សៀមរាបៈ គិត​ត្រឹម​ចុងខែ​មិថុនា ឆ្នាំ​ ២០២២ គម្រោង​ស្ថាបនា​ធ្វើឱ្យ​ប្រសើរឡើង​ស្ថានីយ​ប្រព្រឹត្តិកម្ម ទឹក​កខ្វក់​ (MPWT-CW4) នៅក្នុង​ក្រុង​សៀមរាប​សម្រេចបាន​ជាង​ ២៣%​ ហើយ​។ នេះ​បើតាម​ក្រសួង​សាធារណការ និង​ដឹកជញ្ជូន​កាលពី​ថ្ងៃទី​ ១ ខែកក្កដា​។

ក្រសួង​សាធារណការ និង​ដឹកជញ្ជូន​បញ្ជាក់​ថា គម្រោង​ខាងលើ​នេះ​ទទួល​បាន​ការ​សាទរ​ពី​ប្រជាពលរដ្ឋ និង​អាជ្ញាធរ​មូលដ្ឋាន​។

ជាមួយ​គ្នា​នោះ​ផងដែរ ក្រុម​ការងារ​បច្ចេកទេស​បាន​ចុះ​ពិនិត្យ​ស្ថានភាព​ទីតាំង​ស្ថានីយ​បូម​ថ្មី​ចំនួន ០២ កន្លែង​ដោយ​ផ្តោតលើ​លក្ខណៈ​បច្ចេកទេស ដើម្បី​ឈាន​ដល់​ការសិក្សា​លម្អិត​លើ​ផ្នែក​ផ្សេងៗ និង​បាន​ជួបពិភាក្សា​ការងារ​ជាមួយ​ក្រុមហ៊ុន​ទទួល​បន្ទុក​ការសាងសង់​ខ្សែ​ផ្លូវ​ដែល​ត្រូវដាក់​បណ្តាញ​លូ​ខ្នែង លូ​ខ្នែង​រង (MPWT-CW1A) ដើម្បី​ពន្លឿន​ឯកសារ​ពាក់ព័ន្ធ​ការងារ​ធនធាន​មនុស្ស សម្ភារ និង​គ្រឿងចក្រ ដើម្បី​ដាក់ជូន​ទីប្រឹក្សា​គម្រោង (Consultant) ពិនិត្យ​សម្រេច មុន​ចាប់ផ្តើម​អនុវត្ត​គម្រោង​តាម​ផែនការ ដែល​បាន​គ្រោងទុក​៕