កំពង់ឆ្នាំងៈ កម្លាំង​សមត្ថកិច្ច​ស្រុក​បរិបូណ៌​បាន​បំផ្លាញ​ចោល​នៅនឹង​កន្លែង​នូវរ​បាំងសាច់​អួន​ប្រវែង​ ៤០០ ​ម៉ែត្រ បង្គោល​ចំនួន​ ៣០០​ ដើម នៅក្នុង​ប្រតិបត្តិការ​ចុះបង្ក្រាប​បទល្មើស​នេសាទ​នៅ​ចំណុច​កោះ​អាចម៍ ភូមិ​កោះ​តាម៉ូវ ឃុំ​កំពង​ព្រះគគីរ ស្រុក​បរិបូណ៌ ខេត្ត​កំពង់ឆ្នាំង នា​ថ្ងៃទី ​១ ខែកក្កដា​។

ហ្វេសប៊ុក​ស្នងការដ្ឋាន​នគរបាល​ខេត្ត​កំពង់ឆ្នាំង​បញ្ជាក់​នា​ថ្ងៃទី​ ២ ខែកក្កដា ថា កម្លាំង​អធិការដ្ឋាន​នគរបាល​ស្រុក​បរិបូណ៌​សហការ​ជាមួយ​កម្លាំង​ចម្រុះ គណៈបញ្ជាការ​ឯកភាព​ស្រុក​បរិបូណ៌​រួមជាមួយ​សហគមន៍​នេសាទ​កំពង់ព្រះ​គគីរ ដឹកនាំ​ដោយ​លោក ផល សុភាព អភិបាលរង​ស្រុក​បរិបូណ៌​បាន​ចុះបង្ក្រាប​បទល្មើស​នេសាទ​នេះ​។

ហ្វេសប៊ុក​ដដែល​បន្តថា ក្នុង​ប្រតិបត្តិការ​នេះ កម្លាំង​សមត្ថកិច្ច​សរុប​មាន​ចំនួន​ ២០ ​នាក់ ដោយ​ប្រើប្រាស់​មធ្យោបាយ​កាណូត​ស្មាច់​ចំនួន​ ៣ ​គ្រឿង​។

ហ្វេសប៊ុក​ដដែល​បញ្ជាក់ថា​៖ «​ក្នុង​កិច្ចប្រតិបត្តិការ​នេះ​បង្ក្រាប​ដកហូត​បាន​របាំង​សាច់​អួន​ចំនួន​ ៥ ​កន្លែង​ប្រវែង​ ៤០០ ​ម៉ែត្រ លប​លូ​សាច់​អួន​ចំនួន​ ៤ បង្គោល​ចំនួន​ ៣០០​ ដើម ត្រី​ចម្រុះ​ចំនួន​ ១០​ គីឡូ​។ ឧបករណ៍​សម្ភារ​បំផ្លាញ​ចោល​នៅ​នឹង​កន្លែង​»៕