ភ្នំពេញៈ រដ្ឋមន្ត្រី​ក្រសួង​យុត្តិធម៌​ណែនាំ​ដល់​សាលាជម្រះក្តី និង​អយ្យការ​អម​សាលាជម្រះក្តី​គ្រប់​ជាន់ថ្នាក់ ដែល​មាន​សំណុំរឿង​សម្អាត​ប្រាក់​ស្ថិតក្នុង​ចំណាត់ការ​របស់​ខ្លួន​ត្រូវ​ពន្លឿន​ការយក​ចិត្ត​ទុកដាក់​លើ​នីតិវិធី​ប្រកប​ដោយ​ស្មារតី​ម្ចាស់ការ ទទួល​ខុសត្រូវ​ខ្ពស់ និង​ផ្តល់​អាទិភាព​ជា​ចម្បង​លើ​ការងារ​ប្រឆាំង​ការសម្អាត​ប្រាក់​ឱ្យមាន​ប្រសិទ្ធភាព​។

លិខិត​របស់​លោក​ កើត រិទ្ធ រដ្ឋមន្ត្រី​ក្រសួង​យុត្តិធម៌ ជម្រាប​ជូន​តុលាការ​គ្រប់​រាជធានី​-​ខេត្ត ចុះ​ថ្ងៃទី​ ២៧ មិថុនា ដែល​ភ្នំពេញ​-​ប៉ុស្តិ៍​ទទួលបាន​នៅ​ថ្ងៃទី​ ៣០ មិថុនា បាន​ណែនាំ​ដល់​សាលាដំបូង និង​អយ្យការ​អម​សាលាដំបូង​រាជធានី​-​ខេត្ត ត្រូវ​បន្ត​សហការ​ឱ្យ​បាន​ល្អ​ជាមួយ​មន្ត្រី​អនុវត្ត​ច្បាប់​ដែល​មាន​ការពាក់ព័ន្ធ​ក្នុងការ​ស្រាវជ្រាវ​ស្វែងរក​ទ្រព្យសម្បត្តិ​ពាក់ព័ន្ធ​ក្នុង​សំណុំរឿង​បទល្មើស​សម្អាត​ប្រាក់​ឱ្យ​បាន​ឆាប់រហ័ស ដើម្បី​អាច​ឈាន​ទៅ​បង្កក​ទ្រព្យ​ទាំងនេះ​បាន​ទាន់​ពេលវេលា​។

លោក​រដ្ឋមន្ត្រី​បញ្ជាក់ថា​៖ «​ត្រូវអនុវត្ត​ឱ្យ​បាន​ត្រឹមត្រូវ និង​ខ្ជាប់ខ្ជួន​ស្រប​តាម​នីតិវិធី​ប្រតិបត្តិ​ស្តង់ដា ​(SOP) ​ប្រឆាំង​ការសម្អាត​ប្រាក់ និង​ច្បាប់ និង​បទប្បញ្ញត្តិ​គតិយុត្ត​ជា​ធរមាន ជាពិសេស​សម្រាប់​បទល្មើស ដែល​មាន​ហានិភ័យ​ខ្ពស់​ទាក់ទង​នឹង​ការសម្អាត​ប្រាក់ រួមមាន បទល្មើស​គ្រឿងញៀន បទល្មើស​ជួញដូរ​មនុស្ស បទល្មើស​ឆបោក​ និង​រំលោភ​លើ​ទំនុកចិត្ត​បទល្មើស​ព្រៃឈើ​សត្វព្រៃ បទល្មើស​ពុករលួយ និង​បទល្មើស​គយ​ពន្ធដារ​»​។

លោក​ កើត រិទ្ធ ក៏បាន​ជំរុញ​ដល់​តុលាការ​ដែល​មាន​សំណុំរឿង​ពាក់ព័ន្ធ​បទល្មើស​សម្អាត​ប្រាក់​ទាំងអស់​ត្រូវ​ពន្លឿន​នីតិវិធី​ក្នុង​ការចោទប្រកាន់ ការស៊ើបសួរ និង ការជំនុំជម្រះ ព្រមទាំង​ការចេញ​សេចក្តី​សម្រេច​ក្នុង​សំណុំរឿង​បទល្មើស​សម្អាត​ប្រាក់​ និង​បទល្មើស​មាន​ហានិភ័យ​ខ្ពស់​ទាក់ទង​នឹង​ការសម្អាត​ប្រាក់​ឱ្យបាន​ឆាប់រហ័ស ដោយ​អនុវត្ត​ឱ្យបាន​ត្រឹមត្រូវ ស្រប​តាម​នីតិវិធី​ជា​ធរមាន ដើម្បី​ឈានទៅ​រឹបអូស​ផល​នៃ​បទល្មើស​។

លោក​រំឭកថា ប្រទេស​កម្ពុជា​បាន​ចូល​ជា​សមាជិក​របស់​ក្រុម​អាស៊ី​ប៉ាស៊ីហ្វិក​ប្រឆាំង​ការសម្អាត​ប្រាក់​តាំងពី​ឆ្នាំ ​២០០៤​។ ក្នុង​ឆ្នាំ​ ២០១៩ កម្ពុជា​ត្រូវ​បាន​មហា​សន្និបាត​របស់​ក្រុមការងារ​ហិរញ្ញវត្ថុ (Financial Action Task- Force-FATF) សម្រេច​ដាក់ចូល​ក្នុង​បញ្ជី​ប្រផេះ និង​បាន​តម្រូវឱ្យ​កម្ពុជា​ត្រូវអនុវត្ត​នូវ​សកម្មភាព​ចំនួន​ ១៤ ក្នុង​លទ្ធផល​ជាក់ស្តែង (Immediate Outcome) ចំនួន​ ៨​។ កម្ពុជា​មាន​កាតព្វកិច្ច​ត្រូវ​ដាក់​របាយការណ៍​វឌ្ឍនភាព​ការងារ​របស់ខ្លួន​ក្នុង​ការ​ប្រឆាំង​នឹង​ការសម្អាត​ប្រាក់​ជូន​ក្រុម​ការងារ​ត្រួតពិនិត្យ​រួម (ICRG-JG) ដើម្បី​ពិនិត្យ​រួច​ដាក់ជូន​មហាសន្និបាត​របស់​ក្រុមការងារ​ហិរញ្ញវត្ថុ​ (FATF) ធ្វើការ​ពិនិត្យ វាយតម្លៃ និង​សម្រេច​លើ​ការដក ឬ​មិន​ដក​កម្ពុជា​ចេញពី​បញ្ជី​ប្រផេះ​វិញ​។

លោក​ថា កន្លង​ទៅ​ថ្មីៗ​នេះ កម្ពុជា​បាន​ដាក់​របាយការណ៍​វឌ្ឍនភាព​ជុំ​ទី​ ៩ ​ទាក់ទង​នឹង​ការប្រឆាំង​ការសម្អាត​ប្រាក់​ជូន​ក្រុម​ការងារ​ត្រួតពិនិត្យ​រួម​ (ICRG-JG) ​រួចហើយ​។ ជា​លទ្ធផល​របាយការណ៍​ជុំ​ទី​ ៩ ​នេះ កម្ពុជា​សម្រេច​បាន​សកម្មភាព​ចំនួន​ ១៣ ក្នុង​លទ្ធផល​ជាក់ស្តែង​ចំនួន ​៧ បាន​ពេញលេញ​។ លទ្ធផល​ដ៏ល្អប្រសើរ​នៅក្នុង​របាយការណ៍​ជុំ​ទី​ ៩ ​នេះ កើត​ចេញ​ពី​កិច្ចខិតខំ​ប្រឹងប្រែង​រួមគ្នា និង​កិច្ចសហប្រតិបត្តិការ​ល្អ​របស់​ក្រសួង ស្ថាប័ន និង​យន្តការ ដែលមាន​ការពាក់ព័ន្ធ​ទាំងអស់​រួមទាំង​កិច្ចខិតខំ​ប្រឹងប្រែង​របស់​សាលាជម្រះក្តី និង​អយ្យការ​អម​សាលា​ជម្រះក្តី​គ្រប់​ជាន់ថ្នាក់​ផងដែរ​។

របាយការណ៍​វឌ្ឍនភាព​ជុំ​ទី​ ៩ របស់​កម្ពុជា​ត្រូវបាន​មហាសន្និបាត​របស់​ក្រុមការងារ​ហិរញ្ញវត្ថុ​សម្រេច​កាលពី​ថ្ងៃទី​ ១៥ មិថុនា ឆ្នាំ​ ២០២២ ឱ្យ​កម្ពុជា​បន្ត​ស្ថិតក្នុង​បញ្ជី​ប្រផេះ ដោយ​នៅតែ​បន្ត​តាមដាន​ពី​និរន្តរភាព​ការងារ​របស់​កម្ពុជា ហើយ​កម្ពុជា​ត្រូវ​សម្រេច​ឱ្យបាន​នូវ​សកម្មភាព​ជាក់ស្តែង​ដែល​នៅ​សល់​ចុងក្រោយ គឺ​សកម្មភាព​នៅក្នុង​លទ្ធផល​ជាក់ស្តែង​ទី​ ៨ ពាក់ព័ន្ធ​នឹង​ការបង្ហាញ​អំពី​កំណើន​នៃ​ការ​បង្កក​ទ្រព្យសម្បត្តិ និង​ការរឹបអូស​ទ្រព្យសម្បត្តិ​ក្នុង​សំណុំរឿង​សម្អាត​ប្រាក់​។

មហាសន្និបាត​របស់​ក្រុម​ការងារ​ហិរញ្ញវត្ថុ​តម្រូវ​ឱ្យ​កម្ពុជា​ត្រូវ​សម្រេច​នូវ​សកម្មភាព​ដែល​នៅសល់​នេះ​ឱ្យបាន​ចប់សព្វគ្រប់​ក្នុង​របាយការណ៍​វឌ្ឍនភាព​ជុំ​ទី​ ១០ របស់ ខ្លួន ដែល​ត្រូវ​ដាក់ជូន​ក្រុមការងារ​ត្រួតពិនិត្យ​រួម​នៅត្រឹម​ដំណាច់ខែ​កក្កដា ឆ្នាំ​ ២០២២ ខាងមុខនេះ​។

លោក​ថា​៖ «​ការអនុវត្ត​សកម្មភាព​ពាក់ព័ន្ធ​នឹង​ការបង្ហាញ​អំពី​កំណើន​នៃ​ទ្រព្យសម្បត្តិ​ដែល​ត្រូវ​បាន​បង្កក​និង​ការ​រឹបអូស​នូវ​ទ្រព្យសម្បត្តិ ដែល​ពាក់ព័ន្ធ​នឹង​បទល្មើស សម្អាត​ប្រាក់​នេះ គឺ​ជាប់​ពាក់ព័ន្ធ​ដោយផ្ទាល់​នឹង​ចំណាត់ការ​នីតិវិធី​របស់​សាលាជម្រះក្តី និង​អយ្យការ​អម​សាលាជម្រះក្តី​គ្រប់​ជាន់ថ្នាក់ ក្នុង​ការ​ចាត់ការ​លើ​រាល់​សំណុំរឿង បទល្មើស​សម្អាត​ប្រាក់​ដែល​កំពុង​ស្ថិតក្រោម​សមត្ថកិច្ច​របស់ខ្លួន​»​។

លោក​ យិន ស្រាង អ្នកនាំពាក្យ​សាលាដំបូង​ខេត្ត​សៀមរាប​ថ្លែង​នា​ថ្ងៃទី​ ៣០ មិថុនា​ថា សាលាដំបូង ខេត្ត​សៀមរាប​បាន​បំពេញ​ការងារ ដោយ​យកចិត្ត​ទុកដាក់ ដោះស្រាយ​នីតិវិធី​ក្នុង​ការចោទប្រកាន់ ការ​ស៊ើបសួរ និង​ការជំនុំជម្រះ ព្រមទាំង​ចេញ​សេចក្តី​សម្រេច​ក្នុង​សំណុំរឿង​បទល្មើស​សម្អាត​ប្រាក់ និង​បទល្មើស​ដែលមាន​ហានិភ័យ​ខ្ពស់​ទាក់ទង​នឹង​ការសម្អាត​ប្រាក់​បាន​ទាន់​ពេលវេលា​។

លោក​ថ្លែងថា​៖ «​អ៊ីចឹង​ចៅក្រម សាលាដំបូង​សៀមរាប គាត់​បាន​ចាត់ការ​ទៅតាម​នីតិវិធី​អស់ហើយ អត់​មានរឿង​ណា​ដែល​ត្រូវ​កកស្ទះ​អី​ទៀត​ទេ​។ រឿង​សម្អាត​ប្រាក់​ដែល​មាន​នៅ​ខេត្តសៀមរាប​បាន​ជំនុំជម្រះ​តាម​ពេលវេលា​កំណត់​»​។

លោកស្រី ​ទៀង សំបូរ អគ្គលេខាធិការ​សាលាឧទ្ធរណ៍​បាត់ដំបង​ថ្លែងថា សាលាឧទ្ធរណ៍​ខេត្ត​បាត់ដំបង​ធ្វើ​ការងារ​ដោយ​ស្មារតី​ទទួល​ខុសត្រូវ​គ្រប់​សំណុំរឿង ពិសេស​ពាក់ព័ន្ធ​បទល្មើស​សម្អាត​ប្រាក់​។ បច្ចុប្បន្ន សំណុំរឿង​សម្អាត​ប្រាក់​ចំនួន​ ៤ ត្រូវបាន​ដោះស្រាយ​រួច​ ៣ នៅសល់​ ១ ​ទៀត​អាច​នឹង​ដោះ​រួចរាល់​នៅមុន​ដាច់​ខែកក្កដា​នេះ​៕