សៀមរាបៈ នៅក្នុង​ឆមាស​ទី​១ ឆ្នាំ ​២០២២ ក្រុមការងារ​សហគម​ន៍​នៃ​អាជ្ញាធរ​ជាតិ​អប្សរា បាន​អនុញ្ញាតឱ្យ​ប្រជាពលរដ្ឋ​ក្នុង​តំបន់​អង្គរ ជួសជុលផ្ទះ និង​សាងសង់​សំណង់​ស្រាល​បាន​ចំនួន​ ៦៨៣​ សំណើ ខណៈ​នៅតែមាន​ការប្រកាស​លក់​ដី​នៅក្នុង​តំបន់​អង្គរ​។​

​លទ្ធផល​ការងារ​សហគមន៍​រប​ស់​អាជ្ញាធរ​ជាតិ​អប្សរា នៅ​ឆមាស​ទី​១ ក្នុង​ឆ្នាំ​ ២០២២ បាន​ចុះ​ផ្សព្វផ្សាយ​អប់រំ និង​ពិនិត្យ​ការស្នើសុំ​ជួសជុលផ្ទះ រួមទាំង​សាងសង់​សំណង់​តូចតាច​ទាំង​ ៥ ​ស្រុក​/​ក្រុង ក្នុង​តំបន់​រមណីយដ្ឋាន​អង្គរ បាន​ចំនួន​ ៩២៧​ សំណើ ដែល​ក្នុង​នោះបាន អនុញ្ញាត​ជូន​ប្រជាពលរដ្ឋ​ចំនួន​ ៦៨៣​ សំណើ​។ នេះ​បើតាម​ការចុះផ្សាយ​របស់​អាជ្ញាធរ​ជាតិ​អប្សរា នៅ​ថ្ងៃទី​ ១​ ខែកក្កដា​។​

​ការអនុញ្ញាត​ទាំងនោះ រួម​មាននៅ​ស្រុក​ប្រាសាទបាគង​បាន​ចំនួន ​៩៧ ​សំណើ ស្រុក​អង្គរធំ​បាន​ចំនួន​៤៣​សំណើ ស្រុក​ពួក​បាន​ចំនួន​ ១៥២ សំណើ ក្រុង​សៀមរាប​បាន​ចំនួន ២៦៩​ សំណើ ស្រុក​បន្ទាយស្រី​ ១១៩​ សំណើ និង​ក្រៅ​តំបន់​រមណីយដ្ឋាន​អង្គរ​បាន​ចំនួន​ ០៣​ សំណើ សរុប​ចំនួន​ ៦៨៣​ សំណើ​។​

​ជាមួយគ្នានេះ ក៏មាន​បញ្ហា​ប្រឈម​មួយចំនួន​ដូចជា ការជួសជុល ឬ​សាងសង់​មុន​ការចុះពិនិត្យ​របស់​ក្រុមការងារ ការប្រកាស​លក់​ដី​ក្នុង​តំបន់​ការពារ​តាមរយៈ​បណ្ដាញ​ទំនាក់ទំនង​សង្គម​ហ្វេ​ក​ប៊ុ​ក និង​ការដាក់​ស្លាក (​លក់​ដី​) ផ្ទាល់​ក្នុង​តំបន់​ការពារ​នៅតែមាន​។​

​ជា​គោលដៅ​បន្ត ក្រុមការងារ​សហគម​ន៍​នៃ​អាជ្ញាធរ​ជាតិ​អប្សរា​នឹង​បន្ត​ផ្សព្វផ្សាយ អប់រំ​ប្រជាពលរដ្ឋ​ឱ្យ​យល់​កាន់តែច្បាស់​ពី​តួនាទី ភារកិច្ច​របស់​អាជ្ញាធ​រ​ជាតិ​អប្សរា ការប្រើប្រាស់​ដីធ្លី​ក្នុង​តំបន់​ការពារ​នៃ​រមណីយដ្ឋាន​អង្គរ នីតិវិធី​នៃ​ការដាក់​ពាក្យស្នើសុំ​ជួសជុល និង​សាង​សង់ផ្ទះ​ក្នុង​រមណីយដ្ឋាន​អង្គរ​ឱ្យ​កាន់​តែមាន​ប្រសិទ្ធភាព​ទាន់ពេលវេលា​។​

​អាជ្ញាធរ​ជាតិ​អប្សរាបាន​បញ្ជាក់ថា រាល់​ការស្នើ​សុំច្បាប់​ជួសជុល គឺ​ពុំមាន​បង់ប្រាក់​ទេ​៕