​បាត់ដំបងៈ សមត្ថកិច្ច​ចម្រុះ​នៅ​ថ្ងៃទី​ ១ ​ខែកក្កដា​នេះ​ បានធ្វើការ​ត្រួតពិនិត្យរ​ថ​យន្ត​សរុប​ ៦៣៧ ​គ្រឿង និង​មនុស្ស ៧៦២​ នាក់ ដើម្បី​បង្ការ​ទប់ស្កាត់ និង​បង្ក្រាប​បទល្មើស​គ្រឿងញៀន ​និង​សារធាតុ​គីមី​ផ្សំ​គ្រឿងញៀន​ខុសច្បាប់​នៅតាម​បន្ទាត់​ព្រំដែន​ក្នុងស្រុក​ភ្នំព្រឹក​។ ប៉ុន្តែ​មិនមាន​រកឃើញ​បទល្មើស​គ្រឿងញៀន​នោះទេ​។ នេះ​បើ​យោងតាម​ស្នងការដ្ឋាន​នគរបាល​ខេត្តបាត់ដំបង​។

​ប្រតិបត្តិការ​នេះ​ត្រូវបាន​ដឹកនាំ​ដោយ​លោក​ កុយ ហៀ​ង ស្នងការរង​ផែន​ការងារ​ប្រឆាំង​គ្រឿងញៀន សហការ​ជាមួយ​សមត្ថកិច្ច​ពាក់ព័ន្ធ ដែលមាន ​២​ គោលដៅ​។

​គោលដៅ​ទី​១ ​គឺនៅ​ចំណុច​ក្បែរ​ច្រក​អូរ​រំដួល ផ្លូវ​លេខ ​៥៧B ស្ថិតក្នុង​ក្រុមទី​០៥ ភូមិ​ពេជ្រ​ចិន្ដា ឃុំ​ពេជ្រ​ចិន្ដា ស្រុក​ភ្នំព្រឹក ខេត្តបាត់ដំបង ​ចាប់ពី​ម៉ោង ​៨​ ដល់​ម៉ោង​ ១១ ​និង​ ៣០​ នាទី​ព្រឹក​។ ក្នុងនោះ​មាន​សមាសភាព​ចូលរួម កម្លាំងចម្រុះ​សរុប​មាន​ចំនួន​ ៦០ ​នាក់ ដែលមាន​កម្លាំង​ស្នងការដ្ឋាន​នគរបាល​ខេត្តបាត់ដំបង​ចំនួន​ ១០​ នាក់ កម្លាំង​កងរាជអាវុធហត្ថ​ខេត្ត និង​ស្រុក​ចំនួន ១០​ នាក់ កម្លាំង​នគរបាល​ស្រុក​ភ្នំព្រឹក​ចំនួន ៣០​ នាក់ កម្លាំង​នគរបាល​វរ​សេនា​តូច​ការពារ​ព្រំដែន​គោក ​៨១៩ ចំនួន​ ១០​ នាក់ ដឹកនាំ​ដោយ​លោក វរសេនីយ៍ទោ អ៊ិន កុល ជា​មេបញ្ជាការ​។ កម្លាំង​ទាំងនេះ​បានធ្វើការ​ត្រួតពិនិត្យ​លើ​រថយន្ត​ចំនួន ៣៨៧​ គ្រឿង មនុស្ស​ ៤៣៥ ​នាក់ (​ស្រី ២០០ ​នាក់​)​។

​គោលដៅ​ទី​២ ​គឺ​នៅ​ផ្លូវ​លេខ​ ៥៧B ស្ថិតក្នុង​ក្រុមទី​៦ ភូមិ​អូរ ឃុំ​ពេជ្រ​ចិន្ដា ស្រុក​ភ្នំព្រឹក​ ចាប់ពី​ម៉ោង ​១ ​រសៀល ដល់​ម៉ោង​ ១៦ ​និង​ ៣០​ នាទី​រសៀល​ បានធ្វើការ​ត្រួតពិនិត្យ​លើ​រថយន្ត​ចំនួន​ ២៥០​ គ្រឿង មនុស្ស ៣២៧ ​នាក់ (​ស្រី​ ១៦៣ ​នាក់​)​។​

​ជា​លទ្ធផល​ទាំង ​២ ​គោលដៅ​នេះ​ មាន​រថយន្ត​សរុប​ ៦៣៧​ គ្រឿង​ មនុស្ស​ ៧៦២ ​នាក់​ ត្រូវបាន​ត្រួតពិនិត្យ តែ​សមត្ថកិច្ច​ពុំបាន​រកឃើញ​សារធាតុ​គីមី​ផ្សំ​គ្រឿងញៀន​ខុសច្បាប់​ឡើយ​។ ទោះយ៉ាងណា កម្លាំងចម្រុះ​បាន​ណែ​នាំឱ្យ​ពួកគាត់​ចូលរួម​គោរព​ច្បាប់​ចរាចរណ៍​ទាំងអស់គ្នា​៕