ភ្នំពេញៈ ចំនួន​ស្ត្រី​ជាប់ឆ្នោត​ជា​មេឃុំ​ចៅសង្កាត់​ក្នុង​ការបោះឆ្នោត​ជ្រើសរើស​ក្រុមប្រឹក្សាឃុំ​-​សង្កាត់​អាណត្តិ​ទី​ ៥ កាលពី​ថ្ងៃទី​ ៥ ខែ​មិថុនា ឆ្នាំ​ ២០២២ ​មាន​ចំនួន​ ១៧៣ ​នាក់ ស្មើនឹង​ ១០,៥​ ភាគរយ ដែលមាន​ការកើនឡើង ​៣២ ​រូប ស្មើនឹង ​២​ ភាគរយ បើ​ធៀប​នឹង​អាណត្តិ​ទី​ ៤​ ឆ្នាំ​ ២០១៧ ដែលមាន​ ១៤១ ​នាក់​ស្មើនឹង​ ៨,៥ ​ភាគរយ​ (​ចុង​អាណត្តិ​)​។ នេះ​បើតាម​របាយការណ៍​អង្គការ​សង្គម​ស៊ីវិល​។

របាយការណ៍​នេះ​បន្តថា រីឯ​ស្ត្រី​ជាប់ឆ្នោត​ជា​ក្រុមប្រឹក្សា ឃុំ សង្កាត់​មាន​ ២ ៥៦២ ​នាក់ ស្មើនឹង​ ២២ ​ភាគរយ​នៃ​ក្រុមប្រឹក្សា​ឃុំ សង្កាត់​សរុប​ចំនួន​ ១១ ៦២២ ​នាក់​។ ​បើ​ធៀប​នឹង​អាណត្តិ​ទី​ ៤ ឆ្នាំ​ ២០១៧ ស្ត្រី​ជាប់ឆ្នោត​មាន​ភាគរយ​ប្រហាក់​ប្រហែល​គ្នា​គឺ​ ២១,៨ ​ភាគរយ​​ស្មើនឹង​ ២ ៥២២​ នាក់ នៅ​ចុង​អាណត្តិ​ទី​ ៤ និង​ ២២ ​ភាគរយ​​ស្មើនឹង​ ២ ៥៦២​ នាក់​អាណត្តិ​ទី​ ៥​ ឆ្នាំ​ ២០២២​។ ចំណែកឯ​ភាគរយ សរុប​នៃ​ស្ត្រី​ និង​បុរស​ជាប់ឆ្នោត​​មាន​គម្លាត​យេនឌ័រ​ដ៏ធំ​គឺ​ស្ត្រី​ជាប់​​ឆ្នោត​ ២២​ ភាគរយ និង​បុរស​ជាប់ឆ្នោត​ ៧៨ ភាគរយ​។

ដោយឡែក​បេក្ខជន​ឈរឈ្មោះ​​សម្រាប់​ការបោះឆ្នោត​ជ្រើសរើស​ក្រុមប្រឹក្សាឃុំ​សង្កាត់​អាណត្តិ​ទី ​៥ ​មាន​ការកើនឡើង​គួរឱ្យ​​កត់សម្គាល់​ដែលមាន​ ២៧ ៨១៣​ នាក់ ស្មើនឹង​ ៣២,៣ ​ភាគរយ​នៃ​បេក្ខជន​ស្ត្រី​បុរស សរុប​ ៨៦ ០៩២​ នាក់​ដែល​កើនឡើង​ប្រមាណ​ ៥ ​ភាគរយ​ធៀប​នឹង​អាណត្តិ​​ទី​ ៤​ ដែល​មានតែ​ ២៧,២ ​ភាគរយ​ប៉ុណ្ណោះ​។ ​នេះ​បើតាម​ការរកឃើញ​ពី​ក្រុម​អង្គការ​សង្គម​ស៊ីវិល​។

ក្នុងចំណោម​នេះ​បេក្ខជន​ស្ត្រី​ឈរឈ្មោះ​នៅ​លេខ​រៀង​ទី​ ១ មាន​ ៥៩៩​ នាក់​ស្មើ​ ១០,៨ ​ភាគរយ​កើនឡើង​ ៣​ ភាគរយ ធៀប​នឹង​ឆ្នាំ​ ២០១៧ ដែលមាន​ ៧,៨ ​ភាគរយ ស្មើនឹង ​៤៨១ ​នាក់​។ ជាក់ស្តែង​គណបក្ស​ប្រជាជន​កម្ពុជា​បាន​ដាក់​បេក្ខជន​ស្ត្រី​នៅ​លេខ​ទី​ ១ ចំនួន​ ១៦៣ ​នាក់​ស្មើនឹង​ ៩,៨​ ភាគរយ កើនឡើង ៣២ ​នាក់ ស្មើនឹង ​១,៩​ ភាគរយ ធៀប​នឹង​ឆ្នាំ​ ២០១៧ មាន​ចំនួន​តែ​ ១៣១​ នាក់​ស្មើនឹង​ ៧,៩ ភាគរយ​។

ចំណែកឯ​គណបក្ស​ភ្លើងទៀន​ក៏បាន​ដាក់​បេក្ខជន​ស្ត្រី​ច្រើន​ដែរ នៅ​លេខ​រៀង​ទី​ ១ មាន​ចំនួន​ ១៣៦ ​នាក់​ស្មើនឹង​ ៨,៣​ ភាគរយ កើនឡើង​ ១២​ នាក់​ស្មើនឹង​ ០,៧ ​ភាគរយ ធៀប​នឹង​អាណត្តិ​ទី ​៣ ឆ្នាំ​ ២០១២ មាន​ចំនួន ​១២៤ ​នាក់​ស្មើនឹង ៧,៦ ​ភាគរយ​។ រីឯ​គណបក្ស​ ១៥ ​ផ្សេងទៀត​ក៏​​បានដាក់​បេក្ខជន​ស្រី​ច្រើន​ដែរ​នៅ​លេខ​រៀង​ទី ​១​។ បើ​ធៀប​នឹង​អាណត្តិ​ទី​ ៤ បេក្ខជន​ស្ត្រី​ឈរឈ្មោះ​នៅ​លេខ​រៀង​ទី​ ១ ដល់ទី ​៣ បាន​កើន​ចំនួន ២៩០​ នាក់​ស្មើនឹង​ ៣,៤ ​ភាគរយ​ពី​ ២ ៧៣៨ ឆ្នាំ​ ២០១៧ ដល់ ៣ ០៣៤​ នាក់ ស្មើនឹង​ ១៨,៣ ​ភាគរយ​នៅ​ឆ្នាំ​ ២០២២​។

លោកស្រី សឺនកេត សិរីលក្ខណ៍ អ្នកសម្រប​សម្រួល​ផ្នែក​អប់រំ​ និង​យេនឌ័រ​នៃ​អង្គ​ការខុមហ្វ្រែល​ថ្លែង​នៅក្នុង​សន្និសីទ​សារព័ត៌​មាននៅ​ថ្ងៃទី​ ៣០ ខែ​មិថុនា​ថា ទោះបី​ចំនួន​បេក្ខជន​​ជា​ស្ត្រី​កើនឡើង​ក៏ដោយ ក៏​ក្រុម​អង្គការ​សង្គម​ស៊ីវិល នៅតែមាន​​កង្វល់​ ដោយសារ​ចំនួន​នេះ​នៅ​​មាន​គម្លាត​ឆ្ងាយ​រវាង​បេក្ខភាព​ស្ត្រី​ និង​បេក្ខភាព​បុរស​ (៣២,៣ ​ភាគរយ​ និង​បេក្ខភាព​បុរស ​៦៧,៧ ​ភាគរយ​) ​ដែល​វិសមភាព​យេនឌ័រ​ក្នុង​វិស័យ​នយោបាយ​នៅតែ​ជា​បញ្ហា​ដែល​ត្រូវ​បន្ថែម​ការយក​ចិត្ត​ទុកដាក់​ពី​ភាគី​ពាក់ព័ន្ធ​។

បើតាម​លោកស្រី សិរីលក្ខណ៍ បញ្ហា​វិសមភាព​យេនឌ័រ​នេះ​នៅ​​តែ​បន្ត​កើតឡើង ដោយសារ​តែ​កង្វះ​ឆន្ទៈ​នយោបាយ​របស់​គណបក្ស​តាមរយៈ​គោលនយោបាយ​សមភាព​យេនឌ័រ​​ជា​លាយលក្ខណ៍​អក្សរ​នៅក្នុង​គណបក្ស​រួមទាំង​មិន​មាន​ចែង​ជាក់លាក់​ក្នុង​មាត្រា​មួយចំនួន​នៃ​​ច្បាប់បោះឆ្នោត​ ដើម្បី​គាំទ្រ និង​ផ្តល់​ឱកាស​ឱ្យ​ស្ត្រី​។

លោកស្រី​ថ្លែងថា​៖ «​បន្ថែម​ពីនេះ បទដ្ឋាន​វប្បធម៌​ និង​សង្គម​មួយចំនួន ដែល​មាន​គំនិត​អវិជ្ជមាន​ក្នុង​ការ​លើកកម្ពស់​ភាព​ជា​អ្នកដឹកនាំ​របស់​ស្ត្រី​គឺជា​ឫសគល់ បង្ក​ជា​រនាំង​ដល់​ការចូលរួម​របស់​អ្នក​នយោបាយ​ស្ត្រី​ប្រកប​ដោយ​គុណភាព និង​ប្រសិទ្ធភាព​»​។

លោកស្រី​បញ្ជាក់​ទៀត​ថា បន្ថែម​​លើ​នេះ​ទៀត អ្នកនយោបាយ​ស្ត្រី​នៅតែ​ប្រឈម​ច្រើន​ទម្រង់​​នៃ​ការរើសអើង និង​អំពើហិង្សា​ប្រឆាំង​នឹង​ពួកគេ​ក្នុង​ការចូលរួម​​ និង​ផលប្រយោជន៍​នយោបាយ​ដែល​បញ្ហា​នេះ​នៅតែ​បន្ត​កើតមាន​ ទោះបី​ជា​សិទ្ធិ​នយោបាយ​ និង​​ការចូលរួម​របស់​ស្ត្រី​ត្រូវបាន​ធានា​យ៉ាង​ពេញលេញ​ដោយ​រដ្ឋធម្មនុញ្ញ​កម្ពុជា និង​អនុសញ្ញា​អន្តរជាតិ​ស្តីពី​ការលុបបំបាត់​រាល់​ទម្រង់​នៃ​ការរើសអើង​ប្រឆាំង​ស្ត្រី​ (CEDAW) ​ក៏ដោយ​។

លោក​ សោម សូរីដា អ្នក​នាំពាក្យ​ (​គជប​) ​ប្រាប់​ភ្នំពេញ​ប៉ុស្តិ៍​នៅ​ថ្ងៃទី​ ៣០ ខែមិថុនា ថា គជប ពុំមាន​សមត្ថកិច្ច​ក្នុង​ការធ្វើ​វិសោធនកម្ម​ច្បាប់​ ដើម្បី​កំណត់​ចំនួន​ស្ត្រី​ឱ្យ​ឈរឈ្មោះ​បោះឆ្នោត​ទេ ប៉ុន្តែ​ (​គជប​) ​ស្វាគមន៍ ចំពោះ​ការលើកឡើង​ចំពោះ​ការធ្វើ​វិសោធនកម្ម​ច្បាប់​កំណត់​អំពី​សមាសភាព​ស្ត្រី​ ឬ​បេក្ខជន​ស្ត្រី​សម្រាប់​ឈរឈ្មោះ​បោះឆ្នោត​។ ​ម្យ៉ាង​ការរៀបចំ​បេក្ខភាព​ជា​សមត្ថកិច្ច​របស់​គណបក្ស​នយោបាយ​រៀងៗ​ខ្លួន​។

ភ្នំពេញ​ប៉ុស្តិ៍​មិនអាច​ទាក់ទង​​លោក​ ថាច់ សេដ្ឋា អ្នកនាំពាក្យ​គណបក្ស​ភ្លើងទៀន​សុំ​ធ្វើ​អត្ថាធិប្បាយ​បានទេ នៅ​ថ្ងៃទី​ ៣០ ខែមិថុនា​។

លោក សុខ ឥសាន អ្នកនាំពាក្យ​គណបក្ស​ប្រជាជន​កម្ពុជា​ប្រាប់​ភ្នំពេញ​ប៉ុស្តិ៍​នៅ​ថ្ងៃទី​ ៣០ ​ខែមិថុនា​ថា ការលើកឡើង​កង្វល់​ពី​អង្គការ​សង្គម​ស៊ីវិល​មិន​ចេះចប់​ទេ ប៉ុន្តែ​គណបក្ស​ប្រជាជន​កម្ពុជា​មាន​គោលនយោបាយ​ច្បាស់លាស់ និង​បាន​យកចិត្ត​ទុកដាក់​កសាង​ធនធាន​មនុស្ស​ទាំង​ស្ត្រី​ និង​យុវជន ព្រោះ​ទាំង​ស្ត្រី​ ​និង​យុវជន​មាន​សារៈសំខាន់​ក្នុង​ការ​បន្តវេន និង​ធ្វើ​កិច្ច​ការងារ​​សង្គម​កម្ពុជា​។ ប៉ុន្តែ​ផ្តោត​សំខាន់​​លើ​គុណភាព​ និង​ប្រសិទ្ធភាព​។

លោក​ថា​៖ «​ការសាងសង់​ធនធាន​មនុស្ស​មិនមែន​ដាំ​ស្វាយ​ទេ ១ ​ឆ្នាំ​ ឬ​ ២​ ឆ្នាំ​បាន​ផល​ណា​? គាត់​ចេះតែ​ថា ហើយ​អត់​ធ្វើ វា​អត់​មាន​ការជួប​ការលំបាក​ទេ​​យើង​កសាង​ ដើម្បី​ធានា​ឱ្យមាន​គុណភាព និង​សមត្ថភាព​ផង មិនមែន​ចេះតែ​បញ្ចូល​ទេ​។

សំខាន់​ពីមួយ​អាណត្តិ​ទៅ​មួយ​អាណត្តិ វា​កើនឡើង​ទៅបាន​ហើយ​»៕