
អភិបាលខេត្តព្រះសីហនុ លោក គួច ចំរើន។ រូបថត រដ្ឋបាលខេត្តព្រះសីហនុ
ព្រះសីហនុៈ អភិបាលខេត្តព្រះសីហនុ លោក គួច ចំរើន បានដាក់ចេញបទបញ្ជាដាច់ណាត់ ឱ្យអាជ្ញាធរពាក់ព័ន្ធទាំងអស់តាំងពីថ្នាក់លើរហូតដល់ថ្នាក់ក្រោមបើកយុទ្ធនាការ ១ ខែ ចាត់វិធានការ ក្រុមចោរលួចខ្សែភ្លើងនៅក្នុងខេត្ត។
ការដាក់បទបញ្ជាដាច់ណាត់នេះ ត្រូវបានធ្វើនៅក្នុងកិច្ចប្រជុំគណៈបញ្ជាការឯកភាពរដ្ឋបាលខេត្តនៅចុងសប្តាហ៍នេះ និងបន្ទាប់ពីក្រុមចោរ បានលួចកាត់ខ្សែភ្លើងជាបន្តបន្ទាប់។
លោក គួច ចំរើន បានចាត់ទុកក្រុមលួចកាត់ខ្សែភ្លើងនៅក្នុងខេត្តព្រះសីហនុ ជាបទល្មើសយ៉ាងធំ ព្រោះធ្វើឱ្យប៉ះពាល់ដល់ជីវភាពរស់នៅរបស់ប្រពលរដ្ឋ។
លោកថ្លែងថា៖ «យើងមិនត្រូវបណ្តោយឱ្យពួកគាត់ធ្វើអីចឹងទៀតទេ បើគិតពីផលប៉ះពាល់ ពីការគាត់លួចខ្សែភ្លើង ១ ម៉ែត្រ ឬ ២ ម៉ែត្រវាតិចទេ ប៉ុន្តែវាធ្វើឱ្យភ្លើងងងឹតទាំងអស់ បានវាចង្រៃធំ យើងចំណាយដាក់បង្គោលភ្លើងវាអស់ច្រើន ប៉ុន្តែ វាទៅកាត់មួយកង់ ដូចទៅបំផ្លាញទាំងអស់អ៊ីចឹង»។
លោក គួច ចំរើន ស្នើឱ្យអាជ្ញាធរពាក់ព័ន្ធទាំងអស់ បើកយុទ្ធនាការ ១ ខែ កម្ទេចក្រុមលួចខ្សែភ្លើងនៅខេត្តឱ្យអស់ និងឱ្យក្រុមព្រះរាជអាជ្ញាដាក់ទោសក្នុងកម្រិតធ្ងន់ផងដែរ៕