
រូបភាព ក្រសួងពាណិជ្ជកម្ម
ភ្នំពេញៈ ក្រសួងពាណិជ្ជកម្មកាលពីថ្ងៃទី ១ កក្កដា បានសម្ពោធដាក់ឱ្យអនុវត្តគម្រោង “កំណែទម្រង់ស្ថាប័នរបស់វិទ្យាស្ថានបណ្តុះបណ្តាល និងស្រាវជ្រាវពាណិជ្ជកម្ម និងការអភិវឌ្ឍមជ្ឈមណ្ឌលព័ត៌មាន សម្រាប់ពាណិជ្ជកម្មសេរី និងលេខាធិការដ្ឋាននៃគណៈកម្មាធិការចរចាពាណិជ្ជកម្មជាតិ” ក្រោមការគាំទ្រហិរញ្ញវត្ថុពីទីភ្នាក់ងារកិច្ចសហប្រតិបត្តិការអាល្លឺម៉ង់ (GIZ)។
គម្រោងនេះ គឺទទួលបានជំនួយឥតសំណងផ្តល់ដោយទីភ្នាក់ងារកិច្ចសហប្រតិបត្តិការអាល្លឺម៉ង់ (GIZ) សម្រាប់ការអនុវត្តចំនួន ១២ ខែ លើសកម្មភាព ៣ សំខាន់ៗ៖ ១) កំណែទម្រង់ស្ថាប័នសម្រាប់វិទ្យាស្ថានបណ្តុះបណ្តាល និងស្រាវជ្រាវពាណិជ្ជកម្ម ២) ការបង្កើតមជ្ឈមណ្ឌលចំណេះដឹងសម្រាប់កិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី និង ៣) ការបង្កើតលេខាធិការដ្ឋានសម្រាប់គណៈកម្មាធិការចរចាពាណិជ្ជកម្មជាតិ។
លោក សុខ សុភ័ក្ត្រ រដ្ឋលេខាធិការនៃក្រសួងពាណិជ្ជកម្ម និងជាប្រធានគណៈកម្មការតម្រង់ទិសរបស់គម្រោង ARISE Plus Cambodia ថ្លែងថា ការអនុវត្តគម្រោងនេះ គឺស្របតាមកាលៈទេសៈ ដែលប្រទេសកម្ពុជាជាសមាជិកនៃកិច្ចព្រមព្រៀងភាពជាដៃគូសេដ្ឋកិច្ចទូលំទូលាយក្នុងតំបន់ (RCEP) កិច្ចព្រមព្រៀងទ្វេភាគីជាមួយប្រទេសចិន និងកិច្ចព្រមព្រៀងទ្វេភាគីជាមួយប្រទេសកូរ៉េ។
លោកបន្តថា គម្រោងនេះនឹងផ្តល់អត្ថប្រយោជន៍ជាអតិបរមាសម្រាប់ការកសាងសមត្ថភាពរបស់មន្ត្រីរាជការក្រសួងពាណិជ្ជកម្ម និងអន្តរក្រសួង-ស្ថាប័នទាក់ទងនឹងការចរចាពាណិជ្ជកម្មសេរី និងជាមជ្ឈមណ្ឌលសម្រាប់ចែករំលែកព័ត៌មាន និងចំណេះដឹងពាក់ព័ន្ធនឹងការចរចាពាណិជ្ជកម្មសេរីនានា។
លោកថ្លែងថា៖ «ក្រសួងពាណិជ្ជកម្មនឹងអនុវត្តគម្រោងប្រកបដោយជោគជ័យ និងលើកពីការធ្វើសហប្រតិបត្តិការជាមួយដៃគូអភិវឌ្ឍន៍ និងបានស្នើសុំឱ្យក្រសួងស្ថាប័នពាក់ព័ន្ធបន្តចូលរួមក្នុងការសហការអនុវត្តគម្រោងបន្តទៀត»៕