ភ្នំពេញៈ លោក ប្រាក់ សុខុន ប្រេសិតពិសេសរបស់ប្រធានអាស៊ានស្ដីពីមីយ៉ាន់ម៉ា និងលោក យ៉ា ព្យេ ប្រធានគណៈកម្មាធិការសាមគ្គីភាពជាតិ និងការបង្កើតសន្តិភាពមីយ៉ាន់ម៉ា នាថ្ងៃទី១ ខែកក្កដា បានជួបពិភាក្សាគ្នាអំពីវឌ្ឍនភាពការងារ និងការចូលរួមចំណែករបស់អង្គការប្រដាប់អាវុធជនជាតិភាគតិចក្នុងកិច្ចព្រមព្រៀងបទឈប់បាញ់ថ្នាក់ជាតិ។ នេះបើយោងតាមក្រសួងការបរទេសកម្ពុជា។
ក្រសួងការបរទេសកម្ពុជាបានឱ្យក្រុមអ្នកសារព័ត៌មានដឹងតាមប្រព័ន្ធតេឡេក្រាម (Telegram) នាថ្ងៃទី ២ ខែកក្កដា ថា នៅក្នុងជំនួបនោះ លោក ប្រាក់ សុខុន ដែលជារដ្ឋមន្ត្រីការបរទេសកម្ពុជា បានចែករំលែកបទពិសោធរបស់កម្ពុជាក្នុងដំណើរអនុវត្តគោលនយោបាយឈ្នះ-ឈ្នះ របស់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន។
ភាគីទាំង២ក៏បានជជែកពីតួនាទីរបស់គណៈកម្មាធិការសាមគ្គីភាពជាតិ និងការបង្កើតសន្តិភាព ក្នុងដំណើរការផ្តល់ជំនួយមនុស្សធម៌ និងការចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ ១៩ ជូនប្រជាជនមីយ៉ាន់ម៉ា នៅតំបន់ដែលពិបាកទៅដល់។
បន្ទាប់ពីជំនួបនេះ លោក ប្រាក់ សុខុន ដែលអមដំណើរដោយលោក ឯកផាប់ ផាន់ថាវង្ស អគ្គលេខាធិការរងអាស៊ានទទួលបន្ទុកសហគមន៍សង្គម-វប្បធម៌អាស៊ាន បានបន្តជួបជាមួយតំណាងអង្គការប្រដាប់អាវុធជនជាតិភាគតិចចំនួន ៧ ដែលបានចុះហត្ថលេខាកិច្ចព្រមព្រៀងបទឈប់បាញ់ជាមួយក្រុមប្រឹក្សារដ្ឋបាលរដ្ឋ (SAC)។
ក្រសួងការបរទេសកម្ពុជាបញ្ជាក់ថា៖ «កិច្ចប្រជុំបានផ្លាស់ប្តូរទស្សនៈលើស្ថានភាពនយោបាយនៅក្នុងប្រទេស ជាពិសេសលើវិធីដែលមីយ៉ាន់ម៉ាអាចជំរុញការចរចាសន្តិភាពទៅមុខដើម្បីជាប្រយោជន៍ដល់ប្រជាជនទាំងអស់នៅក្នុងប្រទេស»។
ប្រភពដដែលបន្តថា៖ «ឯកឧត្តម ឧបនាយករដ្ឋមន្ត្រីក៏បានឆ្លៀតឱកាសពន្យល់អំពីការអនុវត្តដ៏ជោគជ័យនៃនយោបាយឈ្នះ-ឈ្នះ ផ្តួចផ្តើមដោយសម្តេចតេជោនាយករដ្ឋមន្ត្រី ហ៊ុន សែន ដែលបាននាំកម្ពុជាឱ្យទទួលបានសុខសន្តិភាព ស្ថិរភាព និងការអភិវឌ្ឍដូចសព្វថ្ងៃ»។ ៕