្បី​ចៀសវាង​ការ​ពន្លា​តទៅ​មានការ​បកស្រាយ​ខុសគ្នា​»​។​

លោក ម៉ា​លីន លើកឡើងថា កាលណា​ចៅក្រម​សម្រេច​គ្រប់​រឿង​ទាំងអស់​ដែល​មិនមាន​ការបែងចែក​ជំនាញ​ច្បាស់លាស់​នឹង​នាំឱ្យមាន​ការកកស្ទះ​សំណុំរឿង​នៅ​តុលាការ ហើយ​ពាក់ព័ន្ធ​ដល់​គុណភាព​នៃ​ការសម្រេចសេចក្ដី ផងដែរ​។

លោក​ថ្លែងថា​៖«​នៅពេលដែល​ចៅក្រម​យើង​ចេះ​គ្រប់​រឿង​អាច​កាត់​បាន​គ្រប់​រឿង​នោះ​។ យើង​មិន​អាចធ្វើ​អ៊ីចឹង​បាន​នោះទេ​»​។

ទាក់ទង​នឹង​ការបង្កើត និង​ដាក់​ដំណើរការ​តុលាការ​ពាណិជ្ជកម្ម​នៅ​កម្ពុជា​នេះ លោក ជិន ម៉ា​លីន តំណាង លោក កើត រិ​ទ្ធ រដ្ឋមន្ដ្រីក្រសួង​យុត្ដិធម៌ កាលពី​ថ្ងៃទី ​២៩ ខែ មិថុនា ឆ្នាំ​ ២០២២ ​នេះ បាន​ជួបពិភាក្សា​ការងារ​ជាមួយ​លោក Sion Morton ប្រធាន​បេសកកម្ម​នៃ​ធនាគារអភិវឌ្ឍន៍អាស៊ី (ADB) ដើម្បី​ពិភាក្សា​លើ​ការបង្កើត និង​ដាក់​ដំណើរការ​តុលាការ​ពាណិជ្ជកម្ម​នៅ​កម្ពុជា​នេះ​នៅ​រាជបណ្ឌិត្យសភា​វិជ្ជាជីវៈ​តុលាការ​។​

លោក​បានឱ្យដឹងថា ជំនួប​ពិភាក្សា​នេះ ត្រូវបាន​ផ្តោត​សំខាន់​ក្នុងការ​ស្វះស្វែង លើ​កិច្ចសហប្រតិបត្តិការ​នា​ពេលអនាគត​រវាង​ក្រសួង​យុត្ដិធម៌ និង ADB មានដូចជា ទី​១ ការពង្រឹង​សមត្ថភាព និង​ការបណ្តុះបណ្តាល​សម្រាប់​ចៅក្រម និង​ព្រះរាជអាជ្ញា​លើ​ជំនាញ​ពាណិជ្ជកម្ម​។ ទី​២ ការរៀបចំ​បទដ្ឋាន​គ​តិ​យុត្ត សម្រាប់​ការបង្កើត និង​ដាក់​ដំណើរការ​តុលាការ​ពាណិជ្ជកម្ម​។ ទី​៣ ការបង្កើត និង​ដាក់​ដំណើរការ​តុលាការ​ពាណិជ្ជកម្ម​នាពេល​ខាងមុខ​៕