ជាមួយ​បទពិសោធ​ជាង​ ២៥ ​ឆ្នាំ​ក្នុង​វិស័យ​សុខភាព​សាធារណៈ លោកស្រី លី អៃឡែន (Li Ailan) ​បាន​ក្លាយជា​តំណាង​​របស់​អង្គការ​សុខភាព​ពិភពលោក​ (WHO) ​ប្រចាំ​កម្ពុជា​តាំងពី​ខែ​កក្កដា ឆ្នាំ​ ២០១៩ មក​ម្ល៉េះ​។

លោកស្រី លី អៃឡែន បាន​លើកឡើង​ថា លោកស្រី​ចាប់​អារម្មណ៍​ខ្លាំង​លើ​ជំងឺឆ្លង​ដែល​កំពុង​កើតឡើង និង​ការគ្រប់គ្រង​ហានិភ័យ​ក្នុង​ពេល​មាន​អាសន្ន​ដោយបាន​ធ្វើការ​យ៉ាង​ជិតស្និទ្ធ​ជាមួយ​ក្រសួង​សុខាភិបាល​កម្ពុជា អំឡុងពេល​មាន​ជំងឺ​រាតត្បាត​​កូវីដ​ ១៩​។ លោកស្រី​បាន​ថ្លែងថា​៖ «​ខ្ញុំ​មាន​មោទនភាព​ណាស់​ដែល​បាន​ក្លាយជា​ផ្នែក​មួយ​នៃ​អង្គការ​ WHO នៅក្នុង​ប្រទេស​ដ៏​អស្ចារ្យ​មួយ​នេះ​»​។

លោកស្រី​ដែល​បាន​បម្រើ​ការឱ្យ​អង្គការ​ WHO ​អស់​រយៈពេល​ជាង ១៥​ ឆ្នាំ​មកហើយ​នោះ​បាន​ថ្លែងថា ធ្វើការ​ជាមួយ​ក្រសួង​សុខាភិបាល​គឺជា​បទពិសោធ​ដ៏មាន​តម្លៃ​ដែល​មិនអាច​កាត់ថ្លៃ​បាន​។

ភ្នំពេញ​ប៉ុស្តិ៍​បាន​សម្ភាស​លោកស្រី​អំពី​បទពិសោធ​របស់​លោកស្រី​ដែល​បាន​ធ្វើការ​ជាមួយ​រដ្ឋាភិបាល និង​ក្រសួង​សុខាភិបាល​កម្ពុជា​ ជាពិសេស​ក្នុង​អំឡុងពេល​មាន​បញ្ហា​សុខភាព​ជា​សកល​នេះ​។

តើ​ការធ្វើការ​ជាមួយ​ក្រសួង​សុខាភិបាល​កម្ពុជា​ ដើម្បី​ប្រយុទ្ធ​នឹង​ជំងឺ​កូវីដ​ ១៩ ​យ៉ាងណា​ដែរ​?

ខ្ញុំ​បាន​ធ្វើការ​យ៉ាង​ជិតស្និទ្ធ​ជាមួយ​សមភាគី​ជាតិ​របស់​យើង ជាពិសេស​ក្រសួង​សុខាភិបាល​ ដើម្បី​ឆ្លើយតប​នឹង​បញ្ហា​ប្រឈម​នៃ​ជំងឺ​កូវីដ​ ១៩ ដែលជា​ការលើក​ទឹកចិត្ត និង​ពេញចិត្ត​យ៉ាងខ្លាំង​ដូចដែល​បានឃើញ​ពី​ការរួម​ចំណែក​របស់​យើង​ដែល​មាន​ឥទ្ធិពល​ជា​វិជ្ជមាន​ក្នុង​ការលើក​កម្ពស់​សុខភាព​ធ្វើឱ្យ​ប្រទេស​កម្ពុជា​កាន់តែ​មាន​សុវត្ថិភាព និង​ការពារ​ជន​ងាយ​រងគ្រោះ​ក្នុងអំឡុង​ពេលវេលា​ដ៏លំបាក​នៃ​ជំងឺ​រាតត្បាត​នេះ​។

ការប្រយុទ្ធ​ប្រឆាំង​ជំងឺ​កូវីដ​ ១៩ ​គឺជា​ចំណុច​ស្នូល​នៃ​ការងារ​របស់​​យើង​ជាមួយ​ក្រសួង​សុខាភិបាល​​ និង​មាន​ច្រើន​ទៀត​។

ដោយ​សហការ​ជាមួយ​ក្រសួង​សុខាភិបាល​យើង​ក៏បាន​ធ្វើការ​​លើ​គម្រោង «health beyond the health sector» ក្នុង​ភាព​ជា​ដៃគូ​លើ​ការប្រយុទ្ធប្រឆាំង​ជំងឺ​កូវីដ​ ១៩​ រួមទាំង​ការត្រៀម​ខ្លួន​នៅ​មូលដ្ឋាន​ក៏ដូចជា រៀបចំ​កម្មវិធី និង​សេវាកម្ម​សុខភាព​សំខាន់ៗ​ដូចជា កម្មវិធី​លុបបំបាត់​ជំងឺគ្រុនចាញ់ លើកកម្ពស់​សុខភាព​​មាតា និង​ទារក និង​លើកកម្ពស់​សុខភាព​ផ្លូវចិត្ត​ (MHPSS) ​ព្រមទាំង​ការការពារ និង​គ្រប់គ្រង​ជំងឺមិនឆ្លង ​(NCD) ​ជាដើម​។

យើង​មាន​ឱកាស​ដ៏​អស្ចារ្យ​ក្នុង​​ការស្តាប់ ស្វែងយល់ និង​និយាយ​ដោយផ្ទាល់​ជាមួយ​ប្រជាជន​កម្ពុជា​​ដែល​យើង​បម្រើ គឺជា​បទពិសោធ​​ និង​ការលើក​ទឹកចិត្ត​ដ៏​ល្អ​បំផុត​មួយ​ សម្រាប់​ខ្ញុំ​នៅ​កម្ពុជា​។ បេសកកម្ម​នៅ​មូលដ្ឋាន​ ដើម្បី​ប្រយុទ្ធ​ប្រឆាំង​ជំងឺ​កូវីដ​ ១៩ និង​សកម្មភាព​ជាច្រើន​ទៀត​បាន​បង្រៀន​ខ្ញុំ​ជាច្រើន​អំពី​ប្រទេស​កម្ពុជា​ដ៏ស្រស់ស្អាត​នេះ​។

ខ្ញុំ​ទន្ទឹងរង់ចាំ​បន្ត​ទំនាក់​ទំនង​ការងារ​ដ៏​ល្អ​នេះ​ជាមួយ​ក្រសួង​សុខាភិបាល សម្រាប់​ពេល​អនាគត ដោយ​ប្រើប្រាស់​សម្ទុះ​នៃ​ការឆ្លើយតប​ចំពោះ​ជំងឺ​កូវីដ​ ១៩ ​ដើម្បី​ពង្រឹង​ប្រព័ន្ធ​សុខាភិបាល​កម្ពុជា ព្រមទាំង​ផ្តោតលើ​ការថែទាំ​សុខភាព​បឋម​ (PHC) ​ជា​មូលដ្ឋានគ្រឹះ​សម្រាប់​ការធានា​រ៉ាប់រង​សុខភាព​ជា​សកល​ (UHC)​។ វិធីសាស្ត្រ​នេះ​ត្រូវបាន​​គេ​ហៅថា ការថែទាំ​សុខភាព​បឋម​ (Cambodia PHC Booster)​។

ក្រោម​ការដឹកនាំ​របស់​រាជរដ្ឋាភិបាល​កម្ពុជា និង​ក្រសួង​សុខាភិបាល យើង​នឹង​បន្ត​ផ្តល់​អនុសាសន៍​ជា​យុទ្ធសាស្ត្រ និង​ជំនួយ​​បច្ចេកទេស​របស់​យើង​ ដើម្បី​លើកកម្ពស់​ការត្រៀម​លក្ខណៈ​ទាំង​ថ្នាក់ជាតិ និង​ថ្នាក់​មូលដ្ឋាន​ក្នុង​ករណី​មាន​អាសន្ន​ផ្នែក​សុខភាព​នាពេល​ខាងមុខ​។

តើ​លោកស្រី​យល់​យ៉ាងណា​​ដែរ​ចំពោះ​វិធីសាស្ត្រ​ដែល​រដ្ឋាភិបាល និង​ក្រសួង​សុខាភិបាល​កម្ពុជា​បាន​អនុវត្ត​ក្នុង​ការ​ប្រយុទ្ធ​ប្រឆាំងនឹង​ជំងឺ​កូវីដ​ ១៩?

រាជរដ្ឋាភិបាល​កម្ពុជា ក្រសួង​សុខាភិបាល និង​ប្រជាជន​កម្ពុជា គួរតែ​ត្រូវបាន​កោតសរសើរ​ដោយ​ស្មោះ​ចំពោះ​ការឆ្លើយតប​នឹង​ជំងឺ​កូវីដ ​១៩ ជាពិសេស​ការចាក់​វ៉ាក់សាំង​ដ៏គួរឱ្យ​កត់សម្គាល់​។

ក្រោម​ការដឹកនាំ​ដ៏​រឹងមាំ​របស់​រាជរដ្ឋាភិបាល ប្រទេស​កម្ពុជា​បាននិង​កំពុង​អនុវត្ត​វិធីសាស្ត្រ​ទាំង​រដ្ឋាភិបាល និង​សង្គម​​ទាំងមូល​ចំពោះ​ការឆ្លើយតប​ជំងឺ​រាតត្បាត​មួយ​នេះ​។

យើង​អាច​មើលឃើញ​លទ្ធផល​វិជ្ជមាន​ពី​កិច្ចប្រឹងប្រែង​ដ៏ខ្លាំងក្លា​របស់​កម្ពុជា និង​ការរួម​គ្នា​ប្រយុទ្ធ​ប្រឆាំងនឹង​ជំងឺ​នេះ​។ ខ្ញុំ​រីករាយ​ចំពោះ​ប្រជាជន​កម្ពុជា ដោយសារ​បច្ចុប្បន្ន​មនុស្ស​កាន់តែ​ច្រើន​អាច​រស់នៅ​ជាធម្មតា​តាម​បែប​គន្លង​ថ្មី ដូចជា​ការបើក​សាលារៀន​ឡើងវិញ​ប្រកប​ដោយ​​សុវត្ថិភាព និង​ការស្តារ​អាជីវកម្ម​ឡើងវិញ​សន្សឹមៗ​ជាដើម​។

តាម​ទស្សនៈ​របស់​ខ្ញុំ​ការដឹកនាំ​របស់​រដ្ឋាភិបាល ការចូលរួម​ពី​សាធារណជន កិច្ចសហការ និង​សាមគ្គីភាព គឺជា​កត្តា​ដ៏សំខាន់​​ក្នុងការ​ឆ្លើយតប​ជំងឺ​កូវីដ​នៅ​កម្ពុជា​បាន​ដោយ​ជោគជ័យ​។

នៅ​កម្ពុជា ការឆ្លើយតប​ជំងឺ​កូវីដ​ ១៩ ​ក៏ត្រូវ​បាន​ធ្វើ​ឡើង​ស្រប​​ពេល​ជាមួយ​ការបន្ត​ផ្តល់​សេវា​សុខភាព​សំខាន់ៗ​ផងដែរ​។ ការចាក់​ថ្នាំ​បង្ការ អំឡុង​ពេល​មាន​ជំងឺ​រាតត្បាត ក៏ដូចជា ការលើក​កម្ពស់​សុខភាព​មាតា និង​ទារក​ និង​ការលុប​បំបាត់​ជំងឺ​គ្រុនចាញ់ នៅតែ​បន្តធ្វើ​ជាប់​ជាប្រចាំ​។

សូម្បីតែ​ក្នុង​អំឡុងពេល​នៃ​ជំងឺ​រាតត្បាត​ក៏​ករណី​ជំងឺ​គ្រុន​ចាញ់​នៅ​កម្ពុជា​បាន​បន្ត​ធ្លាក់ចុះ​ដល់​កម្រិត​មួយ​ទាប​ជា​ប្រវត្តិសាស្ត្រ​ផងដែរ តាមរយៈ​យុទ្ធសាស្ត្រ​លុបបំបាត់​ជំងឺ​គ្រុនចាញ់​ «last mile»​ ប្រកប​ដោយ​ការច្នៃប្រឌិត​របស់​កម្ពុជា​។

តើ​លោកស្រី​វាយតម្លៃ​អាកប្បកិរិយា​របស់​ប្រជាជន​កម្ពុជា​ចំពោះ​​ការការពារ​ខ្លួន​ពី​ជំងឺ​កូវីដ​ ១៩ ​យ៉ាង​ដូចម្តេច​ដែរ​?

សុវត្ថិភាព​ជារួម​ក្នុង​សង្គម​យើង​គឺ​ផ្អែកលើ​សកម្មភាព​បុគ្គល​នីមួយៗ​។ បុគ្គល ក្រុមគ្រួសារ និង​សហគមន៍​មាន​តួនាទី​សំខាន់​ណាស់ ហើយ​យើង​ទាំងអស់​គ្នា​គួរតែ​បង្ហាញ​ពី​ការ​ទទួល​ខុសត្រូវ​សង្គម​ឱ្យ​កាន់តែ​ប្រសើរ​។

ការការពារ​ខ្លួន និង​ក្រុមគ្រួសារ​របស់​យើង​ក៏​មាន​ន័យថា យើង​កំពុង​កាត់បន្ថយ​បន្ទុក​ផ្នែក​សុខភាព​លើ​សង្គម​របស់​យើង​ដែរ​។

តាម​ការសង្កេត​របស់​ខ្ញុំ​ប្រជាជន​កម្ពុជា​បំពេញ​កាតព្វកិច្ច​បានល្អ​​ថ្វីបើ​មាន​បញ្ហា​ប្រឈម​ខ្លះៗ​ក្នុង​​ការប្រយុទ្ធ​នឹង​ជំងឺ​កូវីដ​ ១៩​ ក្តី​។

ឆ្លៀត​ក្នុង​ឱកាស​នេះ​ខ្ញុំ​សូម​អបអរសាទរ និង​ទទួលស្គាល់​កិច្ចខិតខំ​ប្រឹងប្រែង និង​ការរួម​ចំណែក​​របស់​បុគ្គល​គ្រប់រូប​នៅ​កម្ពុជា​ ដើម្បី​កាត់បន្ថយ​ការរីករាលដាល​ជំងឺ​កូវីដ ​១៩​។ យើង​ទាំងអស់​​គ្នា​បាន​ពាក់​ម៉ាស់ រក្សា​គម្លាត រក្សា​អនាម័យ លាងដៃ និង​ស្ថិតនៅ​កន្លែង​ដែលមាន​ខ្យល់​ចេញ​-​ចូល​ល្អ​។ យើង​បានធ្វើ​ទាំងអស់​នេះ គឺ​ដើម្បី​ការពារ​ខ្លួន​យើង គ្រួសារ​យើង និង​សហគមន៍​របស់​យើង​។

ទាក់ទង​នឹង​ជោគជ័យ​នៃ​ការប្រយុទ្ធ​ប្រឆាំង​ជំងឺ​កូវីដ​ ១៩​ តើ​អង្គការ​សុខភាព​ពិភពលោក​បាន​ចូលរួម​ចំណែក​អ្វីខ្លះ​ដល់​ក្រសួង​សុខាភិបាល​?

អង្គការ WHO មាន​តួនាទី​ជា​អាជ្ញាធរ​ដឹកនាំ និង​សម្របសម្រួល​ សម្រាប់​សុខភាព​ក្នុង​ប្រព័ន្ធ​របស់​អង្គការ​សហប្រជាជាតិ​។ អង្គការ WHO មាន​រដ្ឋសមាជិក​ចំនួន​ ១៩៤ រួមជាមួយ​ដៃគូ និង​ប្រជាជន​ដទៃទៀត​ ដើម្បី​​លើកកម្ពស់​សុខភាព រក្សា​ពិភពលោក​ឱ្យមាន​សុវត្ថិភាព និង​បម្រើ​ជន​ដែល​ងាយ​រងគ្រោះ​។

មុខងារ​ស្នូល​របស់​អង្គការ​ WHO រួមមាន ការផ្តល់​ភាពជា​អ្នកដឹកនាំ​លើ​បញ្ហា​សុខភាព​ជា​​សកល ការរៀបចំ​របៀបវារៈ​ស្រាវជ្រាវ​សុខភាព ការកំណត់​បទដ្ឋាន និង​ស្តង់ដា ការបង្ហាញ​ជម្រើស​គោលនយោបាយ​ផ្អែក​លើ​ភាពជាក់ស្តែង ការផ្តល់​ការគាំទ្រ​ផ្នែក​បច្ចេកទេស​ដល់​ប្រទេស​​ផ្សេងៗ និង​ការត្រួតពិនិត្យ និង​វាយតម្លៃ​និន្នាការ​សុខភាព​។

អង្គការ​សុខភាព​ពិភពលោក​នៅ​កម្ពុជា​ដោយ​មាន​ការគាំទ្រ​ពី​ការិយាល័យ​ WHO ​ប្រចាំ​តំបន់​​ប៉ាស៊ីហ្វិក​ខាងលិច ដែល​មាន​មូលដ្ឋាន​នៅ​ទីក្រុង​ម៉ានីល ប្រទេស​ហ្វីលីពីន និង​មាន​ទីស្នាក់ការ​កណ្តាល​នៅ​ទីក្រុង​ហ្សឺណែវ​បាននិង​កំពុង​ធ្វើការ​យ៉ាង​ជិតស្និទ្ធ​ជាមួយ​ក្រសួង​សុខាភិបាល​ ​និង​ដៃគូ​នានា​ក្នុង​ការ​ប្រយុទ្ធ​ប្រឆាំង​នឹង​ជំងឺ​កូវីដ​ ១៩​។

យើង​ក៏​ផ្តោតលើ​ការផ្តល់​ការគាំទ្រ​ផ្នែក​បច្ចេកទេស​ជាប្រចាំ​ និង​ប្រតិបត្តិ​ការឆ្លើយតប​ការសម្របសម្រួល​ជាមួយ​ដៃគូ​សុខភាព និង​ធ្វើជា​ភ្នាក់ងារ​បច្ចេកទេស​នាំមុខ​ សម្រាប់​ការឆ្លើយតប​ផ្នែក​សុខភាព​នៅក្នុង​ប្រព័ន្ធ​របស់​ WHO ​នៅ​កម្ពុជា​។

ជាមួយ​នឹង​កំណើន​យ៉ាង​ឆាប់​រហ័ស​នៃ​ការចាក់​វ៉ាក់សាំង​កូវីដ​ ១៩​ ប្រទេស​កម្ពុជា​បាន​សម្រេច​ដល់​គោលដៅ​របស់​អង្គការ​ WHO ​គឺ​គ្របដណ្តប់​ការចាក់​វ៉ាក់សាំង​បាន​ ៧០ ​ភាគរយ គិត​ត្រឹម​ខែ​​កញ្ញា ឆ្នាំ​ ២០២១ ពោលគឺ​ ៨​ ខែ​មុន​គោលដៅ​នៃ​ខែ​មិថុនា ឆ្នាំ​ ២០២២ ហើយ​គឺជា​ប្រទេស​មួយ​ក្នុង​ចំណោម​ប្រទេស​កំពូលៗ​លើ​ពិភពលោក ដែល​បាន​ចាក់​វ៉ាក់សាំង​កូវីដ​បាន​ច្រើន​បំផុត​។

តើ​លោកស្រី​បាន​យល់ដឹង​អ្វីខ្លះ​អំពី​ប្រទេស​កម្ពុជា​នៅក្នុង​វិស័យ​ថែទាំ​សុខភាព​?

ខ្ញុំ​សង្ឃឹមថា យើង​ទាំងអស់​គ្នា​បាន​ដឹងថា​ «​ប្រសិនបើ​សុខភាព​ស្ថិត​ក្នុង​ហានិភ័យ នោះ​អ្វីៗ​​ក៏​ស្ថិតនៅក្នុង​ហានិភ័យ​ដែរ​» ​រួមទាំង​នៅ​កម្ពុជា​ដែរ ដែល​តម្រូវឱ្យ​មានការ​វិនិយោគ​ច្បាស់លាស់​លើ​វិស័យ​សុខភាព​។

ខ្ញុំ​បាន​ដឹងថា ប្រជាជន​កម្ពុជា​បាន​ឆ្លើយតប​យ៉ាង​ល្អ​ចំពោះ​ជំងឺ​កូវីដ​ ១៩ ជាពិសេស​ការចេញ​ទៅ​ចាក់​វ៉ាក់សាំង​ប្រកប​ដោយ​ជោគជ័យ និង​តួនាទី​​ដ៏សំខាន់​របស់​វិស័យ​សុខាភិបាល​កម្ពុជា​។ ទន្ទឹមនឹងនេះ ប្រជាជន​កម្ពុជា​ក៏​រំពឹង និង​សង្ឃឹម​ចំពោះ​ប្រព័ន្ធ និង​សេវាកម្ម​សុខាភិបាល​កាន់តែ​ល្អ​ផងដែរ នាពេល​អនាគត​៕