ភ្នំពេញៈ ទីភ្នាក់ងារ​សហប្រតិបត្តិ​ការ​អន្តរជាតិ​កូរ៉េ ហៅថា ក​យ​កា (KOICA) ប្រចាំ​នៅ​កម្ពុជា នា​ថ្ងៃទី​ ១ ខែកក្កដា បានប្រកាស​បើក​ដំណើរការ​កម្មវិធី​បណ្តុះ​បណ្តាល​តាម​ប្រព័ន្ធ​អន​ឡាញ​ដើម្បី​ធ្វើឱ្យ​ប្រសើរឡើង​នូវ​ប្រព័ន្ធ​កិច្ចការរដ្ឋបាល​របស់​តុលាការ​នៅ​កម្ពុជា​។

​វគ្គ​បណ្តុះបណ្តាល​ដែលមាន​រយៈពេល​ ១០ ​ថ្ងៃ​ចាប់ពី​ថ្ងៃទី​ ៤ ដល់ ថ្ងៃទី​ ១៣ ខែកក្កដា នេះ ក៏មាន​គោលបំណង​ពង្រឹងសមត្ថភាព​ក្នុង​ការកសាង​ប្រព័ន្ធគ្រប់គ្រង​រដ្ឋបាល​អេឡិចត្រូនិក​ផងដែរ​។ វគ្គ​នេះ​គឺ​សម្រាប់​មន្ត្រី​ថ្នាក់កណ្តាល​ចំនួន​២០ រូប​មកពី​ក្រសួងយុត្តិធម៌ និង​អគ្គនាយកដ្ឋាន​កិច្ចការរដ្ឋបាល​តុលាការ​។

KOICA បញ្ជាក់​ក្នុង​ហ្វេ​ស​ប៊ុ​កនា​ថ្ងៃទី​ ១ ខែកក្កដាថា​៖ «​វគ្គ​បណ្តុះបណ្តាល​ដ៏​សំខាន់​នេះ ត្រូវបាន​រៀបចំឡើង​ដើម្បី​ផ្តល់នូវ​សេចក្តី​យោង​អំពី​បទពិសោធ​របស់​ប្រទេស​កូរ៉េ ចំពោះ​វិស័យ​ច្បាប់ និង​យុត្តិធម៌​នៅ​កម្ពុជា ជួយ​ក្នុងការ​ធ្វើឱ្យ​ប្រសើរឡើង និង​ទំនើបកម្ម​នៃ​ប្រព័ន្ធ​រដ្ឋបាល​តុលាការ និង​ជួយ​ពង្រឹង​ការទទួលខុសត្រូវ និង​ការយល់ដឹង អំពី​ក្រមសីលធម៌​នៃ​មន្ត្រី​ច្បាប់ និង​តុលាការ​»​។

​នៅ​ប្រទេស​កម្ពុជា KOICA ធ្វើការ​លើ​ផ្នែក​បច្ចេកទេស​ជាច្រើន​ទៅលើ​កម្មវិធី និង​គម្រោង​ផ្សេងៗ ដែល​ជះឥទ្ធិពល​យ៉ាងខ្លាំង​ដល់​ការអភិវឌ្ឍ​របស់​ប្រទេស​កម្ពុជា ដូចជា​ការកែលម្អ​អាហារូបត្ថម្ភ និង​សុខុមាលភាព​របស់​សិស្ស ការពង្រឹង​សមត្ថភាព​គ្រូបង្រៀន សុខភាព​សាធារណៈ កសិកម្ម និង​ហេដ្ឋារចនាសម្ព័ន្ធ និង​ន​វា​នុ​វត្ត​។​

KOICA បានប្រកាស​ពី​ការប្តេជ្ញាចិត្តថា នឹង​បន្ត​គាំទ្រ និង​អនុវត្ត​កម្មវិធី​នៅ​កម្ពុជា​ដែល​ផ្តោតលើ​ការអភិវឌ្ឍ​ធនធានមនុស្ស​នៅ​កម្ពុជា​៕​