ភ្នំពេញៈ អាកប្បកិរិយា​ភ័យ​ខ្លាច ​មិន​ហ៊ាន​លេង​ជាមួយ​ក្មេង​ដទៃ ​មិន​ហ៊ាន​និយាយ​រក​មនុស្ស​ជុំ​វិញ​ខ្លួន ​គេចវេះ ​ព្រួយ​បារម្ភ​ខ្លាំង ​មុន​ការប្រឡង​មក​ដល់ ​ការធ្វើ​បទ​បង្ហាញ ​ឬ​មុនចូល​រួម​ព្រឹត្តិការណ៍​សង្គម​នានា ​ទាំងនោះ​ជាការបង្ហាញ​នូវ​រោគ​សញ្ញា​មួយចំនួន​ដែល​ប្រជាជន​ខ្មែរ គួរ​ចាប់ផ្ដើម​ផ្តោតការយក​ចិត្ត​ទុក​ដាក់ ព្រោះ​នេះ​ជា​រោគសញ្ញា​របស់​អ្នក​មាន «ជំងឺ​ថប់​បារម្ភ​សង្គម»។

ភ្នំពេញ ​ប៉ុស្តិ៍ ​បាន​និយាយ​ជាមួយ​អ្នក​ប្រឹក្សា​ផ្លូវ​ចិត្ត ២ ​រូប គឺ​លោក​ហឿ សេធុល ​និង​អ្នកស្រី​លឹម ប៊ួយហៀក ​រួមទាំង​ឪពុក​ម្ដាយ​សិស្ស ​ដែល​ជា​អតិថិជន​របស់​អ្នកស្រី ​លឹម ប៊ួយហៀក ​តាម​ការឆ្លើយ​តប​សារ​មួយចំនួន ​ដោយ​សូម​មិន​បញ្ចេញ​ប្រវត្តិ​ច្បាស់​លាស់​ អំពី​ការវិវឌ្ឍ​នៃ​ជំងឺ ផល​ប៉ះពាល់ ​និង​ការព្យាបាល​ដែល​គ្រប់​គ្នា​គួរ​គិតគូរ។

អ្វី​ទៅ​ជា​ជំងឺ​ថប់​បារម្ភ​សង្គម? ​បើ​តាម​អ្នកស្រី​លឹម ​ប៊ួយហៀក​ ជំងឺ​ថប់​បារម្ភសង្គម ​ហៅ​ឱ្យ​ខ្លី​ថា​ ជា​ជំងឺ​ថប់​បារម្ភ ដែល​ពាក់​ព័ន្ធ​ទៅ​នឹង​ទំនាក់​ទំនង​សង្គម។

អ្នកស្រី​រៀបរាប់​ពី​រោគ​សញ្ញា​ត្រួសៗ​ថា​៖ «អ្នក​ជំងឺ​តែង​មាន​អារម្មណ៍​ភ័យ​មិន​ស្រណុក​ក្នុង​ខ្លួន​ពិបាក​ក្នុង​ការប្រាស្រ័យ​ទាក់​ទង​ជាមួយ​អ្នកដទៃ​ ឬ​ឱ្យ​តែ​សកម្មភាព​ណា​ ដែល​ត្រូវ​ប្រឈម​ជាមួយ​ការមាន​ទំនាក់​ទំនង ​ដូចជា​ត្រូវ​សន្ទនា ​ការជួប​ជាមួយ​អ្នក​ណា​ម្នាក់ មនុស្ស​មិន​ស្គាល់ ត្រូវ​ឡើង​និយាយ​ជា​សាធារណៈ ​ឬត្រូវ​ទៅ​សម្ភាស។

អ្នកស្រី​បន្ថែម​ថា​៖ «ពេល​ធ្វើអ្វី​តែងតែ​ខ្លាច​គេ​វិនិច្ឆ័យ ​ខ្លាច​ខុស​អាម៉ាស់​មុខ ដែល​បន្ត​ចាប់​ពី ​៦ ខែ​ ឬ​លើស​ពី​នេះ​ ដោយ​បេះ​ដូង​ចាប់ផ្ដើម​លោត​ញាប់ ​ដៃ​បែក​ញើស ​ឬ​មាន​អារម្មណ៍​ដូច​ឈឺ​។ អ្នក​ខ្លះ​មាន​អារម្មណ៍​ដូច​បុក​ពោះ ​ឬ​មាន​អារម្មណ៍​ថា​ខួរ​ក្បាល​ខ្លួនឯង​មិន​ដំណើរការ ​សំឡេង​គាត់​ប្រែ​ជា​ខ្សោយ ​ហើយ​ពិបាក​ក្នុង​ទំនាក់​ទំនង​ដោយ​ប្រើ​ភ្នែក»។

បើ​តាម​លោក​គ្រូ ហឿ ​សេធុល ​ដែល​ផ្អែក​ទៅលើ​សៀវភៅ DSM-5 ​អ្នក​មាន​ជំងឺ​នេះ​អាច​មាន​សញ្ញាណ​ទូទៅ​មួយ​ចំនួន​ទៅ​លើ​រាងកាយ​ អារម្មណ៍ ​និង​ផ្នែក​ការគិត​និង​អាកប្បកិរិយា​របស់​គាត់។

លោក​បកស្រាយ​ថា​៖ «ចំពោះ​រាងកាយ ​ពេល​ត្រូវ​ប្រឈម​មុខ​ជាមួយ​អ្នក​ដទៃ​នៅ​ខាងក្រៅ ​គាត់​បែក​ញើស​ដៃ ​ជើង ​ញ័រ​ដៃ​ ញ័រ​ជើង។ ​គាត់មាន​អារម្មណ៍​ភ័យ​ព្រួយ​ តានតឹង​ខ្លាំង ​ខ្លាច​ពេល​ចេញ​ទៅ​ក្រៅ ​ឬ​ពេល​ជជែក​ជាមួយ​អ្នកណា​មួយ។ ឯ​ផ្នែក​ការគិត​ គឺ​តែងតែ​គិត​អវិជ្ជមាន​លើ​ខ្លួនឯង ​គិត​ថា​ខ្លួនឯង​មិនអាច​ប្រឈម​នឹង​បញ្ហា​ហ្នឹង​បាន ​ខ្មាស​ខ្លួនឯង ​និង​អ្នក​ដទៃ​។ ចំណែកឯ​អាកប្បកិរិយា​ អាច​ព្យាយាម​គេច​ចេញ​ពី​អ្នក​ដទៃ ​ឬអ្នក​ខ្លះ​មិន​ចង់​ទៅ​សាលា»។

មនុស្ស​ភាគ​ច្រើន​មិន​បាន​ចាប់​ភ្លឹក​ ក៏​មិន​បាន​តាមដាន​ពី​អាការ​របស់​ខ្លួនឯង​ ព្រោះ​គិត​ថា​ តិច ​ឬ​ច្រើន ​អាការ​បែប​នេះ ​គឺជា​អាការ​របស់​មនុស្ស​ទូទៅ។ ដូច្នេះ ​តើ​ក្នុង​ដំណាក់​កាល​ណា​ដែល​គួរឱ្យ​ព្រួយ​បារម្ភ?

អ្នកស្រី​លឹម ​ប៊ួយហៀក ​ឱ្យដឹងថា ​ដំបូង​គួរ​បែង​ចែក​ឱ្យ​ដាច់​ រវាង​អ្វី​ដែល​ជា​ជំងឺ អ្វី​ដែល​មិនមែន​ជា​ជំងឺ។ ជា​ធម្មតា​សម្រាប់​ពាក្យ​ដែល​ថា​ជា​ជំងឺ​មាន​ន័យ​ថា​ទាល់តែ​មាន​រោគសញ្ញា​គ្រប់​គ្រាន់ មាន​ចំណុច​ច្បាស់​លាស់ ​ហើយ​រយៈ​ពេលកើត​ឡើង​ជាក់​លាក់។ វា​ត្រូវ​ជាមួយ​កាលកំណត់​ឬ​អត់? នៅ​ពេល​ដែល​មាន​រោគសញ្ញា​ទាំងអស់​ហ្នឹង​ តើ​មាន​ផល​ប៉ះពាល់​ទៅលើ​ការរស់​នៅ​ប្រចាំ​ថ្ងៃ​ ទំនាក់​ទំនង​ជាមួយ​មនុស្ស​នៅ​ជុំវិញ​ខ្លួន​របស់​គាត់​ឬ​ទេ?

អ្នកស្រីថា​៖«បើ​វា​បង្ក​ការរំខាន ​រហូត​ធ្វើឱ្យ​ម្នាក់​នោះ​ធ្វើការ​មិនបាន ​រៀន​មិនបាន​នោះ ​បាន​ន័យ​ថា ​ពួកគាត់​គួរតែ​ជួប​ជាមួយ​នឹង​អ្ន​ក​ជំនាញ​ដើម្បី​ព្យាបាល និង​ដោះស្រាយ​បញ្ហា​ទាំង​ហ្នឹង»។

អ្នកស្រី​ឱ្យ​ដឹង​ពី​ផល​ប៉ះពាល់ ក៏​ដូចជា​មូលហេតុ​ដែល​នាំ​ឱ្យ​មាន​ជំងឺ​នេះ។

ជា​អ្នក​ចិត្តសាស្រ្ត​ជាន់​ខ្ពស់​ ១ ​រូប ​នៅ​ដឹប៊ីឃីបភ័រ ​(The Beekeeper) ​ហើយ​បាន​ធ្វើការ​ជា​អ្នក​ប្រឹក្សា​ផ្លូវចិត្ត ​អស់​រយៈពេល​ជាង ​១៥ ឆ្នាំ​មក​ហើយ ​អ្នកស្រី ​លឹម ប៊ួយហៀក ​លើកឡើងថា ​ឥឡូវ​មនុស្ស​អាច​ជួប​បញ្ហា​នេះ​ច្រើន​ទាក់ទង​ទៅ​នឹង​ការប្រើ​អេឡិច​ត្រូនិក​ច្រើន ​របៀប​រស់នៅ​បែប​ថ្មី ​និង​ស្ថានភាព​កូវីដ​ដែល​អូស​បន្លាយ។

អ្នកស្រី​ប៊ួយហៀក ​បកស្រាយ​បន្ថែម​ថា​ នៅពេល​ពួកគាត់​ផ្អែក​ទៅលើ​បច្ចេកទេស​ជាច្រើន ​ដូចជា​ទូរទស្សន៍ ​កុំព្យូទ័រ ​ទូរស័ព្ទ​ វា​អាច​ប៉ះពាល់​ទៅលើ​ខួរក្បាល ​និង​គ្រួសារ ​ដោយ​ឪពុក ​ម្តាយ​ខ្លះ​ មិន​ដឹង​ថា ​កូន​ត្រូវ​គេ​ធ្វើ​បាប​តាម​អ៊ីនធឺណិត​ទេ​។ គ្រួសារ​ក៏​មិន​សូវ​មាន​ពេល​ជាមួយ​គ្នា ​ក្មេងៗ​ដែលនៅ​ផ្ទះ​ជិត​គ្នា​មិនមាន​ភាព​ស្និទ្ធស្នាល​គ្នា ​ធ្វើឱ្យ​ក្មេងៗ ​កាន់តែ​មាន​ភាព​ភ័យខ្លាច​ក្នុង​ការទាក់ទងជាមួយ​មនុស្ស​នៅ​ជុំវិញ​ខ្លួន។

អំឡុង​ពេល​កូវីដ​ ទៀត​សោត​ ខណៈ​ដែល​មនុស្ស​ត្រូវ​ផ្ដាច់​ខ្លួន​ពី​គ្នា ​អ្នកស្រីថា ​អង្គការ​សុខភាព​ពិភព​លោក ​បាន​រក​ឃើញ​ថា​មាន​ការកើន​ឡើង​នៃ​បញ្ហា​ផ្លូវចិត្ត​ជាច្រើន។

អ្នកស្រី​បន្ថែម​ថា​៖«ពេល​យើងពឹង​ផ្អែក​ទៅលើ​បច្ចេក​វិទ្យា​ច្រើន​ពេក ធ្វើឱ្យ​យើងបាត់​បង់នូវ​សមត្ថភាព​ត្រូវ​រៀន​ចេះ​តាំង​ពី​តូច​មក​។ បច្ចុប្បន្ន ​កូន​ក្មេង​មាន​ការយឺតយ៉ាវ​ក្នុង​ការនិយាយ​ច្រើន។ ​ឪពុក​ម្ដាយ​សម័យ​ថ្មី​ រវល់​ច្រើន គាត់​ពឹង​ផ្អែក​តែ​ទៅ​លើ​សាលា»។

អ្នកស្រី​បន្ត​ទៀត​ថា​៖«សកម្មភាព​ពួកគាត់​ ដែល​ចំណាយ​​ជាមួយ​កូន​ ច្រើន​តែ​ជា​ការញ៉ាំ​អី​ជុំគ្នា ​តែ​ពេលខ្លះ​សូម្បី​តែ​ពេលនោះ​នៅ​កាន់​ទូរស័ព្ទ​ទៀត។ ដូច្នេះ​តើ​ឱកាស​ណា​ដែល​ក្មេង​អាច​រៀន​ទំនាក់​ទំនង​ជាមួយ​នឹង​អ្នក​ដទៃ?។ អ៊ឹចឹង​គាត់​អត់​សូវ​មាន​សកម្មភាព​អី ​ដែល​ជំរុញ​ឱ្យ​កូន​មាន​ទំនាក់ទំនង​ជាមួយ​អ្នក​ដទៃ»។

ដោយ​ឡែក ​បើ​តាម​លោក​សេធុល​រៀបរាប់​បន្ថែម​ទាក់ទង​ទៅ​នឹង​មូលហេតុ​នៃ​ជំងឺ​នេះ​ គឺ​អាច​មក​ពី​បទពិសោធ​មិន​ល្អ​ក្នុង​កុមារ​ភាព​ ដូចជា​គេ​មាក់ងាយ ​អំពើ​ហិង្សា​ផ្សេងៗ ​ធ្វើឱ្យ​ក្មេង​ងាយ​បាត់បង់​គុណ​តម្លៃ​ខ្លួនឯង ​ងាយ​នឹង​មើល​ខ្លួន​ឯង​ក្នុង​ផ្លូវ​អវិជ្ជមាន ​និង​មើល​ពិភពលោក​ក្នុង​ផ្លូវ​អាក្រក់។

មួយ​ទៀត​ពេល​ដែល​កុមារ​ចូល​វ័យ​ជំទង់ ​ពួកគេ​មាន​សារធាតុ​គីមី​នៅក្នុង​រាងកាយ ​ពួកគេ​មាន​អាកប្បកិរិយា​ផ្លាស់ប្ដូរ​ មាន​ការខ្មាស​អៀន​ច្រើន ​ដូច្នេះ​គាត់​ងាយ​ប្រឈម​ណាស់។ បើ​ផ្ដល់​ការថែទាំ​មិន​បាន​គ្រប់គ្រាន់ ​និង​ដោយសារ​សង្គម​ឆ្លងកាត់​សង្រ្គាម​ច្រើន ​ប្រជាជន​ងាយ​នឹង​ប៉ះ​ទង្គិច​ផ្លូវ​ចិត្ត​។ កត្តា​សំខាន់​មួយ​ទៀត​នោះ​គឺ​អាច​ទាក់ទង​នឹង​កង្វះ​ភាព​កក់ក្ដៅ​ក្នុង​គ្រួសារ​ភាព​ព្រងើយ​កន្តើយ​ពី​ឪពុក​ម្ដាយ ​មិន​យក​ចិត្ត​ទុក​ដាក់​ផ្នែក​អារម្មណ៍ ​ផ្នែក​មនោសញ្ចេតនា​របស់​កូន​។

លោក​ថ្លែងថា​៖ «នៅ​ក្នុង​ការចិញ្ចឹម​បីបាច់​កូន ​អ្នកខ្លះ​គិត​ថា​ ចង់​ឱ្យ​កូន​មាន​អី​ញុំា​ មាន​សម្ភារ​គ្រប់គ្រាន់ គឺ​គ្រប់គ្រាន់​ហើយ។ តែ​អ្វី​ដែល​មនុស្ស​ត្រូវការ​មិនមែន​តែ​សម្ភារ​ទេ ​តម្រូវការ​ផ្នែក​អារម្មណ៍​ សេចក្ដី​ស្រឡាញ់​ ការថ្នាក់ថ្នម​ក៏​ជា​តម្រូវការ​មូលដ្ឋាន​ ដែល​ជួយ​ឱ្យ​ផ្នែក​ផ្លូវចិត្ត​របស់​យើង​មាន​ភាព​រឹងមាំ»។

ទន្ទឹម​នឹង​នេះ ​លោកគ្រូ​សេធុល​បន្ថែម​ថា​ ជា​ទូទៅ​តាម​បទពិសោធ​របស់​លោកគ្រូ​ផ្ទាល់ ​គឺ​ឃើញ​កើត​លើ​ក្មេង​ជំទង់​ច្រើន​ជាង​មនុស្ស​ធំ ​ពី​១៣-២០​ឆ្នាំ​ជាង។

លោកគ្រូ​បញ្ជាក់​ថា​៖ «គាត់​ខ្លាច​សាលា ​អត់​ចង់​ទៅ​រៀន ស្ងៀម​ស្ងាត់ នៅ​បន្ទប់​ម្នាក់​ឯង​។ ពេល​ខ្លះ​គាត់​ទៅ​សាលា​ហាក់បី​ភ័យ​ខ្លាច ​ដូចជា​ពិបាក​ប្រឈម​មុខ​ជាមួយ​គ្រូ​។ ពេល​នឹក​ឃើញ​ទៅ​សាលា ​ចង្វាក់​បេះដូង​របស់​គាត់​ឡើង​ខ្លាំង ​តានតឹង ​និង​ថប់​[អារម្មណ៍]​ខ្លាំង»។

មក​ដល់​ត្រង់​នេះ ​អតិថិជន​ស្វាមី​ភរិយា​បរទេស​ ១ គូ របស់​អ្នកស្រី ​ប៊ួយហៀក ​ប្រាប់ ​ភ្នំពេញ ប៉ុស្តិ៍​ថា ​កូន​គាត់​ ដែល​កំពុង​រៀន​នៅ​អនុវិទ្យាល័យ​ គឺ​គាត់​ចាប់ផ្ដើម​សង្កេត​ឃើញ​អាការ​របស់​កូន​តាំង​ពី​នៅ​ថ្នាក់​ទី​៤។ កូន​របស់​គាត់​តែងតែ​ចូលចិត្ត​ពន្យារ​ពេល ​មាន​ការបារម្ភ​ខ្លាំង​ក្នុង​ការទទួល​យក​ការវិនិច្ឆ័យ​ចំពោះ​កំហុស​របស់​ខ្លួន ​និង​ការស្ដី​បន្ទោស​ទាំង​នៅ​សាធាណៈ ​និង​ផ្ទាល់​ខ្លួន​។ អ្នក​ទាំង២ ​និយាយ ​វា​បាន​បង្ក​ការរំខាន​រហូត​ដល់​កូន​គាត់​មិន​អាច​គេង​បាន​ស្ងប់ ពេល​ដឹង​ខ្លួន​ឡើង​មិន​អាច​គេង​វិញ​បាន​ ហើយ​តែងតែ​បារម្ភ​យ៉ាង​ខ្លាំង​ចំពោះ​ថ្ងៃ​ស្អែក ​ដែល​ត្រូវ​ទៅ​សាលា។

ប្តី​ប្រពន្ធ​នោះ​ប្រាប់​តាម​ការណែនាំ​ថា​៖«មាន​ធាតុ​ផ្សំ​សំខាន់ៗ​ចំនួន​ ២៖ ១​ គឺ ​អន្តរកម្ម​ របស់​ឪពុក​ម្តាយ​ជាមួយ​កូន ក៏​ដូចជា​ប្រតិកម្ម​របស់​ឪពុក​ម្តាយ​ចំពោះ​ការថប់​បារម្ភ​របស់​ក្មេង ​និង​ទី​២​ ការគិត​របស់​កុមារ​ខ្លួនឯង​។ ដូច្នេះ​ក្នុង​ការដោះ​ស្រាយ​បញ្ហា​ថប់​បារម្ភ​សង្គម​នេះ ​វា​គឺ​ជា​ការងារ​ជា​ក្រុម​ដោយ​ត្រូវ​មាន​ការចូលរួម​ទាំង​កុមារ អ្នក​ចិត្តសាស្រ្ត ​និង​ឪពុក​ម្តាយ»។

អ្នក​ទាំង ២​ បន្ថែមថា​៖ «ការព្យាបាល​បញ្ហា​សុខភាព​ផ្លូវ​ចិត្ត​នឹង​ចំណាយ​ពេល​យូរ។ ប៉ុន្តែ​សំខាន់​ជាង​នេះ​ទៅ​ទៀត​ការប្តេជ្ញា​ចិត្ត​ពី​កូន​ខ្លួនឯង ​និង​ឪពុក​ម្តាយ​ក្នុង​ការធ្វើ​តាម​ដំបូន្មាន ​និង​យោបល់​របស់​អ្នក​ចិត្តសាស្រ្ត​ដើរ​តួ​យ៉ាង​សំខាន់​ក្នុង​ការ​ធ្វើឱ្យ​ការព្យា​បាល​ទទួលបាន​ជោគជ័យ។​ ​យើង​បាន​អនុវត្ត​វា ​បាន​៣ខែ​ហើយ​តាំង​ពី​ទៅ​ជួប​អ្នក​ប្រឹក្សា​ផ្លូវ​ចិត្ត»។

បើ​តាម​ស្វាមី​ភរិយា ​បន្ទាប់ពី​បាន​ទៅ​ជួប​អ្នក​ចិត្តសាស្រ្ត ​ពេលនេះ​កូន​របស់​ពួកគេ​ រៀន​បាន​ជំនាញ​មួយ​ចំនួន​ក្នុង​ការប្រឈម​នឹង​ការថប់​បារម្ភ​ដែល​នៅ​ចំពោះ​មុខ។ ប៉ុន្តែ​មិនទាន់​មាន​ជំនាញ​ក្នុង​ការផ្លាស់​ប្ដូរ​ការគិត ​ដែល​បង្កើត​ឱ្យ​មាន​ការថប់​អារម្មណ៍​នៅ​ឡើយ​ទេ។ កូន​របស់​ពួក​គេ​កំពុង​ស្ថិត​ក្នុង​ដំណើរការ ​និង​មិនទាន់​បាន​បំពេញ​វគ្គ​សិក្សា​គ្រប់​នៅ​ឡើយ​ទេ។

លោកគ្រូ​សេធុល​ឱ្យដឹងថា ​ក្នុង​វិធី​ព្យាបាល​តាម​បែប​ចិត្តសាស្រ្ត​ គឺ​គេ​ហៅ​ថា ​ការ​ព្យាបាល​ដោយ​ពុទ្ធិ​អាកប្បកិរិយា ​មាន​ន័យ​ថា​ត្រូវ​ពង្រឹង​ផ្នែក​ពុទ្ធិ ​និង​ផ្នែក​អាកប្បកិរិយា​របស់​គាត់​ផង។ លោកគ្រូ​បានជួយ​ឱ្យ​អ្នក​ជំងឺ​ស្គាល់​ពី​អត្តសញ្ញាណ​ខ្លួនឯង​កាន់​តែ​ច្បាស់ ​ដើម្បី​ឱ្យ​គាត់​កាន់តែ​មាន​ភាព​ជឿជាក់ ​និង​ជួយ​ឱ្យ​គាត់​បន្សាំ​ត្រឡប់​ទៅ​សកម្មភាព​ប្រចាំ​ថ្ងៃ​របស់​គាត់​វិញ។

លោក​និយាយថា​៖ «ឧទាហរណ៍​ថា​ គាត់​ខ្លាច​សាលា ​មិន​ចង់​ទៅ​រៀន ​យើង​រក​វិធី​អ្វី​ដែល​ធ្វើឱ្យ​គាត់​មាន​អារម្មណ៍​ទុកចិត្ត ​ក្នុង​ការទៅ​សាលា ​ដូចជា​ការគាំពារ​ពី​ឪពុក​ម្ដាយ ​ឬ​ពី​សាលា​បន្ថែម​ទៀត​។ យើង​ព្យាយាម​ឱ្យគាត់​មាន​ទម្លាប់​ល្អ​ក្នុង​ការហូបចុក​ ចៀសវាង​សារធាតុ​ដែល​អាច​មាន​ផល​ប៉ះពាល់​ដល់​សុខភាព​គាត់​ផង​ដែរ»។

ចំណែក​អ្នកស្រី​ លឹម​ ប៊ួយហៀក ​ក៏បាន​បញ្ជាក់ដែរ​ថា ​ការស្រាវជ្រាវ​រក​ឃើញ​ថា ​ការព្យាបាល​បែប​ពុទ្ធិ​អាកប្ប​កិរិយា​ គឺជា​ការព្យា​បាល​ដែល​មាន​ប្រសិទ្ធភាព ​ព្រោះ​ការថប់​បារម្ភ​វា​អាច​កើត​ចេញ​ពី​ការគិត ​មិន​សម​ហេតុផល​របស់​គាត់​។

អ្នកស្រីថា​ អ្នកស្រី​ជួយ​បង្វែរ​ឱ្យ​គាត់​គិត​សម​ហេតុផល ​និង​បង្រៀន​បច្ចេកទេស​ឱ្យ​គាត់​ចេះ​សម្រាក​រាងកាយ​ និងសម្រាក​សាច់ដុំ មាន​ន័យ​​ថា​អ្នក​ដែល​គាត់​មាន​អារម្មណ៍​ភ័យ​ខ្លាច បែក​ញើស​តើ​គាត់​ត្រូវ​ធ្វើ​ដង្ហើម​យ៉ាងម៉េច​? តើ​គាត់​ត្រូវ​គួរ​ធ្វើអ្វី​ខ្លះ​ដើម្បី​កាត់​បន្ថយ​​នូវ​ភាព​ភ័យ​ខ្លាច​? នៅពេល​ដែល​គាត់​រៀន​បាន​ជំនាញ​ច្រើន​ហើយ​គឺអ្នកស្រី​ព្យាយាម​ឱ្យ​គាត់​ប្រឈម​ជាមួយ​នឹង​ស្ថាន​ភា​ព​​ពី​ដំណាក់កាល​មួយ​ទៅ​មួយ​។

ជារួម អ្នកស្រី​ព្យាបាល​ដោយ​ប្រើ​ពុទ្ធិ​អាកប្បកិរិយា​ ការព្យាបាល​ដោយ​សិល្បៈ និង​ការព្យាបាល​ដោយ​លក្ខណៈ​គ្រួសារ​។​ចំពោះ​គ្រួសារ​នេះ​ដែរ ​អ្នកស្រី​បាន​ផ្ដល់​ការណែនាំ​សម្រាប់​ឪពុក​ម្ដាយ​ថា ​ពួកគាត់​ត្រូវ​រៀន​ឱ្យ​ច្រើន​ពី​ការលូត​លាស់​របស់​កូន​ ត្រូវ​ឱ្យ​តម្លៃ​ទៅលើ​ការចំណាយ​ពេល​ជាមួយ​គ្នា​បែប​សកម្មភាព ​បែប​បទពិសោធ​ជាជាង​បច្ចេក​វិទ្យា។

អ្នកស្រី​រៀបរាប់​បន្ថែម​ថា​៖ «យើង​ឱ្យ​គាត់​ចេះ​កែច្នៃការប្រើ​ពេលវេលា​ជាមួយ​គ្នា​ ដូចជាឱ្យ​គាត់​ទៅ​ខាង​ក្រៅ ​ជួបជុំ​បងប្អូន​ លេង​កីឡា​ ឬ​ទៅសួន​កម្សាន្ត។ សម្រាប់​ក្មេង​ធំ​គាត់​ត្រូវ​ការ​ពេល​ជាមួយ​មិត្តភក្តិ ​ដោយអាច​ឱ្យ​ហៅ​មក​ផ្ទះ​ទៅវិញ​ទៅមក​លេង​កីឡា​ លេង​តន្រ្ដី​ឬ​ក៏​លេង​សកម្មភាព​អី​ផ្សេងៗ​ទៀត​ដែល​ជា​លក្ខណៈ​ក្រុម​កុំ​ឱ្យ​ប្រើ​ទូរស័ព្ទ​ជា​លក្ខណៈ​បុគ្គល​ម្នាក់ៗ»។

ឪពុក​ម្ដាយ​អ្នក​ជំងឺ​បាន​ឱ្យ​ដឹង​ពី​សារៈសំខាន់​នៃ​ការនាំ​កូន​មក​ពិគ្រោះ​ជាមួយ​អ្នក​ជំនាញ​ថា បញ្ហា​សុខភាព​ផ្លូវ​ចិត្ត​ជា​អ្វី​ដែល​មិន​ត្រូវ​ខ្មាស​ទេ។ វា​ប្រៀប​ដូច​ជា​អ្នក​មាន​អាការ​ក្អក ​អ្នក​ចង់​លេប​ថ្នាំ​បំបាត់​ការ​ក្អក។

ប្រសិន​បើ​អ្នក​មាន​បញ្ហា​សុខភាព​ផ្លូវ​ចិត្ត ​អ្នក​ចង់​ទទួល​ការពិនិត្យ ​និងភាព​ធូរស្បើយ។ ជា​ច្រើន​ដង វា​មិន​បាត់​ទៅ​ណា​ទេ​ ប៉ុន្តែ ​អ្នកអាច​ធ្វើការ​រួម​គ្នា​ជាមួយ​អ្នក​ចិត្តសាស្រ្ត ​ដើម្បី​ណែនាំ​កូន​អំពី​វិធី​ដោះស្រាយ​បញ្ហា​សុខភាព​ផ្លូវចិត្ត​របស់​ពួកគេ ​ហើយ​នៅ​តែ​រស់​នៅ​ក្នុង​ជីវិត​ដ៏​មានន័យ ​និង​រីករាយ។

ចំណុច​សំខាន់​មួយ ដែល​ឪពុក​ម្តាយ​ត្រូវ​ដឹង​នោះ​គឺ​ថា ​នៅពេល​ដែល​កូន​មាន​បញ្ហា​សុខភាព​ផ្លូវចិត្ត ​វា​មិន​បាត់​ទៅ​ដោយ​ឯកឯង​នោះ​ទេ។ វា​អាចនឹង​កាន់​តែ​អាក្រក់​ទៅៗ។ ដូច្នេះ​ វា​មាន​សារៈសំខាន់​ខ្លាំង​ណាស់​ដែល​វា​ត្រូវបាន​ដោះស្រាយ​ឱ្យ​បាន​ឆាប់ ​ដើម្បី​កុមារ​អាច​មាន​កុមារភាព​ដ៏​រីករាយ និង​រីកចម្រើន​ទៅជា​មនុស្ស​ពេញវ័យ​ ដែល​មាន​ជំនាញ​ដ៏​មាន​ប្រសិទ្ធភាព​ក្នុង​ការដោះស្រាយ​បញ្ហា​សុខភាព​ផ្លូវចិត្ត​របស់​ពួកគេ។

ពួកគាត់​បាន​ផ្ដាំ​ទៅ​ឪពុក​ម្ដាយ​ទាំងអស់​ថា​៖ «បញ្ហា​អាកប្បកិរិយា​ ដែល​កូន​របស់​អ្នក​បង្ហាញ​ ជួនកាល​ជា​សញ្ញា​នៃ​បញ្ហា​សុខ​ភាព​ផ្លូវចិត្ត ​មិនមែន​ភាព​កំហូច ឬ​ចង់​បោកប្រាស់​យើង​នោះ​ទេ​។ ឪពុក​ម្តាយ​គឺជា​មនុស្ស​តែ​ម្នាក់​គត់​ ដែល​អាច​ជួយ​កូន និង​ផ្តល់​ការគាំទ្រ​ពេញ​លេញ​ដល់​ពួក​គេ។​ ដូច្នេះ ​ប្រសិន​បើ​យើង​សង្ស័យ​ថា​ កូន​យើង​មាន​បញ្ហា​សុខភាព​ផ្លូវចិត្ត​ គួរតែ​ឱ្យ​កូន​ត្រូវ​បាន​វាយ​តម្លៃ​ដោយ​អ្នក​ចិត្តសាស្រ្ត។ បើ​គ្មាន​បញ្ហា​ទេ​ជា​ការល្អ។ តែ​ប្រសិន​បើ​មាន​ ការអន្តរាគមន៍​ទាន់​ពេលវេលា ​គឺ​តែង​តែ​ជា​ជម្រើស​ដ៏​ល្អ​បំផុត​សម្រាប់​កុមារ»។

លោក​ថា​៖ «វា​ដូច​បញ្ហា​រាងកាយ​អ៊ឹចឹង។ ​បើ​យើង​អត់​ព្យាយាម​ព្យាបាល​វា​ទេ យើង​ទុក​ឱ្យ​វា​ធ្ងន់ធ្ងរ ​រហូតដល់​មាន​ការប្រើ​ប្រាស់​ថ្នាំ ​ការចំណាយ​របស់​យើង​ខ្ពស់ ​អាច​គ្រោះថ្នាក់​ដល់​អាយុ​ជីវិត​ និង​ពិបាក​ឱ្យ​អ្នកជំងឺ​ត្រឡប់​មក​រក​សភាព​ដើម​វិញ​ណាស់»៕