ព្រែវែងៈ លោក ស ខេង អនុប្រធាន​គណបក្ស​ប្រជាជន​កម្ពុជា​បាន​លើក​ទឹកចិត្ត​ថ្នាក់ដឹកនាំ និង​សមាជិក សមាជិការ​ក្រុមការងារ​គណបក្ស​គ្រប់​ថ្នាក់ ចូលរួម​ផ្ដល់យោបល់​ទៅលើ​បទពិសោធ​ទៅលើ​ដំណើរការ​បោះឆ្នោត​ជ្រើសរើស​ក្រុមប្រឹក្សាឃុំ សង្កាត់ ថ្មីៗ​នេះ ដើម្បី​ទទួល​បាន​ធាតុ​ចូល ឬ​ទស្សនាទាន​ថ្មីៗ ដើម្បី​ត្រៀម​រៀបចំ​ការបោះឆ្នោត​ជ្រើសតាំង​តំណាងរាស្ត្រ​នីតិកាល​ទី​ ៧ នា​ខែកក្កដា ឆ្នាំ ​២០២៣ ​ខាងមុខនេះ​។

លោក ស ខេង អនុប្រធាន​គណបក្ស​ប្រជាជន​កម្ពុជា និង​ជា​ប្រធាន​ក្រុម​ការងារ​គណបក្ស​ប្រជាជន​កម្ពុជា​ចុះ​មូលដ្ឋាន​ខេត្តព្រៃវែង និង​បាត់ដំបង ថ្លែង​ក្នុង​កិច្ចប្រជុំ​បូកសរុប​វាយតម្លៃ លទ្ធផល​បោះឆ្នោត​ជ្រើសរើស​ក្រុមប្រឹក្សាឃុំ សង្កាត់ អាណត្តិ​ទី ៥ ឆ្នាំ​ ២០២២ នៅ​ទីស្នាក់ការ​គណបក្ស​ប្រជាជន​កម្ពុជា​ខេត្ត​ព្រៃវែង​នា​ថ្ងៃទី ២ កក្កដា​នេះ​ឱ្យ​ដឹងថា ការជួប​ជុំគ្នា​នៅពេល​នេះ ក៏​ជា​ឱកាស​ដែល​ថ្នាក់ដឹកនាំ​គ្រប់​ថ្នាក់ និង​សមាជិក សមាជិការ ចូលរួម​យោបល់​បន្ថែមទៀត ដើម្បី​ទទួល​បាន​ធាតុ​ចូល ឬ​ទស្សនាទាន​ថ្មីៗ សម្រាប់​បម្រើឱ្យ​កិច្ចការ​គណបក្ស​នាពេល​ខាងមុខ គឺ​ការត្រៀម​រៀបចំ​ការបោះឆ្នោត​ជ្រើសតាំង​តំណាងរាស្ត្រ​នីតិកាល​ទី ៧ នា​ខែកក្កដា ឆ្នាំ​ ២០២៣​ខាងមុខនេះ ដើម្បី​បន្ត​ទទួល​បាន​ជោគជ័យ​នៅក្នុង​ការបោះឆ្នោត​នេះ​ជា​បន្តទៀត​។

លោក​បន្តថា នៅក្នុង​ការបោះឆ្នោត​ឃុំ សង្កាត់​កន្លង​ទៅ​ថ្មីៗ​នេះ បាន​ប្រព្រឹត្ត​ទៅ​យ៉ាង​ល្អប្រសើរ ដូច​ការប្ដេជ្ញា​ចិត្ត​ឱ្យ​ការបោះឆ្នោត​នេះ​ទទួល​បាន​ជោគជ័យ​ ២​ ក្នុងពេល​តែមួយ គឺ​ឈ្នះ​ការបោះឆ្នោត និង​ធ្វើឱ្យ​ការបោះឆ្នោត​ប្រព្រឹត្ត​ទៅដោយ​រលូន​។

លោក​បន្តថា គណបក្ស​ប្រជាជន​កម្ពុជា​បាន​ទទួល​សំឡេង​ឆ្នោត​គាំទ្រ​រហូត ៥ ​លាន ៣ ​សែន ៧ ​ម៉ឺន ៨​ ពាន់ ៧៧៣ ​សំឡេង ស្មើនឹង​ ៧៤,៣២ ​ភាគរយ​នៃ​សន្លឹកឆ្នោត​បានការ និង​បាន​កាន់កាប់​អាសនៈ​ក្រុមប្រឹក្សាឃុំ សង្កាត់​ចំនួន ​៩ ៣៧៦ ​អាសនៈ ស្មើនឹង​ ៨០,៦៧​ ភាគរយ​នៃ​អាសនៈ​សរុប ព្រម​ទាំង​ទទួលបាន​មុខតំណែង​មេឃុំ ចៅសង្កាត់​ចំនួន​ ១៦៤៨ ស្មើ​និង ​៩៩,៥១ ​ភាគរយ​។

បើតាម លោក ស ខេ គណបក្ស​ប្រជាជន​កម្ពុជា​ក៏បាន​សម្រេច​ជោគជ័យ​យ៉ាង​ត្រចះ​ត្រចង់​ធ្វើឱ្យ​បេក្ខជន​គណបក្ស​ប្រជាជន​កម្ពុជា​កាន់កាប់​អាសនៈ​ឃុំ សង្កាត់ ចំនួន​ ៦៨៤​ អាសនៈ ស្មើនឹង​ ៧៦,៦៨​ ភាគរយ​នៃ​អាសនៈ​សរុប​នឹង​ទទួល​បាន​មុខតំណែង​ជា​មេឃុំ ចៅសង្កាត់​គ្រប់​ខេត្ត​ក្នុងនោះ​មាន​ឃុំ សង្កាត់​ចំនួន​ ២​ នៃ​ខេត្ត​ព្រៃវែង ដែល​គណបក្ស​បាន​កាន់កាប់​អាសនៈ​ ១០០ ភាគរយ​។

លោក ស្បោង សារ៉ាត់ ប្រធាន​គណៈកម្មាធិការ​គណបក្ស​ប្រជាជន​កម្ពុជា ខេត្ត​ព្រៃវែង ថ្លែងថា លទ្ធផល​ដែល​គណបក្ស​ប្រជាជន​កម្ពុជា​ខេត្ត​ព្រៃវែង​សម្រេច​បាន ពិសេស​ក្នុង​ដំណើរការ​បោះឆ្នោត​ជ្រើសរើស​ក្រុមប្រឹក្សាឃុំ សង្កាត់ អាណត្តិ​ទី​ ៥ ឆ្នាំ​ ២០២២ ​កន្លងទៅ​ថ្មីៗ​នេះ គណបក្ស​ប្រជាជន​កម្ពុជា​ទទួល​បាន​សំឡេងឆ្នោត​គាំទ្រ​យ៉ាង​ច្រើន​លើសលប់ ឈ្នះ​បាន​មេឃុំ ចៅសង្កាត់ ទូទាំង​ខេត្តព្រៃវែង​៕