
អ្នកចូលរួមក្នុងពិធីនៅសាកលវិទ្យាល័យភូមិន្ទភ្នំពេញ កាលពីថ្ងៃទី ២៩ ខែមិថុនា។ ឈន ណន
ភ្នំពេញៈ មន្រ្តីក្រសួងអប់រំ យុវជន និងកីឡា បានលើកទឹកចិត្ត និងជំរុញឱ្យគ្រប់គ្រឹះស្ថានឧត្តម និងមធ្យមសិក្សា ចូលរួមអភិវឌ្ឍវិស័យអប់រំកាយ និងកីឡាឱ្យបានត្រឹមត្រូវ ព្រោះការអប់រំកាយ និងកីឡា ត្រូវបានចាត់ទុកថា ជាផ្នែកមួយយ៉ាងសំខាន់ នៅក្នុងការអប់រំ ដើម្បីបណ្តុះបណ្តាលបាននូវធនធានមនុស្សប្រកបដោយគុណភាពខ្ពស់ សម្រាប់ចូលរួមទ្រទ្រង់ និងកសាងប្រទេសជាតិ។
នៅក្នុងពិធីបិទការប្រកួតកីឡាឧត្តមសិក្សា និងមធ្យមសិក្សាបច្ចេកទេសប្រចាំឆ្នាំ ២០២២ នៅសាកលវិទ្យាល័យភូមិន្ទភ្នំពេញ កាលពីល្ងាចថ្ងៃទី ២៩ មិថុនា លោក ប៊ូ ជុំសេរី អនុរដ្ឋលេខាធិការក្រសួងអប់រំ បានថ្លែងថា៖ «ការប្រកួតកីឡាកម្រិតសាកលវិទ្យាល័យនេះ នឹងផ្តល់ឱ្យយុវជន យុវនារីរបស់យើង នូវការអប់រំកាយ សម្បទា អត្តចរឹត បុគ្គលិកលក្ខណៈ ដើម្បីត្រៀមខ្លួន ធ្វើយ៉ាងណាឱ្យក្លាយជាពលរដ្ឋល្អ មានសមត្ថភាព អាចការពារជាតិមាតុភូមិ ទៅថ្ងៃអនាគតបាន»។
លោកបន្តថា៖ «តាងនាមឱ្យឯកឧត្តមបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន រដ្ឋមន្ត្រីក្រសួងអប់រំ និងឯកឧត្តមរដ្ឋលេខាធិការ ស សុខា ទទួលបន្ទុក និងជាប្រធានរៀបចំការប្រកួតនេះ ខ្ញុំសូមផ្តាំផ្ញើដល់តំណាងគ្រឹះស្ថានសិក្សាទាំងអស់ សូមមេត្តាយកចិត្តទុកដាក់អភិវឌ្ឍសកម្មភាពអប់រំកាយនិងកីឡា នៅក្នុងម៉ោង និងក្រៅម៉ោងសិក្សា ក្នុងគ្រឹះស្ថានសិក្សារបស់ខ្លួនផង ព្រោះការអប់រំកាយ និងកីឡា ជាសមាសភាពមួយយ៉ាងសំខាន់ នៅក្នុងវិស័យអប់រំរបស់យើង។
លោកបន្ថែមថា៖ «យើងបានចាត់ទុកថា ការអប់រំកាយ និងកីឡា ជាសមាសភាព ១ ក្នុងចំណោមសមាសភាពទាំង៥ក្នុងការអប់រំ គឺអប់រំបញ្ញា អប់រំសីលធម៌ អប់រំសុខភាព អប់រំវិជ្ជាជីវៈ និងអប់រំនូវសោភណ្ឌភាព ហើយក្នុងនេះ ការអប់រំកាយ និងកីឡានេះ សំខាន់ណាស់ ទាំងក្នុងមធ្យមសិក្សាក្តី និងឧត្តមសិក្សាក្តី ព្រោះបើយើងមានសញ្ញាបត្រ ការចេះដឹងផ្នែកបច្ចេកទេស និងវិទ្យាសាស្រ្តថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់និងបណ្ឌិតហើយ មានសីលធម៌ហើយ តែសុខភាពយើង មិនមាំមួន នោះយើងនឹងមិនអាចក្លាយខ្លួនជាធនធានដ៏ល្អ សម្រាប់កសាងប្រទេសជាតិ នោះទេ។ ដូច្នេះការអនុវត្តសកម្មភាពអប់រំកាយ និងកីឡា ក្នុងម៉ោងនិងក្រៅម៉ោងសិក្សានេះ ដើរតួនាទីសំខាន់ណាស់ នៅក្នុងការកសាងធនធានមនុស្ស»។
សម្រាប់ការប្រកួតកីឡាឧត្តមសិក្សា និងមធ្យមសិក្សាបច្ចេកទេស ឆ្នាំ ២០២២ ដែលទើបបានបញ្ចប់ កាលពីថ្ងៃទី ២៩ ខែមិថុនា មានការប្រកួតប្រជែង លើប្រភេទកីឡាចំនួន ១២ ក្នុងនោះមានបាល់ទះ បាល់ទាត់ បាល់បោះ អត្តពលកម្ម ប៉េតង់ តេក្វាន់ដូ (WT) តេក្វាន់ដូ (ITF) វាយសី វាយកូនឃ្លីលើតុ ហែលទឹក ការ៉ាតេ និងសីប៉ាក់តាក្រ ហើយព្រឹត្តិការណ៍នេះ មានគ្រឹះស្ថានឧត្តមសិក្សា និងមធម្យមសិក្សាចំនួន ៣៨ បានចូលរួម ដែលចំនួននេះ ច្រើនជាងការប្រកួតមុនៗ ដែលមានត្រឹមជាង ២០ គ្រឹះស្ថានសិក្សាប៉ុណ្ណោះ។
តែទោះបីជាយ៉ាងណា លោក ប៊ូ ជុំសេរី បានអះអាងថា ចំនួនគ្រឹះស្ថានសិក្សា ដែលបានចូលរួមនេះ នៅមានកម្រិតទាប។
លោកបញ្ជាក់ថា៖ «បច្ចុប្បន្ន យើងកំពុងជួបប្រទះការលំបាក និងការប្រឈម ព្រោះថា នៅក្នុងប្រទេសកម្ពុជារបស់យើង មានគ្រឹះស្ថានឧត្តមសិក្សា និងមធ្យមសិក្សា ទាំងរដ្ឋ និងឯកជន ជាង ១០០ ប៉ុន្តែការចូលរួមក្នុងសកម្មភាពអប់រំកាយ និងកីឡា ដែលរៀបចំឡើងដោយក្រសួងអប់រំ កាលពីមុនកូវីដ ១៩ មានតែជាង ២០ គ្រឹះស្ថានសិក្សាទេ គឺនេះជាលើកទី១ ហើយ ដែលមានការចូលរួមដល់ ៣៨ គ្រឹះស្ថានសិក្សា»។
លោកបានបន្តថា៖ «តែទោះបីជាយ៉ាងនេះក្តី បើប្រៀបធ្រៀបទៅនឹងចំនួនគ្រឹះស្ថានទាំងអស់ នៅកម្ពុជា ឃើញថា ការចូលរួមនេះ នៅមានកម្រិតទាបនៅឡើយ ហេតុនេះខ្ញុំសូមយកឱកាសនេះ អំពាវនាវចំពោះថ្នាក់ដឹកនាំនៅតាមគ្រឹះស្ថានសិក្សាទាំងអស់ សូមចូលរួមអភិវឌ្ឍវិស័យអប់រំកាយ និងកីឡា ដោយបង្កើតឱ្យមានសមាគមកីឡា នៅតាមគ្រឹះស្ថានសិក្សារបស់ខ្លួន ហើយបង្កលក្ខណៈឱ្យមានសកម្មភាពហាត់ហ្វឹកហ្វឺន នៅក្នុងម៉ោងនិងក្រៅម៉ោងសិក្សា និងចូលរួមការប្រកួតឱ្យបានត្រឹមត្រូវ»។
ជាមួយគ្នានេះ លោក ប៊ូ ជុំសេរី បានបង្ហើបថា នៅក្នុងសេចក្តីព្រាងច្បាប់របស់ក្រសួងអប់រំ គឺក្រសួងបានព្រាងនូវចំណុចមួយថា គ្រប់គ្រឹះស្ថានសិក្សាទាំងអស់ នៅកម្ពុជា ត្រូវតែបង្កើតសមាគមកីឡា នៅក្នុងគ្រឹះស្ថានរបស់ខ្លួន នេះជាច្បាប់ ដែលត្រូវអនុវត្ត។
ទន្ទឹមនឹងនេះ រដ្ឋមន្រ្តីក្រសួងអប់រំ លោក ហង់ជួន ណារ៉ុន ក៏បានអះអាង នៅក្នុងពិធីបើកការប្រកួតកីឡាឧត្តមសិក្សា និងមធ្យមសិក្សាបច្ចេកទេសប្រចាំឆ្នាំ២០២២ កាលពីថ្ងៃទី២២ ខែមិថុនា ថា ក្រសួងអប់រំ បានឈានដល់ការធ្វើកំណែទម្រង់ស៊ីជម្រៅ ក្នុងការអភិវឌ្ឍនិងលើកកម្ពស់វិស័យកីឡា នៅក្នុងស្ថាប័នរដ្ឋ ដើម្បីឈានទៅប្រកួតស៊ីហ្គេម លើកទី៣២ ឆ្នាំ២០២៣ ដែលកម្ពុជាត្រូវធ្វើម្ចាស់ផ្ទះ ជាប្រវត្តិសាស្រ្ត លើកដំបូង ផងដែរ។
លោករដ្ឋមន្រ្តីបានថ្លែងថា៖ «ក្រសួងបានរៀបចំគោលនយោបាយកីឡាជាតិ ស្តីពីការអភិវឌ្ឍវិស័យអប់រំកាយ និងកីឡា និងបានធ្វើកំណែទម្រង់ស៊ីជម្រៅការងារអប់រំកាយ និងកីឡា ចំនួន៤ចំណុច ដើម្បីលើកកម្ពស់វិស័យកីឡា ឆ្ពោះទៅឆ្នាំ ២០២៣ គឺទី១ ការជួសជុលកែលម្អ និងកសាងហេដ្ឋារចនាសម្ព័ន្ធកីឡា ទី២ ការបណ្តុះបណ្តាលធនធានមនុស្ស ទី៣ ការកែលម្អរចនាសម្ព័ន្ធនៃការប្រកួតនិងទី៤ ការពង្រឹងសហព័ន្ធកីឡាជាតិ ហើយក្រសួង ក៏បានដាក់នូវកំណែទម្រង់ ការប្រកួតកីឡាគ្រប់កម្រិត ក្នុងការរៀបចំឱ្យមានគុណភាព មានលក្ខណៈជាហ្គេម ផងដែរ»។
លោក ហង់ជួន ណារ៉ុន បន្ថែមថា៖ «លើសពីនេះ ក្រសួងអប់រំ បានដាក់ចេញនូវគោលនយោបាយជាតិ ស្តីពីការអភិវឌ្ឍវិស័យអប់រំកាយ និងកីឡា និងផែនការមេឆ្ពោះទៅរៀបចំការប្រកួតស៊ីហ្គេម ឆ្នាំ ២០២៣ ជាពិសេស គឺអនុវត្តតាមអនុសាសន៍ដ៏ខ្ពង់ខ្ពស់របស់ប្រមុខរាជរដ្ឋាភិបាលកម្ពុជា ក្នុងការជំរុញលើការផ្សព្វផ្សាយនូវពាក្យស្លោក ប្រជាជនម្នាក់លេងកីឡាមួយប្រភេទប្រចាំជីវិត ដែលត្រូវផ្តួចផ្តើមចេញពីការអនុវត្តកីឡាក្រៅម៉ោងសិក្សា នៅក្នុងគ្រឹះស្ថានសិក្សាគ្រប់កម្រិត។ នេះបង្ហាញថា កម្ពុជាបានត្រៀមខ្លួនរួចជាស្រេច ក្នុងព្រឹត្តិការណ៍ស៊ីហ្គេម ដ៏អស្ចារ្យនេះ»៕