ភ្នំពេញៈ លោក ស ខេង ឧបនាយក​រដ្ឋមន្ត្រី និង​ជា​រដ្ឋមន្ត្រី​ក្រសួង​មហាផ្ទៃ បាន​សម្រេច​បណ្តេញ​ចេញ​លោក សឿ សុថា អនុប្រធាន​នាយកដ្ឋាន អត្តសញ្ញាណប័ណ្ណ​សញ្ជាតិ​ខ្មែរ​ពី​ក្របខ័ណ្ឌ​នគរបាល​ជាតិ​។

យោងតាម​ប្រកាស​ស្តីពី​ការបណ្ដេញ​ចេញ​ពី​ក្របខ័ណ្ឌ​មន្ត្រី​នគរបាល​ជាតិ ដែល​ចុះហត្ថលេខា​ដោយ​លោក ស ខេង ឧបនាយក​រដ្ឋមន្ត្រី​រដ្ឋមន្ត្រី​ក្រសួង​មហាផ្ទៃ​កាលពី​ថ្ងៃទី​ ២៤ ខែមិថុនា បញ្ជាក់​ថា ត្រូវ​បាន​អនុវត្ត​វិន័យ​ចំពោះ​លោក សឿ សុថា អត្តលេខ ០១១៥២ អនុប្រធាន​នាយកដ្ឋាន អត្តសញ្ញាណ​ប័ណ្ណ​សញ្ជាតិ​ខ្មែរ​នៃ​អគ្គនាយកដ្ឋាន​អត្តសញ្ញាណកម្ម​ក្រោម​រូបភាព​ដកហូត​មុខតំណែង និង​បណ្ដេញ​ចេញ​ពី​ក្របខ័ណ្ឌ​មន្ត្រី​នគរបាល​ជាតិ​។ មូលហេតុ​ល្មើស​វិន័យ​របស់​កងកម្លាំង​នគរបាលជាតិ​។

សេចក្តី​សម្រេច​នេះ​បន្តថា ប្រាក់​បៀវត្ស និង​របប​ឧបត្ថម្ភ​ផ្សេងៗ​ត្រូវបាន​កាត់ផ្តាច់ និង​លុប​ចេញពី​ក្របខ័ណ្ឌ​មន្ត្រី​នគរបាល​ជាតិ​ចាប់ពី​ថ្ងៃខែ​ចុះហត្ថលេខា​តទៅ​។ បទ​ប្បញ្ញត្តិ​ទាំងឡាយ​ណា​ដែល​ផ្ទុយ​នឹង​ប្រកាស​នេះ​ត្រូវ​ទុកជា​និរាករណ៍​។

ទោះជា​យ៉ាងណា គេ​មិនទាន់​ដឹង​ពី​មូលហេតុ​ពិតប្រាកដ​នៃ​ការសម្រេច​បណ្តេញ​ចេញ​នេះ​នោះទេ​។ កន្លង​មកនេះ មាន​មន្ត្រី​នគរបាល​មួយ​ចំនួន ត្រូវ​បាន​បណ្តេញ​ចេញ​ក្រោម​ហេតុផល​មិន​បាន​អនុវត្ត​ឱ្យ​បាន​ត្រឹមត្រូវ​ទៅតាម​តួនាទី និង​ភារកិច្ច​របស់​ស្ថាប័ន​ខ្លួន និង​ល្មើសច្បាប់​ជាដើម​៕