ភ្នំពេញៈ អគ្គលេខាធិការ​គណៈវិស្វករ​កម្ពុជា​ជំរុញ​ដល់​និស្សិត​ផ្នែក​វិស្វកម្ម និង​ស្ថាបត្យកម្ម​ចូលរួម​ប្រកួតប្រជែង​ការ​រចនា​ប្លង់​បញ្ចូល​ភាពងាយស្រួល​ជូន​ជន​មាន​ពិការភាព មុនពេល​សាងសង់​អគារ ឬ​សំណង់​ផ្សេងៗ​។

លោក សុខុម រិទ្ធីវុធ អគ្គលេខាធិការ​គណៈវិស្វករ​កម្ពុជា​ថ្លែង​ក្នុង​សិក្ខាសាលា​ផ្សព្វផ្សាយ​មួយ​ស្តីពី “​បទដ្ឋាន​បច្ចេកទេស និង​ការប្រកួត​ប្រជែង​ការរចនា​ហេដ្ឋារចនាសម្ព័ន្ធ​រូបវន្ត​បង្កលក្ខណៈ​ងាយស្រួល​ សម្រាប់​ជន​មាន​ពិការភាព “​នៅ​ថ្ងៃទី​ ២ ខែកក្កដា នេះ​ឱ្យដឹងថា ការរៀបចំ​សិក្ខាសាលា​នាពេលនេះ ដើម្បី​ឱ្យ​និស្សិត​ផ្នែក​វិស្វកម្ម និង​ស្ថាបត្យកម្ម​មាន​ការ​ចូលរួម​បញ្ចេញ​សមត្ថភាព ស្នាដៃ និង​ការច្នៃប្រឌិត​របស់​ក្មួយៗ​នៅតាម​មហាវិទ្យាល័យ ដើម្បី​ចូលរួម​ប្រកួត​ប្រជែង​ការរចនា​ប្លង់ ដោយ​បញ្ចូល​ភាពងាយស្រួល​ជូន​ជន​មាន​ពិការភាព​មុនពេល​សាងសង់​អគារ ឬ​សំណង់​ផ្សេងៗ​នៅ​ទីសាធារណៈ និង​លក្ខខណ្ឌ​នៃ​ការជ្រើសរើស​ចូលរួម​ការប្រកួត​ប្រជែង ដើម្បី​សម្រេច​បាន​នូវ​ការគិតគូរ និង​អំពី​តម្រូវការ​ចាំបាច់​របស់​ជន​មាន​ពិការភាព​។

លោក​ថ្លែង​ថា​៖ «​ប្រទេស​កម្ពុជា​យើង​បាន​ឆ្លងកាត់​សង្គ្រាម​រ៉ាំរ៉ៃ និង​របប​ប្រល័យ​ពូជសាសន៍ ដែល​បាន​បន្សល់​ទុក​នូវ​ផលវិបាក​ជាច្រើន​ដល់​សង្គមជាតិ​ក្នុង​នោះ​ជនពិការ​មាន​អត្រា​ខ្ពស់​ដូចជា បន្សល់​ពី​សង្គ្រាម​ច្រើន​ទសវត្សរ៍​, គ្រោះថ្នាក់​ដោយសារ​គ្រាប់មីន និង​គ្រាប់​មិនទាន់​ផ្ទុះ​, គ្រោះថ្នាក់​ចរាចរណ៍​, គ្រោះថ្នាក់​ការងារ កង្វះ​អាហារូបត្ថម្ភ ជំងឺ​ដង្កាត់ និង​ពិការ​ដោយសារ​មូលហេតុ​ផ្សេងៗ​ធ្វើឱ្យ​ចំនួន​ជនពិការ​មានការ​កើនឡើង​»​។

បើតាម លោក សុខុម រិទ្ធីវុធ ជនពិការ​ភាគច្រើន​ជា​គ្រួសារ​ក្រីក្រ និង​ងាយ​រងគ្រោះ​ជាងគេ​ក្នុង​សង្គម ផ្អែក​តាម​រដ្ឋធម្មនុញ្ញ​របស់​កម្ពុជា​, កម្មវិធី​នយោបាយ​អភិវឌ្ឍន៍​ជាតិ និង​យុទ្ធសាស្ត្រ​ចតុកោណ​របស់​រាជរដ្ឋាភិបាល ដែល​បាន​បង្កើត​ឱ្យ​មាន​ច្បាប់​ស្ដីពី​កិច្ចការពារ និង​ការលើក​កម្ពស់​សិទ្ធិ​ជនពិការ​ទទួល​បាន​ការ​ឡាយ​ព្រះហស្ថលេខា​ដោយ​ព្រះមហាក្សត្យ​នៅ​ថ្ងៃទី​ ០៣ ខែកក្កដា ឆ្នាំ​ ២០០៩ និង​អនុសញ្ញា​អន្តរជាតិ​៕