​ភ្នំពេញៈ លោក ប្រាក់ សុខុន រដ្ឋមន្ត្រីការបរទេស​នឹងចូលរួម​កិច្ចប្រជុំ​រដ្ឋមន្ត្រីការបរទេស​នៃ​កិច្ចសហប្រតិបត្តិការ​មេគង្គ​-​ឡាន​ឆាង (MLC) លើក​ទី​៧ នៅ​ថ្ងៃទី​​ ៤ ខែកក្កដា នៅ​ទីក្រុង​បា​ហ្កា​ន ប្រទេស​មី​យ៉ាន់​ម៉ា បន្ទាប់ពី​បញ្ចប់​ទស្សនកិច្ច​នៅ​ប្រទេស​មី​យ៉ាន់​ម៉ា ក្នុងនាម​ជា​ប្រេសិត​ពិសេស​របស់​ប្រធាន​អាស៊ាន​។​

​សេចក្តីប្រកាស​ព័ត៌មាន​ក្រសួងការបរទេស​បញ្ជាក់​នា​ថ្ងៃទី​ ១ ខែកក្កដា ថា កិច្ចប្រជុំ​នេះ​នឹងធ្វើ​ឡើង​ក្រោម​មូលបទ «​សាមគ្គីភាព​ដើម្បី​សន្តិភាព និង​វិបុលភាព​» ហើយនឹង​ក្លាយជា​វេទិកា​មួយ​សម្រាប់​រដ្ឋមន្ត្រីការបរទេស MLC ធ្វើការ​វាយតម្លៃ​ទៅលើ​វឌ្ឍនភាព នៃ​ការអនុវត្ត​ផែនការ​សកម្មភាព​៥​ឆ្នាំ​នៃ​កិច្ចសហប្រតិបត្តិការ​មេគង្គ​-​ឡាន​ឆាង ឆ្នាំ​ ២០១៨-២០២២​។

​ប្រភព​ដដែល​បន្តថា កិច្ចប្រជុំ​នេះ​នឹង​កំណត់​ទិសដៅ​អនាគត​សម្រាប់​កិច្ចសហប្រតិបត្តិការ​ឱ្យ​កាន់តែ​ទូលំទូលាយ ពង្រឹង​បន្ថែមទៀត​នូវ​ចំណងមិត្តភាព និង​គាំទ្រ​គ្នា​ទៅវិញទៅមក​រវាង​បណ្ដា​ប្រទេស​មេគង្គ និង​ប្រទេស​ចិន ក្នុងការ​លើកកម្ពស់​កា​រ​អភិវឌ្ឍ​សេដ្ឋកិច្ច​-​សង្គម ជាពិសេស​នៅក្នុង​កាលៈទេសៈ​នៃ​ការគំរាមកំហែង​ពិភពលោក​ដែល​មិន​ធ្លាប់មាន​ពីមុនមក​។​

​លោក ប្រាក់ សុខុន និង​រដ្ឋមន្ត្រីការបរទេស MLC ដទៃទៀត ក៏​នឹងចូលរួម​ក្នុង​ពិធី​សម្ពោធ​អគារ​អង្គភាព​សម្របសម្រួល​ជាតិ​នៃ MLC របស់​ប្រទេស​មី​យ៉ាន់​ម៉ា ផងដែរ​។​

​លោក ប្រាក់ សុខុន រំពឹងថា​នឹងមាន​ជំនួប​ទ្វេភាគី​ដាច់ដោយឡែក​ពីគ្នា​ជាមួយ​រដ្ឋមន្ត្រីការបរទេស​នៃ​ប្រទេស MLC ផ្សេងទៀត ដើម្បី​ពង្រឹង​បន្ថែមទៀត​នូវ​ទំនាក់ទំនង​ទ្វេភាគី ក៏ដូចជា​កិច្ចសហប្រតិបត្តិការ​នៅក្នុង​ក្របខ័ណ្ឌ MLC សម្រាប់​ការអភិវឌ្ឍ​ប្រកបដោយ​ចីរភាព​នៅក្នុង និង​ក្រៅ​តំបន់​៕