
រូបភាព រដ្ឋបាលខេត្តកំពត
កំពតៈ គិតចាប់តាំងពីការអនុវត្តរហូតមកដល់បំណាច់ខែមិថុនាឆ្នាំ ២០២២ នេះ រដ្ឋបាលខេត្តកំពតបានចុះបញ្ជីសរុបទូទាំងខេត្តសម្រេចបានចំនួន ៣៧៦ ភូមិស្មើនឹង ៧៧,០៤% នៃចំនួនភូមិសរុប ៤៨៨ ភូមិ ប្រមូលទិន្នន័យសរុបបានចំនួន ៦១៩ ៣៧៤ ក្បាលដី ស្មើនឹង ៧៧,៤២ %។
របាយការណ៍របស់រដ្ឋបាលខេត្តកំពតបានបង្ហាញក្នុងពិធីផ្សព្វផ្សាយសេចក្តីប្រកាសកំណត់តំបន់ធ្វើការវិនិច្ឆ័យ សម្រាប់ការចុះបញ្ជីដីធ្លីមានលក្ខណៈជាប្រព័ន្ធភូមិត្រពាំងរាំង ភូមិបរក្នុង ភូមិអន្ទងបែក ភូមិស្នោតូច និងភូមិពន្លៃ ឃុំអង្គរមាស ស្រុកដងទង់ ខេត្តកំពត នៅថ្ងៃទី ២ ខែកក្កដានេះបង្ហាញថា ក្នុងនោះការចែកបណ្ណជូនប្រជាពលរដ្ឋបានចំនួន ៥១៣ ៥១៩ បណ្ណ ស្មើនឹង៦៤,១៩% នៃក្បាលដីប៉ាន់ស្មានសរុប ៨០០ ០០០ ក្បាលដី។
របាយការណ៍នេះបន្តថា ដោយឡែកនៅស្រុកដងទង់មានឃុំចំនួន ១០ ភូមិចំនួន ៥៤ មានផ្ទៃដីទំហំ ៣៥៤ គីឡូម៉ែត្រការ៉េ និងមានក្បាលដីប៉ាន់ស្មានប្រមាណ ៥៧ ៧៣៥ ក្បាលដី បានចាប់ដំណើរការធ្វើការចុះបញ្ជីដីធ្លីមានលក្ខណៈជាប្រព័ន្ធចាប់ពីឆ្នាំ ២០១១ គិតមកដល់បច្ចុប្បន្នមានរយៈពេល ១១ ឆ្នាំ ហើយដែលទទួលបានលទ្ធផលការចុះបញ្ជីរួចបានចំនួន ៨២ ភូមិ។
ចំណែកឃុំអង្គរមាសនេះមានភូមិចំនួន ០៥ គឺភូមិត្រពាំងរាំង ភូមិបរក្នុង ភូមិអន្ទងបែក ភូមិស្នោតូច និងភូមិពន្លៃដែលត្រូវធ្វើការប្រកាសកំណត់តំបន់ធ្វើការវិនិច្ឆ័យនៅថ្ងៃនេះ មានផ្ទៃដីសរុបចំនួន ១៨៤៦,១៩ ហិកតា ក្នុងនោះដីស្រែមាន ១៥២៩,៥៣ ហិកតា ដីចម្ការមាន ១៤៤,៧៥ ហិកតា និងដីលំនៅឋានមាន ១៧១,៩១ ហិកតា ហើយមានក្បាលដីប៉ាន់ស្មានសរុបចំនួន ៩ ២៧៨ ក្បាលដី ស្មើនឹង ១ ៨០៤ គ្រួសារលើផ្ទៃដីសរុបចំនួន ១៨៤៦,១៩ ហិកតា៕