ភ្នំពេញៈ លោក ប្រាក់ សុខុន ប្រេសិត​ពិសេស​របស់​ប្រធាន​អាស៊ាន​ស្ដីពី​មីយ៉ាន់ម៉ា​អម​ដោយ​លោក ឯកផាប់ ផាន់ថាវង្ស អគ្គលេខាធិការរង​អាស៊ាន​ទទួល​បន្ទុក​សហគមន៍​សង្គម​-​វប្បធម៌​អាស៊ាន នា​ថ្ងៃទី​ ២ ខែកក្កដា បាន​ជួប​ពិភាក្សា​ការងារ​ជាមួយ​តំណាង​គណបក្ស​នយោបាយ​ចំនួន​ ៧​ នៅ​មីយ៉ាន់ម៉ា​។

ក្រសួង​ការបរទេស​កម្ពុជា​បានឱ្យ​ក្រុម​អ្នកសារព័ត៌មាន​ដឹង​តាម​ប្រព័ន្ធ​តេឡេក្រាម (Telegram) នា​ថ្ងៃទី​ ២ ខែកក្កដា ថា ភាគី​ទាំង​ ២ ​បាន​ពិភាក្សា «​យ៉ាង​ស៊ីជម្រៅ​» លើ​បញ្ហា​សំខាន់​ជាច្រើន​រួមទាំង​ស្ថានភាព​នយោបាយ និង​មនុស្សធម៌​ជាក់ស្តែង​នៅតាម​រដ្ឋ និង​តំបន់​ដែល​គណបក្ស​នយោបាយ​នីមួយៗ​មាន​សកម្មភាព​នយោបាយ និង​វឌ្ឍនភាព​ការងារ និង​ការចូលរួម​ចំណែក​របស់​គណបក្ស​នយោបាយ​ទាំង​ ៧ នៅក្នុង​កិច្ចព្រមព្រៀង​បទ​ឈប់​បាញ់​ថ្នាក់ជាតិ​។

ភាគី​ទាំង​ ២​ ក៏បាន​ពិភាក្សា​អំពី​វិធី​ក្នុងការ​បន្ធូរបន្ថយ​ស្ថានការណ៍​នៅ​មីយ៉ាន់ម៉ា និង​ការជំរុញ​ដំណើរការ​សន្តិភាព និង​តួនាទី​របស់​ប្រេសិត​ពិសេស​ក្នុងការ​រួមចំណែក​ក្នុង​ការ​ដោះស្រាយ​វិបត្តិ​នៅ​មីយ៉ាន់ម៉ា ដោយ​ផ្អែកលើ​កិច្ចព្រមព្រៀង​ជា​ឯកច្ឆន្ទ​ ៥ ​ចំណុច​៕