មន្ត្រីជាន់ខ្ពស់​នៃ​ក្រសួង​សាធារណការ​និង​ដឹកជញ្ជូន បាន​លើកឡើងថា គ្រោះថ្នាក់​ចរាចរណ៍​គឺជា​មូលហេតុ​ចម្បង​នៃ​ការស្លាប់​នៅ​កម្ពុជា ដោយ​ក្នុង​មួយថ្ងៃៗ​គិត​ជា​មធ្យម​មាន​មនុស្ស​៥​នាក់​បាន​ស្លាប់ និង​រងរបួស​ ​១០ ​នាក់ តាម​ដងផ្លូវ​ក្នុងប្រទេស​កម្ពុជា​។

​នេះ​ជាការ​លើកឡើង​របស់លោក ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួង​សាធារណការ​ និង​ដឹកជញ្ជូន នា​កិច្ចប្រជុំ​កំពូល​ស្តីពី​ការធ្វើឱ្យ​ប្រសើរឡើង​នូវ​សុវត្ថិភាព​ចរាចរណ៍​សកល ក្រោម​ប្រធានបទ​៖ «​ដំណើរ​ឆ្ពោះទៅ​ឆ្នាំ​ ២០៣០ សម្រាប់​សុវត្ថិភាព​ចរាចរណ៍​ផ្លូវគោក ការធានា​ឱ្យមាន​សកម្ម​ភាព​ប្រចាំ​ទសវត្សរ៍ និង​ការផ្សព្វផ្សាយ​»​។

​យោងតាម​ក្រសួង​នេះ​បានឱ្យដឹងថា លោក ស៊ុន ចាន់ថុល ដែលជា​អនុប្រធាន​អចិន្ត្រៃយ៍​គណៈកម្មាធិការ​ជាតិ​សុវត្ថិភាព​ចរាចរណ៍​ផ្លូវគោក​(​គ​.​ស​.​ច​.​គ​.) ផងដែរ​នោះ បាន​ដឹកនាំ​គណៈប្រតិភូ​កម្ពុជា​ចំនួន​ ០៣ ​រូប​ចូលរួម​កិច្ចប្រជុំ​កំពូល​ស្តីពី​ការធ្វើឱ្យ​ប្រសើរឡើង​នូវ​សុវត្ថិភាព​ចរាចរណ៍​សកល​នេះ ដែល​ប្រព្រឹត្តឡើង​នៅ​ថ្ងៃទី​៣០​ខែមិថុនា និង​ថ្ងៃទី ​០១ ខែកក្កដា នាទី​ក្រុង​ញូវយ៉ក សហរដ្ឋអាមេរិក​។

​លោក ស៊ុន ចាន់ថុល បាន​ថ្លែងថា៖ «​គ្រោះថ្នាក់​ចរាចរណ៍​ជា​មូលហេតុ​ចម្បង​នៃ​ការស្លាប់​នៅ​កម្ពុជា ពោលគឺ ក្នុង​មួយថ្ងៃៗ​គិត​ជា​មធ្យម​មាន​មនុស្ស​៥​នាក់​បាន​ស្លាប់ និង​រងរបួស​១០​នាក់​។ យោងតាម​ការសិក្សា​រប​ស់កម្ម​វិធី​អភិវឌ្ឍន៍​សហប្រជាជាតិ​(UNDP) ប្រទេស​កម្ពុជា​បាន​ខាតបង់​ផលិតផល​ក្នុងស្រុក​សរុប (GDP) ប្រមាណ​ ២,៥% ទៅ​ ៣%​ ក្នុង​ ១ ឆ្នាំ ដោយសារ​គ្រោះថ្នាក់​ចរាចរណ៍​»​។​

​រាជរដ្ឋាភិបាល​កម្ពុជា​បាន​បង្កើត​គណៈកម្មាធិកា​រ​ជាតិ​សុវត្ថិភាព​ចរាចរណ៍​ផ្លូវគោក ដោយ​ប្រកាន់ខ្ជាប់​នូវ​គោលការណ៍​លើកកម្ពស់​សុវត្ថិភាព​ចរាចរណ៍​ផ្លូវគោក​សកល និង​ស្ថានភាព​មូលដ្ឋាន​ដើម្បី​បង្ការ និង​កាត់បន្ថយ​គ្រោះថ្នាក់​ចរាចរណ៍​ផងដែរ​។​

​យោងតាម​របាយការណ៍​ប្រចាំឆ្នាំ​ ២០១០ ដល់​ឆ្នាំ​ ២០២០ របស់​ប្រព័ន្ធ​ជនរងគ្រោះ ដោយសារ​គ្រោះថ្នាក់​ចរាចរណ៍ (RCVIS) មូលហេតុ​ចម្បង​នៃ​គ្រោះថ្នាក់​ចរាចរណ៍​គឺ ល្មើស​ល្បឿន ជែង​គ្រោះថ្នាក់ មិន​គោរព​សិទ្ធិ​អាទិភាព និង​ស្រវឹង​។ កំហុស​ក្នុងការ​រចនា​ផ្លូវ និង​កង្វះ​លក្ខណៈ​បច្ចេកទេស​យានជំនិះ​ក៏បាន​រួមចំណែក​ដល់​គ្រោះថ្នាក់​ចរាចរណ៍​ផងដែរ​។

​លោក ស៊ុន ចាន់ថុល បាន​មានប្រសាសន៍ថា ៖ «​យើង​បាន​ពង្រឹង​ការអនុវត្ត​ច្បាប់​ចរាចរណ៍​ផ្លូវគោក និង​គោលនយោបាយ​ជាតិ​ស្ដីពី​សុវត្ថិភាព​ចរាចរណ៍​ផ្លូវគោក និង​ទសវត្សរ៍​នៃ​សកម្មភាព​ឆ្នាំ​ ២០១១-២០២០​។ យើង​បាន​ជួយសង្គ្រោះ​ជីវិត​មនុស្ស ៤ ៥៦១​ នាក់​ ក្នុងអំឡុង​ពេលនេះ បើ​ធៀប​នឹង​គោលដៅ​របស់​យើង​ដែលមាន​ចំនួន ៧ ៣៣៨ នាក់​"​។​

​បន្ទាប់ពី​សេចក្តីប្រកាស​នៃ​កិច្ចប្រជុំ​ថ្នាក់​រដ្ឋមន្ត្រី​លើក​ទី​៣​​ ស្តីពី​សុវត្ថិភាព​ចរាចរណ៍​ផ្លូវគោក​នៅ​ទីក្រុង Stockholm និង​ផែនការ​សកល​ដែល​ដាក់ចេញ​ដោយ​អង្គការ​សុខភាព​ពិភពលោក និង​គណៈកម្មការ​តំបន់​របស់​អង្គការសហប្រជាជាតិ​នៅ​ថ្ងៃទី ​២៨ ខែ តុលា ឆ្នាំ​២០២១ កម្ពុជា​បាន​បង្កើត​ទសវត្សរ៍​នៃ សកម្មភាព​សម្រាប់​ឆ្នាំ​ ២០២១-២០៣០ ក្នុង​គោលបំណង​កាត់បន្ថយ​គ្រោះថ្នាក់​ចរាចរណ៍​ឱ្យបាន​ ៥០%​។

​ក្រសួង​សាធារណការ​ និង​ដឹកជញ្ជូនបាន​បញ្ជាក់ថា ការកាត់បន្ថយ​គ្រោះថ្នាក់​ចរាចរណ៍ គឺជា​ការទទួលខុសត្រូវ​របស់​អ្នកពាក់ព័ន្ធ​ទាំងអស់ រដ្ឋាភិបាល​មិនអាច​ធ្វើបាន​តែម្នាក់ឯង​ទេ ប៉ុន្តែ​ត្រូវការ​ទាំង​វិស័យ​សាធារណៈ និង​ឯកជន អង្គការក្រៅរដ្ឋាភិបាល និង​ប្រព័ន្ធ​ផ្សព្វផ្សាយ ដើម្បី​សហការ​ជាមួយ​រដ្ឋាភិបាល ដើម្បី​អប់រំ​អ្នកប្រើប្រាស់​ផ្លូវ​អំពី​ច្បាប់​ស្តីពី​ចរាចរណ៍​ផ្លូវគោក​៕