The Phnom Penh Post Search

Search form




Logo of Phnom Penh Post newspaper Phnom Penh Post - ​ជប៉ុន​ផ្តល់​ជំនួយឥតសំណង​ជាង​​ ២​ លាន​ដុល្លារ សម្រាប់​គម្រោង​អាហារូបករណ៍ ដល់​មន្ត្រី​កម្ពុជា​ ២៦​ នាក់​ទៅ​សិក្សា​នៅ​ជប៉ុន​

​ជប៉ុន​ផ្តល់​ជំនួយឥតសំណង​ជាង​​ ២​ លាន​ដុល្លារ សម្រាប់​គម្រោង​អាហារូបករណ៍ ដល់​មន្ត្រី​កម្ពុជា​ ២៦​ នាក់​ទៅ​សិក្សា​នៅ​ជប៉ុន​

Content image - Phnom Penh Post

​ជប៉ុន​ផ្តល់​ជំនួយឥតសំណង​ជាង​​ ២​ លាន​ដុល្លារ សម្រាប់​គម្រោង​អាហារូបករណ៍ ដល់​មន្ត្រី​កម្ពុជា​ ២៦​ នាក់​ទៅ​សិក្សា​នៅ​ជប៉ុន​

ភ្នំពេញៈ ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ និង​ទីភ្នាក់ងារ​សហ​ប្រតិ​ប​តិ្ត​ការ​អន្តរជាតិ នៃ​ប្រទេស​ជប៉ុន (JICA) ប្រចាំ​នៅ​កម្ពុជា ចុះហត្ថលេខា​លើ​កិច្ចព្រមព្រៀង​ហិរញ្ញប្បទាន​ឥត​សំណង ដែលមាន​ទឹកប្រាក់​ចំនួន ៣៦៣ លាន​យ៉េន​ជប៉ុន ស្មើនឹង​ ២,៦ ​លាន​ដុល្លារ​អាមេរិក សម្រាប់​គម្រោង​អាហារូបករណ៍​ដើម្បី​អភិវឌ្ឍ​ធនធានមនុស្ស (JDS) ដែល​នឹង​ផ្តល់ឱកាស ដល់​មន្ត្រី​កម្ពុជា​ចំនួន​ ២៦​ នាក់​ទៅ​សិក្សា​នៅ​ប្រទេស​ជប៉ុន​។​

​កិច្ចព្រមព្រៀង​នេះ​ត្រូវបាន​ចុះហត្ថលេខា​ដោយ​លោក អូន ព័ន្ធមុនីរ័ត្ន រដ្ឋមន្ត្រីក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ និង​លោក Yanagawa Shinji អនុប្រធាន​តំណាង JICA ប្រចាំ​នៅ​កម្ពុជា កាលពី​ថ្ងៃទី​​ ២៨ ខែមិថុនា​។​

​កិច្ចព្រមព្រៀង​ហិរញ្ញប្បទាន​ឥត​សំណង​នេះ បាន​ក្លាយជា​ឯកសារ​ស្របច្បាប់​បន្ទាប់ពី​លិខិត​ប្ដូរ​សារ​ត្រូវបាន​ចុះហត្ថលេខា​នៅ​ថ្ងៃទី​ ១៣ ខែ មិថុនា ឆ្នាំ​ ២០២២ រវាង​ក្រសួងការបរទេស និង​សហប្រតិបត្តិការ​អន្តរជាតិ​កម្ពុជា និង​ស្ថានទូត​ជប៉ុន​ប្រចាំ​នៅ​កម្ពុជា​។​

​សេចក្តីប្រកាស​ព័ត៌មាន​រួម​រវាង​ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ និង JICA ដែល​ផ្សព្វផ្សាយ​នា​ថ្ងៃទី​ ១ ខែកក្កដា​ បញ្ជាក់ថា គម្រោង​នេះ​មាន​គោលបំណង​ជួយ​គាំទ្រ​ដល់​ការអភិវឌ្ឍ ធនធានមនុស្ស ដោយ​ផ្តល់ឱកាស​ដល់​មន្ត្រី​វ័យក្មេង​របស់​រដ្ឋាភិបាល ដែល​រំពឹងថា នឹងចូលរួម​បង្កើត និង​អនុវត្ត​ផែនការ​អភិវឌ្ឍ​សេដ្ឋកិច្ចសង្គម និង​ដើរតួ​ជា​អ្នកដឹកនាំ​ក្នុងការ អភិវឌ្ឍ​សង្គម​កម្ពុជា​។

​គម្រោង​នេះ​ក៏មាន​គោលបំណង​ផងដែរ ក្នុងការ​ពង្រឹង​ទំនាក់ទំនង​ទ្វេភាគី​រវាង​ប្រទេស​ទាំង​ ២ ដោយ​ប្រើប្រាស់​បណ្តាញ​ទំនាក់ទំនង​មនុស្ស​តាមរយៈ​សកម្មភាព​សិក្សា សកម្មភាព​សង្គម និង​បទពិសោធ​ក្នុងប្រទេស​ជប៉ុន​។

​សេចក្តីប្រកាស​ព័ត៌មាន​រួម​នេះ​បញ្ជាក់ថា​៖ «​កិច្ចព្រមព្រៀង​ថ្មី​នេះ នឹង​ផ្តល់ឱកាស​ដល់​មន្ត្រី​កម្ពុជា ចំនួន​២៦​នាក់​ទៅ​សិក្សា​នៅ​ប្រទេស​ជប៉ុន ដែល​បេក្ខជន​ចំនួន ២៤ នាក់ នឹងត្រូវ បានជ្រើសរើស​សម្រាប់​ក​ម្ម​វិធី​ថ្នាក់អនុបណ្ឌិត និង ២ ​នាក់​ សម្រាប់​កម្មវិធី​ថ្នាក់បណ្ឌិត​សម្រាប់​កម្មវិធី JDS ក្រោម​កិច្ចព្រមព្រៀង​ថ្មី​នៃ​ហិរញ្ញប្បទាន ឥត​សំណង​នេះ​»​។​

​កម្មវិធី​អាហា​រូបកណ៍ JDS បានចាប់ផ្តើម​នៅ​កម្ពុជា​ក្នុង​ឆ្នាំ​២០០០ ហើយ​អស់​រយៈពេល ជាង​ ២០ ​ឆ្នាំ​មកនេះ មាន​មន្ត្រី​វ័យក្មេង​ជាង​ ៥០០ ​នាក់​ ដែល​បានទទួល អាហារូបករណ៍ ទៅ​បន្ត​ការសិក្សា​ថ្នាក់អនុបណ្ឌិត និង​ថ្នាក់បណ្ឌិត​ក្នុងប្រទេស​ជប៉ុន​។ នេះ​បើតាម​សេចក្តីប្រកាស​ព័ត៌មាន​រួម​។​

​ប្រភព​ដដែល​បន្តថា​៖ «​គម្រោង​នេះ​ពិតជា​សំខាន់​ណាស់ ក្នុងការ​ចូលរួមចំណែក​អភិវឌ្ឍ​ធនធានមនុស្ស ដើម្បី​ឈានទៅដល់​ការអភិវឌ្ឍ​សេដ្ឋកិច្ចសង្គម​ក្នុងប្រទេស​កម្ពុជា​។ អតីត​និស្សិត JDS ជាច្រើន​បាន​ក្លាយជា​មន្ត្រីជាន់ខ្ពស់ និង​ជា​អ្នកដឹកនាំ​ដែល​កំពុង បម្រើ​ការងារ​ក្នុង​ក្រសួង​នានា​ក្នុងប្រទេស​កម្ពុជា​»៕

អត្ថបទគួរចាប់អារម្មណ៍