​លោក ថោង ខុន រដ្ឋមន្ត្រី​ក្រសួងទេសចរណ៍ បានចេញ​សារាចរ​ណែនាំ​ និង​ក្រើនរំឭក​ដល់​មន្ទីរ​ទេស​ចរណ៍​រាជធានី-ខេត្ត និង​ម្ចាស់​ឬ​អ្នកគ្រប់គ្រង​អាជីវកម្ម​ទេសចរណ៍ ត្រូវ​ពង្រឹង​ការអនុវត្ត​វិធានការ​នានា​របស់​រាជ​រដ្ឋាភិបាល ក្រសួងសុខាភិបាល និង​វិធាន​សុវត្ថិភាព​ទេសចរណ៍ ដើម្បី​ប្រយុទ្ធ និង​ទប់ស្កាត់​ការឆ្លង​រាលដាល​ក្នុង​សហគមន៍​នៃ​មេរោគ​កូ​វីដ​ ១៩​។​

​នៅក្នុង​ប្រទេស​កម្ពុជា​បាន​រកឃើញ​ការឆ្លង​មេរោគ​កូ​វីដ ​១៩​ ឡើងវិញ បន្ទាប់ពី​អាក់ខាន​នូវ​ការឆ្លង និង​ការស្លាប់​ដោយ​ជំងឺ​នេះ​រយៈពេល ៥២ ​ថ្ងៃ​កន្លងមក ដែល​ធ្វើឱ្យ​ក្រសួងទេសចរណ៍ បានធ្វើការ​ក្រើនរំឭក​ដល់​គ្រប់​ស្ថាប័ន​និង​អ្នកពាក់ព័ន្ធ​ធ្វើការ​ពង្រឹង​ការអនុវត្ត​វិធានការ​នានា​របស់​រាជ​រដ្ឋាភិបាល ក្រសួងសុខាភិបាល និង​វិធាន​សុវត្ថិភាព​ទេសចរណ៍ ឬ​នីតិវិធី​ប្រតិបត្តិ​ស្តង់ដា​អប្បបរមា​-SOP​។​

​លោក ថោង ខុន បានលើកឡើង​តាមរយៈ​សារាចរ​ណែនាំ កាលពី​ថ្ងៃទី ០១ ខែកក្កដាថា មន្ទីរ​ទេសចរណ៍​រាជធានី-ខេត្ត និង​ម្ចាស់​ឬ​អ្នកគ្រប់គ្រង​អាជីវកម្ម​ទេសចរណ៍ ត្រូវ​បន្ត​ពង្រឹង​ការអនុវត្ត​ឱ្យបាន​យ៉ាង​ខ្ជាប់ខ្ជួន​នូវ​វិធានការ​ទាំងឡាយ​ដែល​បានដាក់​ចេញ​ដោយ​ក្រសួងសុខាភិបាល និង​វិធាន​សុវត្ថិភាព​ទេសចរណ៍​របស់​ក្រសួងទេសចរណ៍​ទប់ស្កាត់​ការរីក​រាលដាល​ជំងឺ​កូ​វីដ​ ១៩​។

​លោក​បាន​បន្ថែមថា៖ «​គ្រប់​មូលដ្ឋាន​អាជីវកម្ម សេវាកម្ម​ទេសចរណ៍ ត្រូវ​បន្ត​ពង្រឹង​ការគ្រប់គ្រង​ឱ្យបាន​ល្អប្រសើរ ពិសេស​ត្រូវ​កំណត់​សមត្ថភាព​ផ្ទុក (Carrying Capacity) អតិបរមា ដោយ​ប្រើប្រាស់​ប្រព័ន្ធគ្រប់គ្រង សមត្ថភាព​ផ្ទុក (Carrying Capacity Management System) ដែល​រៀបចំ​ដោយ​ក្រសួងទេសចរណ៍​។​

​លោក ថោង ខុន ក៏បាន​បន្តថា គ្រប់​មូលដ្ឋាន​អាជីវកម្ម សេវាកម្ម​ទេសចរណ៍ត្រូវ​ធានាថា ​គ្រប់​បុគ្គលិក​បម្រើការ​បាន​ចាក់​វ៉ាក់សាំង​កូ​វីដ​ ១៩ ទាំង​ដូ​ស​មូលដ្ឋាន និង​ដូ​ស​ជំរុញ ស្របតាម​ការកំណត់រ​បស់​ក្រសួងសុខាភិបាល​។ ជាមួយគ្នានេះដែរ ក៏ត្រូវ​អនុវត្ត​នូវ​វិធានការ​ទប់ស្កាត់​ការរីក​រាលដាល​ជំងឺ​កូ​វីដ ១៩ ហើយ​គ្រប់​មូលដ្ឋាន​អាជីវកម្ម សេវាកម្ម​ទេសចរណ៍ ត្រូវ​បន្ត​ពង្រឹងគុណភាព​សេវាកម្ម ថែរក្សា​បរិស្ថាន​-​អនាម័យ និង​រក្សា​តម្លៃ​ផលិតផល និង​សេវាកម្ម ឱ្យបាន​សមរម្យ​។

​មន្ទីរ​ទេសចរណ៍​រាជធានី-ខេត្ត ត្រូវ​បន្ត​សហការ​ជាមួយ​រដ្ឋបាល​រាជធានី-ខេត្ត និង​អាជ្ញាធរ​មូលដ្ឋាន​ដើម្បី​ពិនិត្យ និង​ពង្រឹង​បន្ថែម​នូវ​ការអនុវត្ត​វិធាន​សុវត្ថិភាព​ទេសចរណ៍ (​ឬ​នីតិវិធី​ប្រតិបត្តិ​ស្តង់ដា​អប្បបរមា​-SOP) ហើយ​មន្ទីរ​ទេសចរណ៍​រាជធានី-ខេត្ត ត្រូវ​បន្ត​សហការ​ជាមួយ​រដ្ឋបាល​រាជធានី-ខេត្ត និង​អាជ្ញាធរ​មូលដ្ឋាន ណែនាំ​បន្ត​ដល់​គ្រប់​មូលដ្ឋាន​អាជីវកម្ម សេវាកម្ម​ទេសចរណ៍​។

​រដ្ឋមន្ត្រី​ក្រសួងទេសចរណ៍​ក៏បាន​តម្រូវឱ្យ​អ្នកគ្រប់គ្រង​មូលដ្ឋានអាជីវកម្ម ត្រូវ​ជូនដំណឹង​មក​អាជ្ញាធរ​មូលដ្ឋាន​នូវ​រាល់​ករណី​សង្ស័យ ចំពោះ​ភ្ញៀវ​ដែល​ជាប់​ពាក់ព័ន្ធ នឹង​ជំងឺ​កូ​វីដ ​១៩ (​បន្ទាប់ពី​ស្កេ​ន QR Code ទប់ស្កាត់​កូ​វីដ​ ១៩)​។​

​លោក ថោង ខុន បាន​បញ្ជាក់ថា៖ «​គ្រប់​មូលដ្ឋាន​អាជីវកម្ម ត្រូវ​បន្ត​អនុវត្ត​រាល់​វិធានការ​ជា​ធរមាន ហើយ​ក្នុងករណី​ខកខាន​មិនបាន​អនុវត្ត ឬ​អនុវត្ត​មិនបាន​ត្រឹមត្រូវ មន្ទីរ​ទេសចរណ៍​រាជធានី ខេត្ត ត្រូវ​ស្នើសុំ​ការសហការ​ពី​អាជ្ញាធរ​មូលដ្ឋាន បញ្ឈប់​ប្រតិបត្តិការ​អាជីវកម្ម​នោះ​ជាដាច់ខាត​និង​បន្ត​នីតិវិធី​ស្នើសុំ​ការអនុវត្ត​វិធានការ​ច្បាប់​ជា​ធរមាន ពិសេស​ច្បាប់​ស្តីពី​វិធានការ​ទប់ស្កាត់​ការឆ្លង​រាលដាល​នៃ​ជំងឺ​កូ​វីដ ​១៩ និង​ជំងឺ​កាច​សាហាវ ​និង​ប្រកបដោយ​គ្រោះថ្នាក់​ធ្ងន់ធ្ងរ​ផ្សេងទៀត​»​។

​លោក​ក៏បាន​បន្ថែមថា មន្ទីរ​ទេសចរណ៍​រាជធានី-ខេត្ត ត្រូវ​បន្ត​សហការ​ជាមួយ​រដ្ឋបាល​រាជធានី-ខេត្ត និង​អាជ្ញាធរ​មូលដ្ឋាន ចុះ​ពិនិត្យ​ទីតាំង​ដែល​ជាប់​បម្រាម​ហាមឃាត់​ការប្រកប​អាជីវកម្ម ចៀសវាង​ការប្រកប​អាជីវកម្ម​ដោយ​ពុំបាន​សុំច្បាប់​អនុញ្ញាត​ត្រឹមត្រូវ​៕