
បុរសជាអ្នកធាក់ស៊ីក្លូម្នាក់ ពាក់ម៉ាស់អង្គុយរង់ចាំភ្លៀវ អំឡុងពេលមានការរីករាលដាលជំងឺកូវីដ ១៩ កាលពីខែ ធ្នូ ឆ្នាំ ២០២០។ ហេង ជីវ័ន
ប្រមុខរាជរដ្ឋាភិបាលកម្ពុជាបានបញ្ជាក់ឱ្យដឹងថា កាតព្វកិច្ចពាក់ម៉ាស់អាចនឹងត្រូវដាក់ឱ្យអនុវត្តជាថ្មីឡើងវិញ ប្រសិនបើករណីនៃការរីករាលដាលមេរោគកូវីដ ១៩ កើតមានឡើងក្នុងទ្រង់ទ្រាយធំ ជាហេតុដែលលោកនៅតែបន្តធ្វើការអំពាវនាវដល់ប្រជាពលរដ្ឋឱ្យយកចិត្តទុកដាក់លើការការពារពីកូវីដ ១៩ នេះ។
លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានថ្លែងឱ្យដឹងនៅថ្ងៃទី ១ ខែកក្កដា ពីខេត្តបន្ទាយមានជ័យ ដោយសុំឱ្យប្រជាពលរដ្ឋមានការប្រុងប្រយ័ត្ន និងអនុវត្តវិធានការសុខាភិបាលដោយពាក់ម៉ាស់ លាងដៃនឹងសាប៊ូឬអាល់កុល និងរក្សាគម្លាតសុវត្ថិភាពជាដើម។
លោកមានប្រសាសន៍ថា៖ «ពិតមែនហើយកាតព្វកិច្ចពាក់ម៉ាស់ត្រូវបានលើកលែង ប៉ុន្តែរដ្ឋាភិបាលអាចនឹងដាក់ឱ្យអនុវត្តឡើងវិញនូវកាតព្វកិច្ចពាក់ម៉ាស់ ក្នុងករណីរកឃើញថាមានការរីករាលដាលទ្រង់ទ្រាយធំក្នុងប្រទេសរបស់យើង ប៉ុន្តែបើការឆ្លងស្ថិតក្នុងកម្រិតប៉ុណ្ណេះគឺមិនជាបញ្ហាធំពេកទេ ដោយសារចំនួនឆ្លងនៅមានតិចណាស់»។
បើតាមលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន មកដល់ពេលនេះមិនមានអ្នកជំងឺកូវីដ ១៩ សម្រាកព្យាបាលនៅក្នុងមន្ទីរពេទ្យឡើយទាំងក្នុងរាជធានីភ្នំពេញ និងបណ្តាខេត្តផ្សេងៗ ដោយសារតែអ្នកជំងឺដែលរកឃើញថា មានឆ្លងថ្មីអស់នេះមានអាការៈធូរស្រាល និងបានស្នើសុំសម្រាកព្យាបាលនៅឯគេហដ្ឋានផងដែរ។
យោងតាមរបាយការណ៍របស់ក្រសួងសុខាភិបាល ក្នុងរយៈពេល៣ថ្ងៃ គឺចាប់ពីថ្ងៃទី ២៨ ដល់ថ្ងៃទី ៣០ ខែមិថុនា មនុស្សចំនួន ២០ នាក់ បានរកឃើញឆ្លងមេរោគកូវីដ ១៩ តាមរយៈការធ្វើតេស្តម៉ាស៊ីនធំ (PCR) ដែលភាគច្រើនជាករណីឆ្លងក្នុងសហគមន៍។
បើតាមក្រសួងដដែល គិតត្រឹមព្រឹក ថ្ងៃទី ០១ ខែ កក្កដា ឆ្នាំ ២០២២ កម្ពុជាមានអត្រាឆ្លងមេរោគកូវីដ ១៩ សរុបចំនួន ១៣៦ ២៨២ នាក់អ្នកជាសះស្បើយសរុបចំនួន ១៣៣ ២០៦ នាក់ និងអ្នកស្លាប់ចំនួន ៣ ០៥៦ នាក់៕
វីដេអូ៖