
អ្នកចូលរួមកំពុងទស្សនាភាពយន្តខ្នាតខ្លីពីជីវិតអ្នកធ្វើការក្រៅប្រព័ន្ធអំឡុងកូវីដ។ រូប សាមាន
ភ្នំពេញៈ អង្គការអុកស្វាម និងមជ្ឈមណ្ឌលបុប្ផាណា សហការ ផលិត និងសម្ពោធចាក់បញ្ចាំងខ្សែភាពយន្តខ្នាតខ្លីចំនួន ៥ រឿងពាក់ព័ន្ធខ្សែជីវិតពិតរបស់អ្នករកស៊ីសេដ្ឋកិច្ចក្រៅប្រព័ន្ធ ដែលរងគ្រោះក្នុងអំឡុងពេលរីករាលដាលនៃជំងឺកូវីដ ១៩ ដើម្បីបញ្ជ្រាបការយល់ដឹងបន្ថែមពីសារៈសំខាន់នៃរបបកិច្ចគាំពារសង្គមក្នុងប្រទេសកម្ពុជា។
កម្មវិធីសម្ពោធខ្សែភាពយន្តត្រូវបានធ្វើឡើងកាលពីរសៀលថ្ងៃទី ២៩ មិថុនា នៅមជ្ឈមណ្ឌលបុប្ផាណា រាជធានីភ្នំពេញ ក្រោមប្រធានបទ “ការបន្លឺឡើងនូវសារៈសំខាន់នៃកិច្ចគាំពារសង្គម សម្រាប់ក្រុមងាយរងគ្រោះតាមរយៈពហុប្រព័ន្ធផ្សព្វផ្សាយថ្មី” ដោយមានការចូលរួមពីជនងាយរងគ្រោះ និងភាគីពាក់ព័ន្ធប្រមាណ ៥០ នាក់។
តំណាងអង្គការអុកស្វាម កញ្ញា ស្រី សុខា ថ្លែងថា គម្រោងនេះមានគោលបំណងបង្កើនការយល់ដឹងរបស់សាធារណជនអំពីសារៈសំខាន់នៃរបបកិច្ចគាំពារសង្គមក្នុងប្រទេសកម្ពុជា សម្រាប់ក្រុមងាយរងគ្រោះបំផុត ដោយរំលេចនូវរឿងរ៉ាវ ដែលមានឥទ្ធិពល និងអាចនាំឱ្យមានការផ្លាស់ប្តូរ តាមរយៈពហុប្រព័ន្ធផ្សព្វផ្សាយ និងភាពយន្តឯកសារ ដើម្បីចូលរួមគាំទ្រនូវសកម្មភាព និងគោលនយោបាយលើកិច្ចគាំពារសង្គម។
កញ្ញារំពឹងថា តាមរយៈគម្រោងនេះនឹងត្រូវបានផ្សព្វផ្សាយបន្ថែម ដើម្បីបង្កើនការយល់ដឹងដល់សាធារណជន ជាពិសេសបង្ហាញពីសំឡេងរបស់ជនងាយរងគ្រោះ ដែលធ្វើការនៅសេដ្ឋកិច្ចក្រៅប្រព័ន្ធ អ្នកធ្វើការតាមផ្ទះ អ្នកធ្វើការក្នុងវិស័យសេវាកម្សាន្ត និស្សិត/យុវជន ជនមានពិការភាព និងមនុស្សវ័យចាស់ទៅដល់សាធារណជនដល់ក្រសួង និងអ្នកពាក់ព័ន្ធនានា។
ជាមួយគ្នានេះ កញ្ញាចូលរួម និងគាំទ្រដល់កិច្ចខិតខំប្រឹងប្រែងរបស់រាជរដ្ឋាភិបាល ក្នុងអំឡុងកូវីដ ១៩ ដែលបានបញ្ចេញកញ្ចប់សាច់ប្រាក់ដោះស្រាយបញ្ហានានាជួយជនរងគ្រោះ។ កញ្ញា សុខា បន្តជំរុញសកម្មភាពល្អបែបនេះឱ្យដំណើរការទៅមុខទៀត។
លោកស្រីថ្លែងថា៖ «ហើយអ្វីដែលជាសំណូមពរចង់ឃើញរដ្ឋាភិបាលបញ្ចេញកញ្ចប់ថវិកាបន្តគាំទ្រដល់ក្រុមងាយរងគ្រោះ ទោះបីជាកូវីដធូរស្បើយ ប៉ុន្តែអត់ទាន់អាចត្រឡប់ទៅដូចកាលពីមុននៅឡើយទេ។ អ៊ីចឹងចង់ឃើញសកម្មភាពក្របខ័ណ្ឌកិច្ចគាំពារសង្គមដែលរដ្ឋាភិបាលបានធ្វើកន្លងមកនៅតែបន្ត»។
ពលរដ្ឋរស់នៅខេត្តរតនគិរី អ្នកស្រី វ៉ាន់ ផល្លា អាយុ ២២ ឆ្នាំ ដែលបានចូលរួមក្នុងកម្មវិធីនោះនិយាយថា អំឡុងកូវីដ ១៩ ពិតជាបានធ្វើឱ្យប៉ះពាល់ដល់ជីវភាពគ្រួសារខ្លាំង។ ប៉ុន្តែដោយសារមានបណ្ណសមធម៌ជាជំនួយពីរាជរដ្ឋាភិបាលបានជួយដល់គាត់ក្នុងការដោះស្រាយជីវភាពប្រចាំថ្ងៃ។
អ្នកស្រីនិយាយថា៖ «គ្រួសារខ្ញុំជាកសិករ មានកូន ២ អំឡុងកូវីដ ១៩។ ខ្ញុំបានទទួលជំនួយពីរដ្ឋាភិបាលមានបណ្ណសមធម៌ ១ ខែ ទទួលបានប្រាក់ ១៧ ម៉ឺនរៀល។ ខ្ញុំអរគុណដល់រដ្ឋាភិបាល ដែលបានគិតគូរដល់ពលរដ្ឋ និងសំណូមពរជួយបន្តទៀត ព្រោះជាផ្នែកមួយជួយទ្រទ្រង់ជីវភាព ធ្វើឱ្យខ្ញុំមានឱកាសបញ្ជូនកូនទៅសិក្សា»។
ពលរដ្ឋម្នាក់ទៀតមានស្រុកកំណើតនៅខេត្តស្វាយរៀង ប៉ុន្តែប្រកបរបរលក់នំគូឆាយនៅតាមផ្លូវនៅរាជធានីភ្នំពេញ លោកពូ ពយ មានកូន ៤ នាក់បានឱ្យដឹងថា មុនកូវីដ ១៩ លក់នំបាន ១ ថ្ងៃ ២០០ នំ ក្នុង ១ នំ តម្លៃ ១ ពាន់រៀល។ ប៉ុន្តែពេលចាប់ផ្តើមមានកូវីដ លោកបានផ្អាកលក់រយៈពេលប្រមាណ ១ ឆ្នាំ ហើយវិលទៅរស់នៅឯស្រុកបណ្តោះអាសន្ន។ លោកថា អំឡុងពេលផ្អាកលក់នំនោះ លោកមិនទទួលបានជំនួយសង្គមនោះទេ ដោយសារមិនមានបណ្ណសមធម៌ ដោយលោកថាមិនបានដឹងអ្វីទៅជាបណ្ណសមធម៌ ហើយគេធ្វើរបៀបណានោះទេ។
លោក អាត់ ធន់ ប្រធានសហភាពការងារកម្ពុជាថ្លែងថា បច្ចុប្បន្នលោកកំពុងសហការជាមួយអង្គការសង្គមស៊ីវិល និងស្ថាប័នរដ្ឋាភិបាលក្នុងការពង្រឹងផ្នែកសន្តិសុខសង្គម សម្រាប់ប្រទេសកម្ពុជា ដើម្បីជួយជំរុញឱ្យមានការលើកកម្ពស់សិទ្ធិទៅដល់កម្មករនិយោជិត ក៏ដូចជាប្រជាពលរដ្ឋ និងអ្នករកស៊ី ក្រៅប្រព័ន្ធ ដើម្បីទទួលបានទាំងមូលនិធិសមធម៌ និងរបបសន្តិសុខសង្គម។ ទោះយ៉ាងណា លោកថាក្នុងរយៈពេល ៦ ឆ្នាំចុងក្រោយនេះ រដ្ឋាភិបាលកម្ពុជាមានការវិវឌ្ឍច្រើនទៅលើផ្នែកសន្តិសុខសង្គម។
លោកបានបញ្ជាក់ថា៖ «សម្រាប់រយៈពេល ៥ ទៅ ៦ ឆ្នាំចុងក្រោយនេះឃើញរដ្ឋាភិបាលបានយកចិត្តទុកដាក់ផ្នែកសន្តិសុខសង្គមច្រើន។ បើប្រៀបធៀប ២០ ឆ្នាំមុន យើងសឹងតែស្មើសូន្យ ប៉ុន្តែរយៈលចុងក្រោយនេះ មានការវិវឌ្ឍច្រើន»។
រដ្ឋមន្ត្រីក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា លោក វង សូត ធ្លាប់បានឱ្យដឹងថា ឆ្លើយតបនឹង «ក្របខ័ណ្ឌគោលនយោបាយជាតិគាំពារសង្គម ២០១៦-២០២៥» ក៏ដូចជាបរិការណ៍ពិភពលោកនៃការរីករាលដាលនៃជំងឺកូវីដ ១៩ ប្រទេសកម្ពុជាក៏បានទទួលរងផលប៉ះពាល់ដល់វិស័យមួយចំនួនផងដែរ។
លោកបានបញ្ជាក់ថា៖ «ដូច្នេះហើយ រាជរដ្ឋាភិបាលបានសម្រេចដាក់ចេញនូវកម្មវិធីឧបត្ថម្ភសាច់ប្រាក់ចំនួន ៣ ជូនប្រជាជនក្នុងគោលបំណងលើកកម្ពស់សុខុមាលភាពមាតា និងទារកក្នុងគ្រួសារក្រីក្រ និងរក្សាលំនឹងជីវភាពរបស់បងប្អូនប្រជាពលរដ្ឋក្នុងអំឡុងពេលដ៏លំបាកនេះ។
លោកឱ្យដឹងថា កម្មវិធីឧបត្ថម្ភសាច់ប្រាក់ចំនួន ៣ នោះ រួមមាន ទី ១ កម្មវិធីឧបត្ថម្ភសាច់ប្រាក់ជូនស្ត្រីមានផ្ទៃពោះ និងកុមារ ក្រោមអាយុ ២ ឆ្នាំក្នុងគ្រួសារក្រីក្រ។ ទី ២ កម្មវិធីឧបត្ថម្ភសាច់ប្រាក់ជូនគ្រួសារក្រីក្រ និងងាយរងគ្រោះក្នុងអំឡុងពេលប្រយុទ្ធនឹងជំងឺកូវីដ ១៩ និងទី ៣ កម្មវិធីជំនួយសង្គមជាសាច់ប្រាក់ ក្រោយពេលបិទខ្ទប់សម្រាប់ប្រជាពលរដ្ឋ និងគ្រួសារប្រជាពលរដ្ឋមានការលំបាកផ្នែកជីវភាព និងគ្រួសារដែលមានអ្នកឆ្លងជំងឺ និងស្លាប់ ដោយសារកូវីដ ១៩៕