ភ្នំពេញៈ វ៉ាក់សាំងកូវីដ ១៩ ដែលរដ្ឋាភិបាលចិនផ្តល់ជូនដល់អាស៊ានចំនួន ២ លានដូស សម្រាប់មីយ៉ាន់ម៉ា នាទីក្រុងយ៉ាំងហ្គោន នឹងត្រូវធ្វើការចាក់ជូនប្រជាពលរដ្ឋក្នុងប្រទេសមីយ៉ាន់ម៉ា ជាពិសេសនៅតំបន់ដែលពិបាកទៅដល់ ក្រោមយន្តការ ៥០:៥០ នៃក្របខ័ណ្ឌចាក់វ៉ាក់សាំងរួមគ្នា របស់ក្រសួងសុខាភិបាល និងដៃគូដែលត្រូវបានផ្តួចផ្តើមឡើងដោយកម្ពុជា។
យោងតាមសេចក្តីប្រកាសព័ត៌មានរបស់អាស៊ានបានឱ្យដឹងថា នៅថ្ងៃទី ៣០ ខែមិថុនា នៅក្រោមផ្នែកមួយនៃការអនុវត្តកិច្ចព្រមព្រៀងជាឯកច្ឆន្ទ ៥ ចំណុចរបស់អាស៊ាន ដែលបានអនុម័តក្នុងកិច្ចប្រជុំប្រមុខដឹកនាំអាស៊ាន បានប្រគល់អំណោយវ៉ាក់សាំងបង្ការជំងឺកូវីដ ១៩ របស់រដ្ឋាភិបាលចិន ជូនដល់អាស៊ានសម្រាប់មីយ៉ាន់ម៉ា ជូនដល់ភាគីមីយ៉ាន់ម៉ា នៅទីក្រុង យ៉ាំងហ្គោន។
ពិធីប្រគល់វ៉ាក់សាំងនេះ មានការចូលរួមពី លោក ប្រាក់ សុខុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ និងជាប្រេសិតពិសេស ប្រធានអាស៊ាន លោក ឯកផាប់ ផាន់ថាវង្ស អគ្គលេខាធិការរងអាស៊ានទទួលបន្ទុកសហគមន៍សង្គម-វប្បធម៌អាស៊ាន (ASCC) ព្រមទាំង លោក ឆិន ហៃ ឯកអគ្គរដ្ឋទូតវិសាមញ្ញ និងពេញសមត្ថភាពនៃសាធារណរដ្ឋប្រជាមានិតចិនប្រចាំមីយ៉ាន់ម៉ា។
សេចក្តីប្រកាសព័ត៌មានបានបញ្ជាក់ថា៖ «វ៉ាក់សាំងចំនួន ២ លានដូស នឹងត្រូវចាក់ជូនប្រជាជនក្នុងប្រទេសមីយ៉ាន់ម៉ា ជាពិសេសនៅតំបន់ដែលពិបាកទៅដល់ ក្រោមយន្តការ ៥០:៥០ នៃក្របខ័ណ្ឌចាក់វ៉ាក់សាំងរួមគ្នា របស់ក្រសួង សុខាភិបាល និងដៃគូដែលត្រូវបានផ្តួចផ្តើមឡើងដោយកម្ពុជា ព្រមទាំងត្រូវបានអនុម័តនៅក្នុងកិច្ចពិគ្រោះយោបល់ ស្តីពីជំនួយមនុស្សធម៌របស់អាស៊ានដល់មីយ៉ាន់ម៉ា កាលពីថ្ងៃទី ៦ ខែ ឧសភា ឆ្នាំ ២០២២ នៅភ្នំពេញ»។
ទាក់ទងនឹងសេចក្តីលម្អិត នៃការផ្តល់និងការគ្រប់គ្រងវ៉ាក់សាំងនេះនឹងត្រូវបានកំណត់នៅពេលក្រោយ ដោយមជ្ឈមណ្ឌលសម្របសម្រួលអាស៊ាន សម្រាប់ជំនួយមនុស្សធម៌និងការគ្រប់គ្រងគ្រោះមហន្តរាយ (AHA Centre) នៃលេខាធិការដ្ឋាន អាស៊ាន ក្រសួងសុខាភិបាលមីយ៉ាន់ម៉ា រដ្ឋាភិបាលចិន និងដៃគូពាក់ព័ន្ធ ដោយគ្មានភាពលម្អៀង ព្រមជាមួយនឹងគោលបំណងតែ ១ គត់គឺ «មិនទុកនរណាម្នាក់នៅមីយ៉ាន់ម៉ាចោលនោះទេ»។
នៅក្នុងពិធីនេះ លោក ប្រាក់ សុខុន បានលើកឡើងថា៖ «ជំនួយមនុស្សធម៌មិនគួរត្រូវបានលាបពណ៌អ្វីឡើយ។ ភាគីពាក់ព័ន្ធទាំងអស់ រួមទាំងដៃគូខាងក្រៅ គួរតែទុកមួយឡែកនូវការខ្វែងគំនិតផ្នែកនយោបាយ ហើយប្រមូលផ្តុំគ្នានៅក្រោមឆត្រមនុស្សធម៌ ដើម្បីកែលម្អស្ថានភាពជាក់ស្តែងបន្តិចម្តងៗ»។
លោក ប្រាក់ សុខុន បានបន្ថែមថា មិនថា ផ្នែកណាមួយ នៃប្រទេសមីយ៉ាន់ម៉ា នោះទេ គឺសុទ្ធតែមានសារៈសំខាន់ ទាំងអស់ ហើយអ្វីដែលសំខាន់បំផុតជាងគេនោះគឺថា ត្រូវតែបោះជំហានដំបូងទៅមុខ។
ពិធីប្រគល់ជំនួយជាវ៉ាក់សាំងនេះ គឺជាសក្ខីភាពនៃការប្តេជ្ញាចិត្តរួមរបស់អាស៊ាន ក្នុងការអនុវត្តកិច្ចព្រមព្រៀងជាឯកច្ឆន្ទ ៥ ចំណុច ដោយមានការគាំទ្រពីដៃគូសន្ទនា ដូចជាប្រទេសចិន និងដៃគូខាងក្រៅដទៃទៀត ដើម្បីលើកកម្ពស់មជ្ឈភាព របស់អាស៊ានក្នុងការដោះស្រាយបញ្ហាដែលជាកង្វល់រួមនៅក្នុងតំបន់។ នេះបើតាម សេចក្តីប្រកាសព័ត៌មានអាស៊ាន។
គួរបញ្ជាក់ថា មជ្ឈមណ្ឌល AHA និងក្រសួងសុខាភិបាលមីយ៉ាន់ម៉ា បានព្រមព្រៀងគ្នាអនុវត្តក្របខ័ណ្ឌចាក់វ៉ាក់សាំងរួមគ្នារវាងក្រសួងសុខាភិបាលមីយ៉ាន់ម៉ានិងដៃគូ នៅតំបន់ដែលពិបាកទៅដល់។ នៅក្រោមក្របខ័ណ្ឌនេះ ក្រុមការងារប្រតិបត្តិដែលមាន ៥០ ភាគរយ មកពីក្រសួងសុខាភិបាលមីយ៉ាន់ម៉ា និង ៥០ ភាគរយទៀតមកពីដៃគូប្រតិបត្តិ នឹងត្រូវបញ្ជូនទៅផ្តល់វ៉ាក់សាំងនៅសហគមន៍ដែលត្រូវការចាំបាច់។
លោក យង់ ពៅ អគ្គលេខាធិការរាជបណ្ឌិត្យសភាកម្ពុជា បានប្រាប់ ភ្នំពេញ ប៉ុស្តិ៍ នៅថ្ងៃទី ៣០ ខែមិថុនាថា ការបំពេញទស្សនកិច្ចរបស់ប្រេសិតពិសេសអាស៊ាននាពេលនេះ ជាការបង្ហាញនូវកិច្ចខិតខំប្រឹងប្រែងនូវការព្រមព្រៀងជាឯកច្ឆន្ទ ៥ ចំណុចរបស់ថ្នាក់ដឹកនាំអាស៊ានផងដែរ។
លោកបានថ្លែងថា៖ «ការនាំយកវ៉ាក់សាំងចាក់ជូនប្រជាពលរដ្ឋក្នុងប្រទេសភូមា ដោយមិនមានការប្រកាន់នូវនិន្នាការ គឺជាចំណុចល្អមួយ សម្រាប់ប្រជាជនភូមា ក្នុងការទប់ស្កាត់នូវបញ្ហាកូវីដនេះ ហើយចំណុចសំខាន់មួយទៀត គឺការអនុវត្តនូវកិច្ចខិតខំប្រឹងប្រែង នូវការឯកភាពជាឯកច្ឆន្ទ ៥ ចំណុច របស់ថ្នាក់ដឹកនាំអាស៊ាន»។
លោក យង់ ពៅ បានបញ្ជាក់ថា កម្ពុជាមានបទពិសោធក្នុងការចាក់វ៉ាក់សាំងកូវីដ ១៩ ដែលដំបូងគេ គឺការចាក់វ៉ាក់សាំងរបស់សាធារណរដ្ឋប្រជាមានិតចិននេះតែម្តង ដែលដំបូងក៏មានការរិះគន់ផងដែរ ប៉ុន្តែកម្ពុជាបានជម្នះរហូតធ្វើឱ្យកម្ពុជាអាចគ្រប់គ្រងបាននូវការចាក់វ៉ាក់សាំង ហើយអាចធ្វើឱ្យកម្ពុជាវិលត្រឡប់មករកប្រក្រតីភាពវិញ។
លោកបញ្ជាក់ថា៖ «ជារួម ខ្ញុំអបអរសាទរ នូវការសម្រេចចិត្តរបស់ថ្នាក់ដឹកនាំអាស៊ាន ដែលបានផ្តល់នូវវ៉ាក់សាំងជូនប្រជាពលរដ្ឋក្នុងប្រទេសភូមានេះ»។
គួរបញ្ជាក់ផងដែរថា លោក ប្រាក់ សុខុន និងប្រតិភូជាន់ខ្ពស់ អមដំណើរដោយ លោក ឯកផាប់ ផាន់ថាវង់ អគ្គលេខាធិការរងអាស៊ាន ទទួលបន្ទុកសហគមន៍ សង្គមវប្បធម៌អាស៊ាន បានចាកចេញពីកម្ពុជានៅថ្ងៃទី ២៩ ខែមិថុនា ដើម្បីបំពេញទស្សនកិច្ចលើកទី២ នៅមីយ៉ាន់ម៉ារយៈពេល ៥ ថ្ងៃ ពីថ្ងៃទី ២៩ ខែមិថុនាដល់ថ្ងៃទី ៣ ខែកក្កដា។
ដំណើរទស្សនកិច្ចលើកទី២ របស់ប្រេសិតពិសេសរបស់ប្រធានអាស៊ានទៅកាន់មីយ៉ាន់ម៉ា មានគោលបំណងតាមដានវឌ្ឍនភាពនៃការអនុវត្តកិច្ចព្រមព្រៀងជាឯកច្ឆន្ទ ៥ ចំណុច៕