ភ្នំពេញៈ ស្ត្រីជាប់ចោទ អ៊ុំ រ៉ា​ដែន ក្នុង​វ័យ ៣៥ឆ្នាំ ស្ថិតក្នុង​សម្លៀកបំពាក់​ពណ៌​ខៀវខ្ចី​ដែល​គេ​សម្គាល់​បាន​ថា​ជា​អ្នកទោស​ដែល​នៅលើ ផ្ទៃមុខ​មាន​ស្បែក​ជ្រីវ​ជ្រួញ នោះ បាន​និយាយ​ក្នុង​បន្ទប់​សវនាការ​ជំនុំជម្រះ​នៃ​សាលាឧទ្ធរណ៍​ភ្នំពេញ​ កាលពីដើម​ខែមករា​ ឆ្នាំ២០២២ នេះ​ថា៖«ខ្ញុំ​សូមឱ្យ​តុលាការ​បន្ធូរ​បន្ថយទោស​ដល់​រូបខ្ញុំ ដើម្បី​ឆាប់​បាន​ចេញទៅ​មើលថែទាំកូនតូចៗ ប្រុស ​ស្រី ​របស់ខ្ញុំ​ចំនួន៣នាក់​ដែល​ទើបតែ​មាន​អាយុ ៧ឆ្នាំ ១២ឆ្នាំ និង​អាយុ ១៣ឆ្នាំ។ ពីមុន​ពួកគេ​មាន​ជីតា​មើលថែទាំ ​តែ​ក្រោយពី​ជីតា​របស់​ពួកគេ​ស្លាប់​ដោយ​ជំងឺ​កូ​វី​ដមក កូនៗរបស់ខ្ញុំ​ត្រូវ​រស់នៅ​គ្មាន​ទីពឹង ​គ្មាន​អ្នក​មើលថែ​ឡើយ​ខណៈដែល​ខ្ញុំ​ក៏ត្រូវ​ជាប់ឃុំ​ក្នុង​ពន្ធនាគារ​រហូតដល់១៦ឆ្នាំ»។

ស្ត្រីជាប់ចោទ អ៊ុំ រ៉ា​ដែន ត្រូវ​រង​ការចោទប្រកាន់​ពី​តុលាការ​រាជធានី​ភ្នំពេញ​ក្នុង​បទ​ចោទ​ការនាំចេញ​ដោយ​មិន​ស្របច្បាប់​សម្រាប់​នាំ​ឆ្លងដែន​តាម​មាត្រា១១នៃ​ច្បាប់​ស្តីពី​ការបង្ក្រាប​អំពើ​ជួញដូរ​មនុស្ស និង​អំពើ​ធ្វើ​អាជីវកម្ម​ផ្លូវភេទ។ ដោយសារតែ នាំ​នារី​ជនជាតិខ្មែរក្មេងៗចំនួន៧នាក់​យកទៅ ប្រទេស​ម៉ាឡេស៊ី។ដោយសារតែ​អំពើខុសច្បាប់​នេះ​បានធ្វើឱ្យ​នាង​ត្រូវ​ចំណាយពេល​រស់នៅក្នុង​ពន្ធនាគារ​រហូតដល់​ឆ្នាំ២០៣២ទើប​នាង​មាន​សេរីភាព​វិញ។

ស្ត្រី​ជាប់ចោទ ​អ៊ុំ រ៉ា​ដែន ​បាន​និយាយ​រៀបរាប់​ប្រាប់​តុលាការ​បន្តថា នៅ​អំឡុង​ខែ មិថុនា ឆ្នាំ ២០១៦ គាត់​បាន​ស្គាល់​ស្ត្រី​ឈ្មោះ ចាន់ ​សុ​ឃីម និង​ស្ត្រី​ឈ្មោះ សំ យ៉ុង ដែល​ពួកគេ​រស់នៅ​ខេត្តកំពង់ធំ ​ហើយ​បាន​ទាក់ទង​នារី​ខ្មែរ​ដែលមាន​អាយុ​ចន្លោះ​ពី១៦ឆ្នាំទៅ១៩ឆ្នាំ​ដែល​រស់នៅ​តំបន់​ជនបទ​នៃ​ខេត្តកំពង់ធំ។

ដោយ​ប្រើ​វិធី​លួងលោម​បញ្ចុះបញ្ចូល​ប្រាប់​នារីក្មេងៗទាំង៧នាក់​នោះ​ថា មាន​គេ​រើស​ស្ត្រី​ខ្មែរក្មេងៗទៅធ្វើ​ការ​នៅ​ប្រទេស​ម៉ាឡេស៊ី​បាន​ប្រាក់ខែ​ច្រើន។ ក្រោយពី​បញ្ចុះបញ្ចូល​នារី​រងគ្រោះ​ទាំងនោះ​បានសម្រេច​ហើយ​ឈ្មោះ ចាន់ សុ​ឃីម និង​ស្ត្រី​ឈ្មោះ សំ យ៉ុង បាន​នាំ​នារី​រងគ្រោះ​មក​ផ្ទះ​របស់គាត់​នៅក្នុង​សង្កាត់-ខណ្ឌ ឫស្សីកែវ រាជធានី​ភ្នំពេញ​ស្នាក់នៅ​បណ្តោះអាសន្ន​ដើម្បី​រត់ការ​បំពេញបែបបទ​ធ្វើឯកសារ។

ស្ត្រី​ជាប់ចោទ បាន​និយាយប្រាប់​តុលាការ​បន្តទៀតថា ក្នុងអំឡុង​ពេលនោះ​ស្ត្រី​ឈ្មោះ សំ យ៉ុង ​បាន​ទៅ​រត់ការ​ធ្វើឯកសារ​ឱ្យ​ពួកនាង​នៅ​សាលាសង្កាត់​ចោមចៅ​ដោយនិយាយ​ភូតកុហក​មន្ត្រីសង្កាត់​ចោមចៅ​ឱ្យ​កែសម្រួល​ឈ្មោះ និង​អាយុ​របស់នារីៗទាំងនោះ ដើម្បី​បាន​ទៅធ្វើ​លិខិតឆ្លងដែន​ស្របច្បាប់។ ប៉ុន្តែ​ត្រូវបាន​បែកការ​ណ៍ហើយ​អាជ្ញាធរ​សង្កាត់​ចោមចៅ​ប្តឹង​នគរបាល​នៃ​នាយកដ្ឋាន​ប្រឆាំង​ការជួញដូរ​មនុស្ស ហើយ​សមត្ថកិច្ច​បាន​ឃាត់ខ្លួន​ពួកគេ​ទាំង ៣នាក់ និង​បាន​រំដោះ​នារី​ទាំង ៧នាក់​នោះបាន​វិញ​បន្ទាប់ពី​មេខ្យល់​នាំ​ពួកនាង​មក​ស្នាក់​នៅបាន​ប្រមាណ១០ថ្ងៃ គឺ​ចូលដល់​ខែកក្កដា ឆ្នាំ ២០១៦។

បន្ទាប់ពី​ត្រូវ​សមត្ថកិច្ច​ចាប់ខ្លួន ឈ្មោះ អ៊ុំ រ៉ា​ដែន និង​ឈ្មោះ ចាន់ សុ​ឃីម ​ត្រូវបាន​តុលាការ​រាជធានី​ភ្នំពេញ​ផ្តន្ទាទោសម្នាក់១៦ឆ្នាំ​ដោយ​ចោទ​ពីបទ​នាំចេញ​ដោយ​មិន​ស្របច្បាប់ សម្រាប់​នាំ​ឆ្លងដែន​តាម​មាត្រា១១ នៃ​ច្បាប់​ស្តីពី​ការបង្ក្រាប​អំពើ​ជួញដូរ​មនុស្ស និង​អំពើ​ធ្វើ​អាជីវកម្ម​ផ្លូវភេទ។ រីឯ​ស្ត្រី​ឈ្មោះ​សំ យ៉ុង ត្រូវ​ផ្តន្ទាទោស​ដាក់ពន្ធនាគារ ១ឆ្នាំ​ចោទ​ពីបទ​ផ្តល់​ឯកសារ​ក្លែង។

ដោយ​ដឹង​ពី​កំហុស និង​ហាក់​ស្រណោះ​អាណិត​ដល់កូនៗដែល​គ្មាន​ទីពឹង​នោះ​ស្ត្រី​ជាប់ចោទ​បាន​និយាយ​បណ្តើរ​សម្រក់​ទឹកភ្នែក​បណ្តើរ​នៅក្នុង​រង្វង់​ក្រចកសេះ​ជាមួយ​សំឡេង​អួលដើមក​ថា៖« ខ្ញុំ​ប្តឹង​ឧទ្ធរណ៍​ភ្នំពេញ​មិនមែន​ជំទាស់​ទៅ​អំពើរបស់ខ្លួន​ទេ តែ​ជំទាស់​ចំពោះ​ទណ្ឌកម្ម​ទោស​ច្រើន​ឆ្នាំ​ពេក។ ម្យ៉ាង​ខ្ញុំ​ក៏មាន​បញ្ហា​គ្មាន​អ្នក​ថែទាំ​ចិញ្ចឹមកូនៗទាំង ៣ នាក់​របស់ខ្ញុំ។ ខ្ញុំ​ស្នើសុំ​ដល់​តុលាការ​មេត្តា​បន្ថយទោស​ដល់​រូបខ្ញុំ​ខ្លះ​ផង»។

ពាក់ព័ន្ធ​​អំពើ​ជួញដូរ​មនុស្ស​នេះដែរ​ត្រូវបាន​លោក ញ៉ឹក វណ្ណា​រ៉ា រដ្ឋលេខាធិការ ក្រសួង​សង្គមកិច្ច អតីតយុទ្ធជន និង​យុវនីតិសម្បទា បាន​ថ្លែង​ជា​សាធារណៈ កាលពី​ថ្ងៃទី២៧ ខែមិថុនា ឆ្នាំ២០២២ នៅ​សណ្ឋាគារ​សោ​ម៉ា​ទេវី​ ក្នុង ខេត្ត សៀមរាប ថា ទោះបី​ក្រសួង​សង្គមកិច្ច​អតីតយុទ្ធជន​សម្រេចបាន​សមិទ្ធផល​ជាច្រើន​យ៉ាងណាក៏ដោយ ក៏​កិច្ចការពារ និង​ការផ្តល់សេវា​ដល់​ជនរងគ្រោះ​ដោយ​អំពើ​ជួញដូរ​មនុស្ស​នៅ​មិនទាន់​ឆ្លើយតបបាន​ទាំងស្រុង​នៅឡើយ​ទេ ពិសេស ការផ្តល់សេវា​គាំទ្រ​សម្រាប់​ជនរងគ្រោះ​នៅមានកម្រិត។

លោក​ថ្លែងថា៖«ក្រុម​ជន​ទុច្ចរិត​បាន​ឆ្លៀតឱកាស​ប្រព្រឹត្ត​អំពើ​ជួញដូរ​មនុស្ស អំពើ​ធ្វើ​អាជីវកម្ម​លើ​មនុស្ស ដើម្បី​កេងចំណេញ​ពី​ស្ថានភាព​ប្រឈម​របស់​ប្រជាពលរដ្ឋ និង​ប្រទេសជាតិ​ក្នុង​គ្រា​ជួប​ការលំបាក»។

លោកស្រី មាស សា​អិ​ម អនុប្រធាន​ផ្នែក​ស្ត្រី និង​កុមារ​នៃ​សមាគម​ការពារ​សិទ្ធិមនុស្ស អាដហុក បាន​ប្រាប់​ភ្នំពេញ​ប៉ុស្តិ៍​ថា មួយរយៈ​ក្រោយ​ក្នុងស្ថានភាព​ជំងឺ​កូ​វីដ៦ខែ​នេះ​លោក​ស្ត្រី​សង្កេតឃើញ​មាន​ស្ត្រី​ខ្មែរ​ដែល​ត្រូវ​ចាញ់បោក​គេ​បង្ខំ​ឱ្យ​រៀបការ​ទៅ​ប្រទេស​ចិន​ក៏ដូចជា​ជួញដូរ​ទៅ​ក្រៅប្រទេស​គឺមាន​ការ​ត្រឡប់មកវិញ​មាន​ចំនួន​ច្រើន​ដែរ។ ទាំង​អង្គការ​សង្គម​ស៊ីវិល​ក៏ដូចជាស្ថាប័ន​ពាក់ព័ន្ធ​មួយចំនួន​ក៏​ពិបាក​នៅក្នុង​ការជួយជ្រោមជ្រែង​ពួកគាត់​ហើយ​ពួកគាត់​ក៏​ជួប​នូវ​បញ្ហា​ជាច្រើន​ក្រោយពី​មានការ​ត្រឡប់មកវិញ។

លោកស្រី​ថ្លែងថា៖«យើង​សង្កេតឃើញ​មានការ​បញ្ជូន​ត្រឡប់​មកពី​ខាង​ប្រទេស​ចិន​ច្រើនជាង​ប្រទេសផ្សេងៗមួយរយៈ​ចុងក្រោយ​នេះ។ នេះ​ចំពោះ​ទិន្នន័យ​ដែល​ខាង​សមាគម​អាដហុក​យើង​ទទួលបាន​ទាក់ទង​ពួកគាត់​ចាញ់បោក​គេ»។

លោកស្រី​បន្តថា ចំពោះ​នៅ​ប្រទេស​ម៉ាឡេស៊ី​វិញ​នៅមាន​ករណីចាស់ៗមួយចំនួន​កំពុងតែ​រាំងស្ទះ​ដោយ​ករណី​ដំបូង​ស្ត្រី​ខ្មែរ​ ​ទៅតាម​ទីភ្នាក់ងារ​ជ្រើសរើស​ពលករ​ហើយ​ក្រោយមកទៀត​ផុត​អាណត្តិ​ការងារ​ក៏​ពួកគាត់​មួយចំនួន​ត្រូវបាន​បាត់​ខ្លួន​ឬក៏​ទៅធ្វើ​ការ​នៅ​ទីតាំង​ផ្សេង​ដែល​ខាង​សមាគម​អាដហុក​មិនបាន​ទទួល​ព័ត៌មាន​ក្នុង​មួយ​រយៈពេល​ក្រោយនេះ។ ម្យ៉ាងទៀត​ដោយសារ​ករណី​ពួកគាត់​មួយចំនួន​ពាក់ព័ន្ធ​ជាមួយ ​នីតិវិធី​ច្បាប់​នៅ​ខាង​ប្រទេស​ម៉ាឡេស៊ី​ហើយ​ខាង​សមាគម​ការពារ​សិទ្ធិមនុស្ស​អាដហុក​កំពុងតែ​ធ្វើ​អន្តរាគមន៍​ដើម្បី​ជួយ​ពួកគាត់​ហើយ​ព្យាយាម​រក​មធ្យោបាយ​ដែល​យ៉ាងហោចណាស់​ក៏​ពួកគាត់​ទទួលបាន​សំណង​ពី​ខាង​ថៅកែ​ក៏ដូចជា​ទីភ្នាក់ងារ​នៅក្នុង​ការផ្តល់​ជា​ថវិកា​នូវ​ប្រាក់ខែ ​ដែល​គាត់​បានធ្វើ​ក៏ដូចជា​សំណង​មួយចំនួន​ក្នុងករណី​ដែល​គាត់​ធ្វើ​ការមិនទទួលបាន​ប្រាក់​ខែ​ឬក៏​រូបភាព​នៃ​ការ​បៀតបៀន​ឬក៏​ការ​កេង​ប្រ​វ័​ញ្ចផ្សេងៗ។

លោកស្រី សា​អិ​ម ​ថា ភាគច្រើន​រូបភាព​គេ​ឆបោក​ទៅ​មានការ​ងារ​ធ្វើ​ឬក៏​ទៅ​រៀបការ​ជាមួយនឹង​ប្តី​ល្អ​ដែលមាន​ជីវភាព​ធូរធា​ ដូច្នេះ​​អ្វី​ដែល​មាន​បញ្ហា​នៅ​ពីក្រោយ​ពាក់ព័ន្ធ​មួយចំនួន​ទើប​គាត់​សម្រេចចិត្ត​ទៅ​ទាំង​អត់​មានការ​វិភាគ ​ថ្លឹងថ្លែង​ព័ត៌មាន​គ្រប់​ជ្រុងជ្រោយ​ឬក៏​គាត់​ជឿ​ជាក់​ទៅលើ​មេខ្យល់​ដែលមាន​បច្ចេកទេស​និង​ជំនាញ​ក្នុងការ​លួ​ង​លោម​ពួកគាត់​ថា​យកទៅ​រៀបការ​ឬក៏​ធ្វើការ​នៅ​ប្រទេស​ចិន។ ភាគច្រើន​រូបភាព​ដែល​ត្រឡប់មកវិញ​គឺ​ពួកគាត់​ត្រូវបាន​គេ​បង្ខំ​ឱ្យ​ពពោះ ត្រូវ​រៀបការ​ជាមួយ​អ្នក​ដែល​គាត់​មិន​ពេញចិត្ត​មិន​ស្រឡាញ់​ហើយ​ត្រូវ​រង​នូវ​ការបិទ​សិទ្ធិសេរីភាព​ឬក៏​ខ្លះទៀត​ប៉ះពាល់​ដល់​សុខភាព​ផ្លូវកាយ និង​ផ្លូវចិត្ត​របស់​ពួកគាត់​ធ្ងន់ធ្ងរ​ទៀត។ អ្នកខ្លះ​ឈឺ​ហើយ​មិន​ត្រូវបាន​បញ្ជូនទៅ​មន្ទីរពេទ្យ​ ខណៈ​អ្នក​ខ្លះទៀត​រត់ទៅរក​ប៉ូលិស​ហើយ​ហើយ​ត្រូវ​ប៉ូលិស​បញ្ជូន​មកវិញ។ ចំពោះ​អ្នក​ចាញ់បោក​គេ​នៅប្រទេស​ម៉ាឡេស៊ី​មានការ​ងារ​តាម​ផ្ទះ និង​មួយចំនួនទៀត ​ទៅតាម​បងប្អូន​ជា​ជនជាតិខ្មែរ​អ៊ីស្លាម​ដែល​គាត់​មាន​បណ្តាញ​របស់គាត់ និង​ខ្លះទៀត​គាត់​ជឿ​អ្នកជិតខាង និង​អ្នក​ខ្លះទៅ​ធ្វើការ​មាន​ឯកសារ ខ្លះ​មាន​ត្រឹមតែ​លិខិតឆ្លងដែន​ដោយ​គ្មាន​ឯកសារ​ការងារ​ត្រឹមត្រូវ​ទេ។

លោកស្រី​បញ្ជាក់ថា៖«អ៊ីចឹង​ខ្លះ​ត្រូវបាន​ឃុំខ្លួន​រយៈពេល​បណ្តោះអាសន្ន​នៅ​ខាង​ប៉ូលិស​ខាង​អី​ហើយ​អ្នកខ្លះ​ត្រូវ​បាត់​ព័ត៌មាន​អីចឹង​ទៅ។ យើង​មើលឃើញ​កន្លងមក​មាន​ចំពោះ​ស្ត្រី​ដែល​ចាញ់បោក​គេ​មាន​អាយុ​ចន្លោះ​ពី១៥ឆ្នាំ ២០ឆ្នាំទៅ​អាយុ​ជាង៣០ឆ្នាំ​និង​ជាង៤០ឆ្នាំ និង​មាន​អាយុ​ក្រោម៤៥ឆ្នាំ​គឺមាន​ចំនួនច្រើន»៕