ភ្នំពេញៈ លោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែន អបអរសាទរ​ខួប​ ៧១ ​ឆ្នាំ ដែល​កម្ពុជា​ចូល​ជា​សមាជិក​របស់​អង្គការ​យូណេស្កូ ​(UNESCO) ​ដោយ​លោក​រំឭកថា ប្រាសាទ​របស់​កម្ពុជា​ចំនួន​ ៣ ត្រូវបាន​ដាក់បញ្ចូល​ជា​សម្បត្តិ​បេតិកភណ្ឌ​ពិភពលោក តាមរយៈ​មហាសន្និបាត​អង្គការ​យូណេស្កូ​នេះ​។

លោក​បាន​បង្ហោះ​សារ​ក្នុង​ហ្វេសប៊ុក​នា​ថ្ងៃទី​ ៣ ខែកក្កដា ថា អង្គការ​យូណេស្កូ​គឺជា​ផ្នែក​មួយ​របស់​អង្គការ​សហប្រជាជាតិ​ដោយ​ធ្វើការ​ផ្តោត​ជា​សំខាន់​​ទៅលើ​ការអប់រំ​វិទ្យាសាស្ត្រ​។ អង្គការ​នេះ​ត្រូវបាន​បង្កើតឡើង​នៅ​ថ្ងៃទី​ ១៦ ខែវិច្ឆិកា ឆ្នាំ​ ១៩៤៥ និង​ធ្វើ​បេសកកម្ម​ពិសេស​ក្នុង​ការ​រក្សា​នូវ​សន្តិភាព​និ ង​សន្តិសុខ​នៅក្នុង​ពិភពលោក ដោយ​លើក​កម្ពស់​កិច្ចសហប្រតិបត្តិការ​ក្នុង​ចំណោម​ប្រជាជាតិ​នានា​តាមរយៈ​ការអប់រំ វិទ្យាសាស្ត្រ វប្បធម៌ និង​ទំនាក់ទំនង​។

លោក​ ហ៊ុន សែន សរសេរ​ថា​៖ «​កម្ពុជា​បាន​ចូល​ជា​សមាជិក​អង្គការ​យូណេស្កូ​ (UNESCO) ​នៅ​ថ្ងៃទី​ ៣ ខែកក្កដា ឆ្នាំ​ ១៩៥១​។ ការិយាល័យ​អង្គការ​យូណេស្កូ​នៅ​រាជធានី​ភ្នំពេញ​ត្រូវ​បាន​បើក​ឡើងវិញ​នៅ​ឆ្នាំ​ ១៩៩១​។ យូណេស្កូ​នៅ​កម្ពុជា​ធ្វើ​ការងារ​នៅក្រោម​ក្របខ័ណ្ឌ​ជំនួយ​អភិវឌ្ឍន៍​របស់​អង្គការ​សហប្រជាជាតិ​សម្រាប់​កម្ពុជា​ (UNDAF) ឆ្នាំ​ ២០១៩-២០២៣ ដែល​សំដៅ​លើកកម្ពស់​ការអប់រំ បរិស្ថាន ទំនាក់ទំនង​ និង​ព័ត៌មាន​មរតក​វប្បធម៌ សេរីភាព​នៃ​ការបញ្ចេញមតិ​ និង​វិទ្យាសាស្ត្រ​ធម្មជាតិ​ ដើម្បី​ជា​មធ្យោបាយ​ឆ្ពោះ​ទៅ​សម្រេចបាន​នូវ​របៀបវាៈ​នៃ​ការអភិវឌ្ឍ​ប្រកប​ដោយ​ចីរភាព​ឆ្នាំ ​២០៣០»​។

លោក​បាន​រៀបរាប់​ថា បន្ទាប់ពី​តំបន់​អង្គរ​ត្រូវបាន​ដាក់បញ្ចូល​​ទៅក្នុង​បញ្ជី​បេតិកភណ្ឌ​ពិភពលោក​នៅ​ថ្ងៃទី​ ១៤ ខែធ្នូ ឆ្នាំ​ ១៩៩២ គណៈកម្មាធិការ​សម្របសម្រួល​អន្តរជាតិ​មួយ​​សម្រាប់​ការអភិរក្ស​ និង​ការអភិវឌ្ឍ​តំបន់​ប្រវត្តិសាស្ត្រ​អង្គរ ​(ICC-Angkor) ​ត្រូវបាន​បង្កើតឡើង​នៅ​ឆ្នាំ​ ១៩៩៣​។ ​ការបង្កើត​ ICC-Angkor ​គឺ​កើតចេញពី​លក្ខខណ្ឌ​កំណត់​ដោយ​គណៈកម្មាធិការ​បេតិកភណ្ឌ​ពិភពលោក​ ដើម្បី​ទទួល​ស្គាល់​តំបន់​អង្គរ​ទៅក្នុង​បញ្ជី​សម្បត្តិ​បេតិកភណ្ឌ​ពិភពលោក​របស់​​អង្គការ​យូណេស្កូ​។

លោក​ ហ៊ុន សែន រំឭកថា​៖ «​ប្រាសាទ​របស់​កម្ពុជា​ចំនួន​ ៣ ត្រូវបាន​ដាក់បញ្ចូល​ជា​សម្បត្តិ​បេតិកភណ្ឌ​ពិភពលោក តាមរយៈ​មហាសន្និបាត​អង្គការ​យូណេស្កូ​នេះ​រួមមាន​ប្រាសាទ​អង្គរ​ត្រូវ​បានដាក់​ជា​សម្បត្តិ​បេតិកភណ្ឌ​ពិភពលោក​នៅ​ឆ្នាំ​ ១៩៩២ ប្រាសាទ​ព្រះវិហារ នៅ​​ឆ្នាំ​ ២០០៨ និង​តំបន់​ប្រាសាទ​សម្បូរព្រៃគុក​នៅ​ឆ្នាំ​ ២០១៧»​។

លោក​ក៏បាន​លើកឡើង​ផងដែរ​នូវ​សម្បត្តិ​វប្បធម៌​អរូបិយ​របស់​កម្ពុជា​ចំនួន​ ៥ ​ដែល​ត្រូវ​​បានដាក់​បញ្ចូល​ក្នុង​បញ្ជី​បេតិកភណ្ឌ​យូណេស្កូ​ផងដែរ រួមមាន ល្ខោនខោល ដាក់​បញ្ចូល​នៅ​ឆ្នាំ​ ២០១៨ ចាប៉ីដងវែង​នៅ​ឆ្នាំ​ ២០១៦ ល្បែង​ទាញព្រ័ត្រ​នៅ​ឆ្នាំ​ ២០១៥ របាំ​ព្រះរាជទ្រព្យ​នៅ​ឆ្នាំ​ ២០០៨ និង​ល្ខោន​ស្រមោល​ស្បែក​ធំ​នៅ​ឆ្នាំ​ ២០០៨​។

ជាមួយ​គ្នានេះ​គុន​ល្បុក្កតោ​​ក៏​ត្រូវបាន​ស្នើឱ្យ​យូណេស្កូ​ពិចារណា​ ដើម្បី​ដាក់បញ្ចូល​ក្នុង​បញ្ជី​បេតិកភណ្ឌ​ពិភពលោក​​អរូបិយ​ផងដែរ​។

យោងតាម​គេហទំព័រ​យូណេស្កូ​ប្រចាំ​កម្ពុជា​បានឱ្យ​ដឹងថា​៖ «​ការបើក​ការិយាល័យ​យូណេស្កូ​នៅ​រាជធានី​ភ្នំពេញ​ឡើងវិញ​នៅ​ឆ្នាំ​ ១៩៩១ បានរួម​ចំណែក​ដល់​ការពង្រឹង​កិច្ចសហប្រតិបត្តិការ​រវាង​កម្ពុជា​ និង​អង្គការ​យូណេស្កូ​»៕