លោកនាយក​រដ្ឋមន្ត្រី​បានធ្វើការ​ព្រមាន​ និង​ដាក់បទបញ្ជា​ឱ្យ​សមត្ថកិច្ច​ចាប់ខ្លួន​ដល់​អ្នក​ទាំងឡាយណា​ដែល​ធ្វើការ​បំពុលសង្គម​ទាក់ទង​នឹង​ករណី​កូ​វីដ​ ១៩ ដោយសារ​វា​មិនមែន​បញ្ហា​ដែល​ត្រូវ​យកមក​លេងសើច​នោះឡើយ ប៉ុន្តែ​វា​ជា​រឿង​ដែល​ត្រូវ​យកចិត្តទុកដាក់​និង​ការពារ​ពី​ការ​រាលដាល​នៃ​មេរោគ​នេះ​។​

​លោក​បាន​ថ្លែង​ដូចនេះ​នា​ព្រឹក​ថ្ងៃទី​ ០១ ខែកក្កដា នេះ​ក្នុង​ពិធី​មច្ឆជាតិ ០១ កក្កដា ២០២២ នៅ​អាង​ត្រពាំងថ្ម ស្រុក​ភ្នំស្រុក ខេត្តបន្ទាយមានជ័យ ដោយ​លោក​បាន​បញ្ជាក់ថា មនុស្ស​ម្នាក់​ត្រូវបាន​ចាប់ខ្លួន​ បន្ទាប់ពី​បុរស​រូបនេះ​បាន​បង្ហោះ​ព័ត៌មាន​មិន​ពិត​ទាក់ទង​នឹង​ករណី​កូ​វីដ ​១៩​។​

​លោក​មានប្រសាសន៍ថា៖ «​សុំ​កុំ​ជឿ​លើ​ការបំពុល​ទាក់ទង​នឹង​ការចាក់​វ៉ាក់សាំង ហើយ​យើង​ក៏បាន​ចាប់ខ្លួនបាន​ហើយ​ដែល​បាន​បំពុល​តាម​ប្រព័ន្ធ​ Tik-Tok ដោយ​យក​រូបភាព​មនុស្ស​ស្លាប់​នៅ​កោះកុង​ថា​មាន​ស្លាប់​ដោយសារ​ចាក់​វ៉ាក់សាំង​»​។

​បើតាម​ការលើកឡើងរ​ប​ស់លោក ហ៊ុន សែន ជន​ដែល​ត្រូវបាន​ចាប់ខ្លួន​នេះ​រស់នៅក្នុង​ខេត្ត​ត្បូងឃ្មុំ ហើយ​បាន​យក​ករណី​ដែល​កើតឡើង​នៅក្នុង​ខេត្តកោះកុង​មក​បង្ហោះ​ថា​មាន​អ្នកស្លាប់​ដោយសារ​ការចាក់​វ៉ាក់សាំង ខណៈដែល​ខេត្តកោះកុង​មិនមាន​ករណីនេះ​កើតឡើង​ឡើយ​។​

​លោក​បាន​ថ្លែងថា៖ «​វា​ជា​រឿង​មិនមែនជា​ការលេង​សើច​ទេ​។ ខេត្តកោះកុង​មិនមាន​អ្នកស្លាប់​ដោយសារ​កូ​វីដ​តាំងពី​ខែមេសា​។ ខ្ញុំ​សុំ​ព្រមាន​ទុកជាមុន អ្នកណា​ក៏ដោយ ដែល​យក​រឿង​កូ​វីដ​១៩​ជាការ​លេងសើច នឹងត្រូវ​ចាប់ខ្លួន ដោយសារ​វា​មិនមែនជា​រឿង​លេងសើច​ទេ​។ វា​ជាការ​បំពុលសង្គម​»​។

​លោកនាយក​រដ្ឋមន្ត្រី ក៏បាន​ថ្លែង​ផងដែរ​ថា កម្ពុជា​មិនមាន​អ្នកជំងឺ​សូម្បីតែ​ ០១​ នាក់ ​ក្នុង​មន្ទីរពេទ្យ​នៅ​ទូទាំងប្រទេស​។

​លោក​ថា៖ «​បើ​យើង​មិន​ចាប់ខ្លួន មានន័យថា​យើង​មិន​អនុវត្ត​ច្បាប់​។ ពិភពលោក​កំពុង​ប្រឆាំងនឹង​ព័ត៌មាន​ក្លែងក្លាយ ហេតុ​អី​បានជា​កម្ពុជា​អនុវត្ត​មិនបាន​។ តើ​វា​មាន​ប្រយោជន៍​អី​ដែល​ត្រូវធ្វើ​ដូចនេះ​? បើ​អ្នកឯង​មិន​បំពុល មិន​បំភ័យ មិន​មួលបង្កាច់ គ្មាន​អ្នកណា​ទៅ​ចាប់ខ្លួន​នោះទេ​»​។​

​លោក​ក៏បាន​បញ្ជាក់​បន្ថែមថា មនុស្ស​ចំនួន​ ៣​ នាក់​បន្ថែមទៀត​ ត្រូវបាន​រកឃើញ​មាន​វិជ្ជមាន​កូ​វីដ​ ១៩ ​នៅ​ថ្ងៃទី ​៣០ ខែមិថុនា និង ​៥​ នាក់​នៅ​ថ្ងៃទី​ ០១ ខែកក្កដា ក្នុង​ពិធី​មច្ឆជាតិ​នា​ថ្ងៃនេះ​ផងដែរ​។​

​ទន្ទឹមនឹង​នេះដែរ លោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែន ក៏បាន​អំពាវនាវ​ឱ្យ​ប្រជាពលរដ្ឋ​ទាំងអស់​បន្ត​ការការពារ​ខ្លួន និង​ត្រូវ​នាំគ្នា​ទៅ​ចាក់​វ៉ាក់សាំង​កូ​វីដ ​១៩ ​ឱ្យបាន​គ្រប់ៗ​គ្នា​ដើម្បី​ការពារ​ខ្លួន​ពី​ការឆ្លង​រាលដាល​ជំងឺ​កូ​វីដ ​១៩៕​