​ភ្នំពេញៈ​ រាជរដ្ឋាភិបាល​បានដាក់​ចេញ​នូវ​ចក្ខុវិស័យ​ស្តីពី​ប្រព័ន្ធ​ស្បៀង​ប្រកបដោយ​ចីរភាព​នៅត្រឹម​ឆ្នាំ​ ២០៣០ ហើយ​ប្រជា​​ពលរដ្ឋ​កម្ពុជា​នឹង​ទទួលបាន​របប​អាហារ​សុខភាព និង​អាហារ​ប្រកបដោយ​សុវត្ថិភាព ដោយមាន​ការយកចិត្ត​ទុកដាក់​ជា​ចម្បង​លើ​ស្ត្រី និង​កុមារ​។

​នេះ​បើតាម​លោក​ឧបនាយក​រដ្ឋមន្ត្រី យឹម ឆៃលី ប្រធាន​ក្រុម​ប្រឹក្សា​ស្តារ អភិវឌ្ឍន៍​វិស័យ​ក​សិ​​កម្ម និង​ជនបទ ថ្លែង​ក្នុង​ពិធី​បើក​ទិវា​សុវត្ថិភាព​ស្បៀងអាហារ​ពិភព​​លោក ក្រោម​ប្រធានបទ​«​អា​ហារ​កាន់​តែមាន​សុវត្ថិភាព សុខ​ភាព​កាន់តែ​ល្អប្រសើរ​» កាលពី​ថ្ងៃទី ​៣០ ​មិថុនា​ នៅ​សណ្ឋាគារ​សូ​ហ្វី​តែ​ល​ភូ​គី​ត្រាភ្នំពេញ​។​

​លោក​ថ្លែងថា រាជរដ្ឋាភិបាលបាន​ទទួលស្គាល់ថា សន្តិសុខ​ស្បៀង និង​អាហារូបត្ថម្ភ គឺជា​សិទ្ធិ​មូលដ្ឋាន​របស់​បុគ្គល​ម្នាក់ៗ នៅក្នុង​សង្គម ដូច​មានចែង​នៅក្នុង​សេចក្តីថ្លែងការណ៍​ជាស​កល​ស្តីពី​សិទ្ធិមនុស្ស និង​សន្ធិសញ្ញា​អន្តរជាតិ​ស្តីពី​សេដ្ឋកិច្ច សង្គម និង​វប្បធម៌ ដែល​កម្ពុជា បានផ្តល់​សច្ចាប័ន​។

លោក​បន្តថា​៖ «​រដ្ឋាភិបាល​កម្ពុជា បានដាក់​ចេញ​នូវ​ចក្ខុវិស័យ ស្តីពី​ប្រព័ន្ធ​ស្បៀង​ប្រកបដោយ​ចីរភាព​នៅ​កម្ពុជា​ត្រឹម​ឆ្នាំ ​២០៣០​។ ប្រជា​ពលរដ្ឋ​កម្ពុជា​នឹង​ទទួលបាន​របប​អាហារ​សុខភាព និង​អាហារ​ប្រកបដោយ​សុវត្ថិភាព ដោយមាន​ការយកចិត្ត​ទុកដាក់​ជា​ចម្បង​លើ​ស្ត្រី និង​កុមារ​ដើម្បី​បំបែក​វដ្ត​អន្តរ​ជំនាន់​នៃ​បញ្ហា​អាហារូបត្ថម្ភ និង​ឆ្លើយតប​ទៅនឹង​ដំណើរការ​ប្រែប្រួល​អាហារូបត្ថម្ភ​»​។

​លោក យឹម ឆៃលី បានឱ្យដឹងថា រាជរដ្ឋាភិបាល​បានផ្តល់​អាទិ​ភាព​ខ្ពស់ និង​ចាត់ទុក​វិស័យ​សន្តិសុខ​ស្បៀង និង​អាហារូបត្ថម្ភ ជា​បញ្ហា​អន្តរ​វិស័យ​មួយ​ដ៏​មាន​សារៈសំខាន់ ក្នុងការ​ចូលរួមចំណែក ដល់​ការអភិវឌ្ឍ​ធនធានមនុស្ស សេដ្ឋកិច្ច ភាព​ចម្រុងចម្រើន​នៃ​សង្គមជាតិ និង​សមធម៌​សង្គម​។​

​លោក​ថ្លែងថា​៖ «​សន្តិសុខ​ស្បៀង សុវត្ថិភាព​ស្បៀងអាហារ និង​ប្រព័ន្ធ​ស្បៀងអាហារ គឺជា​បញ្ហា​ពហុ​វិស័យ​តម្រូវឱ្យមាន​កិច្ច​សហការ​ល្អ ការសម្របសម្រួល ការអន្តរាគមន៍ និង​ការវិនិយោគ​នៅក្នុង​វិស័យ​កសិកម្ម សុខាភិបាល អប់រំ ទឹកស្អាត និង​អនាម័យ គ្រប់​គ្រង​ធនធានទឹក គាំពារ​សង្គម និង​វិស័យ​ពាក់ព័ន្ធ​នានា​»​។​

​ការសហការ​ពី​គ្រប់ភាគី​ពាក់​​ព័ន្ធ​ទាំង​ស្ថាប័នរដ្ឋ ដៃគូ​អភិវឌ្ឍន៍ សង្គម​ស៊ីវិល វិស័យ​ឯកជន សហ​គម​ន៍ យុវជន និង​អ្នក​សារព័ត៌​​មាន ដើម្បី​អនុវត្ត​គោ​លន​យោ​​បាយ និង​យុទ្ធសាស្ត្រ​តាម​វិស័យ និង​ពហុ​វិស័យ​ខាងលើ គឺជា​កត្តាចាំបាច់ ដើម្បី​ដោះស្រាយ​ភាពស្មុគស្មាញ​នៃ​ឫសគល់​បញ្ហា​អាហារូបត្ថម្ភ​គ្រប់​ទម្រង់​។

​បើតាម​លោក យឹម ឆៃលី កន្លងមក​ដោយ​មើលឃើញ​ពីសា​រៈ​​សំខាន់ គុណ​តម្លៃ និង​ភាពចាំបាច់​ក្នុងការ​លើកកម្ពស់​សន្តិ​សុខ​ស្បៀង សុវត្ថិភាព​ស្បៀង និង​ប្រព័ន្ធ​ស្បៀង​ទើប​រាជរដ្ឋាភិបាល​តាម​រយៈ​ក្រុមប្រឹក្សា​ស្តារ អភិវឌ្ឍន៍​វិស័យ​កសិកម្ម និង​ជនបទ​បាន​ដាក់ចេញ​យុទ្ធសាស្ត្រ​ជាតិ​ស្ដី​ពី​សន្តិសុខ​ស្បៀង និង​អាហា​រូប​ត្ថ​ម្ភ​លើក​ទី​២ ឆ្នាំ​២០១៩-២០២៣ និង​ផែនទី​បង្ហាញផ្លូវ​សម្រាប់​ប្រព័ន្ធ​ស្បៀង​ប្រកប​​ដោយ​ចីរភាព​ឆ្នាំ ​២០៣០​។​

​ក្រៅពីនេះ​រាជរដ្ឋាភិបាល​ក៏បាន​រៀបចំ​ផែនការ​សកម្មភាព និង​យុ​ទ្ឋ​សាស្ត្រ​តាម​វិស័យ​នានា ក្នុង​គោលបំណង​ធ្វើការ​អន្តរា​គម​ន៍ ដើម្បី «​បញ្ចប់​ភាពអត់ឃ្លាន សម្រេច​ឱ្យបាន​សន្តិសុខ​ស្បៀង ធ្វើឱ្យ​ប្រសើរឡើង​ស្ថានភាព​អាហារូបត្ថម្ភ និង​លើកកម្ពស់​កសិកម្ម​ប្រកបដោយ​ចីរភាព​» សំដៅ​លើកកម្ពស់​មូលធន​មនុស្ស​បង្កើន​ផលិតភាព​ការងារ និង​ជំរុញ​កំណើនសេដ្ឋកិច្ច​។

​លោក​បញ្ជាក់ថា ការរៀបចំ​ប្រារព្ធ ទិវា​សុវត្ថិភាព​ស្បៀង​​អាហារ​ពិភពលោក​នៅថ្ងៃនេះ ធ្វើឡើង​ក្រោម​ប្រធានបទ «​អា​​ហារ​កាន់​តែមាន​សុវត្ថិភាព សុខ​​ភាព​កាន់តែ​ល្អប្រសើរ​» គឺ​ស្រប​ពេលដែល​ព្រះមហាក្សត្រ បានប្រកាស​ដាក់ឱ្យ​ប្រើប្រាស់ ច្បាប់​ស្តីពី​សុវត្ថិភាព​ម្ហូបអាហារ កាល​​ពីថ្ងៃ​ទី ​៨ ខែ មិថុនា ឆ្នាំ ​២០២២ និង​ស្របតាម​ការប្តេជ្ញា​របស់​រាជ​រដ្ឋាភិបាល នៅក្នុង​កិច្ចប្រជុំ​កំពូល​ស្តីពី​អាហារូបត្ថម្ភ ដើម្បី​ការលូតលាស់ និង​កំណើន និង​ក្នុងឱកាស​ប្រារព្ធ​ទិវា​ជាតិ​អា​ហា​រូប​ត្ថ​ម្ភ​ឆ្នាំ​ ២០២១​។

​យោងតាម​សេចក្តីប្រកាស​​ព័ត៌មាន​រួម ស្ដីពី​ការ​ប្រារព្ធ​ទិវា​សុវត្ថិភាព​ស្បៀងអាហារ​ពិភព​​លោក​នៅ​កម្ពុជា នៅ​ថ្ងៃទី ​៣០ ខែ មិថុនា ឆ្នាំ ​២០២២ បានឱ្យដឹងថា ដូចគ្នា​នឹង​មេរោគ​អេដស៍ ឬ​ជំងឺគ្រុនចាញ់​ដែរ ជំងឺ​បណ្តាលមកពី​អាហារ គឺជា​បញ្ហា​ប្រឈម​សុខភាព​សាធារណៈ​ដ៏​ធ្ងន់ធ្ងរ​មួយ​របស់​ពិភពលោក​។ ជំងឺ​ជាង ២០០ ​ប្រភេទ​ផ្សេងគ្នា មាន​ទំនាក់​​ទំនង​ផ្ទាល់​ជាមួយ​ការបរិភោគ​ចំណីអាហារ​ដែលមាន​ផ្ទុក​បាក់​​តេ​រី វីរុស ប៉ារ៉ាស៊ីត និង​សារធាតុ​​គីមី​ជាដើម​។

​កញ្ញា Rebekah Bell តំណាង​អង្គការ FAO ប្រចាំ​កម្ពុជា បាន​បញ្ជាក់ថា បើ​អាហារ​គ្មាន​សុវត្ថិ​​ភាព​ទេ នោះ​មិនមែនជា​អាហារ​ឡើយ​។ កញ្ញា​បាន​ថ្លែងថា​៖ «​យើង​ត្រូវការ​កិច្ចខិតខំ​ប្រឹង​​ប្រែង​រួមមួយ​ ​ការប្ដេជ្ញាចិត្ត និង​ការវិនិយោគ​ ដើម្បី​ធ្វើឱ្យ​អាហារ​មាន​សុវត្ថិភាព និង​ជា​របប​អា​​ហារ​សុខភាព មានតម្លៃ​សមរម្យ ដែល​គ្រប់ៗ​គ្នា​អាច​ទទួលបាន សម្រាប់​បរិភោគ​»​។

កញ្ញា​បន្តថា ដើម្បី​សម្រេចបាន​នូវ​គោល​បំ​ណង​នេះ ស្ថា​ប័​ន្ធ​ពាក់ព័ន្ធ​ត្រូវ​រួមគ្នា​ធ្វើឱ្យ​ប្រព័ន្ធ​ស្បៀងអាហារ​កាន់តែ​មាន​ប្រសិទ្ធភាព មាន​ភាព​ធន់ និង​និរន្តរភាព នៅ​គ្រប់​ដំណាក់កាល​ទាំង​អស់នៃ​ខ្សែ​​ចង្វាក់​ស្បៀងអាហារ គឺ​ចាប់ពី​ការផលិត និង​ការកែច្នៃ រហូតដល់​ទីផ្សារ ការដឹកជញ្ជូន និង​ការ​ចែកចាយ និង​កន្លែង​បរិភោគ​។

​លោកស្រី​វេជ្ជបណ្ឌិត Asheena Khalakdina ប្រធាន​​ក្រុម​កម្មវិធី​គ្រោះអាសន្ន​សុខភាព​សាធារណៈ​នៃ​អង្គការ សុខភាព​​ពិភពលោក​ប្រចាំ​កម្ពុជា លើកឡើងថា សុវត្ថិភាព​ចំណីអាហារ គឺជា​ការទទួលខុសត្រូវ​រួមគ្នា​។

លោកស្រី​ថ្លែងថា​៖ «​កម្ពុជា​នៅ​​តែមាន​តម្រូវ​ការចាំបាច់ ចំពោះ​ការអប់រំ និង​ការបណ្តុះបណ្តាល​ស្តីពី​ការការពារ​ជំងឺ​បង្កឡើង​ដោយ​ចំណីអាហារ ក្នុងចំណោម​អ្នក​​ផលិត​ម្ហូបអាហារ អ្នកផ្គត់ផ្គង់ អ្នករៀបចំ​ទុកដាក់ និង​សា​ធា​​រណ​ជន​ទូទៅ​»​។​

​លោកស្រី Carmen Moreno ឯកអគ្គរដ្ឋទូត ប្រតិភូ​សហភាព​​អឺរ៉ុប​ប្រចាំ​នៅ​កម្ពុជាបាន​ថ្លែងថា សុវត្ថិភាព​ស្បៀងអាហារ គឺជា​គន្លឹះ​ដើម្បី​ធានាបាន​នូវ​ប្រព័ន្ធ​ស្បៀង​ប្រកបដោយ​និរន្តរភាព ហើយ​កិច្ចការ​នេះ គឺជា​ការងារ​អាទិភាព ក្នុង​កិច្ចព្រមព្រៀង​បៃតង​អឺរ៉ុប និង​យុទ្ធសាស្ត្រ​ពី​កសិដ្ឋាន​រហូតដល់​តុ​អាហារ​។

​លោកស្រី​ថ្លែងថា​៖ «​សហភាពអឺរ៉ុប​ប្តេជ្ញា​យ៉ាង​មុតមាំ ធ្វើការ​ជា​មួយ​ប្រទេស​ជា​ដៃគូ​ក្នុង​កិច្ច​ខិត​ខំប្រឹងប្រែង​នេះ មិន​សម្រាប់តែ​ការអភិវឌ្ឍ​មូលធន​មនុស្ស​ប៉ុណ្ណោះ​ទេ ប៉ុន្តែ​សម្រាប់​ទស្សន​វិស័យ​នៃ​ការអភិវឌ្ឍ​សេដ្ឋកិច្ច ដែល​សុវត្ថិភាព​ស្បៀងអាហារ​អាចជួយ​ប្រទេស​នានា ដូចជា​កម្ពុជា​ដើម្បី​បើកឱកាស​ពាណិជ្ជ​កម្ម​កាន់តែច្រើន​នៅក្នុង​ទីផ្សារ​តំបន់ និង​ពិភពលោក​»៕