មន្ត្រីជាន់ខ្ពស់​នៃ​ក្រសួងសុខាភិបាលបានឱ្យដឹងថា នៅ​ពាក់កណ្តាល​ខែកក្កដា​នេះ អ្នកជំនាញ​នៃ​ក្រុមហ៊ុន​ផលិត​វ៉ាក់សាំង​កូ​វីដ​ ១៩ Sinovac Life Sciences នឹង​មកកាន់​ប្រទេស​កម្ពុជា ដើម្បី​ធ្វើការ​ពិនិត្យ​និង​សិក្សា​ទៅលើ​មូលដ្ឋាន​សំណង់ ការរក្សា​វ៉ាក់សាំង និង​ការ​វេច​ខ្ចប់​វ៉ាក់សាំង​ផងដែរ​។​

​នេះ​ជាការ​ថ្លែង​ឱ្យដឹង​តាមរយៈ​លោកស្រី យក់ សម្បត្តិ រដ្ឋលេខាធិការ​ក្រសួងសុខាភិបាល កាលពី​ថ្ងៃទី ​៣០ ខែមិថុនា ថា​ការសិក្សា​ជំហាន​ដំបូង​បានបញ្ចប់ ហើយ​ដៃគូ​វិស័យ​ឯកជន​បានធ្វើការ​មួយ​ជំហាន​ជាមួយនឹង​ក្រុមហ៊ុន ស៊ី​ណូ​វ៉ា​ក់រួច​ហើយ​ផងដែរ រហូត​បាន​ចុះ​អនុស្សរណៈ​នៃ​ការយោគយល់​គ្នា​មួយនា​ពេលកន្លងមក​ផងដែរ​។​

​លោកស្រី​ថា៖ «​ខាង​ភាគី​ក្រុមហ៊ុន​ឯកជន​ក៏​កំពុងតែ​ពិនិត្យ សិក្សា​វាយតម្លៃ​ទៅលើ​បច្ចេកទេស ដែល​យើង​ហៅថា facilities study គឺ​ជិត​ចប់​ហើយ​ដែរ ហើយ​នៅពេលដែល​សិក្សា​ចប់​នឹងមាន​ការចុះហត្ថលេខា​លើ​កិច្ចសន្យា​ផងដែរ​។ នៅពេល​ចុះហត្ថលេខា​រួចហើយ អ្នកជំនាញការ​របស់​ភាគី​ក្រុមហ៊ុន​ស៊ី​ណូ​វ៉ា​ក់​នឹង​ចុះមក​ប្រទេស​កម្ពុជា ដែល​អាច​នឹង​មក​នៅ​ថ្ងៃទី ​១២ ​ឬ ​១៣ ខាងមុខនេះ​»​។​

​លោកស្រី យក់ សម្បត្តិ បាន​បញ្ជាក់ថា ក្រុម​អ្នកជំនាញ​នឹងធ្វើ​ការសិក្សា​ទៅលើ​មូលដ្ឋាន​សំណង់ បច្ចេកទេស​ក្នុង​ការរក្សា​វ៉ាក់សាំង និង​សិក្សា​ទៅលើ​ប​ច្ចេ​ទេស​នៃ​ការ​ច្រក​និង​វេច​ខ្ចប់​វ៉ាក់សាំង​ផងដែរ​។​

​លោកស្រី​ថា៖ «​សម្រាប់​ជំហាន​ក្រោយ​បំផុត​របស់​យើង​គឺ​ការ​ច្រក និង​វេច​ខ្ចប់​ប៉ុណ្ណោះ​នៅពេលដែល​វ៉ាក់សាំង​នេះ​ដាក់ឱ្យ​ដំណើរ​ការលក់​នៅលើ​ទីផ្សារ​»​។​

​គួរ​រំឭក​ផងដែរ​ថា កាលពី​ថ្ងៃទី​ ០១ ខែមិថុនា ​កន្លងទៅ ក្រសួងសុខាភិបាល​បាន​ចុះហត្ថលេខា​ជាមួយនឹង​សហគ្រាស​ឱសថ​កម្ពុជា និង​ក្រុមហ៊ុន Sinovac Life Sciences នៃ​សាធារណរដ្ឋ​ប្រជាមានិត​ចិន លើ​អនុស្សរណៈ​នៃ​ការយោគយល់​គ្នា ស្ដីពី​កិច្ចសហប្រតិបត្តិកា​រវេ​ច​ខ្ចប់​វ៉ាក់សាំង​បង្ការ​វីរុស​កូ​វីដ ​១៩​។​

​នាពេល​នោះដែរ លោក ម៉ម ប៊ុនហេង រដ្ឋមន្ត្រី​ក្រសួងសុខាភិបាល ក៏បាន​ថ្លែង​បញ្ជាក់ដែរថា រាជរដ្ឋាភិបាល​កម្ពុជា បានដាក់​ការបញ្ជាទិញ​វ៉ាក់សាំង​កូ​វីដ​ ១៩ ​រហូត​ជាង​ ១០៤​ លាន​ដូ​ស ពី​សហគ្រាស​ឱសថ​កម្ពុជា​រយៈពេល ៣ ឆ្នាំ គឺ​ពី​ឆ្នាំ ២០២៤ ដល់ ២០២៦ សម្រាប់​ផ្គត់ផ្គង់​តម្រូវការ​ប្រើប្រាស់​ក្នុងប្រទេស​។​

​យោងតាម​របាយការណ៍​របស់​ក្រសួងសុខាភិបាល គិត​ត្រឹម​យប់​ថ្ងៃទី ៣០ ខែមិថុនា អត្រា​អ្នក​ដែល​បាន​ចាក់​វ៉ា​កើ​សាំង​កូ​វីដ​ ១៩​ នៅ​ទូទាំងប្រទេស សម្រាប់​ដូ​ស​ទី​១ មាន​ចំនួន ជាង​ ១៥ ​លាន​នាក់​, ដូ​ស​ទី​២ ​មាន​ចំនួន​ជាង​ ១៤​ លាន​នាក់ ដូ​ស​ទី​៣ មាន​ជាង ៩ លាន​នាក់​, ដូ​ស​ទី​៤ មាន​ចំនួន​ជាង ២,៩ លាន​នាក់ និង​ដូ​ស​ទី​៥ មាន​ចំនួន​ជាង ​៣០​ ម៉ឺន​នាក់​៕