ភ្នំពេញៈ អង្គការ​មូលនិធិ​សត្វព្រៃ​ពិភពលោក (WWF) អំពាវនាវ​ដល់​ផលិតករ​ភាពយន្ត​ប្រើប្រាស់​ទេពកោសល្យ និង​កាមេរ៉ា​ផ្តិត​រូបភាព​បង្ហាញ​ពិភពលោក​នូវ​សម្រស់​តំបន់​ព្រៃលិច​ទឹក​មេគង្គ​ ដើម្បី​ឱ្យ​សាធារណជន​យល់​អំពី​តម្លៃ និង​សារៈសំខាន់​របស់​តំបន់​ដ៏មាន​សក្តានុពល​។

WWF បាន​ដកស្រង់​សម្ដី​លោក Steven Paglia នាយក​កម្មវិធី​អភិរក្ស​នៃ​អង្គការ WWF បង្ហោះ​លើ​ហ្វេសប៊ុក​នា​ថ្ងៃទី ​២ ខែកក្កដា ថា៖ «​ខ្ញុំ​សូម​លើកទឹកចិត្ត​ដល់​ផលិតករ​ភាពយន្ត​សូម​ប្រើប្រាស់​ទេពកោសល្យ និង​កាមេរ៉ា​របស់​លោក​អ្នក​ផ្តិត​រូបភាព បង្ហាញ​ពិភពលោក​នូវ​សម្រស់​ដ៏​ស្រស់ត្រកាល​នៃ​តំបន់​ព្រៃ​លិច​ទឹក​មេគង្គ​ឱ្យ​សាធារណជន​យល់​អំពី​តម្លៃ និង​សារៈសំខាន់​របស់​តំបន់​ដ៏​មាន​សក្តានុពល​មួយ​នេះ ហើយ​សូម​ភ្ជាប់​ផងដែរ​នូវ​សាច់រឿង​អំពី​ការរស់នៅ និង​សំឡេង​របស់​ប្រជាសហគមន៍​ដែល​រស់​ពឹង​អាស្រ័យ​នឹង​តំបន់​មេគង្គ​នេះ​»​។

លោក​បាន​ថ្លែង​ដូច្នេះ​ក្នុង​កម្មវិធី​ជុំវិញ​ទន្លេមេគង្គ «​រុករក និង​ស្វែងយល់​ពី​បរិស្ថាន និង​ប្រជាជន​នៅក្នុង​តំបន់​មេគង្គ​» ដែលជា​ផ្នែក​មួយ​នៃ​មហោស្រព​ភាពយន្ត​អន្តរជាតិ​កម្ពុជា​លើក​ទី​ ១១ ដែល​បាន​ប្រព្រឹត្តទៅ​នា​ថ្ងៃទី​ ១ ខែកក្កដា​។

ដោយ​សហការ​ជាមួយ​មជ្ឈមណ្ឌល​បុប្ផា​ណា អង្គការ WWF ​បាន​គាំទ្រ​គម្រោង​ផ្សព្វផ្សាយ​សោតទស្សន៍​តាមរយៈ​ការផ្តល់​ប្រឹក្សា​ជំនាញ​បច្ចេកទេស​ទាក់ទង​នឹង​ការអភិរក្ស​នៅ​តំបន់​ព្រៃ​លិច​ទឹក​មេគង្គ និង​សម្របសម្រួល​ដល់​សកម្មភាព​ការងារ​ផ្សេងៗ​ទៀត​ដែល​ធ្វើឡើង​នៅ​មូលដ្ឋាន​។

WWF បាន​ចូលរួម​អបអរសាទរ​ដល់​ជោគជ័យ​ក្នុង​ការ​ផលិត​បាន​នូវ​ភាពយន្ត​ឯកសារ ដែល​ចូលរួម​ចំណែក​យ៉ាងសំខាន់​ក្នុង​ការផ្សព្វផ្សាយ​រឿងរ៉ាវ​នានា​ស្តីពី​ទន្លេមេគង្គ​នៃ​ប្រទេស​កម្ពុជា​។

WWF បញ្ជាក់ថា​៖ «​កិច្ចការ​នេះ​នឹង​ចូលរួម​ចំណែក​ផ្តល់​ជា​សំឡេង​ដល់​សហគមន៍​មូលដ្ឋាន​ដែល​រស់នៅក្នុង​ខេត្ត​ក្រចេះ និង​ស្ទឹងត្រែង ក៏ដូចជា​តំបន់​ព្រំដែន​ជាមួយ​ប្រទេស​ឡាវ ដើម្បី​បញ្ជូន​សារ​ស្តីអំពី​ភាពចាំបាច់​ក្នុងការ​អភិរក្ស​ធនធាន​ជលផល​តាម​ដង​ទន្លេ និង​ប្រព័ន្ធ​ជីវចម្រុះ ដែលជា​ធនធាន​ទឹកសាប​ដ៏​ធំ​សម្បូរបែប​បំផុត​មួយ​នៅលើ​ពិភពលោក និង​សារៈសំខាន់​ក្នុងការ​លើក​កម្ពស់​ការ​អភិវឌ្ឍ​ប្រកប​ដោយ​ចីរភាព សម្រាប់​ជា​ប្រយោជន៍​ដល់​មនុស្ស និង​ធម្មជាតិ​»៕