ប៉ៃលិនៈ កម្លាំង​ផ្នែក​នគរបាល​យុត្តិធម៌​នៃ​អធិការដ្ឋាន​នគរបាល​ក្រុងប៉ៃលិន​នា​ថ្ងៃទី ​១ ខែកក្កដា បាន​បញ្ជូន​ជន​ត្រូវ​ចោទ​ចំនួន​ ២ ​នាក់​ទៅកាន់​ពន្ធនាគារ​ខេត្ត​ប៉ៃលិន​ពី​បទ​រំលោភ​លើ​ទំនុកចិត្ត​តាម​ដីកា​បង្គាប់​ឱ្យ​ឃុំខ្លួន​របស់​ចៅក្រម​ស៊ើបសួរ​នៃ​សាលាដំបូង​ខេត្ត​ប៉ៃលិន​។ នេះ​បើ​យោង​តាម​របាយការណ៍​អគ្គស្នងការដ្ឋាន​នគរបាល​ជាតិ​។

របាយការណ៍​បាន​ឱ្យដឹង​នា​ថ្ងៃទី ​២ ខែកក្កដា ថា​ជន​ត្រូវ​ចោទ​ទាំង​ ២ ​នាក់​នេះ​គឺជា​ជនជាតិខ្មែរ ភេទ​ប្រុស និង​មាន​មុខរបរ​មិន​ពិតប្រាកដ​ដូចគ្នា ដោយ​មា្នក់​អាយុ​ ១៧ ​ឆ្នាំ​រស់នៅ​ភូមិ​ផ្សារព្រំ ឃុំ​ស្ទឹងកាច់ ស្រុក​សាលាក្រៅ ខេត្ត​ប៉ៃលិន តែ​ម្នាក់ទៀត​អាយុ ​១៦ ​ឆ្នាំ រស់នៅ​ភូមិ​ចំការ​កាហ្វេ សង្កាត់​ទួលល្វា ក្រុងប៉ៃលិន ខេត្ត​ប៉ៃលិន​។

របាយការណ៍​បញ្ជាក់ថា​៖ «​ជន​ត្រូវ​ចោទ​ខាងលើ​បាន​ពាក់ព័ន្ធ​ករណី​រំលោភ​លើ​ទំនុកចិត្ត ប្រព្រឹត្ត​នៅ​ភូមិ​សួន​អំពៅ​កើត សង្កាត់​ប៉ៃលិន ក្រុង​ប៉ៃលិន ខេត្ត​ប៉ៃលិន កាលពី​ថ្ងៃទី​ ២៤ ខែមិថុនា ឆ្នាំ​ ២០២២»៕