ភ្នំពេញៈ អ៊ីស្រាអែល​មាន​បំណង​ចុះ​អនុស្សរណៈ​នៃ​ការយោគយល់​គ្នា (MOU) ជាមួយ​កម្ពុជា​ ដើម្បី​នាំយក​ពលករ​កម្ពុជា​ទៅ​បម្រើការ​ក្នុង​វិស័យ​កសិកម្ម​នៅ​ប្រទេស​អ៊ីស្រាអែល ខណៈ​កម្ពុជា​បង្ហាញ​ឆន្ទ:​គាំទ្រ​លើ​គម្រោង​នេះ ព្រោះ​វា​នឹង​ជួយ​ពង្រីក​សមត្ថភាព​កសិករ​កម្ពុជា​។

ការបង្ហាញ​បំណង​នេះ​ធ្វើឡើង​ក្នុង​ជំនួប​នា​ថ្ងៃទី ១ ខែកក្កដា រវាង​លោក វេង សាខុន រដ្ឋមន្ត្រី​កសិកម្ម និង​លោកស្រី Orna Sagiv ឯកអគ្គរដ្ឋទូត​ទើបត្រូវ​បាន​តែងតាំង​ថ្មី​នៃ​រដ្ឋ​អ៊ីស្រាអែល (State of Israel) ប្រចាំ​កម្ពុជា​ដែលមាន​និវេសនដ្ឋាន​នៅ​ទីក្រុង​បាងកក ប្រទេស​ថៃ​។

លោក វេង សាខុន ថ្លែង​ថា អ៊ីស្រាអែល​កន្លងមក​បាន​ផ្តល់​កិច្ចសហប្រតិបត្តិការ​យ៉ាង​ល្អ​ប្រសើរ​ក្នុង​ការជួយ​អភិវឌ្ឍ​ធនធាន​មនុស្ស​លើ​វិស័យ​កសិកម្ម​តាមរយ:​ការផ្តល់​ឱកាស​ឱ្យ​និស្សិត​កម្ពុជា​ឆ្នាំ​ទី​ ៣ បាន​ទៅធ្វើ​ហាត់​ការ​នៅ​ប្រទេស​អ៊ីស្រាអែល​ចាប់តាំងពី​ឆ្នាំ​ ២០០៨ ដែល​រហូត​មកដល់​បច្ចុប្បន្ន​មាន​រយ:ពេល​ ១៤ ​ឆ្នាំ ដោយមាន​សរុប​និស្សិត​ចំនួន​ ១ ៤៦៩​ នាក់​។

លោក​ថ្លែងថា បច្ចុប្បន្ន​ពួកគេ​បាននិង​កំពុង​ចូលរួម​ចំណែក​យ៉ាងសកម្ម​ក្នុង​ការ​ចែករំលែក​បទពិសោធ​ល្អៗ​ទាក់ទង​បច្ចេកវិទ្យា​កសិកម្ម​ទំនើបៗ ដែល​ទទួល​បាន​ពី​ប្រទេស​អ៊ីស្រាអែល​ ដើម្បី​អភិវឌ្ឍ​វិស័យនេះ​ឱ្យ​កាន់តែ​រីកចម្រើន​ស្រប​តាម​ផែនការ​ជា​យុទ្ធសាស្ត្រ​ក្នុង​ការ​ធ្វើ​ទំនើបកម្ម​កសិកម្ម​។

ហ្វេសប៊ុក​ក្រសួង​កសិកម្ម​បញ្ជាក់​នា​ថ្ងៃទី​ ១ ខែកក្កដា ថា​៖ «​ភាគី​អ៊ីស្រាអែល​មាន​បំណង​ចុះ MOU រវាង​រដ្ឋាភិបាល​ទាំងពីរ (G to G Umbralla) ដើម្បី​នាំយក​ពលករ​កម្ពុជា​ទៅ​បម្រើការ​ក្នុង​វិស័យ​កសិកម្ម​នៅ​ប្រទេស​អ៊ីស្រាអែល​»​។

ប្រភព​ដដែល​បន្តថា​៖ «​ឯកឧត្តម​រដ្ឋមន្ត្រី​បាន​បង្ហាញ​ឆន្ទ:​គាំទ្រ​លើ​គម្រោង​នេះ ព្រោះ​បើ​អាច​កើតឡើង​បាន​នោះ​វា​នឹង​ជួយ​ពង្រឹង និង​ពង្រីក​សមត្ថភាព​កសិករ​កម្ពុជា​ទាំង​ផ្នែក​ទ្រឹស្តី និង​ការអនុវត្ត​អំពី​ការប្រើប្រាស់​បច្ចេកទេស​កសិកម្ម​ទំនើប​របស់​អ៊ីស្រាអែល​។ ទាក់ទង​នឹង​បញ្ហា​នេះ លោកជំទាវ​មាន​ក្តី​សង្ឃឹមថា នឹង​ទទួល​បាន​ការសហការ​ល្អ​ពី​ក្រសួង​ការងារ ហើយ​និង​ឈាន​ចុះហត្ថលេខា​ក្នុង​ពេល​ដ៏​ខ្លី​ខាង​មុខ​នេះ​»៕