ភ្នំពេញៈ លោក ប្រាក់ សុខុន ប្រេសិត​ពិសេស​របស់​ប្រធាន​អាស៊ាន​ស្ដីពី​មីយ៉ាន់ម៉ា បាន​ជួប​ជាមួយ​មេដឹកនាំ​យោធា​មីយ៉ាន់ម៉ា​លោក មីន អ៊ុងឡាំង ប្រធាន​ក្រុមប្រឹក្សា​រដ្ឋបាល​រដ្ឋ (SAC) ​នា​ថ្ងៃទី​ ៣០ ខែមិថុនា ដោយ​ពិភាក្សា​ពី​ការអនុវត្ត​កិច្ចព្រមព្រៀង​ជា​ឯកច្ឆន្ន​ ៥ ​ចំណុច​របស់​អាស៊ាន ស្ថានភាព​នយោបាយ និង​មនុស្សធម៌​នៅ​មីយ៉ាន់ម៉ា​។ នេះ​បើ​យោងតាម​ក្រសួង​ការបរទេស​កម្ពុជា​។

លោក ប្រាក់ សុខុន ដែលជា​រដ្ឋមន្ត្រី​ការបរទេស​កម្ពុជា​បាន​ចេញទៅ​បំពេញ​ទស្សនកិច្ច​លើក​ទី​ ២ នៅ​មីយ៉ាន់ម៉ា រយៈពេល​ ៥​ ថ្ងៃ ចាប់ពី​ថ្ងៃទី​ ២៩ ខែមិថុនា ដល់​ថ្ងៃទី​ ៣ ខែកក្កដា ដើម្បី​តាមដាន​វឌ្ឍនភាព​នៃ​ការអនុវត្ត​កុងសង់ស៊ីស​ ៥ ​ចំណុច​របស់​អាស៊ាន និង​តាមដាន​លទ្ធផល​នៃ​កិច្ចប្រជុំ​ពិគ្រោះ​យោបល់​ស្តីពី​ជំនួយ​មនុស្សធម៌​របស់​អាស៊ាន​សម្រាប់​មីយ៉ាន់ម៉ា​។

ជំនួប​នេះ​អមដំណើរ​ដោយ​លោក ឯកផាប់ ផាន់ថាវង្ស អគ្គលេខាធិការរង​អាស៊ាន​ទទួលបន្ទុក​សហគមន៍​សង្គម-​វប្បធម៌​អាស៊ាន​។

ក្រសួង​ការបរទេស​កម្ពុជា​បាន​ឱ្យ​ក្រុម​អ្នកសារព័ត៌មាន​ដឹង​តាម​ប្រព័ន្ធ​តេឡេក្រាម (Telegram) នា​ថ្ងៃទី​ ១ ខែកក្កដា ថា​៖ «​ភាគី​ទាំង ​២ បាន​ផ្លាស់ប្តូរ​យោបល់​ពី​ការអនុវត្ត​កិច្ចព្រមព្រៀង​ជា​ឯកច្ឆន្ទ​ ៥ ​ចំណុច​របស់​អាស៊ាន និង​ស្ថានភាព​នយោបាយ និង​មនុស្សធម៌​នៅ​មីយ៉ាន់ម៉ា​»​។

ប្រភព​ដដែល​បញ្ជាក់​ថា លោក ប្រាក់ សុខុន ដែល​អមដំណើរ​ដោយ​លោក ឯកផាប់ ផាន់ថាវង្ស ក៏បាន​ជួប​ជាមួយ​លោក វ៉ុនណា ម៉ោងល្វីន រដ្ឋមន្ត្រី​ការបរទេស​មីយ៉ាន់ម៉ា និង​លោក កូ កូ ឡាំង ​រដ្ឋមន្ត្រី​សហប្រតិបត្តិការ​អន្តរជាតិ​។

ក្រសួង​ការបរទេស​កម្ពុជា​បញ្ជាក់ថា ភាគី​ទាំង​ ២​ បាន​ពិភាក្សា​ពី​ការ​បេ្តជ្ញាចិត្ត​របស់ SAC ក្នុង​ការ​ជំរុញ​ការអនុវត្ត​កុងសង់ស៊ីស​អាស៊ាន​ទៅមុខ​បន្ថែមទៀត ស្ថានការណ៍​នយោបាយ​នៅ​មីយ៉ាន់ម៉ា​ការតាមដាន​លទ្ធផល​នៃ​កិច្ចប្រជុំ​ពិគ្រោះ​យោបល់​ស្តីពី​ជំនួយ​មនុស្សធម៌​អាស៊ាន​ជូន​មីយ៉ាន់ម៉ា​កាលពី​ខែឧសភា​នៅ​រាជធានី​ភ្នំពេញ​។

ភាគី​ទាំង ​២ ​ព្រមទាំង​បាន​ពិភាក្សា​ពី​វិធីសាស្ត្រ​ដែល​ទីភ្នាក់ងារ​ឯកទេស​របស់​អង្គការ​សហប្រជាជាតិ និង​អង្គការ​មិនមែន​រដ្ឋាភិបាល​អន្តរជាតិ​អាច​ចូលរួម​ក្នុង​ការងារ​មនុស្សធម៌ ដែល​ដឹកនាំ​ដោយ​មីយ៉ាន់ម៉ា ដែល​ក្នុងនោះ​រួមមាន​ការវាយតម្លៃ​ពី​តម្រូវការ​រួម​នៅក្នុង​តំបន់​ដែល​ពិបាក​ទៅដល់​ផងដែរ​៕